មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​រក​ឃើញ​សារធាតុ​និង​ឧបករណ៍​សម្រាប់​ផលិត​គ្រឿង​ញៀន

បន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​កន្លែង​ផលិត​គ្រឿង​ញៀន​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ពេល​ថ្មីៗ​នេះ​រួច​មក ប៉ូលិស​បាន​ឈាន​ទៅ​ចាប់​បាន​សម្ភារៈ និង​សារធាតុ​គីមី​បន្ថែម​ទៀត។

0:00 / 0:00

ជាក់​ស្ដែង ប៉ូលិស​ចាប់​បាន​សម្ភារៈ​ផលិត​គ្រឿង​ញៀន រួម​ទាំង​សារធាតុ​គីមី​ដែល​សង្ស័យ​ថា ជា​សារធាតុ​ផ្សំ​គ្រឿង​ញៀន​សរុប​ចំនួន​ពីរ​កុងតឺន័រ (Container) និង​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ទៀត បញ្ជូន​ខ្លួន​ទៅ​តុលាការ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។

ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ចាប់​បាន​សារធាតុ​គីមី​ដែល​គេ​សង្ស័យ​ថា នឹង​អាច​ផ្សំ​ផលិត​គ្រឿង​ញៀន បាន​មួយ​កុងតឺន័រ​ទម្ងន់​ប្រមាណ​ជាង ៣០​តោន និង​មួយ​កុងតឺន័រ​ទៀត​ផ្ទុក​ដោយ​សម្ភារៈ​សម្រាប់​ផលិត​គ្រឿង​ញៀន។ ការ​រឹបអូស​នេះ​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​កំពង់ផែ ក្រុង​ព្រះសីហនុ និង​នៅ​កំពង់ផែ ក្រុង​ភ្នំពេញ។

លោក​ឧត្ដម​សេនីយ៍ ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដោយ​បាន​ហៅ​ការ​បង្ក្រាប​លើក​នេះ​ថា ជា​ជោគជ័យ​មួយ​ធំ ចំ​លើ​អ្នក​ជួញដូរ​គ្រឿង​ញៀន​ដែល​លោក​ហៅ​ថា មិន​មែន​ជា​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ធម្មតា មាន​បណ្ដាញ​ខ្សែ​រយៈ​ធំ​នៅ​បរទេស៖ «ជោគ​ជ័យ​ធំ​ដែរ គិត​ទៅ​សារធាតុ​គីមី​ទាំង​អស់​ហ្នឹង បើ​សរុប​ទៅ បើ​គិត​ទាំង​ភ្នំពេញ គិត​ទាំង​កំពង់សោម វា​ជាង​៣០​តោន»

លោក​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​នេះ​គឺ​ដោយ​សារ​ប៉ូលិស​បាន​តាម​ស្រាវ​ជ្រាវ​ខ្សែ​រយៈ​ជួញ​ដូរ​គ្រឿង​ញៀន បន្ទាប់​ពី​ប៉ូលិស​បាន​បង្ក្រាប​កន្លែង​ផលិត​គ្រឿង​ញៀន​មួយ​កន្លែង​ដ៏​ធំ នៅ​ស្រុក​ភ្នំស្រួច ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ដើម​ខែ​កក្កដា រួច​មក៖ «មួយ​កុងតឺន័រ គឺ​ជា​សម្ភារៈ​មធ្យោបាយ​ពាក់ព័ន្ធ​ក្រុម​ហ្នឹង​ដែរ។ អា​ហ្នឹង​សុទ្ធ​តែ​គ្រឿង​ម៉ាស៊ីន របៀប​ជា​ឡ​សម្ងួត មាន​ខ្សែភ្លើង ម៉ាស៊ីន​ក្រឡុក ម៉ាស៊ីន​ប្រដាប់​ចម្រោះ។ បើ​និយាយ​ទៅ ជា​ឧបករណ៍​សម្ភារៈ​មធ្យោបាយ​ពាក់ព័ន្ធ​នឹង​គីមី​ទាំង​អស់​ហ្នឹង ហើយ​មួយ​កុងតឺន័រ​ទៀត​ជា​សារធាតុ​គីមី»

លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ចាប់ និង​រឹបអូស​សម្ភារៈ​ផលិត និង​សារធាតុ​គីមី​ដ៏​ធំ​មួយ ដែល​មិន​ធ្លាប់​មាន ហើយ​បើ​សិន​ជា​ប៉ូលិស​ចាប់​មិន​បាន​ទេ នៅ​ពេល​ដែល​ក្រុម​ផលិត​គ្រឿង​ញៀន​នេះ ដំណើរការ​បាន​សម្រេច​ជោគជ័យ​នោះ អនាគត​សង្គម​ខ្មែរ​នឹង​ត្រូវ​ទទួល​ឥទ្ធិពល​នៃ​ការ​វាយ​លុក​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នេះ បន្ថែម​ទៀត​យ៉ាង​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន។

របាយការណ៍​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ចំនួន​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១១ សរុប​មាន​ជាង ១ពាន់​ករណី ប្រៀបធៀប​ឆ្នាំ​២០១២ ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ មាន​ប្រហែល​២៧០​ករណី។

លោក​ឧត្ដម​សេនីយ៍ ខៀវ សាម៉ន មានប្រសាសន៍​ថា ចំនួន​នេះ​ថយ​ចុះ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គ្រឿង​ញៀន ដោយ​ដាក់​ទោសទណ្ឌ​ធ្ងន់​ជាង​មុន។ ជាង​នេះ​ទៅ​ទៀត លោក​ថា ដោយ​សារ​ក្រុម​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​មាន​សមត្ថភាព​ជំនាញ​ធ្វើការ​មាន​ប្រសិទ្ធភាព​ជាង​មុន។

តែ​ទោះ​យ៉ាង​ណា គេ​សង្កេត​ឃើញ មាន​ការ​រិះគន់​ពី​សំណាក់​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ថា ប៉ូលិស​មិន​ដែល​ចាប់​បាន​ជន​ល្មើស​គ្រឿង​ញៀន​ដែល​ជា​មេខ្លោង​ធំៗ​ទេ។

លោក​ឧត្ដម​សេនីយ៍ ខៀវ សាម៉ន បន្ថែម​ថា នៅ​ក្នុង​ការ​បង្ក្រាប​លើក​នេះ ប៉ូលិស​ចាប់​បាន​បុរស​ជន​សង្ស័យ​ម្នាក់ ដែល​លោក​សុំ​មិន​ប្រាប់​ឈ្មោះ​ពេញ គ្រាន់​តែ​បង្ហើប​ប្រាប់​ត្រកូល​ថា​ឈ្មោះ កង ហើយ​ប្រាប់​ឈ្មោះ​ហៅ​ក្រៅ​ថា​ឈ្មោះ បូ កើត​ឆ្នាំ​១៩៦៦ មាន​ទី​លំនៅ​រាជធានី​ភ្នំពេញ។

ទាក់​ទង​ឈ្មោះ​ជន​សង្ស័យ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ចុះផ្សាយ​ដោយ​មិន​ប្រាប់​ឈ្មោះ​ប្រភព​ថា ជន​សង្ស័យ​ដែល​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ មាន​ឈ្មោះ​ថា កង សុវណ្ណាតារ៉ា ហៅ បូ។

យ៉ាង​ណា​ក៏​ដោយ លោក ខៀវ សាម៉ន មិន​ហ៊ាន​អះអាង​ថា សារធាតុ​គីមី​ដែល​ប៉ូលិស​រឹបអូស​បាន​នៅ​ពេល​នេះ ថា​ជា​សារធាតុ​គីមី​ដែល​អាច​យក​ទៅ​ផ្សំ​ផលិត​បាន​គ្រឿង​ញៀន​បាន ដូច​ជា​គ្រឿង​ញៀន មេតំហ្វេតាមីន (Methamphetamine) ឬ​ថ្នាំ​ញៀន អំហ្វេតាមីន (Amphetamine) បាន​ប្រាកដ ឬ​យ៉ាង​ណា​ទេ។ លោក​ថា មន្ទីរ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន បាន​សម្រេច​យក​សំណាក​សារធាតុ​គីមី​ដែល​សង្ស័យ​នេះ​ចំនួន​១២​សំណាក​ទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​វិភាគ​មើល​ថា តើ​សារធាតុ​ទាំង​នោះ​ពិត​ជា​អាច​យក​ទៅ​ផ្សំ​គ្រឿង​ញៀន​បាន​មែន ឬ​យ៉ាងណា។

ចំណែក​លទ្ធផល​នៃ​ការ​វិភាគ​នេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​ទី​១៧ កក្កដា នេះ។

លោក មាន វីរឹទ្ធ ប្រធាន​មន្ទីរ​ពិសោធន៍​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ពិសោធ​គ្រឿង​ញៀន​របស់​លោក ទើប​ធ្វើ​ការ​វិភាគ​សារធាតុ​បាន​ចំនួន​៥​មុខ​ប៉ុណ្ណោះ ក្នុង​ចំណោម​សំណាក​សារធាតុ​ចំនួន​១២​មុខ ហើយ​លទ្ធផល​វិភាគ​ខ្លះ​បង្ហាញ​ថា ជា​សារធាតុ​ខ្លះ​អាច​យក​ទៅ​ផលិត​គ្រឿង​ញៀន​បាន ដែល​ច្បាប់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​ប្រទេស​កម្ពុជា​ហាម​ឃាត់។

លោក មាន វីរឹទ្ធ៖ «មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ យើង​នៅ​ធ្វើ​វិភាគ​បន្ត​ទៅ​ទៀត។ ប៉ុន្តែ ៩០% យើង​អាច​សន្និដ្ឋាន​ជា​ដំបូង​បាន​ខ្លះ។ យើង​បាន​ដឹង​ថា សារធាតុ​នោះ​មាន​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​តារាង នៃ​ការ​ត្រួត​ពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ និង​ស្ថិត​នៅ​ក្នុង​តារាង​ត្រួត​ពិនិត្យ​របស់​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ប្រទេស​កម្ពុជា»

លោក មាន វីរឹទ្ធ បន្ថែម​ថា មន្ត្រី​មន្ទីរ​ពិសោធ​ត្រូវ​ការ​ពេល​វិភាគ​យ៉ាង​ហោច​ណាស់ ពីរ ឬ​បី​ថ្ងៃ​ទៀត ទើប​ដឹង​លទ្ធផល​ជាក់លាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។