ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​បំភិតបំភ័យ​មិន​ឲ្យ​ផ្ដិត​មេដៃ​គាំទ្រ ម៉ម សូណង់ដូ

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន​១១ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ-ឃុំ មូលដ្ឋាន ដើម្បី​ការ​គាំទ្រ​សំណើ​អោយ​មាន​ការ​ដោះ​លែង​ប្រធាន​សមាគម​នេះ គឺ​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ។
ដោយ សុ ជីវី
2012-07-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ២០១២ ៣០៥
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

មក​ដល់​ពេល​នេះ មាន​សេចក្ដី​រាយការណ៍​ពី​ខេត្ត​កំពង់ចាម មក​ថា អាជ្ញាធរ​ស្រុក​ស្រីសន្ធរ បាន​សាកសួរ និង​ហាម​ប្រាម​មិន​អោយ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ផ្ដិត​មេដៃ ព្រម​ទាំង​បាន​បង្ខំ​អោយ​ពលរដ្ឋ​មួយ​ចំនួន​ផ្ដិត​មេដៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​ស្នាម​មេដៃ​ទៅ​អោយ​សមាគម​អ្នក​ប្រជាធិបតេយ្យ។

ពលរដ្ឋ​នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា​បាន​បំភិត​បំភ័យ និង​ហាម​ប្រាម​ពួក​គាត់​ក្នុង​ការ​ចូល​រួម​ផ្ដិត​មេដៃ​លើ​ញត្តិ​គាំទ្រ ដើម្បី​អោយ​មាន​ការ​ដោះ​លែង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក ពៅ ស៊ឺន មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់​ក្នុង​ឃុំ​ចំនួន​១៤ នៅ​ក្នុង​ស្រុក​នេះ ដែល​ស្រឡាញ់​អ្នក​ប្រជាធិបតេយ្យ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​គាំទ្រ​អោយ​មាន​ការ​ដោះ​លែង លោក ម៉ម សូណង់ដូ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា តំណាង​សមាគម​នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​នេះ បាន​ផ្ដល់​ដំណឹង​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​បាន​ហាម​ប្រាម​មិន​អោយ​ពួក​គាត់​បន្ត​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នោះ​បន្ត​ទៀត​ឡើយ។

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​ស្រុក​ស្រីសន្ធរ លោក ពៅ ស៊ឺន បន្ត​ថា នៅ​តាម​ឃុំ​មួយ​ចំនួន ដូច​ជា​ឃុំ​ស្វាយពោធិ៍ ឃុំ​បារាយណ៍ ឃុំ​ព្រែកដំបូក និង​ជីបាល ជាដើម នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​គំរាម​កំហែង​អ្នក​ភូមិ ដោយ​ការ​ហៅ​ពួក​គេ​ទៅ​សាកសួរ​ពី​ការ​ផ្ដិត​មេដៃ​នោះ និង​បាន​បង្ខំ​អោយ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​ឯកសារ​របស់​ប៉ុស្តិ៍​នគរ​បាល​នោះ ដោយ​យល់​ព្រម​ថា ពួក​គេ​បាន​ផ្ដិត​មេដៃ​អោយ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដោយ​ការ​ស្ម័គ្រចិត្ត គឺ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ឡើយ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​ហៅ​គាត់ និង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ផ្សេង​ទៀត អោយ​ទៅ​ផ្ដិត​មេដៃ​អះអាង​ថា បាន​ស្ម័គ្រចិត្ត​ផ្ដិត​មេដៃ​អោយ​សមាគម​អ្នក​ប្រជាធិបតេយ្យ ដើម្បី​អំពាវនាវ​អោយ​មាន​ការ​ដោះ​លែង លោក ម៉ម សូណង់ដូ។

អ្នកស្រី​បន្ត​ថា ដោយ​ការ​ភ័យ​ខ្លាច តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឃុំ​របស់​អ្នកស្រី បាន​សម្រេច​ដុត​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នោះ​ចោល។ អ្នកស្រី​បាន​ចោទ​សួរ​ថា តើ​ពួក​គាត់​មាន​កំហុស​អ្វី​នៅ​ក្នុង​ការ​ផ្ដិត​មេដៃ ដែល​ជា​ការ​ស្នើ​សុំ​ដោយ​សន្តិវិធី​នោះ?

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ការ​ហាម​ប្រាម ឬ​ការ​ហៅ​ប្រជាពលរដ្ឋ​ទៅ​សាកសួរ​នោះ ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រាប់​ថា គឺ​ជា​បញ្ជា​របស់​អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ។

អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ លោក ខេង ស្រេង មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​ណែនាំ​អោយ​មន្ត្រី​នៅ​តាម​មូលដ្ឋាន​សាកសួរ​ពី​រឿង​ផ្ដិត​មេដៃ​នោះ​មែន ក៏​ប៉ុន្តែ​ពុំ​មែន​ជា​ការ​ហាម​ប្រាម​ឡើយ។ លោក​បន្ត​ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ករណី​ដែល​មាន​ការ​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​បង្ខំ​អោយ​ពលរដ្ឋ​ផ្ដិត​មេដៃ​នោះ។

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​ស្រុក​ស្រីសន្ធរ បាន​អោយ​ដឹង​ថា បើ​ទោះ​ជា​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​បែប​នេះ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​គាំទ្រ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌ អោយ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។

ទោះ​ជា​យ៉ាង​ណា គេ​នៅ​មិន​ទាន់​មាន​តួលេខ​ពិត​ប្រាកដ​ពី​ចំនួន​អ្នក​ភូមិ​ដែល​បាន​យល់​ព្រម​ផ្ដល់​ស្នាម​មេដៃ​ដល់​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ក្នុង​ស្រុក​ស្រីសន្ធរ នោះ​ទេ។

ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ មាន​សេចក្តី​រាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់ និង​ឃុំ​ខ្លួន​បុរស​ជា​អ្នក​បឹង​កក់​ម្នាក់ នៅ​ពេល​បុរស​រូប​នោះ​បាន​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​អ្នក​បឹង​កក់ ក្នុង​បំណង​គាំទ្រ​អោយ​មាន​ការ​ដោះលែង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែរ​នោះ។

លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ក្រោយ​ពី​លោក​បញ្ចប់​បេសកកម្ម​នៅ​បរទេស។ រដ្ឋាភិបាល និង​តុលាការ​កម្ពុជា បាន​ចោទ​ថា លោក ម៉ម សូណង់ដូ បាន​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ក្នុង​ស្រុក​ឆ្លូង បន្ទាប់​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ទៅ​ចាប់​ដី​នៅ​ក្នុង​ឃុំ​កំពង់ដំរី ដើម្បី​រស់​នៅ។

លោក ម៉ម សូណង់ដូ ធ្លាប់​អះអាង​មុន​ពេល​ចាប់​ខ្លួន​ថា លោក​ពុំ​មាន​កំហុស​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​ឡើយ គឺ​គ្រាន់​តែ​បង្កើត​សមាគម​មួយ​ដែល​ឲ្យ​ពលរដ្ឋ​ហ៊ាន​និយាយ​អំពី​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស និង​តំបន់​ដែល​គេ​រស់​នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនខ្មែរ

ពី ហូជីមីញ

រឿងស្វាស៊ីបាយលៀបមាត់ពពែនោះ វាធម្មតាទៅហើយសម្រាប់​ស្រុកខ្មែរ។ ខ្ញុំនិយាយនេះមិនបង្អាប់ ស្រុកទេសរបស់ខ្លួនទេ ប៉ុន្តែវាជាការពិត ហើយមានលក្ខណៈដូចសម័យខ្មែរក្រហមអញ្ចឹងដែរ។
ដូចករណីលោកម៉ម សូណងដូ ប្រសិនបើមានប្រជាពលរដ្ឋ ចង់គាំទ្រគាត់នោះ ហើយមន្រ្តីរបស់រដ្ឋាភិបាលទៅរារាំងពួកគាត់មិនអោយចូលរយមគាំទ្រនោះ វាហាក់បីដូចកំពុងដែលតែសារភាពអញ្ចឹង"ស្វាស៊ីបាយលាបមាត់ពពែ"

Jul 31, 2012 10:46 AM

Da

ពី Australia

It seem like what they did was followed the Pol Pot Regime and Communist Path Way. I can not see it is freedom or democracy. But I can see it disgusting and ridiculous! I hate how can people treat people like that. I feel sorry for my people. Look at other people countries they just want to create sth to make their people life more easy.

Jul 29, 2012 08:54 AM

Eagle Master

ពី Pa(USA)

I do agreed khmer's goverment decision when we look back his past records he should has psychiatrist evaluation what's in his minds or educated him how to use Beehive.What's does beehive mean,peaces sweet together.

Jul 27, 2012 09:20 PM

អ្នក​អាន​អនាមិក

It is shameful to see Khmer torturing Khmer and allow Yuon to roam free.

Jul 27, 2012 09:20 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

របបផ្តាច់ការរបស់លោក ហ៊ុន សែន គឺពិតប្រាកដណាស់ នរណគេមិនដឹងថា លោក​ ហ៊ុន សែន ជាជនផ្តាច់ការ។

Jul 27, 2012 05:16 AM

មើល​មតិ​ទាំង​អស់.