ទស្សនៈ​ជុំវិញ​ការ​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ

ប្រភព​ព័ត៌មាន និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរ​តំណែង​ទៅ​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ វិញ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា។

0:00 / 0:00

លោក ជួន សុវណ្ណ ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ នឹង​ត្រូវ​ទទួល​តំណែង​ជំនួស​លោក ទូច ណារ៉ុថ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​នៅ​កម្ពុជា បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ផ្ទេរ​តំណែង​នេះ​ទេ។ ប៉ុន្តែ​លោក​សង្ឃឹម​ថា ស្នងការ​នគរបាល​រាជធានី​ថ្មី លោក ជួន សុវណ្ណ នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​ដែល​លោក ទូច ណារ៉ុថ បាន​ធ្វើ​កន្លង​មក។

លោក អំ សំអាត៖ «បើ​សិន​ឋានៈ​គាត់​ជា​ប្រធាន​នាយកដ្ឋាន គឺ​វា​ធំ​ជាង​មុន​ដែរ។ ប៉ុន្តែ​យើង​ស្ដាយ​តួនាទី​គាត់​ដែល​នៅ​ជា​ស្នងការ គឺ​យើង​ធ្វើ​ការ​កន្លង​មក​ជាមួយ​គាត់​ដោយ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​គ្នា។ យើង​សង្ឃឹម​ថា ស្នងការ​ថ្មី​នេះ អាច​សហការ​ល្អ​ដូច​លោក ទូច ណារ៉ុថ ឬ​ក៏​អាច​ធ្វើ​ការ​ស្និទ្ធស្នាល​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត…»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក ទូច ណារ៉ុថ បាន​ទេ ចំពោះ​ការ​ផ្ទេរ​តំណែង​លោក​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​តំណែង​លោក ទូច ណារ៉ុថ ជំនួស​ដោយ​លោក ជួន សុវណ្ណ នៅ​ពុំ​ទាន់​ប្រកាស​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

អត្ថបទ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា ការ​ប្ដូរ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​កញ្ញា ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​សំណើ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​បាន​ល្អ​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​កន្លង​មក។

លោក មឿន តុលា បន្ត​ថា លោក ទូច ណារ៉ុថ ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​អហិង្សា និង​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប៉ូលិស​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ដែល​បាន​នាំ​គ្នា​មក​តវ៉ា​អំពី​រឿង​កាត់​សេចក្ដី​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុកឃ្មុំ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា កន្លង​មក​នេះ។

លោក មឿន តុលា បន្ត​ថា សង្គម​ស៊ីវិល​កំពុង​តាម​ដាន​ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​ការ​ផ្ទេរ​តំណែង​របស់​លោក ទូច ណារ៉ុថ។

លោក​ថា ជា​ទូទៅ​ការ​ផ្ទេរ ឬ​ផ្លាស់​តំណែង​មន្ត្រី​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល តែងតែ​មាន​មូលហេតុ៖ «ជា​ទូទៅ​មាន​ពេល​ខ្លះ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម ឬ​ការ​ដក​នរណា​មួយ មើល​ទៅ​ក្នុង​ផ្លូវ​ការ​ដូច​គេ​ដំឡើង​ឋានៈ​អ៊ីចឹង ដូច​ជា​ពី​ស្នងការ ទៅ​ជា​រដ្ឋ​លេខា ឬ​ប្រធាន​នាយកដ្ឋាន ដូច​ជា​ឡើង​ឋានៈ។ តែ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត គឺ​ថា ដូច​ជា​ការ​ដក​តំណែង​ហ្នឹង​គាត់​គ្មាន​អំណាច គាត់​មិន​មាន​ឱកាស​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ឬ​ដៃគូ​ផ្សេងៗ…»

ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ នេះ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ អ្នកស្រី គង់ ចន្ថា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក ទូច ណារ៉ុថ មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទាមទារ និង​តវ៉ា​របស់​ប្រជាពលរដ្ឋ​បឹង​កក់​រាប់​រយ​នាក់ ដែល​រង​ការ​បាត់បង់​ដីធ្លី​នោះ​ឡើយ។

អ្នកស្រី គង់ ចន្ថា៖ «មនុស្ស​គាត់ ការងារ​របស់​គាត់​ផ្ដាច់ការ ដោយ​គាត់​អត់​យល់​ប្រជាពលរដ្ឋ។ កន្លង​មក​ពួក​យើង​តវ៉ា សំពះ​អង្វរ​គាត់​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​គាត់​អត់​ទេ ពេល​ខ្លះ​គាត់​ចេញ​បញ្ជា​ពី​មាត់​គាត់​ផ្ទាល់​ឲ្យ​យក​ឡាន​ស្នងការ​មក​ដាក់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​គ្រាន់​តែ​ទាមទារ​ផ្ទះ​សម្បែង។ តួនាទី​របស់​គាត់​ត្រូវ​តែ​មាន​ដំណោះស្រាយ​ណា​មួយ​ល្អ ដើម្បី​ពិភាក្សា​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​គាត់​អត់​ទេ គាត់​បណ្ដោយ​ឲ្យ​ថ្នាក់​ក្រោម​គាត់​ធ្វើ​បាប​ប្រជាពលរដ្ឋ ចាប់​ពលរដ្ឋ​យក​ទៅ​ដាក់​គុក…»

អ្នកស្រី គង់ ចន្ថា មាន​សុទិដ្ឋិនិយម​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី នឹង​យក​ចិត្ត​ទុក​ដាក់​អំពី​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បាត់បង់​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគាត់។

លោក ទូច ណារ៉ុថ បាន​កាន់​តំណែង​ជា​ស្នងការ​​នគរបាល​រាជធានី​ភ្នំពេញ ​រយៈពេល ៧​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។