ក្រុមប៉ូលិស បានអះអាងថា ការបាញ់ទៅលើយុវជនម្នាក់នោះ ដោយសារតែគេច្រឡំស្មានថាជាចោរ ពីព្រោះនៅពេលយប់ដែលគេមិនអាចមើលឃើញច្បាស់។
ទោះយ៉ាងណា សកម្មជនការពារសិទ្ធិមនុស្ស បានរិះគន់ចំពោះការប្រើប្រាស់អាវុធបាញ់ដែលមិនសមស្របនឹងកាលៈទេសៈនេះ។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួន២ ប្រចាំនៅក្នុងខេត្តសៀមរាប បានរិះគន់មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ ថា បានប្រើប្រាស់អាវុធបាញ់ជនស៊ីវិលមិនសមស្របទៅនឹងផ្លូវច្បាប់ ព្រមទាំងរំលោភទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការរិះគន់នេះ បានកើតឡើងបន្ទាប់ពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ ស្រុកជីក្រែង បានប្រើអាវុធបាញ់ទៅលើយុវជនម្នាក់ឈ្មោះ យឿម នឿន អាយុ ២១ឆ្នាំ បណ្ដាលឱ្យរងរបួសភ្លៅម្ខាង កាលពីរាត្រីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។
លោក សួស ណារិន ជាអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តសៀមរាប ដែលបានចុះស៊ើបអង្កេតករណីបាញ់នោះ លោកបានមានប្រសាសន៍ថា អង្គការរបស់លោកនឹងរៀបចំពាក្យបណ្ដឹងមួយដាក់ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅពេលឆាប់ៗ ជុំវិញករណីដែលប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ បានប្រើអាវុធបាញ់ទៅលើយុវជនម្នាក់ឱ្យរងរបួសនោះ។ លោកបានបញ្ជាក់ថា សមត្ថកិច្ចដែលប្រើអាវុធបាញ់បណ្ដាលឱ្យជនស៊ីវិលរងគ្រោះថ្នាក់នោះ គឺជាអំពើខុសច្បាប់។
លោក សួស ណារិន៖ «យើងមើលទៅឃើញថា ការប្រើប្រាស់អាវុធហ្នឹង គឺវាអត់សមនឹងបទល្មើសដែលកើតឡើងទេ។ យុវជននោះ សូម្បីថាគ្នាវាមានការដើរលេងនៅពេលយប់ក្តី ក៏មិនមានអាវុធអីនៅក្នុងដៃ ដែលប៉ូលិសហ្នឹងបាញ់សំដៅឱ្យមានរបួសអីចឹងទេ គួរប្រើវិធានការបាញ់បង្អើលទៅលើ ដើម្បីកុំឱ្យមានរបួសស្នាម។ អីចឹង នេះគឺជាការប្រើប្រាស់អាវុធមួយខុសច្បាប់ ហើយវាជាករណីមួយដែលរំលោភទៅលើសិទ្ធិរបស់មនុស្ស»។
យុវជនឈ្មោះ យឿម នឿន អាយុ ២១ឆ្នាំ រស់នៅភូមិក្រាំង នៃឃុំខ្វាវ ដែលជាអ្នករងរបួសដោយសារប៉ូលិសបាញ់នោះ បានមានប្រសាសន៍ថា កាលពីរាត្រីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ រូបគាត់ និងមិត្តភ័ក្ដិចំនួន ៣នាក់ទៀត ឈ្មោះ ស៊ាន ឈ្មោះ ចូច និងឈ្មោះ កន បានបបួលគ្នាទៅកាប់មាន់ធ្វើម្ហូប និងផឹកស្រាផង។ នៅពេលម៉ោងប្រហែលជាង ១១យប់ បន្ទាប់ពីហូបមាន់ក្លែមស្រារួចមក ក៏នាំគ្នាថាបន្តទៅកាប់ទាហូបនៅផ្ទះមិត្តភ័ក្ដិមួយទៀត។ ក៏ប៉ុន្តែ នៅពេលដែលដើរតាមផ្លូវ គឺមិត្តភ័ក្ដិរបស់គាត់នាក់ បាននាំគ្នាចូលទៅផ្ទះម្តាយមីងដែលបានជួលទៅឱ្យពេទ្យឯកជនម្នាក់ស្នាក់នៅទៅហើយនោះ។ គាត់ដឹងថាផ្ទះនោះ គឺមានគេមកជួលនៅដែរ ក៏ប៉ុន្តែមិនអាចរារាំងមិត្តភ័ក្ដិរបស់គាត់ ៣នាក់ កុំឱ្យចូលទៅបានទេ។ នៅពេលដែលមិត្តភ័ក្ដិនាំគ្នាចូលទៅក្រោមផ្ទះនោះ គឺគាត់បានដើរចេញ ហើយទៅអង្គុយចាំពួកគេនៅកន្លែងផ្សេងឆ្ងាយពីផ្ទះ។
ជនរងគ្រោះបានបញ្ជាក់ទៀតថា នៅពេលដែលមិត្តភ័ក្ដិរបស់គាត់ ៣នាក់ ចូលទៅដល់ក្រោមផ្ទះនោះ ហើយគាប់ជួននឹងអ្នកជួលផ្ទះបាននាំប្រពន្ធចុងទៅដេកប្រឡែងគ្នាផង ក៏នាំគ្នាលួចមើលគេ។ ក៏ប៉ុន្តែបន្តិចក្រោយមក គាត់បានឮសំឡេងអ្នកជួលផ្ទះនោះស្រែកថា ចោរៗ ហើយរូបគាត់ភ័យក៏ស្ទុះរត់ចេញពីកន្លែងអង្គុយចាំមិត្តភ័ក្ដិនោះ។ ស្រាប់តែប៉ូលិសដែលមិនដឹងជាលបមកនៅជិតគាត់តាំងពីពេលណា ក៏បានបាញ់កាំភ្លើងតែម្តង៖ «ហូបមាន់រួច ចេញពីកន្លែងហូបមាន់ ផ្ទះអាស៊ា ដើរថាទៅផ្ទះអាកន ដើម្បីហូបទា។ ទៅអាស៊ា អាចូច អាកន ចូលទៅលបមើលគេ។ ខ្ញុំចាប់ទាញដៃមកថា មិនបាច់ទៅទេ ពេទ្យ ឡុង ដេកនៅទីនោះ។ វាអត់ទេ ស្រវឹងចចេស ខ្ញុំចាប់ទាញអត់ឈ្នះ។ ខ្ញុំដើរហួសទៅណោះ ទៅអង្គុយចាំគេ ៤០ម៉ែត្រ អង្គុយហូបក្រូចទីនោះ។ ៣នាក់នៅក្រោមផ្ទះ ផ្អើលម្ចាស់ផ្ទះស្រែកថាចោរៗ។ ភ័យក្រែងអា ៣នាក់វារត់ទៅត្រង់ណោះ ខ្ញុំរត់ចេញពីដុបទៅ គេបាញ់ ៦គ្រាប់ វាឈឺៗ ខ្ញុំអោនមើលឃើញឈាម»។
មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ បានទទួលស្គាល់ថា សមត្ថកិច្ចពិតជាបានផ្ទុះអាវុធមែន នៅក្នុងហេតុការណ៍នោះ ក៏ប៉ុន្តែគេមិននឹកស្មានថា ការបាញ់នោះប៉ះចំទៅលើក្រុមក្មេងស្ទាវក្នុងភូមិ ដែលដើរលេងពេលយប់ដូច្នេះទេ។
លោក ហុក វ៉ាន់ ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវ បានមានប្រសាសន៍ថា កាលពីរាត្រីថ្ងៃទី២ ខែវិច្ឆិកា វេលាម៉ោងប្រមាណ ១និង៣០នាទី គឺបុរសអ្នកជួលផ្ទះស្នាក់នៅឈ្មោះ ស៊ឹម សេងឡុង បានទូរស័ព្ទមកប្រាប់លោកថា មានចោរចំនួន ៣នាក់ បានចូលទៅក្រោមផ្ទះ។ នៅពេលនោះ លោកបានបញ្ជូនកម្លាំងប៉ូលិសទៅហ៊ុំព័ទ្ធនៅជុំវិញផ្ទះដែលកំពុងមានបញ្ហា ដើម្បីបង្ក្រាបទៅលើក្រុមជនសង្ស័យ៖ «ពេលដែលប៉ូលិសហ៊ុំបានហ្នឹង គាត់ (អ្នកជួលផ្ទះ) ចុចទូរស័ព្ទមក ខ្ញុំខ្សឹបឱ្យគាត់ស្រែកបង្អើលថាចោរៗ។ ដល់ពេលបង្អើលថាចោរ រត់មកចំតែម្តង។ ដល់ពេលនោះ យើងអត់ដឹងថាអ្នកណាជាអ្នកណាទេ គឺយើងសន្និដ្ឋានថាចោរហ្នឹងមកពីឆ្ងាយ មករកកាច់សោម៉ូតូ ដែលនៅក្រោមផ្ទះ ហើយគាត់ធ្លាប់មានទំនាស់ជាមួយប្រពន្ធដើមផង។ ពេលហ្នឹង នាយរងប៉ុស្តិ៍របស់ខ្ញុំហ្នឹង គាត់បាញ់កាំភ្លើងចំនួន ៣គ្រាប់ បណ្ដាលឱ្យរបួសនោះឯងមែន»។
យុវជន យឿម នឿន ដែលជាអ្នករងរបួសដោយសារប៉ូលិសបាញ់នោះ បានឱ្យដឹងថា មួយថ្ងៃបន្ទាប់ពីគាត់រងរបួសមក គឺនាយរងប៉ុស្តិ៍នគរបាលឃុំខ្វាវ ឈ្មោះ គួន វិសេស បានចេញមុខទៅជួបនឹងឪពុកម្តាយរបស់គាត់ ព្រមទាំងបានសន្យាបង់ប្រាក់សងការខូចចំនួន ២០ម៉ឺនរៀល មកឱ្យគ្រួសារគាត់ ក៏ប៉ុន្តែ ប៉ូលិសទើបតែបានប្រគល់ប្រាក់ចំនួន ៩ម៉ឺនរៀលប៉ុណ្ណោះ រហូតដល់ពេលនេះ។
ក្រៅពីប៉ូលិសសុខចិត្តបង់ប្រាក់ឱ្យគ្រួសារអ្នករងរបួសដោយការបាញ់នោះ គឺប៉ូលិសបានកោះហៅគ្រួសារយុវជនទាំង ៤នាក់ទៅប៉ុស្តិ៍ តាមបណ្ដឹងរបស់បុរសឈ្មោះ ស៊ឹម សេងឡុង ដែលជាអ្នកជួលផ្ទះស្នាក់នៅនោះ។ នៅក្នុងប៉ុស្តិ៍នគរបាល បុរសឈ្មោះ សេងឡុង បានទាមទារឱ្យគ្រួសារយុវជនទាំង ៤នាក់ សងប្រាក់ជំងឺចិត្តទៅគេក្នុងម្នាក់ៗចំនួន ៧៥ម៉ឺនរៀល។
ស្ត្រីម្នាក់ដែលជាម្តាយរបស់យុវជន ដោយសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា គាត់មិនមានប្រាក់សម្រាប់បង់ថ្លៃដែលគេទារនោះទេ ក៏ប៉ុន្តែគាត់បានបង្ខំចិត្តដើរខ្ចីគេនៅពេលដែលឮថា ប្រសិនបើគាត់មិនបង់លុយឱ្យគេទេ គឺគេនឹងបញ្ជូនកូនរបស់គាត់បន្តទៅស្នងការនគរបាលខេត្តសៀមរាប ទៀត។
លោក នូ ពុទ្ធិ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប ដែលបានចុះអង្កេតរឿងនោះដែរ បានមានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះប៉ូលិសដែលប្រើអាវុធបាញ់ទៅលើយុវជន បណ្ដាលឱ្យរងរបួសនោះ។ លោកយល់ថា សមត្ថកិច្ចដែលប្រើអាវុធបាញ់នោះ គឺវាមិនទាន់សមស្របទៅលើក្រុមក្មេងដែលគ្រាន់តែដើរលេងពេលយប់ និងលបមើលគេប្រឡែងគ្នាប្ដីប្រពន្ធនោះទេ។ លោក នូ ពុទ្ធិ បានបញ្ជាក់ថា អង្គការរបស់លោកក៏នឹងរៀបចំបណ្ដឹងមួយ ដាក់ជូនតុលាការដើម្បីឱ្យពិចារណាទៅលើករណីនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។