លោក កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគសង្គម លោកហៅការប្រតិកម្មប្រឆាំងនឹងក្រុមអ្នករិះគន់របស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថា គឺជាដំណើរឆ្ពោះទៅរកសង្គមប្រជាធិបតេយ្យ។ លោកគិតថា ប្រសិនបើសារដែលលោក ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោក វាយប្រហារយ៉ាងចាស់ដៃទៅលើមន្ត្រីបក្សប្រឆាំង ឬក្រុមអ្នកវិភាគបញ្ហាសង្គមយ៉ាងណាក្ដី តែថា នេះជាយន្តការដ៏ប្រសើរ ជាជាងការប្រើប្រាស់មធ្យោបាយតាមសង្គមងងឹត ដើម្បីបំបិទមាត់។
លោក កែម ឡី៖ «ជាចំណុចមួយដែលធ្វើឲ្យមានការពិភាក្សាស៊ីជម្រៅបន្ថែមទៀត ម្ខាងៗកាន់តែមានការគិតគូរបន្ថែមទៀត ពិចារណាបន្ថែមទៀត រកហេតុផលបន្ថែមទៀត ហើយក៏អាចថាឆ្លុះបញ្ចាំងខ្លួនឯងហ្នឹងថា ខ្លួនឯងនិយាយហ្នឹងមានកំហុសទេ ឬមួយក៏ប៉ះពាល់ទេ ហើយមានភាពអព្យាក្រឹត្យទេ អ៊ីចឹងចង់និយាយអីចឹង។ ជាការរីហ្ល្វៀកសិន (Reflection=ការជះត្រឡប់) មួយ ឬក៏ការពិនិត្យឡើងវិញខ្លួនឯងមួយសម្រាប់យើងធ្វើបន្តទៅទៀត។ ខ្ញុំគិតថា ចំណុចហ្នឹងគឺជាចំណុចល្អ វាលែងតែយើងប្រើប្រាស់ប្រព័ន្ធតុលាការ យើងប្រើប្រាស់ការបាញ់ប្រហារ យើងប្រើប្រាស់អ្វីដែលមិនមែនជាប្រជាធិបតេយ្យ»។
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើប្រាស់វេទិកាវាយបកទៅលើក្រុមអ្នកវិភាគ ឬមន្ត្រីបក្សជំទាស់ថា គឺជាអ្នកដែលប្រឆាំងផ្កាប់មុខ ដែលផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក៖ «ដូច្នេះ ខ្ញុំពិតជាមានការសោកស្ដាយនូវការអសមត្ថភាព ឬអាចនិយាយបានម្ខាងទៀតថា អគតិចំពោះអ្វីដែលជាបញ្ហាត្រូវបានលើកឡើងដោយអ្នកវិភាគនយោបាយមួយចំនួន រាប់ទាំងអ្នកដែលគេហៅថាបណ្ឌិត ដែលខ្ញុំនិយាយថាបណ្ឌិតក្បាលទំពែក ហើយតាំងខ្លួនថាជាអ្នកវិភាគឯករាជ្យ និងបូកទៅដោយអ្នកតំណាងរាស្ត្របក្សប្រឆាំង»។
នៅក្នុងសម័យប្រជុំសភា កាលពីថ្ងៃទី៩ ខែសីហា លោក ហ៊ុន សែន ដែលសម្របខ្លួនក្នុងការឆ្លើយបំភ្លឺសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ត្រូវបានអ្នកវិភាគគិតថា លោក ហ៊ុន សែន ប្រើប្រាស់វេទិកាសភាប្រមាណ៧០% ដើម្បីបកស្រាយរឿងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដើម្បីរិះគន់មន្ត្រីបក្សប្រឆាំង ជាជាងការបំភ្លឺផ្នែកបច្ចេកទេស អំពីបញ្ហាប្រឈមនៃមន្ទិលសង្ស័យថា ការបោះបង្គោលព្រំដែននេះធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់បូរណភាពទឹកដីទៅប្រទេសវៀតណាម។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោកមានប្រសាសន៍ថា ការរិះគន់មន្ត្រីសាធារណៈ ឬមេដឹកនាំជាន់ខ្ពស់ គឺជារឿងធម្មតា ហើយការឆ្លងឆ្លើយណាមួយតាមមធ្យោបាយសន្តិវិធី គឺជាយុទ្ធសាស្ត្រសម្រាប់សង្គមប្រជាធិបតេយ្យ។ លោកគិតថា ចំពោះអ្នកវិភាគសង្គម តែងមើលឃើញពីបញ្ហាប្រឈម ឬចំណុចខ្វះខាតសម្រាប់ផលប្រយោជន៍រួម ជាជាងការរិះគន់ដើម្បីបុគ្គល។ ក្នុងន័យនេះ លោក សុខ ទូច អះអាងថា អ្នកនយោបាយគួរសាទរ ឬកែតម្រូវនូវអ្វីដែលគិតថាជាប្រការឆ្គាំឆ្គង ប្រសើរជាងប្រតិកម្មប្រឆាំងពីកំហុសដែលត្រូវគេរកឃើញ។
លោក សុខ ទូច៖ «ការរិះគន់ ការផ្ដល់គំនិតទៅលើបុគ្គលសាធារណៈ ព្រោះគេយល់ថាមិនមែនជារបស់បុគ្គលណាម្នាក់ទេ វាជារបស់យើងទាំងអស់គ្នា។ កាលណាបើជារបស់យើងគ្នា គេនឹងផ្ដល់គំនិតហើយ គេមិនអាចផ្ដល់គំនិតដល់គ្រួសារនេះយកប្រពន្ធអញ្ចេះយកប្រពន្ធអញ្ចោះ អាហ្នឹងវាជារឿងបុគ្គល។ តែបើរឿងទាក់ទងនឹងសាធារណៈ ដែលជារបស់យើងទាំងអស់គ្នា គេមានសិទ្ធិ ហើយអាការដែលមានសិទ្ធិនេះ គេត្រូវផ្ដល់ គេរស់ក្នុងម្លប់ហ្នឹងទាំងអស់គ្នា ហើយជាផលប្រយោជន៍រួមរបស់សង្គមទាំងមូល»។
ទោះជាបែបណា ក្នុងពេលកន្លងទៅ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រតិកម្មប្រឆាំងនឹងរបាយការណ៍របស់អង្គការអន្តរជាតិមួយចំនួន ដូចជាអង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) របស់លោក ប្រែត អាដាម (Brad Adams) របាយការណ៍របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិរបស់លោក យ្ហាស ហ្គាយ (Yash Ghai) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា និងថ្មីៗនេះ របាយការណ៍មួយដែលចេញដោយលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ទទួលបន្ទុកសិទ្ធិមនុស្ស ដែលរកឃើញថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នៅតែធ្វើឲ្យខកខានក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ នៅតែក្មេងខ្ចីនៅឡើយ។
យ៉ាងនេះក្ដី ក្រៅពីការថ្លែងសារជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណែកនៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងប្រទេសកម្ពុជា ដោយរួមទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ (Online) អ្នកនៅក្រោមបង្គាប់តែងបញ្ចេញការអត្ថាធិប្បាយជុំវិញការថ្លែងរបស់លោក ហ៊ុន សែន ក្នុងន័យបង្ហាញការគាំទ្រ ឬយោងលើព្រឹត្តិការណ៍ ដើម្បីរិះគន់ជាដើម។ ករណីនេះ ត្រូវបានក្រុមអ្នកវិភាគបញ្ហាសង្គមគិតថា វាបានក្លាយទៅជាវប្បធម៌គាំទ្រសម្ដីរបស់អ្នកធំ ឬមេដឹកនាំប្រទេស ទោះចេញពីចិត្តពិត ឬគ្រាន់តែបំពងសំឡេងហៃអើតាមក្រោយ នោះមានន័យថា ធ្វើឡើងដើម្បីលាភសក្ការៈ និងសិទ្ធិអំណាចដែលកំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយពុំបានគិតពីគុណវិបត្តិ ឬផលប៉ះពាល់ប្រទេសជាតិសម្រាប់ថ្ងៃអនាគតឡើយ។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រធានវិទ្យាស្ថានពលរដ្ឋវិទ្យា និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គមប្រចាំទូរទស្សន៍បាយ័ន លោកបណ្ឌិត ឈឹម ផលវរុណ លោកគិតថា ការរិះគន់ក្នុងន័យកែលំអ ពិតជាត្រូវការជាចាំបាច់ដោយចៀសមិនបាននៅក្នុងសង្គមមួយ។ ក៏ប៉ុន្តែ ការរិះគន់នោះត្រូវប្រាកដថា ពុំមែនមានចេតនាបន្តុះបង្អាប់ក្នុងន័យរារាំងនោះទេ។
លោក ឈឹម ផលវរុណ៖ «មនុស្សមិនអាចមានទស្សនៈដូចគ្នានោះទេ អ៊ីចឹងហើយយើងចង់ឲ្យទស្សនៈខុសគ្នាអាចរស់នៅជុំគ្នាក្នុងសហគមន៍ជាតិតែមួយ ដើម្បីកុំឲ្យក្លាយទៅជាខ្មាំងសត្រូវ។ ប៉ុន្តែ ពហុគំនិតត្រូវការវប្បធម៌នយោបាយថ្លៃថ្នូរ ដែលមិនមែនជាពហុគំនិតមានន័យថាជេរ ចោទប្រកាន់ វាយប្រហារទេ ពហុគំនិតគឺចង់បញ្ជាក់ថា គំនិតអ្នកយ៉ាងម៉េច ពហុគំនិតខ្ញុំយ៉ាងម៉េច គំនិតអ្នកដទៃទៀតយ៉ាងម៉េច ហើយគំនិតណាអាចយកទៅអភិវឌ្ឍន៍ប្រទេសបាន វាអាស្រ័យតែគំនិតនោះត្រូវបានគាំពារដោយមតិភាគច្រើន។ ឯក្រុមភាគតិច នៅតែមានគំនិតដដែល ប៉ុន្តែត្រូវតែគោរពគំនិតភាគច្រើន ហើយក្រុមភាគច្រើនត្រូវតែគាំពារនូវគំនិតរបស់ក្រុមភាគតិច តែមិនមែនមានន័យថា ឲ្យអ្នកភាគច្រើនទៅយកគំនិតក្រុមភាគតិចមកអនុវត្តទេ។ ប៉ុន្តែ គោរពគាំពារភាគតិច ដើម្បីឲ្យភាគតិចគ្នាអាចបញ្ចេញគំនិត តែមិនមែនបញ្ចេញមតិ ដើម្បីជេរវាយប្រហារចោទប្រកាន់គេទេ»។
អ្នកឃ្លាំមើលបញ្ហាសង្គមគិតថា ភាពផ្ទុយគ្នារវាងអ្នកនយោបាយ និងអ្នកវិភាគ គឺដោយហេតុថា អ្នកនយោបាយធ្វើឡើងដើម្បីផលប្រយោជន៍បក្ស ក្នុងការកៀងគររកសំឡេងគាំទ្រ។ ក៏ប៉ុន្តែ អ្នកវិភាគបញ្ហាសង្គមពិនិត្យមើលពីកំហុសបច្ចេកទេស ដែលជាយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធគ្រប់គ្រងគោលនយោបាយតែប៉ុណ្ណោះ។ បើទោះជារូបភាពនៃទស្សនៈទាំងពីរនេះ ហាក់មានភាពខុសគ្នាក្ដី អ្នកវិភាគគិតថា នេះជាផ្នែកមួយដ៏សំខាន់សម្រាប់ការតាក់តែងគោលនយោបាយរបស់បក្ស ឬរដ្ឋាភិបាល ដើម្បីគ្រប់គ្រងអំណាច។
បើយ៉ាងនេះក្ដី ជានិច្ចកាល គេសង្កេតឃើញថា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទមួយចំនួន តែងចាត់ទុកការរិះគន់របស់ក្រុមអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងនេះថា ជាប្រការដែលធ្វើឲ្យរាំងស្ទះសម្រាប់គោលនយោបាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ឬក៏ថា ការរិះគន់នោះជាការកេងចំណេញផ្នែកនយោបាយរបស់បក្សណាមួយទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។