មន្ត្រី​បក្ស​ជំទាស់​ចោទ​មន្ត្រី​បក្ស​ប្រជាជន​ថា​ប្រើ​តួនាទី​ពីរ​ក្នុង​ពេល​តែ​មួយ

គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់កាប់​អំណាច​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន មាន​មុខ​តំណែង​ពីរ​នៅ​ក្នុង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង និង​សង្កាត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2012-07-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ប្រតិកម្ម​ចំពោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពីរ​រូប ដែល​ពួកគេ​កំពុង​ប្រើ​ប្រាស់​តួនាទី​ចំនួន​ពីរ​តួនាទី គឺ​ទី​មួយ​​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​តួនាទី​ទី​២ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ តួនាទី​នេះ​មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់​ខ្លួន​រំលោភ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី។

ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​ទាំង​ពីរ​រូប មាន​ឈ្មោះ ​ផេង សុជាត​ និង​ឈ្មោះ អាំង គីហេង។ មន្ត្រី​ទាំង​ពីរ​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត​ផង និង​មាន​តួនាទី​មួយ​ទៀត​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត។

លោក ចៅ វាសនា៖ «ខ្ញុំ​ក៏​ដឹង​ថា គាត់​ជា​ក្រុមប្រឹក្សា​ក្រុង ហើយ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា គាត់​ជា​ក្រុមប្រឹក្សា​សង្កាត់ តែ​គាត់​ប្រជុំ​ទាំង​ពីរ​កន្លែង គាត់​អត់​ទាន់​មាន​លា​ឈប់​ពី​កន្លែង​ណា​សោះ​ឡើយ។ ពេល​ដែល​ខ្ញុំ​សួរ​គាត់ គាត់​ថា ខ្ញុំ​នេះ​ជា​អ្នក​ផ្ចាញ់ផ្ចាល​ទៅ​វិញ។ ខ្ញុំ​សួរ​ថា លោក​ឈរ​ទាំង​ពីរ ក្រុង​ផង សង្កាត់​ផង តើ​លោក​មាន​តួនាទី​ពីរ ឬ​យ៉ាង​ណា? ព្រោះ​ខ្ញុំ​សុំ​ព័ត៌មាន​ពី​គាត់​ថា ឲ្យ​គាត់​លាលែង​ពី​ខាង​ណា​មួយ​តែ​គាត់​អត់​បាន​ផ្ដល់​ឲ្យ​ទេ»

មន្ត្រី​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​រួច​មក មន្ត្រី​ទាំង​ពីរ​បាន​ចល័ត​ការ​ចូលរួម​ប្រជុំ​របស់​ពួក​គេ​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត ផង និង​​ចូល​រួម​ការ​ប្រជុំ​នៅ​ក្រុង​ប៉ោយប៉ែត ដូច​គ្នា។

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​លោក​ ផេង​ សុជាត​ និង​លោក​ អាំង​ គីហេង ដើម្បី​សុំ​សេចក្ដី​ បញ្ជាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​បាន​ទេ។ ប៉ុន្តែ​លោក សុខ ភឿន ប្រធាន​​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត បាន​ទទួល​ស្គាល់​ថា មន្ត្រី​ទាំង​ពីរ​រូប ​គឺ​លោក ផេង សុជាត​ និង​លោក ​អាំង​ គីហេង ពិត​ជា​មាន​តួនាទី​ពីរ​ដូច​ការ​ចោទ​ប្រកាន់​មែន។

លោក សុខ ភឿន បាន​បញ្ជាក់​ថា មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ពីរ​រូប ​បាន​ដាក់​ពាក្យ​​លា​ឈប់​ពី​តំណែង​សមាជិក​ក្រុង​ប៉ោយប៉ែត ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ រួច​រាល់​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​សេចក្ដី​ប្រកាស​ទេ៖ «លោក ផេង សុជាតិ នេះ គាត់​ដាក់​ពាក្យ​លា​លែង​ពី​សង្កាត់​ហើយ អ៊ីចឹង​ចៅហ្វាយ​ក្រុង​គាត់​បាន​ស៊ីញេ បញ្ជូន​ឯកសារ​នេះ​ឡើង​ទៅ​ខេត្ត​ហើយ។ លោក អាំង គីហេង នេះ គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឈប់​ពី​ក្រុមប្រឹក្សា​ក្រុង ព្រោះ​ប្រកាស​ចេញ​ពី​មហាផ្ទៃ កាល​ឈរ​ឈ្មោះ​ជា​បេក្ខភាព​លុះ​ត្រា​មាន​ការ​សម្រេច​ចេញ​ពី​មហាផ្ទៃ​មក​ទើប​អាច​ធ្វើ​បាន»

សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក មាន សារិទ្ធ បាន​ប្រតិកម្ម​ចំពោះ​ការ​អះអាង​របស់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត ថា​ជា​រឿង​មួយ​ដែល​មិន​សម​ស្រប ព្រោះ​លោក ផេង សុជាត និង​លោក អាំង គីហេង មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត មិន​គួរ​ណា​លា​ឈប់​ពី​តួនាទី​នេះ​ មក​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ដូច្នេះ​ទេ។

លោក មាន សារិទ្ធ៖ «គាត់​ជា​ក្រុមប្រឹក្សា​មាន​តួនាទី​ពីរ តួនាទី​១ ជា​ក្រុមប្រឹក្សា​សាលា​ក្រុង​ស៊ី​ប្រាក់ខែ​សាលា​ក្រុង ៥០​ម៉ឺន (រៀល) ហើយ​មក​ច្បាម​យក​តួនាទី​មួយ​ទៀត គឺ​តួនាទី​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី។ គាត់​ចូល​ប្រជុំ​នៅ​សាលា​ក្រុង​ផង គាត់​ប្រជុំ​នៅ​សង្កាត់​ប៉ោយប៉ែត​ផង»

មន្ត្រី​គណបក្ស សម រង្ស៊ី ​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​តួនាទី​ពីរ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ​គឺ​ផ្ទុយ​ពី​ស្មារតី​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ក្រុង ​ស្រុក ​ខណ្ឌ ​ខេត្ត​ រាជធានី។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សុឃន

ពី សៀមរាប

អនិច្ចាស្រុកខ្មែរ។

Jul 23, 2012 03:53 AM