មន្ត្រី​បក្ស​ប្រឆាំង៖ មេ​ឃុំ យក​ការងារ​រដ្ឋបាល​ឃុំ ទៅ​ធ្វើ​ក្នុង​ការិយាល័យ​បក្ស

បញ្ហា​ជម្លោះ​ផលប្រយោជន៍​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​បាន​កម្រើក​ឡើង​វិញ​ហើយ ដោយ​មន្ត្រី​បក្ស​ប្រឆាំង បាន​ចោទ​មេឃុំ​ថា យក​ការងារ​រដ្ឋបាល​ឃុំ ទៅ​ធ្វើ​នៅ​ក្នុង​ការិយាល័យ​របស់​បក្ស​ទៅ​វិញ។

0:00 / 0:00

ជំទប់​ឃុំ​របស់​គណបក្ស សម រង្ស៊ី បាន​ចោទ​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថា យក​កិច្ចការ​រដ្ឋបាល​របស់​សាលា​ឃុំ​យក​ទៅ​ធ្វើ​ក្នុង​ការិយាល័យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ។ ករណី​នេះ​គឺ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ។

ទំនប់​ទី​២ គណបក្ស សម រង្ស៊ី នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល លោក មាស ប៉េង ថ្លែង​នៅ​ថ្ងៃ​ទី​២២ កញ្ញា​ថា មេឃុំ​បាន​យក​ការិយាល័យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​លិខិត​ស្នាម​នានា ក្នុង​ម៉ោង​ធ្វើការ​របស់​រដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ។ លោក​ថា ករណី​នេះ​គឺ​វា​ខុស​ទៅ​និង​គោលការណ៍​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​គ្មាន​តុល្យភាព​ផ្នែក​នយោបាយ។

លោក​សុំ​ឲ្យ​មេឃុំ​ធ្វើការ​ក្នុង​សាលា​ឃុំ​ដូច​ធម្មតា​វិញ៖ «ច្បាប់​មន្ត្រី​រាជការ​សាធារណៈ​ធ្វើការ​បម្រើ​ក្នុង​ស្ថាប័ន​មួយៗ ក្នុង​ម៉ោង​រដ្ឋបាល​របស់​ខ្លួន ក្នុង​ការិយាល័យ​ការងារ​របស់​ខ្លួន។ ក្រៅ​ម៉ោង​ការងារ​ទើប​ធ្វើ​ការ​ឱ្យ​បក្ស​បាន។ ហេតុ​អី​នៅ​ឃុំ​បន្ទាយ​ដែក នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​ទៅ​ធ្វើ​នៅ​ក្នុង​មន្ទីរ​បក្ស ដូច​ជា ធ្វើ​សំបុត្រ​កំណើត ធ្វើ​លិខិត​ស្នាម​នានា។ ប្រជាពលរដ្ឋ​ចូល​ទៅ​ណែនណូន ហើយ​មន្ទីរ​បក្ស​តាំង​រូប​សញ្ញា​អី។ ទី​ពីរ​ប៉ះពាល់​ដល់​នយោបាយ។ អ៊ីចឹង​ទៅ​ធ្វើ​ហ្នឹង​គេ​អាច​ធ្វើ​ចលនា​នយោបាយ។ គេ​ធ្វើ​ចលនា​ប្រជា​ពល​រដ្ឋ ចេះ​តែ​ឱ្យ​ប្រជា​ពលរដ្ឋ​គាំទ្រ​គេ​អ៊ីចឹង​ទៅ យើង​អាច​សន្និដ្ឋាន​ថា អ៊ីចឹង»។

យ៉ាង​ណា​ក៏​មេ​ឃុំ បន្ទាយដែក លោក ឃួន គង់ ដែល​រង​ការ​ចោទ​ប្រកាន់​បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ។ លោក​អះអាង​ថា ម្ដងម្កាល​ប៉ុណ្ណោះ​ដែល​លោក​បាន​ឆ្លៀត​យក​ការងារ​រដ្ឋបាល​ទៅ​ធ្វើ​ក្នុង​ការិយាល័យ​បក្ស ដោយ​ហេតុផល​ថា មន្ទីរ​ឃុំ​មាន​ទំហំ​តូច​ចង្អៀត និង​ពុំ​មាន​កន្លែង​អង្គុយ​គ្រប់​តម្រូវ​ការ​ពលរដ្ឋ​ដែល​មក​ធ្វើ​លិខិត​ស្នាម​នានា។

លោក ឃួន គង់៖ «បាទ! មិន​មែន​រាល់​ថ្ងៃ​ឯ​ណា គឺ​ទើប​ម្សិលមិញ​ម្សិល​ម្ង៉ៃ។ មន្ទីរ​ឃុំ​អត់​មាន​កៅអី ពី​ព្រោះ​ស្មៀន​ក៏​អត់​នៅ ជំទប់​ទី​មួយ ក៏​អត់​នៅ គ្នា​មក​ជួយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ផង ហើយ​នឹង​ចុះ​ឈ្មោះ​បោះឆ្នោត​ផង។ អ៊ីចឹង​មនុស្ស​ចេញ​អស់​ពី​ឃុំ​ទៅ។ ជំទប់​ទី​មួយ ក៏​អត់​នៅ ជំទប់​ទី​ពីរ​ក៏​អត់​នៅ ហើយ​ប្រជាជន​ច្រើន ឱ្យ​គាត់​ឈរ​ហាល​ភ្លៀង​យ៉ាង​ម៉េច។ ចង់​ធ្វើ​ម៉េច​បម្រើ​ប្រជាជន​ឱ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​គ្នា ទី​មួយ។ ទី​ពីរ ឱ្យ​បាន​អត្តសញ្ញាណ​គ្រប់ៗ គ្នា»។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា បាន​ពន្យល់​ថា ការ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស ដើម្បី​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​ក្រុម​ប្រឹក្សា​ឃុំ គឺ​ជា​ការ​ខុស​ឆ្គង​មួយ គឺ​ខុស​ពី​ច្បាប់ និង​ខុស​ពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

លោក ហង្ស ពុទ្ធា៖ «ក្រសួង​មហាផ្ទៃ លោក​អាច​ដាក់​ពិន័យ​បាន ក្នុង​ករណី​បែប​ហ្នឹង។ ប៉ុន្តែ​ស្រុក​យើង​ចេះ​តែ​មិន​អី​ទេ ម្ដងម្កាល​បន្តិចបន្តួច។ ជា​គោល​ការណ៍​ត្រូវ​តែ​ទទួល​ពិន័យ​ហើយ។ ទី​មួយ​ព្រមាន​ផ្ទាល់​មាត់ ទី​ពីរ​លាយលក្ខណ៍អក្សរ ទី​បី​ដាក់​ពិន័យ​តែ​ម្ដង។ ពិន័យ​ហ្នឹង​អាច​ដល់​ការ​បញ្ឈប់​គាត់​ទៅ​តាម​ការ​ប្រព្រឹត្ត»។

កន្លង​មក​ធ្លាប់​លិច​ឮ​ព័ត៌មាន​ថា មេឃុំ​ឬ​ក៏​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ប្រកាន់​និន្នាការ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ម៉ោង​រដ្ឋបាល​រដ្ឋ ទៅ​បម្រើ​ការងារ​គណបក្ស​នយោបាយ។ ក៏​ប៉ុន្តែ​លើក​នេះ បែរ​ជា​យក​កិច្ចការ​រដ្ឋបាល​របស់​រដ្ឋ​ទៅ​ធ្វើ​ក្នុង​ការិយាល័យ​បក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។