ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ្នក​សារព័ត៌មាន មាន​តួនាទី​សំខាន់​ក្នុង​ការ​កសាង​សន្តិភាព

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ ក្រុម​ការងារ ដើម្បី​ដោះស្រាយ​ទំនាស់ បើក​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari) នា​រាជ​ធានី​ភ្នំពេញ ស្ដីពី​លទ្ធផល​បឋម​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​តួនាទី​សារព័ត៌មាន​ក្នុង​ការ​កសាង​សន្តិភាព។
ដោយ លោក វិជ័យ អានន្ទ
2012-09-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
sokeo_305
២៤-កញ្ញា-២០១២៖ អ្នក​សារព័ត៌មាន ដែល​ចូលរួម​សិក្ខាសាលា​ រៀបចំ​ដោយ​អង្គការ​ក្រុម​ការងារ ដើម្បី​ដោះស្រាយ​ទំនាស់។
RFA/Chor Pisethvicheyanandh

ប្រធាន​អង្គការ​ក្រុម​ការងារ ដើម្បី​ដោះស្រាយ​ទំនាស់ បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សន្តិភាព​ជូន​សង្គម​ជាតិ និង​ពិភពលោក។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ ហៅ​ជា​ភាសា​អង់គ្លេស​ថា (Alliance for Conflict Transformation) ឬ (ACT) លោក មាស សុកែវ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខា​សាលា នៅ​ថ្ងៃ​ទី ២៤ កញ្ញា​ថា អ្នក​សារព័ត៌មាន​មិន​មែន​គ្រាន់​តែ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​អាន និង​អ្នក​ស្ដាប់​នោះ​ទេ តែ​ពួក​គេ​នៅ​មាន​តួនាទី​ដ៏​សំខាន់​ផ្សេង​ទៀត គឺ​ជួយ​ផ្ដល់​ដំណឹង​ល្អៗ ស្ដីពី​ការ​អប់រំ​ផ្នែក​ស្មារតី និង​ទស្សនវិជ្ជា​ល្អៗ ជូន​ដល់​ពលរដ្ឋ​ក្នុង​សង្គម ដើម្បី​កសាង​សន្តិភាព​ទៀត​ផង។

ទន្ទឹម​នឹង​នេះ លោក​ក៏​បញ្ជាក់​ដែរ​ថា ប្រសិន​អ្នក​សារព័ត៌មាន​មិន​ប្រកាន់​ក្របខ័ណ្ឌ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ​នោះ ពួក​គេ​ក៏​អាច​បង្ក​អំពើ​ហិង្សា​ដល់​សង្គម​ជាតិ​ដូច​គ្នា​ដែរ។

លោក មាស សុកែវ៖ «តួនាទី​សារព័ត៌មាន​ឃើញ​មាន​សារសំខាន់ ហើយ​មាន​ឥទ្ធិពល​ខ្លាំង ហើយ​យើង​ឃើញ​អ្នក​សារព័ត៌មាន​គ្រប​ដណ្ដប់​ច្រើន នៅ​ក្នុង​សង្គម​កម្ពុជា​របស់​យើង ហើយ​បើ​សិន​ជា​សារព័ត៌មាន គាត់​មាន​ចេតនា​នៅ​ក្នុង​ការ​កសាង​សង្គមជាតិ អាច​នឹង​ធ្វើ​ទៅ​បាន ជា​ជាង​យើង​រាល់​ថ្ងៃ យើង​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក»។

ទាក់ទង​នឹង​ករណី​នេះ​ដែរ លោក មាស សុកែវ លើក​ឡើង​ថា តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​នៃ​អង្គការ​របស់​លោក របាយការណ៍​បាន​បង្ហាញ​ថា អ្នក​សារព័ត៌មាន​ហាក់​ពុំ​សូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ ពាក់ព័ន្ធ​នឹង​ការ​យល់​ដឹង​ពី​ការ​កសាង​សន្តិភាព។

លោក​បន្ថែម​ថា សារព័ត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន ផ្សាយ​ព័ត៌មាន​ដែល​បង្ហាញ​ពី​និន្នាការ​នយោបាយ និង​ព័ត៌មាន ដែល​មាន​ផល​ប្រយោជន៍​តិចតួច​ដល់​សង្គម។

អង្គការ​ក្រុម​ការងារ ដើម្បី​ដោះស្រាយ​ទំនាស់ បាន​រៀបចំ​បើក​សិក្ខា​សាលា ដែល​មាន​អ្នក​សារព័ត៌មាន មក​ពី​ស្ថាប័ន​កាសែត​ក្នុង​ស្រុក និង​កាសែត​បរទេស​ប្រមាណ ១២ ស្ថាប័ន រួម​នឹង​និស្សិត​មួយ​អន្លើ ដោយ​វិទ្យុជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បាន​ចូលរួម។ ទិសដៅ​នៃ​សិក្ខាសាលា​នេះ គឺ​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់ ចូលរួម​ក្នុង​ការ​កសាង​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ពិភពលោក។

ពាក់ព័ន្ធ​នឹង​តួនាទី​របស់​អ្នក​សារព័ត៌មាន​ក្នុង​កសាង​សន្តិភាព​នេះ ប្រធាន​សមាគម​មិត្ត​អ្នក​សារព័ត៌មាន លោក ឱម ច័ន្ទតារា មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន អាច​ធ្វើ​ឲ្យ​សង្គម​មួយ ឬ​ប្រទេស​មួយ​ចលាចល ហើយ​អ្នក​សារព័ត៌មាន ក៏​អាច​ញ៉ាំង​ពិភព​លោក​ទាំង​មូល ឲ្យ​វឹកវរ​បាន​ដែរ ក្នុង​ករណី​ពួក​គេ​មិន​គោរព​តាម​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ឲ្យ​ត្រឹមត្រូវ​ទេ​នោះ។ លោក​បញ្ជាក់​បន្ថែម​ថា ថ្វី​ត្បិត​តែ​អ្នក​សារព័ត៌មាន អាច​សរសេរ​គ្រប់​ព្រឹត្តិការណ៍​កើត​ឡើង ប៉ុន្តែ ពួក​គេ​ក៏​គួរ​ថ្លឹងថ្លែង​ផង​ដែរ មុន​នឹង​សរសេរ​អត្ថបទ​នីមួយៗ ផ្សព្វផ្សាយ​ចេញ​ទៅ ថា​តើ​អត្ថបទ​នោះ​មាន​លក្ខណៈ​បែប​ណា តើ​វា​ជា​អត្ថបទ ដែល​មាន​ទម្រង់​បែប​ញុះញង់​ដែរ​ទេ ហើយ​តើ​អត្ថបទ​នោះ ផ្ដល់​ផល​ប្រយោជន៍​ដល់​សង្គម ឬ​ធ្វើ​ឲ្យ​សង្គម​បែក​បាក់ ឬ​យ៉ាង​ណា? ដូច្នេះ ពួក​គេ​គួរ​ពិចារណា​លើ​ចំណុច​ទាំង​នេះ។

លោក ឱម ច័ន្ទតារា៖ «ខ្ញុំ​គិត​ថា​អ្នក​ព័ត៌មាន ទី១ ត្រូវ​តែ​មាន​វិជ្ជាជីវៈ ហើយ​គោរព​ក្រម​សីលធម៌​ចំណុច ២ នេះ ជា​កត្តា​សំខាន់​ណាស់ ពីព្រោះ​ថា កាល​ណា​យើង​មាន​វិជ្ជាជីវៈ យើង​មិន​ធ្វើ​អ្វី​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់ ហើយ​នឹង​គោរព​សិទ្ធិ​អ្នក​ដទៃ ហើយ​ជា​ពិសេស យើង​មិន​ធ្វើ​អត្ថបទ មាន​ន័យ​ថា មិន​ធ្វើ​អ្វី ឬ​សរសេរ​អ្វី​មាន​លក្ខណៈ​ញុះញង់ ហើយ​កាល​ណា​យើង​បំផុស យើង​ដឹង​ស្រាប់​ហើយ  ថ្មីៗ គឺ​យើង​មាន​វិបត្តិ​នៅ​ក្នុង​ពិភពលោក ដោយ​មាន​ការ​ខឹង​សម្បារ ដោយ​សារ​តែ​ពួក​ឥស្លាម ដោយសារ​តែ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​គេ អ្នក​ផលិត​ភាពយន្ត នៅ​ក្នុង​ប្រទេស​គេ​ធ្វើ ប៉ុន្តែ វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ កាល​យើង​បញ្ចេញ​ដោយ​មិន​គិត​ពី​ផល​វិបាក យើង​នឹង​ធ្វើ​ឲ្យ​សង្គម​យើង​មាន​អស្ថិរភាព»។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ក្រុម​ការងារ ដើម្បី​ដោះស្រាយ​ទំនាស់ របាយការណ៍​បង្ហាញ​ថា កាល​ពី​ឆ្នាំ ២០០៩ ស្ថាប័ន​កាសែត​ក្នុង​ស្រុក មាន ២៦៨ ស្ថាប័ន កាសែត​បរទេស មាន ៣៣ ស្ថាប័ន និង​ទស្សនាវដ្ដី​ក្នុង​ស្រុក និង​បរទេស​មាន ១៥៥ ស្ថាប័ន។ ចំណែក​ឯ​ស្ថានីយ​វិទ្យុ មាន ៩៨  និង​ទូរទស្សន៍​ចំនួន ១៣ ស្ថានីយ៍ ហើយ​ស្ថានីយ​ទាំង​នេះ ភាគ​ច្រើន​ជា​របស់​រដ្ឋាភិបាល។ ក្នុង​នោះ​វិទ្យុ ដែល​គេ​ចាត់​ទុក​ថា ប្រកាន់​ជំហរ​ឯករាជ្យ​មាន​វិទ្យុ​ក្នុង​ស្រុក និង​អន្តរជាតិ​តិចតួច។ ស្ថាប័ន​ទាំង​នេះ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

They already know about it.

Sep 24, 2012 11:34 AM