ភាព​រំជើបរំជួល​របស់​គណបក្ស​​នយោបាយ​​មុន​ពេល​បោះ​ឆ្នោត​ជាតិ

គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រោង​នឹង​ធ្វើ​សមាជ​បង្រួបបង្រួម​គ្នា​ជាមួយ​គណបក្ស នរោត្ដម រណឫទ្ធិ នៅ​ចុង​ខែ​សីហា នេះ។ ទន្ទឹម​គ្នា​នេះ ក៏​លេចឮ​នូវ​ព័ត៌មាន​ក្លែង​បន្លំ​មួយ​ថា លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ជូន​លោក កឹម សុខា ថា មិន​អាច​រួប​រួម​​បង្កើត​បក្ស​ថ្មី​ជាមួយ​គ្នា​បាន​ទៅ​វិញ។
ដោយ ទីន ហ្សាការីយ៉ា
2012-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ៣០៥
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព។
RFA/Den Ayuthea

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ គ្រោង​នឹង​ធ្វើ​សមាជ​ធំ​មួយ​នៅ​ថ្ងៃ​ទី​២៥ សីហា ខាង​មុខ ដើម្បី​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​ឲ្យ​ស្ថិត​នៅ​ក្រោម​ដំបូល​គណបក្ស​ហ៊្វុស៊ិនប៉ិច វិញ។

ដោយ​ឡែក​នៅ​គ្រា​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​កំពុង​រៀបចំ​លក្ខន្តិកៈ​បង្កើត​គណបក្ស​ថ្មី​មាន​ន័យ​ថា គណបក្ស​ទាំង​ពីរ​ក៏​នឹង​បង្កើត​បក្ស​រួម​គ្នា​តែ​មួយ​ដែរ​នោះ ស្រាប់​តែ​ផ្ទុះ​នូវ​ព័ត៌មាន​មួយ​ថា លោក សម រង្ស៊ី មិន​អាច​មក​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​លោក កឹម សុខា បាន​ទៅ​វិញ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​បដិសេធ​លិខិត​នោះ ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​រំខាន​អ្នក​ប្រជាធិបតេយ្យ​នៅ​ពេល​មាន​ការ​បង្រួបបង្រួម​គ្នា គឺ​គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំបែក​គណបក្ស​ទាំង​ពីរ៖ «គណបក្ស​ទាំង​ពីរ​សូម​ថ្កោល​ទោស​ពួក​ជន​ទុច្ចរិត​បែប​ហ្នឹង ហើយ​បដិសេធ​ដាច់​អហង្ការ​ចំពោះ​លិខិត​ក្លែង​បែប​ហ្នឹង»

ការ​បញ្ចេញ​ប្រតិកម្ម​នេះ​នៅ​បន្ទាប់​ពី​មាន​លិខិត​ក្លែង​បន្លំ​មួយ​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី ថ្ងៃ​ទី​១១ សីហា ដែល​គេ​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​សង្គម ហ្វេសប៊ុក (Facebook) លោក សម រង្ស៊ី បាន​សរសើរ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ថា លោក​មិន​អាច​វិល​ចូល​ស្រុក​ដើម្បី​បង្កើត​គណបក្ស​ថ្មី​ជាមួយ​លោក កឹម សុខា បាន​ទេ។

លិខិត​មួយ​ច្បាប់​ទៀត​ចុះ​ហត្ថលេខា​ដោយ​លោក កឹម សុខា ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១២ សីហា ឆ្លើយ​តប​វិញ​ថា លោក កឹម សុខា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ដក​ខ្លួន​ថយ​ពី​ឆាក​នយោបាយ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៣ សីហា បាន​ចេញ​លិខិត​បដិសេធ​វិញ​ភ្លាមៗ​ពី​សហរដ្ឋ​អាមេរិក​សរសេរ​ថា បញ្ជាក់​ពី​គោលជំហរ​របស់​លោក​ថា គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី និង​បង្កើត​គណបក្ស​ថ្មី​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក កឹម សុខា បាន​ហៅ​លិខិត​ក្លែង​បន្លំ​នោះ​ថា ជា​ក្រុម​ខិលខូច​កំពុង​ភ័យ​ស្លន់ស្លោ​ប្រើ​ឧបាយកល​ញុះញង់​បំបែក​បំបាក់​ដើម្បី​កុំ​ឲ្យ​ខ្មែរ​ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ ដើម្បី​ងាយ​ស្រួល​ជិះជាន់ និង​ត្រួតត្រា។

ការ​ចេញ​លិខិត​ក្លែងក្លាយ​បង្ហោះ​នៅ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​នេះ បាន​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ កាល​ពី​ដើម​សប្ដាហ៍​មុន ក៏​មាន​ជន​ករណី​ក្លែង​បន្លំ​លិខិត និង​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​មិន​ឲ្យ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ថា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្លាប់​ដែរ។

ទាក់ទង​នឹង​លិខិត​ក្លែង​បន្លំ​ឆ្លង​ឆ្លើយ​គ្នា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា នេះ​ជា​រឿង​នយោបាយ​របស់​អ្នក​នយោបាយ ដើម្បី​ស្ទង់​មើល​សកម្មភាព​របស់​ម្ចាស់​ឆ្នោត​តែប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សង្គម​កម្ពុជា នៅ​ពេល​ជិត​បោះ​ឆ្នោត​ម្ដងៗ តែង​មាន​រលក​នយោបាយ​ប្រទាញប្រទង់​គ្នា​រវាង​អ្នក​នយោបាយ ឬ​គណបក្ស​នីមួយៗ ដើម្បី​កៀរគរ​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ដោយ​ឡែក​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​គណបក្ស​ទាំង​ពីរ​អះអាង​ថា ជា​គណបក្ស​រាជា​និយម​នោះ ទី​បំផុត​គេ​នៅ​តែ​អាច​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​គណបក្ស នរោត្តម រណឫទ្ធិ បែកបាក់​ផ្ទៃ​ក្នុង ដោយសារ​តែ​បញ្ហា​មិន​ចង់​រួប​រួម​គ្នា​នោះ។

អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី។ លោក​មាន​ប្រសាសន៍​ថា គណបក្ស នរោត្តម រណឫទ្ធិ នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២៤ សីហា ខាង​មុខ ដើម្បី​ផ្លាស់​ប្ដូរ​ឈ្មោះ​គណណបក្ស នរោត្តម រណឫទ្ធិ ទៅ​ជា​គណបក្ស​ជាតិ​និយម​វិញ ហើយ​នៅ​ថ្ងៃ​ទី​២៥ សីហា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ធ្វើ​សមាជ​ដើម្បី​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែមួយ ប៉ុន្តែ​គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស​ជាតិ​និយម នៅ​ទុក​ដដែល ដើម្បី​រក្សា​តួនាទី​តំណាង​រាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ក្រុម​ប្រឹក្សា​រាជធានី។

លោក សៅ រ៉ានី៖ «ឆន្ទៈ​របស់​សមាជិក​សមាជិកា​ចង់​រួបរួម​ហ្នឹង ៨០​ភាគរយ​ទៅ​ហើយ​នៅ​មូលដ្ឋាន អ៊ីចឹង​ឆន្ទៈ​នេះ​ដូច​ខ្ញុំ​ដែរ ដែល​ចង់​រួប​រួម ព្រោះ​គេ​យល់​ថា ១​បូក​១​ស្មើ​២ មិន​មែន​១​ដក​១​ស្មើ ០ ទេ»

លោក សៅ រ៉ានី មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា នេះ គណៈកម្មការ​នាយក​បាន​សម្រេច​ឲ្យ​លោក​ធ្វើ​ជា​ប្រធាន​គណបក្ស​ស្ដីទី​រហូត​ដល់​ថ្ងៃ​ធ្វើ​សមាជ​នឹង​ជ្រើស​រើស​ប្រធាន​បក្ស​ថ្មី ពីព្រោះ​ថា លោក ឈឹម សៀកឡេង ប្រធាន​ស្ដីទី​ក៏​លាលែង​ពី​តំណែង ហើយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​លាលែង​មិន​ធ្វើ​នយោបាយ។

គណបក្ស នរោត្តម រណឫទ្ធិ បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​ច្រើន​ដង​មក​ហើយ គឺ​នៅ​ក្នុង​ឆ្នាំ​២០០៩ គណបក្ស​នេះ​ប្ដូរ​ឈ្មោះ​ពី​គណបក្ស នរោត្តម រណឫទ្ធិ មក​គណបក្ស​ជាតិ​និយម ដល់​ឆ្នាំ​២០១១ គណបក្ស​នេះ​ប្ដូរ​ពី​គណបក្ស​ជាតិ​និយម មក​គណបក្ស​ នរោត្តម រណឫទ្ធិ វិញ។

លោក សៅ រ៉ានី បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣ សីហា លោក​បាន​ដក​ពាក្យ​បណ្ដឹង​របស់​លោក​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ប្ដឹង​លោក ប៉ែន សង្ហា ជា​អ្នក​នាំ​ពាក្យ​គណបក្ស និង​លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជា​អគ្គលេខាធិការ​រង​ពី​បទ​ធ្វើ​លិខិត​ក្លែង និង​រំលោភ​សេចក្ដី​ទុក​ចិត្ត៖ «ដោយ​សម្ដេច​ក្រុមព្រះ​លា​ឈប់​នយោបាយ​ហើយ អ៊ីចឹង​បាន​ជា​ខ្ញុំ​ដក​ពាក្យ​បណ្ដឹង អ្នក​ដង្ហែ​ព្រះអង្គ បើ​សិន​ជា​ខ្ញុំ​នៅ​តែម្ដង មើល​ទៅ​ហាក់​បី​ដូច​ជា​អាក្រក់​មើល​ពេក»

ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស នរោត្តម រណឫទ្ធិ រហូត​ដល់​សម្ដេច​ក្រុម​ព្រះ​បាន​ប្រកាស​ថា ព្រះអង្គ​លាលែង​ឈប់​ធ្វើ​នយោបាយ​នេះ កើត​ឡើង​បន្ទាប់​ពី​គណបក្ស នរោត្តម រណឫទ្ធិ បាន​ចុះ​ហត្ថលេខា​បង្រួប​បង្រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១២ ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ប៉ុន្តែ​ក្រោយ​ពេល​បោះ​ឆ្នោត​គណបក្ស​ទាំង​ពីរ​បាន​បែក​បាក់​គ្នា​ទៅ​វិញ រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ជា​នាយក​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​លាលែង​ឈប់​ធ្វើ​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ដោយសារ​តែ​អ្នក​នៅ​ក្រោម​បង្គាប់​ព្រះអង្គ​បាន​ក្បត់​ព្រះអង្គ​ម្ដង​ហើយ​ម្ដង​ទៀត។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ ២០​ឆ្នាំ​កន្លង​មក​នេះ សម្ដេច​ក្រុម​ព្រះ​បាន​បរាជ័យ​នៅ​ក្នុង​រឿង​នយោបាយ ដោយសារ​តែ​សម្ដេច​ក្រុម​ព្រះ​មិន​មាន​យុទ្ធសាស្ត្រ​នយោបាយ​រៀបចំ​មនុស្ស​នៅ​ក្នុង​បក្ស​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បណ្ឌិត សុខ ទូច ៖ «ការ​គ្រោះ​ថ្នាក់​ហ្នឹង​កើត​មក​ពី​ភាព​លង់លក់​នៃ​អំណាច ធម្មតា​ទេ​សែ​រាជវង្ស​ចូល​ចិត្ត​ការ​លើក​តម្កើង ភាព​លើក​តម្កើង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ភ្លេច​រៀបចំ​យុទ្ធសាស្ត្រ​មនុស្ស​ពិត​នៅ​ក្នុង​បក្ស អ៊ីចឹង​ហើយ​នៅ​ពេល​អ្នក​ក្នុង​បក្ស​ចង់​ផ្ដួល​រំលំ​ព្រះអង្គ​អត់​មាន​ជើង​ក្រោម អ្នក​នៅ​ជើង​ជិត​ព្រះ​អង្គ​សុទ្ធ​តែ​អ្នក​អែបអប​ចង់​បាន​អំណាច​ឡេមឡឺម​ហ្នឹង»

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា វា​ជា​រឿង​ល្អ​មួយ​ដែល​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រោង​នឹង​បង្រួបបង្រួម​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ ពីព្រោះ​ថា សំឡេង​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​នយោបាយ​ពិបាក​រក​អ្នក​គាំទ្រ។ ប៉ុន្តែ​អ្នក​វិភាគ​បាន​ពន្យល់​ថា ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​នឹង​រួប​រួម​គ្នា​យ៉ាង​ណា​ក៏ដោយ ក៏​គណបក្ស​ទាំង​ពីរ​នេះ​នៅ​តែ​ពិបាក​ដើម្បី​ប្រមែប្រមូល​អ្នក​គាំទ្រ​ដដែល។ មាន​ន័យ​ថា គណបក្ស​ទាំង​ពីរ​នឹង​មិន​កើន​សន្លឹក​ឆ្នោត​នោះ​ឡើយ​នៅ​ឆ្នាំ​២០១៣ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kim

ពី ភ្នំពេញ

ភាពជឿជាក់លើគ្នាទើបជាការប្រសើរ!

Aug 14, 2012 11:25 AM

អ្នក​អាន​អនាមិក

ជាករណីមានសត្វឈ្លើងកំពុងតោងជើងមេបក្សទាំងពីរ។ចូរប្រយត្ន័ទ្រឹស្ដីបទពួកទមិឡ គឺដុតអោយខ្លោច រោចអោយឆៅ។

Aug 13, 2012 10:00 PM

SAMBATH

ពី USA

I do beleive for a very long period of time, SAM RANSY and KIm SOKHA can never be together, why? These two people just fake and pretend to work together for indiviual power only, trust me. No way for them to win election over MR HUN SEN, that's why they decide to choose this path ( no choice for them). Absolutely, for smart people, they see everything so clearly. Do not try to fool people, they are so clever to understand the facts...

Aug 13, 2012 06:24 PM

អ្នក​អាន​អនាមិក

ចង់ដឹងអ្នកណាជាអ្នកក្លែងលិខិតនោះ សួរហ៊ុនសែនទៅដឹងហើយ។

Aug 13, 2012 06:13 PM

អ្នក​អាន​អនាមិក

ក្រុមសៅរ៉ានីនិងញ៉ឹកប៊ុនឆៃគ្រាន់តែធ្វើតាមការអុចអាលរបស់ហ៊ុនសែន ដើម្បីបានលាភសក្ការៈបន្តិចបន្តួចប៉ុណ្ណោះ! អណត្តិក្រោយនេះ បើបានសម្លេងមួយកៅអី ភ្នាល់!

Aug 13, 2012 06:12 PM

មើល​មតិ​ទាំង​អស់.