លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា គោលនយោបាយ​តាម​រយៈ​រូបមន្ត​ឈ្នះ​ឈ្នះ​របស់​លោក​ចាប់​តាំង​ពី​លោក​ឡើង​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ប្រមាណ ៣០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មាន​និន្នាការ​​មក​ពី​បក្ស​ផ្សេង ហើយ​ធ្លាប់​បញ្ចប់​បញ្ហា​ដោយ​ប្រើប្រាស់​អាវុធ បែរ​មក​បញ្ចប់​បញ្ហា​ដោយ​​អង្គុយ​ពិភាក្សា​លើ​តុ​វិញ។
ដោយ ម៉ម មុនីរតន៍
2012-12-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន កុម្ភៈ ១២ ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។
RFA/Sok Serey

ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា តាម​រយៈ​រូបមន្ត​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ឈ្នះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​រហូត​ដល់​ពេល​បច្ចុប្បន្ន ហើយ​លោក​ក៏​ចង់​ឃើញ​​ទិដ្ឋភាព​របស់​​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​មិន​មែន​មក​ពី​បក្ស​គ្រប់គ្រង​អំណាច​អាច​អង្គុយ​ធ្វើ​ការ​រួម​គ្នា​ក្រោម​គោលការណ៍​​ច្បាប់ ជា​ជាង​ការ​ជះ​ទឹក​ដាក់​គ្នា​ដើម្បី​ផលប្រយោជន៍​បក្ស​ខ្លួន។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុង​​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រាថ្នា​ចង់​ឃើញ​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គួរ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ច្បាប់ ដោយ​មិន​ត្រូវ​គិត​ពី​និន្នាការ​នយោបាយ​ពេក​នោះ​ទេ។

លោក​បន្ត​ថា៖ «អ៊ីចឹង​យើង​មាន​ឱកាស​​ដើម្បី​ប្រមូល​គ្នា​នេះ​តាម​នយោបាយ​ឈ្នះ ឈ្នះ។ អ្នក​ធ្លាប់​វ៉ៃ​គ្នា​ពី​ដើម​ហ្នឹង គឺ​​មក​​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ជុំ​គ្នា​អ៊ីចឹង​ទៅ ទោះ​បី​បង្កើត​នយោបាយ​ខុស​គ្នា មាន​និន្នាការ​ខុស​គ្នា ក៏​ប៉ុន្តែ​គ្រាន់​តែ​ពាក្យ​សំដី​វា​អត់​ងាប់​ទេ។ គ្រាន់​តែ​ពាក្យ​សំដី​ឃោសនា​អី ហើយ​បើ​សិន​ការ​ឃោសនា​នោះ​​គេ​ឃោសនា​តាម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​ល្អ​ទៀត។ យើង​កុំ​បង្អាប់​ផលិតផល​អ្នក​ដទៃ​មើល លើក​កម្ពស់​តែ​ផលិត​ខ្លួន​ឯង​ទៅ​វា​បាន​ហើយ។ យើង​រៀន​សូត្រ​ពី​គេ​ថា រៀន​សូត្រ​ពី​​អ្នក​ផ្សាយ​ពាណិជ្ជកម្ម។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អត់​ដែល​បាន​ទៅ​បង្អាប់​ផលិតផល​អ្នក​ដទៃ​ទេ»

បើ​​ទោះ​ជា​លោក ហ៊ុន សែន បញ្ជាក់​ជំហរ​យ៉ាង​នេះ​ក្ដី តែ​មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា នោះ​គ្រាន់​តែ​ជា​របៀប​នៃ​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​សម្រាប់​គោល​នយោបាយ​បក្ស​ខ្លួន​ប៉ុណ្ណោះ។

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​មក​ពី​មក​គណបក្ស សម រង្ស៊ី ហៅ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ថា ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​នៃ​គោល​នយោបាយ​ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​​លោក ហ៊ុន សែន អះអាង​នោះ​ទេ។

លោក​បន្ត​ថា៖ «ដែល​ឥឡូវ​គេ​ហៅ​​ថា​ឈ្នះ​ហើយ​ឈ្នះ​ទៀត​​នេះ ជា​នយោបាយ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​​ចុះ​ងាប់ ហើយ​និង​ទទួល​ផលប្រយោជន៍​ខ្លួន​បន្តិចបន្តួច ហើយ​ទុក​ឲ្យ​ការងារ​ប្រទេស​ជាតិ​ហ្នឹង​​ឲ្យ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​​ដូច​សព្វថ្ងៃ​នេះ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ក្នុង​ពេល​កន្លង​ទៅ គឺ​ជា​ការ​អូសទាញ​កម្លាំង​ខ្មែរ​ក្រហម​ឲ្យ​ស្ថិត​នៅ​​ក្រោម​ដំបូល​​នៃ​រដ្ឋាភិបាល​តែ​មួយ។ តែ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​នយោបាយ​ចាត់​ទុក​ថា អ្វី​ដែល​កម្ពុជា មាន​សន្តិភាព​ដូច​បច្ចុប្បន្ន​នេះ នោះ​គឺ​ជា​គុណបំណាច់​របស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ ដែល​ជា​មធ្យោបាយ​ពន្លត់​សង្គ្រាម​ស៊ីវិល​​ដែល​​​អូស​បន្លាយ​ជាង ៥០​ឆ្នាំ​មក​នេះ។

លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ហៅ​សារ​ដែល​លោក ហ៊ុន សែន ថ្លែង​នេះ ថា​ជា​​សញ្ញា​វិជ្ជមាន​មួយ​​សម្រាប់​​ការ​ផ្សះផ្សា​ផ្នែក​​នយោបាយ​ក្នុង​ដំណាក់​កាល​ចុងក្រោយ និង​ថា​ជា​បរិបថ​នៃ​ការ​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​ផង​ដែរ។

បើ​តាម​​លោក សុខ ទូច ប្រសិន​បើ​អ្នក​នយោបាយ​ប្រើប្រាស់​វេទិកា​ពិភាក្សា​ក្នុង​កម្រិត​ក្របខ័ណ្ឌ​ច្បាប់​ដូច​អ្វី​ដែល​លោក ហ៊ុន សែន ថ្លែង​នេះ​​ នោះ​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​ទំនង​បើក​ច្រក​ដល់​អ្នក​នយោបាយ​​ដែល​មាន​និន្នាការ​ផ្សេង​​អាច​មាន​ឱកាស​​រួបរួម​ដើម្បី​កម្ពុជា ឆ្ពោះ​ទៅ​រក​សន្តិភាព​មួយ​ពិត​ប្រាកដ។

លោក សុខ ទូច៖ «នេះ​គឺ​ជា​សញ្ញា​ល្អ​ដែល​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នក​នយោបាយ​​ចូល​កាន់​តុ​ចរចា ហើយ​រក​ដំណោះ​ស្រាយ។ យើង​ឃើញ​ថា លោក​ជា​មនុស្ស​ដែល​​ហៅ​អ្នក​នយោបាយ​មក​​អង្គុយ​​តុ​ចរចា​កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ​១៩៨៧ ដែល​​ជា​ចំណុច​ចាប់​ផ្ដើម​មុន​ដំបូង​​​រវាង​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ និង​សមមិត្ត​ ហ៊ុន សែន ហ្នឹង។ អ៊ីចឹង​ប្រវត្តិ និង​រហូត​ដល់​មាន ៩៣ ចុង​ក្រោយ​មក​​ការ​ដោះ​ដូរ​ជាមួយ​ខ្មែរ​ក្រហម​​ទាំង​អស់​ហ្នឹង​គឺ​ខ្មែរ​ចរចា»

យ៉ាង​នេះ​ក្ដី​លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​គិត​ថា លោក ហ៊ុន សែន ​មិន​មែន​ជា​អ្នក​នយោបាយ​ដែល​មាន​ជាតិ​និយម​ពិតប្រាកដ​នោះ​ទេ។ ក្នុង​ន័យ​នេះ​បើ​តាម​លោក សឺន ស៊ូប៊ែរ្តិ៍ មាន​អ្នក​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​តាម​ផ្លូវ​​តុលាការ​ ដូច​ជា​លោក សម រង្ស៊ី ជាដើម។

លោក​គិត​ថា ប្រសិន​លោក ហ៊ុន សែន មាន​ឆន្ទៈ​នយោបាយ​ដូច​អ្វី​ដែល​លោក​ថ្លែង​នោះ​ប្រទេស​កម្ពុជា និង​មិន​ស្ថិត​ក្រោម​​សម្ពាធ​នៃ​ការ​រិះគន់​ថា នៅ​ពុំ​ទាន់​មាន​ឯកភាព​​ជាតិ​ពិត​ប្រាកដ​នៅឡើយ​ទេ៖ «មិន​មែន​ផ្សះផ្សា​ជាតិ​ផង​ហ្នឹង បើ​​ថា​ផ្សះផ្សា​ជាតិ​គួរ​ឲ្យ​អ្នក​ប្រឆាំង​ចូល​មក​វិញ។ មួយ​ទៀត​គ្រាន់​តែ​គ្នា​ដក​​ស្អី​អា​ដែង​បង្គោល​ពី​ព្រំដែន​​​ដែល​អ្នក​ស្រុក​ប្រាប់​ថា វា​អយុត្តិធម៌​​ទឹកដី​របស់​ខ្មែរ​ហ្នឹង​​គួរ​ណាស់​ហៅ​មក​និយាយ​គ្នា។ បើ​យើង​ថា អ្នក​ជាតិ​និយម​ដូច​គ្នា​​ហើយ​ប្រមែប្រមូល​បង្រួបបង្រួម​​ដើម្បី​ការពារ​ជាតិ យើង​​គួរ​ណាស់​គាត់​ហៅ​ឯកឧត្ដម សម រង្ស៊ី ហ្នឹង​មក​និយាយ​គ្នា»

ក៏​ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហៅ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​​ប្រឆាំង​មក​លើ​រដ្ឋាភិបាល​បែប​នេះ​ថា ជា​យន្តការ​ប្រឆាំង​ផ្កាប់មុខ។ លោក​បន្ត​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ពិត​ជា​នាំ​មក​នូវ​គោលការណ៍​សន្តិភាព ឯកភាព​ជាតិ និង សន្តិភាព​យ៉ាង​ពិតប្រាកដ​សម្រាប់​កម្ពុជា។

លោក ផៃ ស៊ីផាន៖ «យើង​អាច​ហៅ​គណបក្ស​ប្រឆាំង​ហ្នឹង​ត្រឹម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជា​ឧទ្ទាម មិន​មែន​ជា​យុទ្ធសាស្ត្រ​គណបក្ស​ប្រឆាំង​ទេ។ ដូច​ជា​ការ​បោះបង់​ចោល​សិទ្ធិ បោះបង់​ចោល​កាតព្វកិច្ច​របស់​ខ្លួន​​ក្នុង​ការ​តតាំង​គំនិត​​តស៊ូ​មតិ​នៅ​ក្នុង​សភា យើង​អត់​នាំ​គ្នា​ធ្វើ​អា​នោះ ហើយ​បាត់បង់​​នៅ​ជា​លក្ខណៈ​​យើង​សុខចិត្ត​ធ្វើ​ពហិការ ពហិការ​គឺ​មិនមែន​ជា​យុទ្ធសាស្ត្រ​​​នៅ​ក្នុង​បរិបទ​លទ្ធិប្រជាធិបតេយ្យ​ទេ។ វោហារសាស្ត្រ​ក្នុង​ការ​​វាយប្រហារ​​ប្រមាថកាតទាន​ដោយ​ចោទ​សម្ដេច​ថា ជា​ជន​ក្បត់​ជាតិ​​ថា ជន​លក់​ដី​ឲ្យ​វៀតណាម យួន ឬ​ក៏​អី​ហ្នឹង អា​ហ្នឹង​មិនមែន​នៅ​ក្នុង​បរិបថ​ការ​ផ្សះផ្សា​ជាតិ ឬ​ឯកភាព​ជាតិ​នោះ​ទេ»

ក្រុម​អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថានការណ៍​សង្គម​កត់​សំគាល់​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន ក៏​ជា​ស្ថាបនិក​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​សម្រាប់​កម្ពុជា ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្រោម​ព្រះរាជបូជនីយកិច្ច​របស់​មហា​វីរក្សត្រ ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ យ៉ាង​ក្ដី តែ​នៅ​មាន​អ្នក​នយោបាយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ដីធ្លី​ជា​ដើម ត្រូវ​រងគ្រោះ​ទោស​ព្រហ្មទណ្ឌ ពី​បទ​ប្រឆាំង​រដ្ឋាភិបាល។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ដែល​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​គិត​​ថា គោលនយោបាយ​របស់​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​​មិន​ចាត់​ទុក​ថា ធ្វើ​ឡើង​ដើម្បី​ឯកភាពជាតិ​នោះ​ទេ។

លោក ផៃ ស៊ីផាន ហៅ​ការ​រិះគន់​​របស់​មន្ត្រី​បក្ស​ជំទាស់​​នៅ​កម្ពុជា នេះ​ថា​ជា​ការ​ប្រឆាំង​ធ្វើ​ឡើង​​ពុំ​មែន​លើក​ស្ទួយ​ដល់​ការ​រីក​លូតលាស់​​​សម្រាប់​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ​​ទេ៖ «ហើយ​យើង​មើល​ឃើញ​ហើយ​​ការ​ដើរ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​​កៀរគរ​តាម​រយៈ​​បង្កើត​ព័ត៌មាន​​មិន​ពិត​មួយ​ចំនួន​ហ្នឹង។ តើ​ធ្វើ​ឲ្យ​លក្ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​ធ្លាក់​ដល់​ប៉ុណ្ណា?»

ទាក់​ទិន​បញ្ហា​នេះ​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ការ​ពិត​អ្វី​ដែល​គណបក្ស​ប្រឆាំង​ស្នើ​ឡើង​​ឲ្យ​រដ្ឋាភិបាល​កែទម្រង់ គឺ​ជា​ផលប្រយោជន៍​ជាតិ​រួម​ប៉ុណ្ណោះ៖ «ក្នុង​ការ​សម្រួល និង​មាន​ការ​ទំនាក់ទំនង​គ្នា​ទៅ​លើ​បញ្ហា​ជាតិ ហើយ​ចេះ​ជជែក​គ្នា​ ដូច​យើង​ធ្វើ​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ ដែល​គណបក្ស​ប្រឆាំង​​ធ្វើ​ក្នុង​ការ​លើក​ឡើង​នូវ​គោលនយោបាយ​​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​យើង មន្ត្រី​រាជការ ដល់​អ្នក​ស្រែ​ចម្ការ​យើង ឲ្យ​មាន​ជីវភាព​ត្រឹមត្រូវ ហើយ​ចែក​ផល​ទុន​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នេះ​​ជូន​ដល់​ខ្មែរ​ឲ្យ​បាន​ទទួល​ហ្នឹង​គ្រប់ៗ​គ្នា​នោះ។ ក៏​ប៉ុន្តែ​​យើង​ឃើញ​ការ​កំណត់​អំណាច​ប្រមូល​ផ្ដុំ​មួយ​​ដោយ​ស្ថាប័ន​ប្រទេស​កម្ពុជា ទន់ខ្សោយ​អស់​រក​តែ​ទៅ​ពឹង​ពាក់​អ្វី​ក៏​មិន​កើត»

យ៉ាង​ណា​ក៏​ដោយ លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ព្រមាន​ថា ដរាប​ណា​អ្នក​នយោបាយ​នៅ​ពុំ​ទាន់​មាន​ឯកភាពជាតិ នោះ​កម្ពុជា​នឹង​​ក្លាយ​ជាទី​តាំង​រងគ្រោះ​ដោយ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ពី​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រូបមន្តឈ្នះឈ្នះដើម្បីសន្តិភាព ជាគោលការណ៍ល្អមួយដែលអ្នកនយោបាយឫុអ្នកដឹកនាំត្រូវដឹងនិងត្រូវបដិបត្តដើម្បីសន្តិភាពនិងសេចក្តីចំរើនរបស់ជាតិនិងប្រជាតិខ្មែរទាំងមួល ពុំមែនសម្រាប់តែក្រុមណាមួយឡើយ។ ដូចេ្នះ គួរតែលោកអ្នកនយោបាយ ពិចារណាអោយឃើញពិតទាំងអស់គ្នា កុំចង់បានអំណាចតែអែង។

Dec 10, 2012 05:18 PM

អ្នក​អាន​អនាមិក

សម្ដីដែលមិនចេញមកពីបេះដូងបរិសុទ្ធ ទោះបីជាលោកហ៊ុនសែនខំនិយាយលាបពណ៌យ៉ាងណាក៏គេនៅតែស្គាល់ដែរ
យកល្អយើងម្នាក់ៗគួរតែរៀននិយាយពាក្យពិតពីបេះដូង ព្រោះគ្រប់ពេលដែលយើងកុហកខ្លួនយើង
គឺជាការបន្ថែមហើយបន្ថែមទៀតនូវភាពបរាជ័យសម្រាប់ឆាកជីវិតយើង។

Dec 10, 2012 12:18 PM

អ្នក​អាន​អនាមិក

សូមលោកហ៊ុន សែន អនុញ្ញាតិអោយលោក សម រង្សីបានវិលត្រលប់ចូលមកកម្ពុជាវិញ ដើម្បីជជេកគ្នាបញ្ហាជាតិជាមូយលោក ត្រូវរូមគ្នាទើបជាតិរស់

Dec 10, 2012 12:44 AM

អ្នក​អាន​អនាមិក

បើមិនមានមតិរិះគន់ ធ្វើម៉េចបានដឹងថាខ្លួនឯងធ្វើការងារមិនបានល្អ។​ How can you know that you meet your commitment if there is no feedback? Learn to accept it...

Dec 09, 2012 08:47 PM

អ្នក​អាន​អនាមិក

អ្វីទៅដែលហៅព៌តមានមិនពិត? ពិតណាស់វាគឺជាព៌តមានអវិជ្ជមានដែលខ្លួនខំប្រឹងលាក់បាំង។

Dec 09, 2012 08:41 PM

មើល​មតិ​ទាំង​អស់.