អតីត​អភិបាល​ស្រុក​នៅ​តាកែវ​ចោទ​មន្ត្រី​ស្រុក​ថា​រំលោភ​សិទ្ធិ​នយោបាយ

អតីត​អភិបាល​ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​បច្ចុប្បន្ន​​​ជា​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​អះអាង​ថា ដី​ដែល​អាជ្ញាធរ​ស្រុក​ចែក​អោយ​គ្រួសារ​លោក ត្រូវ​ដក​ហូត​សម្រាប់​គម្រោង​សាង​សង់​ផ្លូវ​ក្នុង​ស្រុក។
ដោយ សុ ជីវី
2012-04-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ស្រប​គ្នា​នោះ​ផ្ទះ​ឈើ​នៅ​លើ​ដី​នោះ​ក៏​ត្រូវ​អាជ្ញាធរ​រុះរើ​រឹប​អូស​យក​ទៀត។ ផ្ទុយ​ទៅ​វិញ​ផ្ទះ​ប្រភេទ​ដូច​គ្នា​នៅ​ដី​នៅ​ក្បែរ​ៗ​នោះ ដែល​ម្ចាស់​គេ​មាន​នយោបាយ​ស្រប​នឹង​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច គេ​បាន​ផ្ទះ​ទាំង​នោះ និង​អាច​លក់​ដូរ​ថែម​ទៀត​ផង។

អតីត​អភិបាលរង​ស្រុក​បូរីជលសារ បាន​ចោទ​ប្រកាន់​មន្ត្រី​នៅ​ស្រុក​នេះ​ថា រំលោភ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ នៅ​ពេល​ដែល​អាជ្ញាធរ​ដក​ហូត​យក​ដីធ្លី និង​រុះ​រើ​បំផ្លាញ​ផ្ទះ​សម្បែង​របស់​គាត់​នៅ​ពេល​គាត់​ងាក​ទៅ​រក​និន្នាការ​គណបក្ស​ផ្សេង។

អតីត​អភិបាល​រង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ លោក ស៊យ ស៊ុន អោយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នេះ​ថា លោក​បាន​ចូល​ទៅ​នៅ​ផ្ទះ និង​ដី​ដែល​ស្រុក​ប្រគល់​អោយ​កាល​ពី​ឆ្នាំ​១៩៩០ នៅ​ពេល​ដែល​លោក​នៅ​ជា​អភិបាលរង​ស្រុក ដែល​មាន​កូតា​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ​មក​ដល់​ខែ​មេសា ឆ្នាំ​២០១២​នេះ ទើប​មន្ត្រី​សាលា​ស្រុក និង​ការិយាល័យ​កសិកម្ម​ស្រុក មក​ដក​ហូត​ដី និង​ផ្ទះ។

លោក ស៊យ ស៊ុន បន្ត​ថា គេ​ដក​ហូត​ដី​ដោយសារ​ត្រូវ​ការ​ធ្វើ​ផ្លូវ ចំណែក​ផ្ទះ​ប្រគល់​ទៅ​អោយ​ការិយាល័យ​កសិកម្ម។ បើ​ទោះជា​យ៉ាងណា​លោក​ថា ផ្ទះ​នៅ​លើ​ដី​ចំនួន ៧​ប្លង់​ផ្សេង​ទៀត​បែរ​ជា​គេ​អាច​ទទួល​បាន។ លោក​ហៅ​ករណី​នេះ​ថា ជា​ការ​រើស​អើង​ផ្នែក​នយោបាយ ដោយសារ​លោក​ធ្លាប់​ជា​សមាជិក​គណ​បក្ស​ផ្សេង​ពី​គណបក្ស​កាន់អំណាច ហើយ​បច្ចុប្បន្ន​គឺ​លោក​ជិតស្និទ្ធ​នឹង​គណបក្ស​សិទ្ធិ​មនុស្ស។

អភិបាល​រង​ស្រុក​បូរីជលសារ អ្នកស្រី ប៊ុន គឹមហុង មាន​ប្រសាសន៍​ថា គម្រោង​ធ្វើ​ផ្លូវ​ក្នុង​ស្រុក​បូរីជលសារ គឺ​មាន​ផល​ប៉ះពាល់​ច្រើន ក្នុង​នោះ​រួម​ទាំង​ទីតាំង​សាលាស្រុក​បច្ចុប្បន្ន​ផង។ ចំពោះ​ដី​ដែល​ដក​ហូត​សម្រាប់​គម្រោង​នេះ គឺ​ពុំ​មាន​សំណង​ឡើយ។

អ្នកស្រី ប៊ុន គឹមហុង បាន​ឆ្លើយ​តប​ដោយ​ស្ទាក់​ស្ទើរ​ថា អ្នកស្រី​ពុំ​មាន​​សមត្ថភាព​ឆ្លើយតប​ទេ នៅ​ពេល​ចោទ​សួរ​ពី​ហេតុ​ផល​ចរន្ត​គណបក្ស​នយោបាយ​ដែល​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដក​ហូត​ផ្ទះ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ទំនាស់​នៃ​ការ​ប្រកាន់​គណបក្ស​នយោបាយ​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​នៅ​ពេល​កៀក​ទៅ​ដល់​ការ​បោះ​ឆ្នោត។ ទំនាស់​ទាំង​នោះ​កើត​ឡើង​ដោយសារ​តែ​ភាព​ខ្វះ​ខាត​នៃ​ការ​អនុវត្ត​ច្បាប់។

ទាក់​ទិន​នឹង​ករណី​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ទៅ​ប្រធាន​ស្ដីទី​គណ​បក្ស សម រង្ស៊ី គឺ​លោក គង់ គាំ អោយ​សង​ផ្ទះ​ទៅ​រដ្ឋ​វិញ បន្ទាប់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នោះ​បាន​រិះគន់​ជា​ចំហ​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​មាន​អត្ថប្រយោជន៍​ដល់​វៀតណាម ជា​ជាង​កម្ពុជា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មេដឹកនាំខ្មែរដែលកាន់អំណាចសព្វថ្ងៃនេះជាអាយ៉ងយួន កុំពុងសប្បាយនឹងអំណាចផ្តាច់ការរបស់ខ្លួន កុំពុងបំបាត់សេរីភាពប្រជាពលរដ្ធខ្មែរ។

Apr 18, 2012 09:19 PM

អ្នក​អាន​អនាមិក

មិនចាច់បោះឆ្នោតទេ ចុះចូលជាមួយបក្សកាន់អំណាច់ទៅទើបសុខខ្លួន​ប្រជាពលរដ្ឋខ្មែរ ខ្លាចណាស់ គេយកដី​ ហើយត្រូវទៀត ម្ចាស់ដីជាប់គុក អ្នកឈឺឆ្លាលភ័យខ្លាចប្រទេសជិតខាងច្រឹបយកដី អ្នកធំខ្មែរ ចោតថាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខ្ញុំគ្មានអី្វសងគុណគេទេ​ មានតែអោយដីគេ ទើបអាចធ្វើធំទៀតបាន

Apr 18, 2012 02:07 AM