ស្របគ្នានោះផ្ទះឈើនៅលើដីនោះក៏ត្រូវអាជ្ញាធររុះរើរឹបអូសយកទៀត។ ផ្ទុយទៅវិញផ្ទះប្រភេទដូចគ្នានៅដីនៅក្បែរៗនោះ ដែលម្ចាស់គេមាននយោបាយស្របនឹងគណបក្សប្រជាជនដែលកំពុងកាន់អំណាច គេបានផ្ទះទាំងនោះ និងអាចលក់ដូរថែមទៀតផង។
អតីតអភិបាលរងស្រុកបូរីជលសារ បានចោទប្រកាន់មន្ត្រីនៅស្រុកនេះថា រំលោភសិទ្ធិនយោបាយរបស់ពលរដ្ឋ នៅពេលដែលអាជ្ញាធរដកហូតយកដីធ្លី និងរុះរើបំផ្លាញផ្ទះសម្បែងរបស់គាត់នៅពេលគាត់ងាកទៅរកនិន្នាការគណបក្សផ្សេង។
អតីតអភិបាលរងស្រុកបូរីជលសារ ខេត្តតាកែវ លោក ស៊យ ស៊ុន អោយឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា នេះថា លោកបានចូលទៅនៅផ្ទះ និងដីដែលស្រុកប្រគល់អោយកាលពីឆ្នាំ១៩៩០ នៅពេលដែលលោកនៅជាអភិបាលរងស្រុក ដែលមានកូតាមកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែមកដល់ខែមេសា ឆ្នាំ២០១២នេះ ទើបមន្ត្រីសាលាស្រុក និងការិយាល័យកសិកម្មស្រុក មកដកហូតដី និងផ្ទះ។
លោក ស៊យ ស៊ុន បន្តថា គេដកហូតដីដោយសារត្រូវការធ្វើផ្លូវ ចំណែកផ្ទះប្រគល់ទៅអោយការិយាល័យកសិកម្ម។ បើទោះជាយ៉ាងណាលោកថា ផ្ទះនៅលើដីចំនួន ៧ប្លង់ផ្សេងទៀតបែរជាគេអាចទទួលបាន។ លោកហៅករណីនេះថា ជាការរើសអើងផ្នែកនយោបាយ ដោយសារលោកធ្លាប់ជាសមាជិកគណបក្សផ្សេងពីគណបក្សកាន់អំណាច ហើយបច្ចុប្បន្នគឺលោកជិតស្និទ្ធនឹងគណបក្សសិទ្ធិមនុស្ស។
អភិបាលរងស្រុកបូរីជលសារ អ្នកស្រី ប៊ុន គឹមហុង មានប្រសាសន៍ថា គម្រោងធ្វើផ្លូវក្នុងស្រុកបូរីជលសារ គឺមានផលប៉ះពាល់ច្រើន ក្នុងនោះរួមទាំងទីតាំងសាលាស្រុកបច្ចុប្បន្នផង។ ចំពោះដីដែលដកហូតសម្រាប់គម្រោងនេះ គឺពុំមានសំណងឡើយ។
អ្នកស្រី ប៊ុន គឹមហុង បានឆ្លើយតបដោយស្ទាក់ស្ទើរថា អ្នកស្រីពុំមានសមត្ថភាពឆ្លើយតបទេ នៅពេលចោទសួរពីហេតុផលចរន្តគណបក្សនយោបាយដែលអាចជាប់ពាក់ព័ន្ធនឹងការដកហូតផ្ទះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ការទំនាស់នៃការប្រកាន់គណបក្សនយោបាយតែងតែកើតមានជាញឹកញាប់នៅពេលកៀកទៅដល់ការបោះឆ្នោត។ ទំនាស់ទាំងនោះកើតឡើងដោយសារតែភាពខ្វះខាតនៃការអនុវត្តច្បាប់។
ទាក់ទិននឹងករណីនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ព្រមានទៅប្រធានស្ដីទីគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ អោយសងផ្ទះទៅរដ្ឋវិញ បន្ទាប់ពីមន្ត្រីគណបក្សប្រឆាំងរូបនោះបានរិះគន់ជាចំហពីអំពើពុករលួយនៅក្នុងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺមានអត្ថប្រយោជន៍ដល់វៀតណាម ជាជាងកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
