ជាក់ស្តែង ភរិយារបស់តន្ត្រីករ និងជាអ្នកនិពន្ធជើងចាស់ល្បីឈ្មោះមួយរូប គឺលោក ហុង លីណូ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីបានវះកាត់ដំសាច់ក្នុងស្បូន (គីស) បានប្រហែលជាងមួយសប្ដាហ៍ កាលពីដើមខែឧសភា កន្លងទៅ។
លោក ហុង លីណូ អះអាងថា ការស្លាប់របស់ភរិយាគាត់ ដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់ និងពុំមានការទទួលខុសត្រូវលើជំនាញរបស់ខ្លួន។
ពាក្យចាស់លោកពោលថា ស៊ូឲ្យស្លាប់បាកុំឲ្យស្លាប់មេ។ សុភាសិតបុរាណមួយឃ្លានេះ បានធ្វើឲ្យលោក ហុង លីណូ ពិចារណាហើយពិចារណាទៀតថា ការបាត់បង់ជាស្ត្រីមេផ្ទះ ជាឧត្តមភរិយា ជាមាតាដ៏ល្អ ពិតជាផ្តល់នូវការលំបាករកទីបំផុតគ្មាន សម្រាប់គ្រួសារទាំងមូល។
លោក ហុង លីណូ មានអាយុ៦០ឆ្នាំ លោកមានភរិយាឈ្មោះ មោក ទូច អាយុ៥២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីដើមខែឧសភា ឆ្នាំ២០១២ នេះ និងមានកូនប្រុសម្នាក់អាយុប្រមាណជាង២០ឆ្នាំ ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍របស់លោក។
លោក ហុង លីណូ ជាតន្ត្រីករ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងជើងចាស់ល្បីឈ្មោះម្នាក់ នៅអំឡុងឆ្នាំ១៩៧២-១៩៧៣ និងចាប់ពីឆ្នាំ១៩៧៩-១៩៨០ ក្រោយរបបខ្មែរក្រហមរហូតមក។
ជីវិតជាសិល្បករ មានពេលខ្លះសប្បាយ មានពេលខ្លះក៏មានរឿងទុក្ខសោកជាធម្មតា ប៉ុន្តែអ្វីដែលធ្វើឲ្យលោកមានទុក្ខសោក និងឈឺចាប់បំផុតនៅក្នុងឆ្នាំ២០១២ នេះ ធ្វើឲ្យលោកមិនអាចរកអ្វីមកថ្លែងឲ្យស្មើពុំបាន ចំពោះការស្លាប់ភរិយាជាទីស្រឡាញ់របស់លោក៖ «ខ្ញុំនិយាយទៅចង់តែហូរទឹកភ្នែក បើថាមិនសមមនុស្សរាប់លាននាក់គេទៅវះគីស មិនដែលស្លាប់ រឿងអីក៏ប្រពន្ធចូលទៅវះគីសស្លាប់ ទុកចិត្តពេទ្យកាល់ម៉ែត្រ ពេក រហូតដល់ពេលខ្ញុំឈឺចាប់ ចុកចាប់មែនទែន»។
លោកថា ការស្លាប់របស់ប្រពន្ធគាត់ ដោយសារលោកពុំមានលុយគ្រប់គ្រាន់ ទើបពេទ្យមិនយកចិត្តទុកដាក់ព្យាបាលឲ្យបានត្រឹមត្រូវ។
ប្រពន្ធរបស់លោក បានកើតជំងឺដុំសាច់ក្នុងស្បូន ឬហៅថាគីស ជាច្រើនឆ្នាំមកហើយ រហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០១២ នេះ ជំងឺប្រពន្ធគាត់បានឈានដល់ដំណាក់ការវះកាត់យកគីសនោះ។ គ្រួសារគាត់បានសម្រេចចិត្តចូលទៅព្យាបាលនៅពេទ្យកាល់ម៉ែត្រ ពីព្រោះពេទ្យឯកជនគេយកថ្លៃពេក ចំនួន៧០០ដុល្លារ ចំណែកឯពេទ្យកាល់ម៉ែត្រ ចំណាយតែជាង៤០០ដុល្លារទេ។
នៅថ្ងៃវះកាត់ កាលពីចុងខែមេសា ប្រពន្ធគាត់បានឆ្លងផុតគ្រោះថ្នាក់ ត្រឡប់មកផ្ទះជាធម្មតា។ ប៉ុន្តែក្រោយវះកាត់បានប្រមាណ៧ថ្ងៃ ប្រពន្ធគាត់មានអាការៈមិនស្រួលខ្លួនប្លែក ក៏យកទៅមន្ទីរពេទ្យម្តងទៀត៖ «ថ្ងៃដែលកាត់ថ្នេរ កាត់ចេសហ្នឹង យប់ហ្នឹងម៉ោងបីភ្លឺ ញាក់ពីក្នុងពោះហ្មង ញាក់ហើយខ្ញុំក៏ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ទៀត។ ខ្ញុំរង់ចាំពេទ្យហ្នឹងតាំងពីម៉ោងបី ម៉ោងបួនភ្លឺ រហូតដល់ម៉ោងប្រាំបួនព្រឹក បាទបានជួបពេទ្យហ្នឹង។ ហើយប្រពន្ធខ្ញុំទៅដេកដោយញាក់ញ័រ និងរុញទៅគ្រែយ៉ាងអត់អនាម័យ។ ខ្ញុំក៏បានរង់ចាំពេទ្យហ្នឹងមក រហូតដល់ម៉ោងប្រាំបួន មកកាត់ចេសអោយប្រពន្ធខ្ញុំ ថាអត់អីទេ ស្អាតចែស។ ប្រពន្ធខ្ញុំហ្នឹង គាត់អត់និយាយប្រាប់ថា ខ្ញុំញាក់ យប់មិញខ្ញុំអត់បានគេង ខ្ញុំញាក់។ ហើយខ្ញុំ និងជាមួយកូនប្រុសខ្ញុំម្នាក់ទៀតហ្នឹង ក៏បានសុំលោកគ្រូពេទ្យហ្នឹង ដេកតាមដានពិនិត្យជំងឺទៀតដែរ។ ប៉ុន្តែគាត់ថា មិនអីទេ ស្អាតចែសហ្មង កន្លែងកាត់ថ្នេរស្អាត ស្អាតតែខាងក្រៅ ប៉ុន្តែខាងក្នុងមិនដឹងយ៉ាងម៉េច។ វិជ្ជាជីវៈរបស់ពេទ្យ គួរតែចាប់អារម្មណ៍នៅពេលដែលអ្នកជំងឺពោលថាខ្លួនឯងអត់មានអាការៈអត់ស្រួល»។
ក្រោយបានពិនិត្យរួច គ្រូពេទ្យបានអះអាងថា អ្នកជំងឺមានស្ថានភាពធម្មតា ឲ្យត្រឡប់ទៅផ្ទះវិញ និងបានចេញវេជ្ជបញ្ជាឲ្យទិញថ្នាំលេបនៅផ្ទះ។
ប៉ុន្តែក្រោយពីត្រឡប់ទៅផ្ទះបាន២ថ្ងៃ ប្រពន្ធគាត់មានអាការៈកាន់តែធ្ងន់ធ្ងរទ្វេឡើង ក៏ត្រឡប់មកមន្ទីរពេទ្យម្តងទៀតជាលើកទី៣ នៅថ្ងៃទី៤ ឧសភា ឆ្នាំ២០១២។ ថ្ងៃនោះហើយ ដែលប្រពន្ធរបស់លោក គាត់មានវាសនាអាក្រក់ដែលពេទ្យមិនអាចជួយសង្គ្រោះបានទាន់ពេល៖ «ត្រលប់ទៅវិញម្តងទៀត គ្មានអ្នកទទួលខុសត្រូវ វេជ្ជបណ្ឌិតជើងចាស់ណាមួយ សុទ្ធតែពេទ្យស្ដារ ដូចយកប្រពន្ធខ្ញុំទៅពិសោធន៍ អោយប្រពន្ធខ្ញុំស្លាប់អ៊ីចឹង ខ្ញុំឈឺចាប់ចុកចាប់មែនទែន»។
លោក ហុង លីណូ បន្តថា ក្រោយប្រពន្ធលោកស្លាប់ គ្រូពេទ្យដែលទទួលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នោះ មិនបានទទួលខុសត្រូវអ្វីទាំងអស់ ហើយក៏មិនមានការបកស្រាយណាមួយច្បាស់លាស់ ជុំវិញមូលហេតុដែលនាំឲ្យប្រពន្ធលោកស្លាប់ ដើម្បីឲ្យលោកអស់ចិត្តនោះទេ។ បញ្ហានេះ បានធ្វើឲ្យលោករឹតតែមានការឈឺចាប់៖ «ព្រោះតាមខ្ញុំស្តាប់ ក្រោយពីភរិយាខ្ញុំស្លាប់ហ្នឹង ខ្ញុំទើបនឹងដឹងថា មានគេស្លាប់ច្រើនគ្នានៅមន្ទីរពេទ្យកាល់ម៉ែត្រ បាទ។ ហើយនៅក្នុងមន្ទីរពេទ្យហ្នឹង នៅពេលដែលគ្រួសារខ្ញុំបាត់បង់ជីវិត ប្រពន្ធខ្ញុំបាត់បង់ជីវិតហ្នឹង អោយយកខ្មោចចេញទាល់តែបង់លុយមន្ទីរពេទ្យហ្នឹងទៀត។ ខ្ញុំចុកចាប់មែនទែន មួយថ្ងៃ៤៥រៀល ហើយយកទៅដាក់ក្នុងបន្ទប់សង់ត្រល់នេះ កូនក៏ដោយ ប្តីក៏ដោយ គេអត់មានសិទ្ធិអោយយើងចូលទៅកំដរទេ អ៊ីចឹងទៀត»។
លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ លោកមានប្រសាសន៍ពន្យល់ថា ការទទួលខុសត្រូវរបស់គ្រូពេទ្យ នៅពេលដែលព្យាបាលជំងឺគេមិនជា ហើយស្លាប់នេះ វាមានជាប់ពាក់ព័ន្ធបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាបច្ចេកទេសជំនាញពេទ្យ ដែលគេហៅថា មនុស្សឃាតដោយអចេតនា៖ «ឧបមាថាលោកឯងមកដល់បាញ់គ្នាធ្លាយសួត ធ្លាយបេះដូង ទៅវះឆាច់ៗទៅ ដល់វះទៅ យើងជួយមិនទាន់ អាហ្នឹងស្លាប់ អាហ្នឹងគេថាអ៊ីចឹង គេថាមនុស្សឃាតដោយអចេតនា។ យើងមើលជំងឺគេអ៊ីចឹងទៅ យើងថាមិនអីទេៗ ដូចអាគ្រោះថ្នាក់ចរាចរណ៍អ៊ីចឹង បុកម៉ាំងទៅត្រូវក្បាលអត់អីទេ ដើរសើចស្ញេញដាក់ពេទ្យលេង ស្អែកឡើងដាច់សរសៃឈាម ហើមខួរឯណា សន្លប់ភីង គេអាចបន្ទោសពេទ្យថាមិនយកចិត្តទុកដាក់»។
លោកបន្តថា នៅមានកត្តាផ្សេងទៀតដែលអាចមកពីអ្នកជំងឺ និងគ្រូពេទ្យ៖ «ហើយគ្រូពេទ្យខ្លះ យើងពេលខ្លះខ្វះចន្លោះដែរ ដូចថាយាម២៤ម៉ោង អ្នកជំងឺចូលមកមួយយប់៦០នាក់ ដូចកាល់ម៉ែត្រ អ៊ីចឹង វាគ្មានបានសម្រាកទេ»។
ការខ្វះចន្លោះរបស់គ្រូពេទ្យ បានកើតជាញឹកញាប់នេះ បានធ្វើឲ្យអ្នកជំងឺបាត់បង់សេចក្តីទុកចិត្ត ហើយបានសម្រេចចិត្តចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស ទោះបីមានការលំបាកយ៉ាងណាក៏ដោយ។
នៅពេលខាងមុខនេះ លោក ហុង លីណូ នឹងនិពន្ធកំណាព្យ បទចំរៀងមួយចំនួន ដើម្បីអប់រំដាស់សតិដល់គ្រូពេទ្យ ដែលពុំគិតគូរពីក្រមសីលធម៌ វិជ្ជាជីវៈ ជាគ្រូពេទ្យ ដើម្បីឲ្យពួកគាត់ភ្ញាក់រលឹកគិតដល់ការឈឺចាប់របស់គ្រួសារអ្នកជំងឺ ដែលត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងសូមឲ្យពួកគេមានការទទួលខុសត្រូវលើជំនាញរបស់ខ្លួនឲ្យបានខ្ពស់ ជាទីទុកចិត្តដល់អ្នកជំងឺគ្រប់រូប ដោយមិនរើសអើង។ ម្យ៉ាងទៀត ក៏ដើម្បីបន្ធូរនូវទុក្ខសោក និងការឈឺចាប់ ចំពោះការស្លាប់របស់ភរិយារបស់លោកផងដែរ៖ «ខ្ញុំចង់សរសេរកំណាព្យមួយដែរ កំណាព្យនេះខ្ញុំចង់ផ្ញើទៅអោយលោកគ្រូពេទ្យដែលវះសម្លាប់ប្រពន្ធខ្ញុំផ្ទាល់ទៀត។ មានអត្ថន័យដែលប្រពន្ធខ្ញុំស្លាប់បាត់បង់ជីវិត ដោយសារពេទ្យមិនយកចិត្តទុកដាក់ទីមួយ ហើយនិងការតក់ស្លុតរបស់យើង អាចបណ្ដាលប្រពន្ធខ្ញុំស្លាប់បាត់បង់ជីវិត ខ្ញុំនឹងព្យាយាមសរសេរ ពីព្រោះខ្ញុំអត់អាចបំភ្លេចអ្វីបានទេ នូវការឈឺចាប់នេះ»។
លោកក៏សូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តចូលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយ ជាពិសេសសូមឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ អោយម៉ត់ចត់ចំពោះក្រមសីលធម៌របស់គ្រូពេទ្យបច្ចុប្បន្ន និងការទទួលខុសត្រូវរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។