និស្សិតនៃសាកលវិទ្យាល័យព្រះសីហមុនីរាជា មកពីខេត្តតាកែវ កញ្ញា ឆីល ស្រីទូច មានប្រសាសន៍ថា ការបានទទួលអាហារូបករណ៍សិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា គឺជាសំណាងដ៏ធំសម្រាប់នាង ព្រោះបើមិនមានពុទ្ធិកសាកលវិទ្យាល័យផ្ដល់អាហារូបករណ៍ដល់នាងទេ នាងប្រហែលជាគ្មានឱកាសនឹងរៀនបន្តឡើយ។
កញ្ញាបញ្ជាក់បន្ថែមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មិនមែនផ្ដល់អាហារូបករណ៍សម្រាប់តែរូបនាងទេ តែពុទ្ធិកសាកលវិទ្យាល័យបានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រជាច្រើន ដែលមកពីខេត្តផ្សេងៗទៀត។
ម្យ៉ាងទៀត នាងអះអាងថា ការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យនេះ គឺធ្វើឲ្យនាងទទួលបានចំណេះដឹងទាំងពុទ្ធចក្រ និងអាណាចក្រ។ នាងបន្តថា ការរៀននៅពុទ្ធិកក៏មិនខុសពីការរៀននៅសាលាខាងអាណាចក្រដែរ ព្រោះវាមានជំនាញផ្សេងៗសម្រាប់ឲ្យយើងធ្វើការជ្រើសរើស។
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ម្នាក់ទៀត លោក ម៉ាញ វណ្ណេត មកពីខេត្តកណ្ដាល អះអាងថា ឪពុកម្ដាយរបស់លោកមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ជួយឧបត្ថម្ភលោកឲ្យរៀនបន្តនៅថ្នាក់ឧត្ដមសិក្សាឡើយ ដូច្នេះការទទួលបានអាហារូបករណ៍សិក្សាបន្តថ្នាក់ឧត្ដមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យនេះ ជាមោទនភាពមួយសម្រាប់រូបលោក។
លោកបន្តថា ពីមុនមកលោកមិនធ្លាប់គិតសោះ ថាមានថ្ងៃមួយនឹងបានរៀននៅថ្នាក់មហាវិទ្យាល័យ ហើយត្រូវគេហៅថានិស្សិត។ តែបច្ចុប្បន្ន លោកបានក្លាយជានិស្សិតយ៉ាងពិតប្រាកដ ព្រោះលោកបានប្រលងជាប់អាហារូបករណ៍នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ស្រដៀងគ្នានេះដែរ និស្សិតអាហារូបករណ៍ម្នាក់ទៀត កញ្ញា ម៉ែន វណ្ណា មកពីខេត្តស្វាយរៀង ឲ្យដឹងថា នាងសប្បាយចិត្តចំពោះការទទួលបានអាហារូបករណ៍មករៀននៅពុទ្ធិកសាកលវិទ្យាល័យ។ ការទទួលបានអាហារូបករណ៍ បានធ្វើឲ្យនាងកាត់បន្ថយនូវការចំណាយមួយផ្នែកដែរ។ នាងបន្តថា ក្រៅពីជួយកាត់បន្ថយការចំណាយហើយ ការរៀននៅពុទ្ធិកសិក្សាធ្វើឲ្យនាងទទួលបានចំណេះដឹងប្លែកៗមួយចំនួនថែមទៀត ដែលពីមុនមកនាងមិនធ្លាប់ដឹង ដូចជា វប្បធម៌ ទ្រឹស្ដីសាសនា ដំណើរដើមទងសាសនា ជាដើម។
សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ និងជាព្រះសកលវិទ្យាធិការនៃសាកលវិទ្យាល័យព្រះសីហមុនីរាជា បួរ គ្រី មានថេរដីកាថា ពុទ្ធិកសិក្សាមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ន ដើម្បីអភិវឌ្ឍធនធានមនុស្ស។ សម្ដេចមានថេរដីកាបន្តថា ប្រទេសនៅលើពិភពលោកគ្មានប្រទេសណាមួយ ដែលមិនបានអភិវឌ្ឍធនធានមនុស្ស ហើយរីកចម្រើននោះទេ។
ម្យ៉ាងទៀត សម្ដេចមានថេរដីកាបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ មនុស្សចាំបាច់ត្រូវទទួលការអប់រំឲ្យបានខ្ពស់ ទើបអាចរត់ទាន់តម្រូវការសង្គម។
មួយវិញទៀត សម្ដេចមានថេរដីកាថា ពុទ្ធិកសិក្សាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីផ្ដល់ឱកាសដល់កូនអ្នកក្រីក្រមកពីខេត្តនានា ទទួលបានឱកាសសិក្សាបន្ត ដើម្បីក្លាយជាធនធានមនុស្សដ៏ពិតប្រាកដ ជួយអភិវឌ្ឍប្រទេសជាតិ។ សម្ដេចព្រះសង្ឃរាជមានថេរដីកាបន្ថែមថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាននិស្សិតក្រីក្រទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១.៥៩៦នាក់។ ក្នុងនោះ ព្រះសង្ឃចំនួន ៣៦៩អង្គ និងនិស្សិតក្រីក្រមកពីខេត្តផ្សេងៗ ចំនួន ១.២០៧នាក់។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានបង្រៀនថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត។ ពុទ្ធិកសាកលវិទ្យាល័យនេះ ត្រូវបង្កើតឡើងនាឆ្នាំ២០០៥ ដោយសម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ បួរ គ្រី។ បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យនេះ មានប្រាំមហាវិទ្យាល័យ គឺមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ ទស្សនវិជ្ជា អក្សរសាស្ត្រអង់គ្លេស ព័ត៌មានវិទ្យា និងនីតិសាស្ត្រ។
ការរៀននៅពុទ្ធិកសិក្សាពីមុនៗមក គេធ្លាប់ឃើញមានតែព្រះសង្ឃរៀន គេមិនសូវឃើញឃរាវាស (អ្នកមិនបួស) រៀនឡើយ។ ប៉ុន្តែបច្ចុប្បន្ន កូនអ្នកស្រែ អ្នកចម្ការជាច្រើន បានរៀនពុទ្ធិកសិក្សាដូចជាព្រះសង្ឃដែរ។ ពុទ្ធិកសិក្សា ជាកន្លែងផ្ដល់ការអប់រំដល់ព្រះសង្ឃ ដែលមានមុខវិជ្ជាសម្រាប់សិក្សាទាំងពុទ្ធចក្រ និងអាណាចក្រ។ ម្យ៉ាងទៀត ពុទ្ធិកសិក្សាមានគ្រប់កម្រិត គឺចាប់ពីថ្នាក់ពុទ្ធិកបឋម រហូតដល់ពុទ្ធិកសាកលវិទ្យាល័យ។
បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យទូទាំងប្រទេស មានចំនួនប្រាំ គឺរាជធានីភ្នំពេញ មាន២ បាត់ដំបង មាន១ កំពង់ឆ្នាំង មាន១ និងកំពង់ចាម មាន១ ហើយពុទ្ធិកសិក្សាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។