ពួកគេសំអាងថា គោលការណ៍ភ្ជាប់កុងទ័រទឹកតាមគ្រប់បន្ទប់ជួលរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនោះ ធ្វើអោយប៉ះពាល់ដល់ជីវភាពពួកគេ និងថា នោះគឺជាការបង្ខិតបង្ខំអោយម្ចាស់បន្ទប់ជួលចំណាយប្រាក់ច្រើនហួសហេតុទៅលើការភ្ជាប់បណ្ដាញ ដែលខុសប្លែកពីគោលការណ៍ដែលប្រើប្រាស់នៅរាជធានី ឬខេត្តក្រុងដទៃទៀត។
ពលរដ្ឋដែលប្រកបរបរជួលផ្ទះ ឬជួលបន្ទប់ស្នាក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្នើអភិបាលខេត្តនេះ អន្តរាគមន៍បញ្ឈប់គោលការណ៍បំពាក់នាឡិកាស្ទង់ ឬកុងទ័រទឹក តាមបន្ទប់នីមួយៗក្នុងតម្លៃថ្លៃ ដែលធ្វើអោយប៉ះពាល់ជីវភាពរបស់ពួកគាត់។
លិខិតចុះថ្ងៃទី២៤ ខែកក្កដា ដែលមានស្នាមមេដៃរបស់តំណាងពលរដ្ឋចំនួន២៤រូបផ្ញើជូនអភិបាលខេត្តកោះកុង បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងមក ក្រុមហ៊ុន អិល.វ៉ាយ.ភី បានជូនដំណឹងអោយម្ចាស់អាជីវកម្មជួលបន្ទប់តូចៗ ត្រូវភ្ជាប់នាឡិកាស្ទង់ ឬកុងទ័រទឹក តាមគ្រប់បន្ទប់នីមួយៗ។
លិខិតដដែលអោយដឹងទៀតថា ការកំណត់នេះធ្វើអោយពួកគាត់ជួបការលំបាក ព្រោះត្រូវចំណាយថវិកាច្រើន ក្នុងនោះនាឡិកាស្ទង់មួយមានតម្លៃប្រហែល១២៧ដុល្លារ ហើយបូករួមទាំងការភ្ជាប់បណ្ដាញផង គេត្រូវចំណាយប្រមាណ២០០ដុល្លារ។ ក្រៅពីការបង់ថ្លៃភ្ជាប់បណ្ដាញ ពលរដ្ឋបញ្ជាក់ដែរថា ក្រុមហ៊ុនតម្រូវអោយបង់ថ្លៃ សេវារក្សា តម្លៃទឹកមិនប្រើសោះ តម្លៃសេវាធនាគារ ដែលសរុបប្រហែល២ដុល្លារក្នុងខែៗសម្រាប់នាឡិកានីមួយៗ។
តំណាងពលរដ្ឋម្នាក់អ្នកស្រី ស្វាយ សុគន្ធា រស់នៅភូមិ១ សង្កាត់ដងទង់ មានប្រសាសន៍នៅថ្ងៃទី១៤ ខែសីហា ថា បើអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុន គឺពួកគាត់ត្រូវចំណាយប្រាក់ច្រើន ដែលមិនអាចទូទាត់បាននឹងប្រាក់ចំណូល ដោយហេតុថា អ្នកដែលជួលផ្ទះភាគច្រើនជាកម្មករដែលមានប្រាក់ខែទាប៖ «គាត់ចង់ធ្វើនំអត់ម្សៅ គាត់អោយតម្លៃកក់កុងទ័រហ្មង។ អ៊ីចឹង ការកក់កុងទ័រហ្នឹង វាហួសហេតុ។ បើសិនមួយគ្រួសារពីដើមឡើយ យើងកក់តែមួយ ហើយយើងចែកចាយអោយអ្នកជួល។ បើសិនជាយើងជួលថ្លៃដូចនៅភ្នំពេញមានអី។ តែយើងអត់អាចជួលបានទេ សេដ្ឋកិច្ចយើងនៅមានកម្រិតទាប អ៊ីចឹងយើងពិបាក»។
លិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ដែរថា គោលការណ៍របស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅក្នុងខេត្តកោះកុង គឺខុសប្លែកពីរដ្ឋាករទឹកនៅរាជធានី ឬតាមខេត្តក្រុងដទៃទៀត នៅទូទាំងប្រទេស គឺគេប្រើប្រាស់នាឡិកាស្ទង់រួមតែមួយ សម្រាប់បន្ទប់ជួលដែលមានម្ចាស់អាជីវកម្មតែម្នាក់ គឺពុំមែន៥០០បន្ទប់មាននាឡិកាស្ទង់៥០០ឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការឆ្លើយតបពីមន្ត្រីនៅក្រុមហ៊ុន អិល.វ៉ាយ.ភី បាននៅឡើយទេ នៅរសៀលថ្ងៃទី១៤ ខែសីហា។
អភិបាលខេត្តកោះកុង លោក ប៊ុន លើត មានប្រសាសន៍ថា លោកធ្លាប់ហៅតំណាងក្រុមហ៊ុននេះមកសាកសួរម្ដងរួចមកហើយ ចំពោះគោលការណ៍កំណត់ការដាក់នាឡិកាស្ទង់ ឬកុងទ័រទឹកតាមបន្ទប់ជួលនេះ។ លោក ប៊ុន លើត បន្តថា លោកកំពុងចាត់វិធានការចំពោះសំណើរបស់ពលរដ្ឋនេះ៖ «ហ្នឹង បន្ទុកលើម្ចាស់ផ្ទះល្វែងហ្នឹងទេ មិនមែនលើអ្នកជួលទេ ត្រូវរៀបចំអោយគេអោយហើយ។ ប៉ុន្តែថ្លៃសេវាថ្លៃបង់អ្នកជួលអ្នកបង់ទេប្រើប្រាស់ច្រើនបង់ច្រើន។ គឺការភ្ជាប់ហ្នឹង ជាបន្ទុករបស់ម្ចាស់ស្នាក់។ ហ្នឹងយើងកំពុងសម្របសម្រួលមើល ថាក្រុមហ៊ុនអាចបញ្ចុះបានអត់ ឬមកពីមូលហេតុអីបានវាថ្លៃ»។
នៅក្នុងលិខិតរបស់ពលរដ្ឋផ្ញើជូនអភិបាលខេត្តកោះកុង បញ្ជាក់ថា នៅក្នុងក្រុងខេមរភូមិន្ទ មានអាជីវកម្មជួលបន្ទប់ស្នាក់ជាង២០កន្លែង ដែលមានបន្ទប់ជួលចាប់ពី ២បន្ទប់ ដល់២០បន្ទប់។ បន្ទប់តូចៗទាំងនោះ ត្រូវសាងសង់ដើម្បីជួលទៅអោយក្រុមកម្មកររោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។