លោក សុខ សំអឿន មេធាវីការពារក្ដីលោក ម៉ម សូណង់ដូ ឲ្យដឹងនៅថ្ងៃទី២៧ នេះថា លោកមិននឹកស្មានថា រឿងក្ដីរបស់លោក ម៉ម សូណង់ដូ ត្រូវតុលាការផ្ដល់ដំណឹងបើកសវនាការយ៉ាងប្រញាប់បែបនេះសោះ ព្រោះកន្លងមក លោកកត់សម្គាល់ឃើញថា រឿងក្ដីព្រហ្មទណ្ឌឧក្រិដ្ឋនីមួយៗ តុលាការមិនងាយលើកមកជំនុំជម្រះនោះឡើយ ដោយហេតុថា តុលាការត្រូវការប្រើពេលច្រើនក្នុងការស៊ើបអង្កេតរកភស្តុតាង។ ម្យ៉ាងទៀត តាមនីតិវិធីពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ តុលាការអាចឃុំខ្លួនជនសង្ស័យបានរយៈពេល១៨ខែ។
ទោះយ៉ាងណា លោកមេធាវីអះអាងបន្តថា ការប្រញាប់បើកសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនេះ ជារឿងល្អសម្រាប់សំណុំរឿងនេះ៖ «មើលទៅវាដូចជារាងលឿនដែរ យើងស្មានអត់ដល់ ស្មានថាវាយូរ ព្រោះកន្លងមក វាជារឿងឧក្រិដ្ឋអ៊ីចឹង ភាគច្រើន ច្រើនយូរថ្ងៃ បានបញ្ជូនស៊ើបអង្កេតចប់អ៊ីចឹង»។
ទាក់ទងនឹងសំណុំរឿងលោក ម៉ម សូណង់ដូ នេះ លោកមេធាវី សុខ សំអឿន បង្ហាញជំនឿយ៉ាងមុតមាំថា រឿងក្ដីនេះនឹងឈ្នះមួយរយភាគរយ ប្រសិនបើរឿងរ៉ាវនេះមិនជាប់ពាក់ព័ន្ធនឹងផ្នែកនយោបាយទេនោះ។
ប្រហាក់ប្រហែលគ្នានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ មានប្រសាសន៍ថា តាមពិតការឃុំខ្លួនលោក ម៉ម សូណង់ដូ បណ្ដោះអាសន្ននោះ ជារឿងមិនសមហេតុផលស្រេចទៅហើយ ព្រោះការឃុំខ្លួនជនសង្ស័យ គេធ្វើចំពោះតែជនសង្ស័យណាដែលគេគិតថាគាត់អាចនឹងគេចខ្លួន ប៉ុន្តែករណីលោក ម៉ម សូណង់ដូ តុលាការមិនគួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតមេធាវីឲ្យធានាខ្លួនលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំនោះឡើយ។
ដូច្នេះ ការប្រញាប់បើកសវនាការជារឿងត្រឹមត្រូវ៖ «ជាទូទៅ ការឃុំខ្លួនបណ្ដោះអាសន្ន ពេលឃុំខ្លួនបណ្ដោះអាសន្នហ្នឹង បុគ្គលជាប់ចោទគាត់មិនទាន់មានកំហុសទេ។ អ៊ីចឹងពេលណាគាត់នៅពន្ធនាគារកាន់តែយូរ បានន័យថា សិទ្ធិរបស់គាត់ត្រូវបានបំពានហើយ។ ហេតុហ្នឹងហើយ ការឃុំខ្លួនបណ្ដោះអាសន្នសម្រាប់តែមនុស្សណាគេខ្លាចរត់គេចចោលស្រុក រត់ចោលអី អត់ចូលសវនាការអ៊ីចឹងទៅ។ អ៊ីចឹងយើងឃើញថា ការឃុំខ្លួនបណ្ដោះអាសន្ន យើងមិនសប្បាយចិត្តនោះទេ។ ការឃុំខ្លួនលោក ម៉ម សូណង់ដូ នេះ យើងមើលទៅវាអត់ត្រឹមត្រូវទេ ជាពិសេស រឿងនេះ យើងចង់ទាមទារបើកសវនាការរហ័សវាល្អជាង ជាជាងការឃុំខ្លួនបុគ្គលម្នាក់ ដែលតុលាការរកមិនទាន់ឃើញទោស គ្រាន់តែឃុំខ្លួនប្រជាពលរដ្ឋម្នាក់នៅយូរ»។
ទាក់ទងនឹងរឿងក្ដីលោក ម៉ម សូណង់ដូ នេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ រិះគន់រដ្ឋាភិបាលថា ទម្លាក់កំហុសលើលោក ម៉ម សូណង់ដូ ដើម្បីរកអ្នកទទួលទោសជំនួសឲ្យសកម្មភាពចុះបង្ក្រាបរបស់រដ្ឋាភិបាលលើពលរដ្ឋ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់។
លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២ បន្ទាប់ពីលោកបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកបានបីថ្ងៃ។ តុលាការបានសម្រេចឃុំខ្លួនលោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នកសាធារណៈ ធ្វើកុប្បកម្ម ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃព្រហ្មទណ្ឌទាក់ទងរឿងជម្លោះដី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។