ភ្នំពេញ​ត្រៀម​កម្លាំង​នគរបាល​ជាង​ប្រាំ​ពាន់​នាក់​ការពារ​សុវត្ថិភាព​ថ្ងៃ​បោះឆ្នោត

ស្នងការ​នគរបាល រាជធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បាន​អះអាង​ថា កង​កម្លាំង​នគរបាល​ចំនួន​ជាង ប្រាំ​ពាន់​នាក់​នោះ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ១.៥៨៧ កន្លែង​នៅ​រាជធានី​ភ្នំពេញ។
ដោយ សុខ សេរី
2012-06-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ៣០៥
លោក ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។

ក្រៅ​ពី​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ត្រៀម​ដាក់​ពង្រាយ​កង​កម្លាំង​នគរបាល​ចរាចរ និង​កម្លាំង​នគរបាល​អន្តរាគមន៍​ដែរ ដើម្បី​ធានា​មិន​ឲ្យ​កក​ស្ទះ​ចរាចរ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត និង​ត្រៀម​បង្ក្រាប​បទ​ល្មើស​លួច ឆក់​ប្លន់ នៅ​តាម​ដង​ផ្លូវ។

ស្នងការ​នគរបាល រាជធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា កម្លាំង​នគរបាល​យាម​ការពារ នៅ​ការិយាល័យ​បោះឆ្នោត​នីមួយៗ មាន​ចំនួន ៣​នាក់ ស្លៀក​ពាក់​ជា​ស៊ីវិល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ទេ៖ «ពី​ព្រោះ​គាត់​មាន​ពេល​វេលា​ចាប់​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ៣​រសៀល ដូច្នេះ​បើ​សិន​មាន​ការ​កក​ស្ទះ អាច​ធ្វើ​ឲ្យ​ពេល​វេលា​មាន​ការ​យឺតយ៉ាវ ធ្វើ​ឲ្យ​រាំង​ស្ទះ​ទី​១។ ទី​២ យើង​ខិត​ខំ​ធ្វើ​ម៉េច បញ្ចៀស​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ...បើ​គ្រោះថ្នាក់​ចរាចរ អាច​ធ្វើ​ឲ្យ​គាត់​មិន​បាន​ទៅ​បោះឆ្នោត ដោយ​សារ​គ្រោះថ្នាក់​ចរាចរ...នេះ​ជា​បញ្ហា​មួយ​ដែល​ខ្ញុំ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង»

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា នាង​បាន​ត្រៀម​ឯកសារ​នានា​រួច​អស់​ហើយ សំរាប់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២៖ «ទាំង​អស់​គ្នា​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ផង...ព្រោះ​អី​យើង​ចង់​បោះ​ឲ្យ​នរណា?...ឆន្ទ​យើង​បោះ​សំងាត់ យើង​មិន​បាច់​និយាយ អត់​មាន​អ្នក​ណា​ដឹង​ដែរ»

អ្នក​បើក​បរ​ឡាន​តាក់​ស៊ី​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ឈ្មោះ រ៉ាឌី បាន​និយាយ​ដែរ​ថា លោក​គ្មាន​អ្វី​ភ័យ​ខ្លាច​អ្វី​នោះ​ទេ នៅ​ថ្ងៃ​បោះឆ្នោត​នោះ៖ «បាន​ស្គាល់​កន្លែង​ការិយាល័យ​បោះឆ្នោត​រួច​ហើយ គឺ​នៅ​សាលា​សុធារស...ការិយាល័យ ០៨៩៥។ គិត​ថា​មិន​មាន​បញ្ហា​អី​អំពី​សុវត្ថិភាព​ទេ ព្រោះ​ការ​បោះឆ្នោត​នេះ មើល​ទៅ​ហាក់​ដូច​ជា​ប្រសើរ​ជាង​ឆ្នាំ​មុនៗ»

នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១២ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​នោះ មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​ជា​ច្រើន​នាក់ បាន​បិត​សេចក្តី​ប្រកាស​នានា នៅ​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​ផ្នែក​ការ​បោះឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត នៅ​ឯ​ការិយាល័យ​បោះឆ្នោត​លេខ ០០២ នៅ​សាលា​បឋម​សិក្សា​សុធារស លោក ស ម៉ានី អាយុ ៤៦​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា អ្វីៗ​ទាក់​ទង​នឹង​ការ​បោះឆ្នោត លោក​បាន​ត្រៀម​រួច​រាល់​ហើយ៖ «យើង​មាន​ឈ្មោះ​ក្នុង​ហ្នឹង​ហើយ វា​ត្រូវ​គ្នា អ្វី​ដែល​យើង​យក​មក គេ​ធីក​ទៅ ហើយ​បាន​ដល់​អនុប្រធាន គេ​ឲ្យ​សន្លឹក​ឆ្នោត គេ​វាយ​ត្រា»

នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១២ គឺ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ឬ គ.ជ.ប បាន​ចាត់​ទុក​ថា​ជា​ថ្ងៃ ស ហាម​មិន​ឲ្យ​មាន​សកម្មភាព​ឃោសនា​បោះឆ្នោត ឬ​ទិញ​សន្លឹក​ឆ្នោត​ឡើយ​ពី​គណបក្ស​នយោបាយ​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

why just vote have police to many.
i think cambodia stupit.

Jun 04, 2012 03:45 PM

ព្រះមានភ្នែក

ពី ភ្នំពេញ

តើអាចទៅបានទេថា ត្រៀមកម្លាំងការពារ? ខ្ញុំដូចមិនជឿសោះ បើត្រៀមកម្លាំចាំចាប់ ខ្ញុំជឿជាង កន្លងមកកម្លាំទាំងនេះមិនដែលធ្វើរឿងល្អផង មានតែដេញចេញ ចាប់ចង ដូចឆ្កែ ឆ្មាទៅហើយ ព្រោះគឺជាកម្លាំង ហ៊ុន សែនទេ ដើម្បីទុបស្កាត់ នោះខ្ញុំជឿជាង ចេញកំណឹតឃើញដល់ពោះវៀនតែម្តង

Jun 04, 2012 09:26 AM