ក្រសួង​ការបរទេស​ព្រមាន​ប្ដឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទាមទារ​ឲ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ផ្សាយ​ជា​ភាសា​អង់គ្លេស ចុះ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ក្រសួង ទាក់ទង​អត្ថបទ​កាសែត​វាយ​តម្លៃ​កិច្ចប្រជុំ​អាស៊ាន (Asean)។
ដោយ កែវ និមល
2012-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាសែត305
មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា អ្នក​កាសែត​ខ្មែរ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​រិះ​គន់​រដ្ឋាភិបាល។
Photo courtesy of tharum.info

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤ កក្កដា របស់​ក្រសួង​ការបរទេស បាន​ព្រមាន​ថា បើ​មិន​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ក្រសួង​ទេ កាសែត​ភ្នំពេញ ប៉ុស្តិ៍ ប្រឈម​មុខ​នឹង​ពាក្យ​បណ្ដឹង​ដោយ​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា ពី​បទ​ញុះញង់​ការ​ប្រមាថ​មក​លើ​កម្ពុជា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ផ្ញើ​លិខិត​បំភ្លឺ​មួយ​ច្បាប់​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ផ្សាយ​ជា​ភាសា​អង់គ្លេស ដោយ​មាន​ប្រើ​ពាក្យ​សំដី​ធ្ងន់ៗ តប​ចំពោះ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «អាស៊ាន​តស៊ូ​ដើម្បី​សាមគ្គីភាព» ដែល​សរសេរ​ដោយ​លោក រ៉ូជឺ មីតតុន (Roger Mitton)។

មន្ត្រី​ក្រសួង​ការបរទេស​បាន​ហៅ​អត្ថបទ​នោះ​ថា ពោរពេញ​ទៅ​ដោយ​ការ​សន្និដ្ឋាន​ដ៏​អាក្រក់​ផ្ដេសផ្ដាស និង​មាន​ចេតនា​ប្រមាថ​ចំពោះ​កម្ពុជា។

លិខិត​បំភ្លឺ​ចំនួន ២​ទំព័រ​ដែល​ផ្ញើ​ដោយ​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៤ កក្កដា បាន​លើក​ឡើង ៦​ចំណុច តប​ចំពោះ​អត្ថបទ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍។

ចំណុច​ទាំង ៦ នោះ គឺ​ទី​១ ប្រតិកម្ម​តប​ចំពោះ​អ្នក​សរសេរ​ដែល​បាន​ហៅ​ប្រទេស​កម្ពុជា ថា​ជា​សមាជិក​វ័យ​ក្មេង​របស់​អាស៊ាន។ ចំណុច​ទី​២ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​៤៥ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន មាន​លើក​គោលការណ៍ ៦​ចំណុច ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ដាច់អហង្ការ​ដោយ​សមាជិក​អាស៊ាន​២ ដែល​មាន​ជម្លោះ​ទ្វេ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ការ​ប្រឆាំង​នោះ​នាំ​ឲ្យ​កិច្ច​ប្រជុំ​មិន​អាច​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​រួម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥។ ចំណុច​ទី​៣ អ្នក​សរសេរ​អត្ថបទ​គឺ​លោក រ៉ូជឺ មីតតុន បាន​ចោទ​ថា កម្ពុជា​បាន​កាន់​ជើង​ទីក្រុង​ប៉េកាំង ដោយ​បំភ្លេច​ការ​សន្យា​របស់​ខ្លួន​ពី​មុន​មក​ថា នឹង​ធ្វើ​ខ្លួន​ជា​អ្នក​សម្របសម្រួល​អព្យាក្រឹត​លើ​បញ្ហា​ទំនាស់​ក្នុង​តំបន់ ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ទី​៤ អ្នក​សរសេរ​អត្ថបទ​បាន​ហៅ​កម្ពុជា​ថា ជា​អ្នក​ធ្វើ​ការ​ជួស​ចិន ជា​អ្នក​ត្រូវ​ចិន​ទិញ និង​ជួល តាម​រូបភាព​វិនិយោគទុន​ដ៏​ធំ​ដើម្បី​បញ្ចៀស​ការ​លើក​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ធ្វើ​តាម​ការ​ចង់​បាន​របស់​ចិន។ ទី​៥ អ្នក​សរសេរ​អត្ថបទ​បាន​និយាយ​ថា វិមាន​សន្តិភាព គឺ​ចិន ជា​អ្នក​ផ្ដល់​លុយ​សាងសង់​ដែល​ខុស​ពី​ការពិត និង​ទី​៦ អ្នក​សរសេរ​អត្ថបទ​បាន​ចោទ​ថា កម្ពុជា​បាន​បង្ហាញ​ពង្រាង​សេចក្ដី​ថ្លែងការណ៍​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ ឲ្យ​ចិន​មើល ដោយ​រំលោភ​លើ​បែបបទ​អាស៊ាន ហើយ​នេះ​ជា​ការ​មួលបង្កាច់​បង្ខូច​យ៉ាង​ធ្ងន់ធ្ងរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​លិខិត​បំភ្លឺ​របស់​ក្រសួង​ការបរទេស ផ្ញើ​ទៅ​កាន់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ឡើយ នៅ​ថ្ងៃ​ទី​២៥ កក្កដា។

ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ឲ្យ​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ក្រសួង​ការបរទេស​នេះ លោក អាឡាន ប៉ាកហៅ (Alan Parkhouse) ជា​និពន្ធ​នាយក​កាសែត ភ្នំពេញ ប៉ុស្តិ៍ ភាសា​អង់គ្លេស បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​នោះ​ទាំង​ស្រុង។

លោក អាឡាន ប៉ាកហៅ៖ «បាទ! រដ្ឋាភិបាល​ចង់​ឲ្យ​បោះ​ពុម្ព​ផ្សាយ​លិខិត​នោះ​លើ​កាសែត។ បើ​រដ្ឋាភិបាល​ចង់​បាន​ដូច​នោះ ហើយ​រដ្ឋាភិបាល​ពុំ​យល់​ស្រប​តាម ការ​សរសេរ​របស់​លោក មីតតុន ខ្ញុំ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គេ​បញ្ចេញ​សំឡេង​ពុំ​យល់​ស្រប​តាម​នោះ។ រដ្ឋាភិបាល​បាន​សុំ​ឲ្យ​យើង​បោះ​ពុម្ព​លិខិត​បំភ្លឺ​នោះ ដូច្នេះ​យើង​នឹង​ធ្វើ​តាម។ បើ​អ្នក​អាន​ឃ្លា​ចុង​ក្រោយ​នៃ​លិខិត​បំភ្លឺ​នោះ គឺ​អ្នក​នឹង​ឃើញ​ហើយ​ថា គេ​ទាមទារ​ឲ្យ​បោះ​ពុម្ព​ផ្សាយ​លិខិត​នោះ។ ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​មាន​ពេល​ខ្លះ​រដ្ឋាភិបាល​ពុំ​យល់​ស្រប​តាម​យើង ហើយ​ចង់​ឲ្យ​យើង​បំភ្លឺ យើង​រីករាយ​នឹង​បោះ​ពុម្ព​ការ​បំភ្លឺ»

កាសែត ភ្នំពេញ ប៉ុស្តិ៍ ជា​កាសែត​ធំ​ល្បី​មួយ​នៅ​ប្រទេស​កម្ពុជា។ កាសែត​នេះ​បោះ​ពុម្ព​ផ្សាយ​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ អត្ថបទ​មាន​ចំណង​ជើង​ថា «អាស៊ាន​តស៊ូ​ដើម្បី​សាមគ្គីភាព» ដែល​សរសេរ​ដោយ​លោក រ៉ូជឺ មីតតុន (Roger Mitton) នោះ ផ្សាយ​នៅ​ក្នុង​កាសែត ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

K179

ពី ភ្នំពេញ

យើង​គួរ​ពិនិត្យ​ឱ្យ​ច្បាស់​តើ​អស់​លោក​អ្នក​វាយ​តម្លៃ​ជា​អ្នក​ណា? មក​ពី​ណា? មាន​បំណង​អ្វី​ចំពោះ​កម្ពុជា និង​តំបន់​អាស៊ាន​របស់​យើង? ជាក់​ស្ដែង​ណាស់​ប្រមុខ​កាទូត​ប្រទេស​ជាច្រើន​បាន​គាំទ្រ​និង​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែ​របស់​កម្ពុជា។ អ្វី​ដែល​បាន​លើក​ឡើង​មិន​ច្បាស់​លាស់ គួេត្រូវ​បាន​បំភ្លឺ ឬ/និង កែ​តម្រូវ កុំ​ឱ្យ​ក្លាយ​ជា​ការ​ប្រមាថ​និង​ញុះញុង​ដោយ​ចេតនា។

Jul 28, 2012 01:31 AM

batamtambang

មិនគិតពីកិត្តិយសខ្មែរសោះហ៊ានបំភ្លៃការពិត

Jul 27, 2012 09:23 PM

(

វា​គ្រាន់​តែ​ជា​គំនិត​និង​ការ​វិភាក​មួយ​ជ្រុង​តាម​បែប​សេរី​និយម​និង​តក្កភាព​របស់​បុគ្គល​ម្នាក់ៗ។ នេះ​បរទេស​ទេ បើ​ឡូកាល់​វិញ​មិន​ដឹង​ជា​យ៉ាង​នា​ទេ មើល​ទៅ។

Jul 27, 2012 01:08 AM

kon khmer

Cambodia and China are best friend and we get a lot of helps from Chin so we must support China,if we dont that mean we are crazy cos we let millions of dollars go away from our hand.

Jul 26, 2012 12:04 PM

អ្នក​អាន​អនាមិក

Shame on you, Hor 5 Hong!
You still want to hide your inability? The world knows about it...

Jul 26, 2012 08:41 AM

មើល​មតិ​ទាំង​អស់.