ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានច្រានចោលការចោទប្រកាន់របស់មន្ត្រីយោធាថៃ ដែលថាផែនទីថ្មីនៃប្រាសាទព្រះវិហារ ដែលកម្ពុជានឹងដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ បានរំលោភចូលក្នុងដែនដីថៃក្នុងខេត្តស៊ីសាកេតនោះ ថាជារឿងមិនត្រឹមត្រូវ ។
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ផែនទីនៃការដាក់ស្នើប្រាសាទព្រះវិហារទៅអង្គការយូណេស្កូ គឺជាផែនទីរដ្ឋបាល មិនមែនជាផែនទីនៃបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទេ ។
លោក វ៉ា គឹមហុង ថ្លែងដូច្នេះថា ៖ «គេចុះក្នុងបាងកកប៉ុស្តិ៍ ប៉ុន្តែគេថាអីថាទៅ ព្រោះអ្វីដែលយើងធ្វើគឺជាផែនទីរដ្ឋបាលដើម្បីបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែប៉ុណ្ណោះ ។ គេលើកឡើង ១០ម៉ែត្រ ២០ម៉ែត្រអ៊ីចឹង លុះត្រាតែវាមានព្រំដែន គេជជែកជាមួយខាងព្រំដែន ។ បើអត់ជជែកជាមួយព្រំដែនផង និយាយថាបាត់ ១០ម៉ែត្រ ឬ២ម៉ែត្រ ម្ដេចកើត? ក្នុងឱកាសបែបនេះ គេមិនត្រូវនិយាយរឿងនេះសោះ» ។
ប្រតិកម្មនេះធ្វើឡើងភ្លាមៗបន្ទាប់ពីកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយ ដោយស្រង់សម្ដីប្រភពមន្រ្តីយោធាថៃ ក្នុងលេខចេញផ្សាយរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា ផែនទីថ្មីនៃប្រាសាទព្រះវិហារដែលគូរឡើងវិញ ដោយរដ្ឋាភិបាលកម្ពុជា បានទន្រ្ទានលើទឹកដីថៃ ២ កន្លែងសំខាន់ៗ ។
ប្រភពមន្ត្រីយោធាថៃ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ផែនទីដែលនឹងត្រូវដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅត្រង់ផ្លូវចូលពីខាងទឹកដីថៃទៅប្រាសាទកម្ពុជានោះ បានគូរផែនទីលយចូលទឹកដីថៃប្រវែង ១០ម៉ែត្រ ។
ប្រភពបន្តថា ផែនទីនៅខ្សែបន្ទាត់ព្រំដែនត្រង់ជណ្តើរឡើងកំពូលប្រាសាទ ត្រូវបានភាគីកម្ពុជា គូរឲ្យលយចូលក្នុងទឹកដីថៃប្រវែង ២ម៉ែត្រ ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិត ចារុងវ៉ាត់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ផែនទីថ្មីនៃតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ហាក់មានលក្ខណៈប្រសើរជាងមុន និងថា នៅមានចំណុចខ្លះត្រូវពិភាក្សាគ្នារវាងភាគីទាំងពីរ នៅមុនការដាក់បញ្ចូលប្រាសាទនេះ ជាមរតកពិភពលោកដោយកម្ពុជា ។
ផែនទីថ្មីនៃតំបន់ប្រាសាទព្រះវិហារ ដែលត្រូវបានគូរឡើងវិញដោយកម្ពុជា ត្រូវបានបញ្ជូនទៅរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៥ មិថុនា គឺនៅបន្ទាប់ពីមានការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងប៉ារីស ដែលសម្របសម្រួលដោយតំណាងអង្គការយូណេស្កូ កាលពីខែឧសភា កន្លងទៅ ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានបញ្ជាក់ថា ពិតជាមានការពិភាក្សាគ្នារវាងភាគីថៃនិងកម្ពុជាខ្លះមែន ប៉ុន្តែថា កម្ពុជានឹងនៅតែរក្សាផែនការរបស់ខ្លួនក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំលើកក្រោយរបស់អង្គការយូណេស្កូនៅទីក្រុងកេបិច ប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០០៨ នេះ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.