ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ក្រោយ​ការបាញ់​តប​ត​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ

បន្ទាប់​ពី​មាន​ការប្រទូស្តរ៉ាយ​និង​ប៉ះ​ទង្គិច​ខាង​អាវុធ​រវាង​ទាហាន​ខ្មែរ​និង​ថៃ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ សភាពការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ ម្តុំ​ព្រះវិហារ​នៅ​ពុំទាន់​វិល​មក​រកភាព​ធម្មតា​​វិញ​នៅ​ឡើយ​ទេ។

0:00 / 0:00

ខាង​ក្រោម​គឺ​ជា​សេចក្ដី​រាយការណ៍​របស់​លោក សាវ យុត អំពី​សភាពការណ៍​ថ្មី​នៅ​ទល់​ដែន​ខ្មែរ​-ថៃ តាម​ការ​សាកសួរ​របស់​លោក ផាន សូផាត ៖

ផាន សូផាត ៖ នៅ​ថ្ងៃ​នេះ នៅ​តាម​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​តាម​ខ្នង​ភ្នំ​ដងរែក តើ​ស្ថានការណ៍​យោធា​នៅ​ថ្ងៃ​នេះ ចុង​ក្រោយ​យ៉ាង​ម៉េច​ដែរ?

សាវយុត ៖ សូម​ជម្រាប​ថា ស្ថានការណ៍​ចុង​ក្រោយ​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​ថ្ងៃ​នេះ គឺ​នៅ​តំបន់​ជិត​វាលឥន្រ្ទី នា​តំបន់​ភ្នំ​ទ្រព្យ​នោះ នៅ​មាន​សភាព​តានតឹង​ដែល​នឹង​ត្រៀម​ប្រយុទ្ធ​សា​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​គេ​ឮ​សំឡេង​ស្នូរ​ផ្ទុះ​មីន នៅ​ក្រោម​ដី​ប្រមាណ​ជា ២​គ្រាប់ នៅ​ខាង​មុខ​ខ្សែ​ត្រៀម​របស់​កងទ័ព​ខ្មែរ ប្រមាណ​ជាង ១០០​ម៉ែត្រ​នោះ។ ហើយ​កងទ័ព​ទាំង​អស់​ហ្នឹង បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ដោយ​គ្រប់ៗ​គ្នា បាន​រត់​ទៅ​រក​ដើម​ឈើ កាំភ្លើង​បាន​បើក​សោ ហើយ​ភ្នែក​សម្លឹង​ត្រៀម​ប្រយុទ្ធ​ជានិច្ច ព្រម​ជាមួយ​នឹង​ស្ថានការណ៍​មួយ ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច។

ផាន សូផាត ៖ បញ្ហា​នេះ តាម​ព័ត៌មាន​ពី​មន្រ្តី​យោធា​ថៃ បាន​និយាយ​ថា សំឡេង​ផ្ទុះ​នោះ គឺ​ដោយសារ​ថា កង​ទ័ព​ថៃ​បាន​ជាន់​មីន ដូច្នេះ​ខាង​កងទ័ព​បាន​ដឹង​ដំណឹង​ហ្នឹង​ដែរ ឬ​ទេ? ឬ​មួយ​ក៏​នៅ​តែ​មាន​ការ​ត្រៀម​ប្រយុទ្ធ​ដដែល?

សាវយុត ៖ ជា​ការពិត​ណាស់ ដែល​មេ​ទាហាន​ថៃ​ប្រាប់​ថា ជា​ការ​ផ្ទុះ​មីន ហើយ​ធ្វើ​ឲ្យ​កងទ័ព​ថៃ​ត្រូវ​របួស​នោះ គឺ​ទាហាន​ខ្មែរ​បាន​ដឹង ហើយ​វិទ្យុ​ទាក់ទង​របស់​មេបញ្ជាការ​យោធា​ខ្មែរ​គ្រប់​កន្លែង ក៏​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ ក៏​ប៉ុន្តែ​ត្រង់​ថា ទាហាន​ថៃ​ចូល​មក​យ៉ាង​ណា ឬ​យ៉ាង​ណា​នោះ គេ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ ប៉ុន្តែ​គេ​ជឿ​ថា ទាហាន​ថៃ​នោះ​គឺ​ប៉ុនប៉ង​ចូល​មក​ទឹកដី​ខ្មែរ​តាម​ច្រក​នេះ។

ផាន សូផាត ៖ បើ​ដូច្នេះ​មាន​ន័យ​ថា មក​ពី​មាន​ការព្យាយាម​របស់​កងទ័ព​ថៃ ចូល​មក​ទឹកដី​កម្ពុជា​ហ្នឹង​ហើយ បាន​ជា​ត្រូវ​ជាន់​មីន អ៊ីចឹង​ទេ?

សាវយុត ៖ បាទ ត្រូវ​ហើយ។ បើ​តាម​ប្រភព​មន្រ្តី​យោធា​ខ្មែរ​ខ្លះ ដែល​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា ជា​សម្ងាត់​ហ្នឹង​ថា មេបញ្ជាការ​ថៃ​អះអាង​ថា ទាហាន​គេ​ដែល​រង​របួស​ដោយសារ​ផ្ទុះ​មីន​នេះ គឺ​ខណៈ​ដែល​ទាហាន​ថៃ​ហ្នឹង កំពុង​តែ​រុករក​ធ្វើ​ផ្លូវ​មក​កាន់​តំបន់​នៃ​ព្រំដែន​ជិត​ព្រលាន​ឥន្រ្ទី​ហ្នឹង។ កង​ទាហាន​ខ្មែរ​បាន​បង្ហើប​ថា ការព្យាយាម​ចូល​មក​កាន់​ទឹកដី​ខ្មែរ តំបន់​ព្រលាន​ឥន្រ្ទី​នេះ វា​អាច​ជា​គោលបំណង​មួយ​ទៀត ឆ្ពោះ​មក​កាន់​តំបន់​៥​មករា ដែល​ជា​ផ្លូវ​ឡើង​មក​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ផង។

ផាន សូផាត ៖ ហេតុអ្វី​បាន​ជា​យល់​ថា កងទ័ព​ថៃ​ចង់​កាន់កាប់​តំបន់​នេះ តើ​វា​មាន​លក្ខណៈ​សំខាន់​យ៉ាង​ម៉េច​ដែរ​ទៅ តាម​កងទ័ព​ខ្មែរ​បាន​ដឹង​នោះ?

សាវយុត ៖ បើ​តាម​មេបញ្ជាការ​ជាន់​ខ្ពស់​មួយ​រូប​របស់​កង​ពល​លេខ ៤៣ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​គាត់​កាល​ពី​ព្រឹក​មិញ គាត់​បាន​ប្រាប់​យ៉ាង​ដូច្នេះ ដោយ​គាត់​ថា គាត់​ចាប់​បាន​វិទ្យុ​ទាក់ទង​របស់​ថៃ ហើយ​ប្រាប់​ថា ថៃ​មាន​គម្រោង​ឲ្យ​កងទ័ព​គេ​ធ្វើ​ម៉េច​ត្រូវ​តែ​ចូល​តំបន់​នេះ ឆ្ពោះ​មក​យក​ព្រលាន​ឥន្រ្ទី ហើយ​ឆ្ពោះ​មក​កាន់​តំបន់ ៥​មករា ដើម្បី​កាន់កាប់​ទី​នោះ​ឲ្យ​បាន ហើយ​ធ្វើ​យ៉ាង​ណា កាល​ណា​តែ​កងទ័ព​ថៃ​ចូល​បាន​ហើយ គឺ​គេ​មិន​ដក​ចេញ​វិញ​ទេ នេះ​ជា​ការអះអាង​របស់​មេបញ្ជាការ​កង​ទ័ព​ខ្មែរ ដែល​ថា​ចាប់​បាន​វិទ្យុ​ទាក់ទង​របស់​ថៃ​នោះ។

ផាន សូផាត ៖ ប៉ុន្តែ​នៅ​ក្នុង​ភូមិសាស្រ្ដ​ជាក់ស្ដែង ដែល​លោក​អាច​ដឹង​បាន​នោះ តើ​ហេតុអ្វី​បាន​ជា​កងទ័ព​ថៃ​ហ្នឹង ចង់​កាន់​កាប់​តំបន់​ហ្នឹង ហើយ​បើ​សិន​ជា​កាន់កាប់​តំបន់​ហ្នឹង​បាន តើ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ដែរ?

សាវយុត ៖ តាម​ការពិនិត្យ​ដែល​ខ្ញុំ​និង​អ្នក​កាសែត​ជាតិ អន្តរជាតិ ប្រហែល​ជា​៥​នាក់ ដែល​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ចំពោះ​មេ​បញ្ជាការ​ខ្មែរ​ដើម្បី​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពិនិត្យ​នៅ​តំបន់​នោះ​ជាក់ស្ដែង កាល​ពី​ព្រឹកមិញ​ហ្នឹង យើង​បាន​ឃើញ​ថា ភូមិសាស្រ្ដ​នៃ​ព្រលាន​ឥន្រ្ទី ហើយ​ជាប់​នឹង​ភ្នំទ្រព្យ​ដែល​ជា​ទឹក​ដី​ខ្មែរ​នោះ គឺ​មាន​ដង​អូរ ដោយ​មាន​ទឹក​ហូរ​មក ហើយ​អាច​ជ្រៀត​ចូល​តាម​ជ្រលង​អូរ​នោះ ដោយ​មិន​មាន​គ្រោះថ្នាក់។ ហើយ​កាលណា​ចូល​មក​ដល់​តំបន់​ហ្នឹង គឺ​គេ​បាន​ឡើង​មក​ដល់ ផ្លូវ​មួយ​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជា ៣​គីឡូម៉ែត្រ ពី​ប្រាសាទ​ព្រះវិហារ ខាង​ផ្លូវ​ឡើង​ទឹក​ដី​ខ្មែរ។ ហើយ​បើ​កាន់កាប់​កន្លែង​ហ្នឹង​បាន មាន​ន័យ​ថា តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ត្រូវ​បាន​បោះបង់​ចោល ដោយ​មិន​មាន​ទាហាន​ខ្មែរ ឬ​ក៏​មធ្យោបាយ​ដឹក​ជញ្ជូន​ស្បៀង ឬ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ណា អាច​ឡើង​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ទៀត​ទេ

ផាន សូផាត ៖ អ៊ីចឹង​ចំណុច​សំខាន់​បាន​ន័យ​ថា ភូមិសាស្រ្ដ​ដែល​យោធា​ខ្មែរ​បាន​និយាយ​ថា កងទ័ព​ថៃ​ចង់​កាន់កាប់​ហ្នឹង ប្រសិន​បើ​កាន់កាប់​បាន បាន​ន័យ​ថា ខាង​ភាគី​ខ្មែរ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​ព្រះវិហារ​បាន​ទេ?

សាវយុត ៖ បាទ! ជា​ភូមិសាស្រ្ដ​ពិត​ណាស់ ព្រោះ​បើ​តាម​ភូមិសាស្រ្ដ​ដែល​យើង​បញ្ជាក់​គឺ​ឡើង​ពី​តំបន់​គ​១ ដែល​ជា​ទឹកដី​ខ្មែរ​ហ្នឹង គឺ​ឆ្លង​កាត់​តំបន់ ៥​មករា នៅ​ចុង​ច្រមុះ​ភ្នំ​ទ្រព្យ​នោះ​ឯង ទើប​មាន​ផ្លូវ​ដែល​គេ​ធ្វើ​ឡើង​មក​រហូត​មក​ដល់​ប្រាសាទ​ព្រះវិហារ ក៏​ប៉ុន្តែ​បើ​ផ្លូវ​នោះ​ត្រូវ​បាន​ទាហាន​ថៃ​កាន់កាប់​ដោយ​ផ្ដាច់​ទៅ គឺ​ថា​មិន​មាន​មធ្យោបាយ​ណា​ដែល​កង​ទាហាន​ខ្មែរ​រស់​នៅ​លើ​ភ្នំ​នេះ អាច​ជញ្ជូន​ស្បៀង អាច​ជញ្ជូន​សម្ភារៈ​អី​បាន​ទៀត​ទេ។

ផាន សូផាត ៖ បាន​ន័យ​ថា តំបន់​ដែល​លោក​បាន​មាន​ប្រសាសន៍​ដែល​ថា កងទ័ព​ខ្មែរ​និយាយ​ហ្នឹង បាន​ន័យ​ថា ទាក់ទង​ទៅ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​ជួសជុល ហើយ​សាង​សង់​ទៅ​លើ​ហ្នឹង​មែន​ទេ?

សាវយុត ៖ បាទ! ត្រឹមត្រូវ​ហើយ គឺ​ផ្លូវ​នោះ​ឯង គឺ​ជា​កំណាត់​ផ្លូវ​កាត់​ផ្ដាច់​តែ​ម្ដង បើ​សិន​ជា​ថៃ​ចូល​មក ហើយ​ផ្លូវ​នោះ​ជា​ផ្លូវ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ត្រៀម​រៀបចំ​ធ្វើ​រាល់​ថ្ងៃ ហើយ​កំពុង​តែ​ប្រឹងប្រែង​ចាក់​បេតុង​បាន​មួយ​ចំហៀង​ទៅ​ហើយ នៅ​សល់​តែ​បេតុង​មួយ​ចំហៀង​ទៀត​ទេ គឺ​ផ្លូវ​ហ្នឹង​មាន​លក្ខណៈ​ប្រសើរ ដែល​មក​មិន​រអិល មិន​ជាប់​ផុង មិន​ស្រុត​អី​នោះ។

ផាន សូផាត ៖ ដូច្នេះ បាន​ន័យ​ថា បើ​តាម​ប្រសាសន៍​លោក យុទ្ធសាស្រ្ដ​យោធា​របស់​កងទ័ព​ថៃ ដូច​ដែល​ការ​រៀបរាប់​របស់​កងទ័ព​ខ្មែរ​នោះ គឺ​ថា កងទ័ព​ថៃ​ចង់​ដណ្ដើម​យក​ផ្លូវ ហើយ​បិទ​ច្រក​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​ព្រះវិហារ តាម​ទឹក​ដី​ខ្មែរ​តែ​ម្ដង មែន​ទេ?

សាវយុត ៖ នេះ​ជា​ការពិត ពីព្រោះ​ចន្លោះ​តំបន់​ភ្នំ​ទ្រព្យ​ឡើង​មក​ព្រះវិហារ មាន​ប្រមាណ​ជា​ជាង ៣​គីឡូម៉ែត្រ ហើយ​ចុះ​ទៅ​ខាង​ក្រោម​នោះ គឺ​ទៅ​ដល់​តំបន់ គ​១ គឺ​ប្រហែល​ជា ៣​គីឡូម៉ែត្រ​ទៀត ដូច្នេះ ផ្លូវ​ហ្នឹង​វា​ត្រូវ​ឆ្លង​កាត់​គ្នា​ពី​ប្រាសាទ​ព្រះវិហារ ចុះ​ទៅ​តំបន់ គ​១ ដែល​ជា​ទឹកដី​ខ្មែរ។

ផាន សូផាត ៖ តើ​តំបន់​នេះ​នៅ​ភាគ​ខាង​ណា​នៃ​ប្រាសាទ​ព្រះវិហារ​នោះ?

សាវយុត ៖ តំបន់​នេះ បើ​តាម​ភូមិសាស្រ្ដ យើង​មើល​ទៅ គឺ​ស្ថិត​នៅ​ជ្រុង​ខាង​ជើង ភាគ​ខាង​លិច​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ចម្ងាយ​ប្រមាណ​ជា ៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

ផាន សូផាត ៖ ប៉ុន្តែ​តាម​ភូមិសាស្រ្ដ​ខាង​ភាគី​ខ្មែរ​អាច​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​ព្រះវិហារ​បាន ដោយ​តាម​ច្រក​ពីរ ដូច្នេះ​តើ​ភូមិសាស្រ្ដ​នេះ អាច​បិទ​ច្រក​តែ​ម្ខាង ឬ​អាច​ទាំង​ពីរ?

សាវយុត ៖ បើ​យើង​សង្កេត​មើល​គឺ​ថា ច្រក​មួយ​ដែល​សំខាន់​បំផុត​ហ្នឹង គឺ​ជា​ច្រក​ភ្នំ​ទ្រព្យ ដែល​យើង​ឡើង​មក​កាត់​រាល់​ថ្ងៃ​ហ្នឹង​ហើយ ក៏​ប៉ុន្តែ​ច្រក​មួយ​ទៀត ដែល​ជា​ច្រក​ដែល​អាច​ចុះ​បាន​ដែរ ទាស់​តែ​មាន​សភាព​ចោទ​ណាស់ ហើយ​ទាល់​តែ​ធ្វើ​ជា​កាំ​ជណ្ដើរ​ឈើ ឬ​ក៏​មាន​ខ្សែ​ពួរ​អី មិន​មែន​ចុះ​ងាយ​ស្រួល​ទេ ទាល់​តែ​កង​ទាហាន​អី​បាន​ចុះ​ស្រួល ប៉ុន្តែ​ផ្លូវ​ដែល​ងាយ​ស្រួល​នោះ គឺ​ជា​ផ្លូវ​មួយ​ដែល​ឡើង​ពី​តំបន់ គ​១ ឆ្ពោះ​មក​កាត់​ភ្នំ​ទ្រព្យ បាន​ឡើង​មក​ដល់​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ហើយ។ នេះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​មន្រ្តី​យោធា​ជា​ច្រើន​បាន​គិត​ដល់​ថា ប្រសិន​បើ​ថៃ​យក​បាន​ច្រក​នេះ ថៃ​រំពឹង​ថា ជា​ផ្លូវ​មួយ​ដ៏​ប្រសើរ​ដែល​អាច​កាត់​ផ្ដាច់​មធ្យោបាយ​ខ្លះៗ​របស់​កងទ័ព​ខ្មែរ ក្នុង​ការជញ្ជូន​ស្បៀង ជញ្ជូន​កង​ទ័ព ឬ​ក៏​ការចេញ​ចូល​អី​ផ្សេងៗ​នោះ