ក្រោយពីប្រាសាទព្រះវិហារត្រូវដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ជម្លោះដណ្ដើមកាន់កាប់ប្រាសាទដ៏ចំណាស់មួយនេះក៏ត្រូវកើតឡើងភ្លាមៗពីសំណាក់ភាគីថៃ។ ទីក្រុងបាងកក ដែលគ្រប់គ្រងអំណាចលើសលប់ដោយយោធាក្រោមបញ្ជាសេ្តចថៃ បានបញ្ជូនកម្លាំងកងទ័ពឈុតខ្មៅរបស់ខ្លួនត្រង់វត្តកែវសិក្ខាគីរីស្វារៈ ក្នុងបំណងគ្រប់គ្រងប្រាសាទព្រះវិហារទាំងស្រុង។ ស្ថិតក្រោមចលនានេះ ការផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ គឺកម្ពុជា-ថៃ កើតឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១១ ដែលបណ្ដាលឲ្យជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ ត្រូវបាត់បង់ខូចខាត និងតួប្រាសាទព្រះវិហារត្រូវរងប៉ះពាល់ធ្ងន់ធ្ងរ។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលបញ្ហាសង្គម។ អ្នកស្រីគិតថា ការសម្រេចចិត្តក្នុងការដកទ័ពចេញពីតំបន់គ្មានយោធាដែលកំណត់ដោយសាលដីការបស់ ICJ កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ ពីបរិវេណទំហំដីជាង ១៧គីឡូម៉ែត្រការ៉េនេះ គឺជាយុទ្ធសាស្ត្រអាចធ្វើឲ្យប្រទេសថៃ ដែលតែងប្រើមធ្យោបាយក្នុងការពន្យារពេលម្ដងជាពីរដងក្នុងការកែសម្រួលកងទ័ពជាមួយកម្ពុជានេះ ថាអាចជាវិធីសាស្ត្រក្នុងការបញ្ចប់ផ្លូវនយោបាយរបស់ប្រទេសថៃ ដែលប្រើប្រាស់ប្រាសាទព្រះវិហារធ្វើជាចំណាប់ខ្មាំងដើម្បីប្រកួតប្រជែងឋានៈ និងមុខតំណែងរបស់រដ្ឋាភិបាលទីក្រុងបាងកក ក្នុងពេលកន្លងទៅនេះ។
អ្នកស្រីបន្តថា៖ «ទោះជាយ៉ាងម៉េចក៏ដោយបញ្ហាព្រះវិហារជាបញ្ហានយោបាយនៅក្នុងប្រទេសថៃ ភាពតាន់តឹងរវាងនយោបាយផ្ទៃក្នុងប្រទេសថៃហ្នឹងធូរស្រាល ឬក៏តាន់តឹងឡើង អាហ្នឹងចុះឡើងចុះឡើង បើថា ឲ្យចប់តែម្ដងខ្ញុំមើលទៅដូចពិបាកចប់ណាស់។ ប្រទេសថៃ គេយករឿងព្រះវិហារធ្វើជារឿងនយោបាយផ្ទៃក្នុងរវាងគណបក្សនយោបាយនៅក្នុងប្រទេសថៃនោះ»។
អ្នកស្រី ជា វណ្ណាត ចាត់ទុកថា ជម្លោះនៅតំបន់ប្រាសាទព្រះវិហារជិត ៥ឆ្នាំមកនេះ គឺកើតឡើងដោយសារនយោបាយហែកហួរផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ។ លោកមានប្រសាសន៍នៅថ្ងៃទី១៣ កក្កដា ថា លោកសាទរចំពោះជំហររបស់រដ្ឋាភិបាលក្នុងការបញ្ចប់ជម្លោះនៅតំបន់ប្រាសាទព្រះវិហារតាមមធ្យោបាយកែសម្រួលកងទ័ពនេះ។ តែទោះជាបែបណាក៏ដោយ លោកចាត់ទុកថា កម្ពុជាបានបរាជ័យរួចទៅហើយនូវឆន្ទៈរបស់ខ្លួនដែលតែងប្រកាន់យកគោលការណ៍ស្វែងរកដំណោះស្រាយត្រីភាគី ទោះជាស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយជុំវិញជម្លោះនៅតំបន់ប្រាសាទព្រះវិហារមួយនេះ។
លោក ឡៅ ម៉ុងហៃ៖ «ថាត្រូវការឥណ្ឌូនេស៊ី ជាអ្នកសង្កេត គឺជាភាគីទីបី ដាច់ដោយឡែក ដល់អ៊ីចឹងទៅវាជាទ្វេភាគីដូចដែលថៃ ចង់បានទៅ។ កាលមុនយើងថា ត្រីភាគី ដល់យូរៗទៅចរចាចុះឡើងៗជាទ្វេភាគីទៅតាមថៃទៅ លទ្ធផលក៏វាអត់បានអីជាដុំកំភួននៅឡើយ»។
ទាក់ទិនករណីនេះ នៅមុនកិច្ចព្រមព្រៀងទ្វេភាគីកាលពីថ្ងៃទី១៣ កក្កដា នៅខេត្តសៀមរាប លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអះអាងក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ កាលពីថ្ងៃទី១៣ កក្កដា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញថា កម្ពុជាគ្រោងនឹងកែសម្រួលកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១៨ កក្កដា ខាងមុខជាឯកតោភាគី។
លោកគិតថា ការធ្វើយ៉ាងនេះគឺដើម្បីអនុវត្តតាមស្មារតីរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ដែលកំណត់ឲ្យគូវិវាទទាំងពីរ (កម្ពុជា-ថៃ) កែសម្រួលកងទ័ពចេញពីតំបន់ក្បែរបរិវេណប្រាសាទព្រះវិហារលើទំហំដីជាង ១៧គីឡូម៉ែត្រការ៉េ ក្នុងន័យដើម្បីសង្គ្រោះប្រាសាទព្រះវិហារ។
លោក ហោ ណាំហុង៖ «ឥឡូវកម្ពុជាឈានទៅមួយជំហានទៀត។ ថ្ងៃ១៨ ខែកក្កដា ខាងមុខនេះ យើងនឹងដកកងទ័ព ៤៨០ប្លាយនាក់ ចេញពីតំបន់អត់កងទ័ព ជាសញ្ញាមួយទៀត ឲ្យគេឃើញថា កម្ពុជាមានសុឆន្ទៈអនុវត្តការសម្រេចរបស់តុលាការអន្តរជាតិឡាអេនេះ»។
ត្រង់ចំណុចនេះក្រុមអ្នកវិភាគគិតថា នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចបញ្ចប់ជម្លោះនៅតំបន់ប្រាសាទព្រះវិហារ និងចាប់បង្ខំឲ្យភាគីថៃ កែសម្រួលកងទ័ពលើតំបន់ដែលមានជម្លោះនោះតាមអំណាចសាលដីការបស់តុលាការកំពូលមួយនេះ។
បើទោះជាបែបក្ដីនេះ លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានហៅការម្រេចដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារនេះថា គឺជាផ្នែកមួយដែលរដ្ឋាភិបាលបង្ហាញពីភាពទន់ជ្រាយរបស់ខ្លួន។ លោកចាត់ទុកថា អ្វីដែលរដ្ឋាភិបាលប្រកាន់ជំហរអនុវត្តឆន្ទៈនៃសាលដីការបស់ ICJ ក្នុងន័យដើម្បីចំណេញនយោបាយការបរទេសនៅលើឆាកអន្តរជាតិនោះ លោកមើលឃើញថា ពុំមែននោះឡើយ។ លោកថា ថ្វីត្បិតតែរដ្ឋាភិបាលធ្វើនេះគឺចង់បានការគាំទ្រលើយន្តការរបស់ខ្លួនក្តី តែផ្ទុយទៅវិញ លោក សុខ ទូច គិតថា នេះជាការបរាជ័យគោលនយោបាយការបរទេសរបស់កម្ពុជា ទៅវិញ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ គឺអ្នកស្រី យីងឡាក់ ក្រោយកិច្ចប្រជុំនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៣ កក្កដា នៅខេត្តសៀមរាប ដោយលោក ហ៊ុន សែន ចាត់ទុកការកែសម្រួលកងទ័ពនេះថា ពុំមែនជាដកចេញពីលើទឹកដីកម្ពុជា នោះទេ។
ចំណែកភាគីថៃ គឺអ្នកស្រី យីងឡាក់ ដែលមានវត្តមាននៅក្នុងសន្និសីទនោះដែរ បានប្រកាសជំហរគាំទ្រការសម្រេចរបស់លោក ហ៊ុន សែន ខណៈភាគីថៃ អះអាងនឹងកែសម្រួលកងទ័ពនេះដែរ តែមិនកំណត់ពេលវេលាច្បាស់លាស់នោះទេ។ រហូតមកដល់ពេលនេះពុំមានសេចក្ដីរាយការណ៍ណាមួយដែលបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងបាងកក ទម្លុះទម្លាយព័ត៌មានស្ដីពីការកែសម្រួលយោធាតាមការបង្គាប់របស់ ICJ នេះនៅឡើយទេ។
ក្រុមអ្នកវិភាគស្ថានការណ៍សង្គមគិតថា ការដកកងទ័ពចេញពីតំបន់មានជម្លោះ ដោយរាប់ទាំងខ្សែបន្ទាត់ព្រំដែនដទៃទៀតនោះ ពុំមែនជាជម្រើសរបស់ភាគីថៃទេ។ អ្វីដែលរដ្ឋាភិបាលទីក្រុងបាងកក ពន្យារពេលម្ដងជាពីរដងក្រោមហេតុផលរង់ចាំការសម្រេចរបស់សភាក្នុងការដកកងទ័ព ឬបន្ធូរបន្ថយភាពតាន់តឹងផ្នែកយោធានៅតាមព្រំដែន និងប្រើប្រាស់វេទិកានយោបាយក្នុងប្រទេសថៃ ឲ្យមានភាពប្រេះឆា។ ការធ្វើបែបនេះក្នុងបំណងជាតិនិយមដើម្បីបូរណភាពទឹកដី គឺប្រាថ្នាចង់បានការគ្រប់គ្រង់ប្រាសាទព្រះវិហារប៉ុណ្ណោះ។
នៅក្នុងរឿងរ៉ាវនៃជម្លោះប្រាសាទព្រះវិហារនេះ គេហទំព័រមួយឈ្មោះ វីគីភីឌា (Wikipedia) បានចេញផ្សាយនៅរបាយការណ៍មួយរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយរកឃើញថា ក្រោយពីប្រាសាទព្រះវិហារដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨ បំណែកថ្មីចំនួន ៦៦ផ្ទាំង ត្រូវគេរកឃើញថា រងការបំផ្លាញដោយទាហានថៃ បាញ់ប្រហារកាលពីខែមេសា ឆ្នាំ២០០៩ ខណៈភាគីទាំងពីរប្រើប្រាសអាវុធដើម្បីដោះស្រាយទំនាស់។ ក្នុងខែកុម្ភៈ ឆ្នាំ២០១១ ខណៈភាគីទាំងពីរព្យាយាមចរចាដើម្បីបញ្ចប់ជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ការផ្ទុះអាវុធបានកើតឡើងជាថ្មីទៀតដែលបណ្ដាលឲ្យភាគីពីរមានស្លាប់ និងរងរបួសទាំងសង្ខាង។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានចេញបទបញ្ជាមួយដោយកំណត់ឲ្យភាគគីទាំងពីរដែលមានជម្លោះក្នុងការគ្រប់គ្រង់តំបន់ប្រាសាទព្រះវិហារ ត្រូវដកទ័ពចេញពីដីទំហំជាង ១៧គីឡូម៉ែត្រការ៉េ ដើម្បីសង្គ្រោះប្រាសាទព្រះវិហារ។ ការសម្រេចនេះធ្វើឡើងបន្ទាបពីមានពាក្យបណ្ដឹងរបស់កម្ពុជា ស្នើឲ្យតុលាការកំពូលនេះបកស្រាយឡើងវិញនៅសាលដីកាឆ្នាំ១៩៦២ ដែលកាត់ក្ដីឲ្យកម្ពុជា ទទួលជោគជ័យលើប្រាសាទព្រះវិហារ ដែលជារបស់ខ្លួនខណៈប្រទេសថៃ ព្យាយាមកាន់កាប់ដែរនោះ។
នៅក្នុងគោលការណ៍ប្រកាសជំហរកែសម្រួលកងទ័ពចំនួន ៤៨៥នាក់ ជាឯកតោភាគីជំនួសវិញ ដោយមន្ត្រីនគរបាលប្រមាណ ២៥៥នាក់ និងកម្លាំងអភិរក្សប្រាសាទប្រមាណ ២០០នាក់ ដែលកំណត់ដោយ ICJ របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៣ កក្កដា។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុកថា ជាការចាញ់ប្រៀបនយោបាយរបស់ប្រទេសថៃ ព្រោះសាលដីកាបង្គាប់របស់ ICJ គឺកំណត់ឲ្យភាគីទាំងពីរសម្រួលកងទ័ពរៀងៗខ្លួនចេញពីតំបន់មានជម្លោះ ដើម្បីដាក់ក្រុមអ្នកសង្កេតការណ៍របស់ឥណ្ឌូនេស៊ី។ ត្រង់ចំណុចនេះហើយដែលក្រុមអ្នកវិភាគគិតថា កម្ពុជាបរាជ័យលើគោលនយោបាយការបរទេសរបស់ខ្លួន ខណៈប្រទេសកម្ពុជា មានប្រៀបទាំងផ្លូវច្បាប់ភូមិសាស្ត្រនយោបាយ និងជាម្ចាស់ផ្ទះផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។