បញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ សមត្ថកិច្ច និងគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ បានមមាញឹកក្នុងការរៀបចំសួនច្បារ សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ ពិសេសនៅតាមដងវិថីដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់។
បញ្ហាសុវត្ថិភាពគឺជាប្រធានបទដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងឋានៈជាប្រធានអាស៊ានចំពោះគណៈប្រតិភូដែលមកចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានមេដឹកនាំប្រទេសមហាអំណាចធំៗចូលរួមដែរនោះ។
សាលារាជធានីភ្នំពេញ អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ បានរៀបចំរួចជាស្រេច ដើម្បីត្រៀមខ្លួនទទួលគណៈប្រតិភូ មន្ត្រីអ្នកមុខអ្នកការ និងភ្ញៀវមកពីប្រទេសជាសមាជិកសមាគមអាស៊ាន និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ មានប្រសាសន៍នៅថ្ងៃទី១៤ វិច្ឆិកា ថា កងកម្លាំងការពារចម្រុះនឹងចូលរួមធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការបង្ក្រាបបទល្មើសឧក្រិដ្ឋផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងពេលកិច្ចប្រជុំនេះ។
លោក ជួន សុវណ្ណ៖ «យើងបានពង្រឹងគ្រប់វិធានការទាំងអស់ដើម្បីការពារកិច្ចប្រជុំអាស៊ាននេះឲ្យទទួលបានជោគជ័យ ក្នុងនោះគឺយើងបានប្រើប្រាស់វិធានការច្រើន។ បើយើងនិយាយអំពីកម្លាំងវិញ គឺយើងប្រើប្រាស់កម្លាំងសរុប ដើម្បីធ្វើការងារការពារនេះ។ ប្រតិភូនៅបណ្ដាប្រទេសមួយៗ ដែលគេអញ្ជើញមកគេតែងតែមានសន្តិសុខផ្ទាល់ខ្លួនគេមកជាប់ជាមួយ។ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញថា ជារឿងមួយដែលធ្វើឲ្យយើងមានការប្រាកដប្រជាក្នុងការងារការពារនេះ គឺអ្វីដែលជាច្បាប់សម្រាប់ប្រទេសយើង គឺត្រូវបានគេគោរពទាំងកម្លាំងការពារ ទាំងអាវុធដែលត្រូវយកចូលមកការពារ គឺសុទ្ធតែបានបញ្ជាក់ជូនក្រសួងការបរទេស មានកំណត់ទូតត្រឹមត្រូវមកសមត្ថកិច្ចសម្រាប់ការងារអនុវត្ត»។
ប៉ុន្តែអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ បានប្រាប់អ្នកកាសែតថា អាជ្ញាធរប្រើកងកម្លាំងចម្រុះសរុបជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ ក្នុងនោះមានកងរាជអាវុធហត្ថ នគរបាលជាតិ និងកងកម្លាំងប្រឆាំងភេរវកម្ម។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ នឹងមានមេដឹកនាំនៃប្រទេសមហាអំណាចមួយចំនួនចូលរួមដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) ព្រមទាំងមេដឹកនាំនៃប្រទេសឥណ្ឌា (India) ជប៉ុន (Japan) អូស្រ្តាលី (Australia) ប្រទេសកូរ៉េខាងត្បូង (South Korea) និងប្រទេសរ៉ុស្ស៊ី (Russia) ជាដើម។
យ៉ាងណាក៏ដោយទាក់ទងនិងបញ្ហាសន្តិសុខ សុវត្ថិភាពនេះ មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបដិសេធអត្ថាធិប្បាយព្រោះជារឿងកិច្ចការសន្តិសុខ។
ទន្ទឹមនឹងការគិតគូរពីបញ្ហាសន្តិសុខ សុវត្ថិភាពនេះ និយាយអំពីសោភ័ណក្រុងវិញ ក៏មិនអន់ប៉ុន្មានដែរ។ ទីក្រុងភ្នំពេញមានសភាពខុសប្លែកពីធម្មតា ក្រុមកម្មកររបស់សាលាក្រុងបានមមាញឹកណាស់ ក្នុងការថែទាំបរិស្ថាននៅក្នុងទីក្រុង ដូចជា ការបំពាក់ភ្លើងអគ្គិសនីបន្ថែមនៅតាមសួនច្បារ ថែសួន កាត់ដើមឈើដែលដុះនៅស៊ុបទ្រុបនៅតាមដងផ្លូវជាដើម។
បុគ្គលិកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្រុងភ្នំពេញ លោក មិន សាវុធ បានថ្លែងថា គាត់និងក្រុមការងារបានយកទង់ជាតិរបស់ប្រទេសជាសមាជិកសមាគមអាស៊ានចងនៅតាមមហាវិថីសំខាន់ៗ ដើម្បីជាការអបអរសាទរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ។ គាត់បន្តថា ការងារនេះលៃយ៉ាងណាធ្វើឲ្យបានរួចរាល់នៅថ្ងៃទី១៤ វិច្ឆិកា មុនមួយថ្ងៃនៃកិច្ចប្រជុំមកដល់៖ «គណៈកម្មាធិការបុណ្យជាតិចងទង់ជាតិអាស៊ាន។ តាមផ្លូវធំៗ តាមស្ថានទូត គិតទៅចងតាំងពីតារាងកប៉ាល់ហោះពោធិចិនតុងមករហូត ទៅដល់ចំការមនស្ថានទូតកូរ៉េ។ ចងម្សិលមិញ នៅមួយថ្ងៃហ្នឹងពេញទៀត បានហើយ»។
រីឯបញ្ហាបរិស្ថាននិងអនាម័យក្រុងវិញ នាយករងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី លោក សេង ចំរើន បានថ្លែងថា កម្មកររបស់ក្រុមហ៊ុនប្រមាណ ១ពាន់នាក់ បានត្រៀមធ្វើការបន្ថែមម៉ោងលើសពីថ្ងៃធម្មតា ក្នុងការប្រមូលសំរាម និងកាកសំណល់នានា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះ៖ «ថ្ងៃអាស៊ាននេះដែលមានគណៈប្រតិភូពីគ្រប់ប្រទេសលើពិភពលោកយើងមកចំផ្លូវហ្នឹង ហើយខាងខ្ញុំបានចូលរួមប្រជុំជាមួយសាលារាជធានីភ្នំពេញ ដាក់ផែនការអស់ហ្នឹងជជែកគ្នា យើងធ្វើបន្ថែមដូចខ្ញុំកំពុងនិយាយហ្នឹង យើងព្យាយាមធ្វើម៉េចឲ្យបានស្អាត»។
ទាក់ទងទៅនឹងកិច្ចប្រជុំកំពូលនេះ សាកលវិទ្យាល័យ និងសាលារៀនមួយចំនួន ក៏នឹងតម្រូវឲ្យមានការផ្អាកការសិក្សាបណ្ដោះអាសន្នដែរ។ និស្សិតនិងសិស្សដែលសិក្សានៅសាកលវិទ្យាល័យ និងសាលារៀននៅតាមមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីសម្រួលដល់រដ្ឋមន្ត្រី និងមន្ត្រីអ្នកមុខអ្នកការដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ជៀសវាងការរំខានដោយការកកស្ទះចរាចរណ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បានអំពាវនាវដល់ប្រជាពលរដ្ឋយោគយល់ ចំពោះការកកស្ទះចរាចរណ៍តាមដងផ្លូវនានា នៅភ្នំពេញ និងចូលរួមសហការជាមួយអាជ្ញាធរ និងរដ្ឋាភិបាល ដើម្បីរក្សាភាពថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
លោក ហ៊ុន សែន៖ «គឺសុំអំពាវនាវចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងឋានៈយើងជាម្ចាស់ផ្ទះប្រធានអាស៊ាន មិនមែនមានតែ ហ៊ុន សែន មួយទេ យើងទាំងអស់គ្នាជាជនជាតិកម្ពុជា ជាប្រធានអាស៊ាន។ ហើយក្នុងហ្នឹងទីក្រុងភ្នំពេញ គឺជាទីកន្លែងដែលយើងទាំងអស់នេះ ទទួលស្វាគមន៍ភ្ញៀវក្នុងឋានៈយើងជាម្ចាស់ផ្ទះ។ រដ្ឋមន្ត្រីក្រសួងអប់រំ បានស្នើសុំបិទសាលាមួយចំនួន ដែលឋិតនៅតាមដងផ្លូវនៃការធ្វើដំណើររបស់គណៈប្រតិភូដើម្បីចេញចូលការប្រជុំ ខ្ញុំក៏បានចារយល់ព្រមហើយដែរ។គឺបិទចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២១»។
យ៉ាងណាក៏ដោយនៅក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលចេញជាបន្តបន្ទាប់ បានប្រកាសឲ្យពលរដ្ឋរស់នៅតាមដងវិថីសំខាន់ៗ ដែលមានគណៈប្រតិភូឆ្លងកាត់ និងស្នាក់នៅ ធ្វើយ៉ាងណារួមចំណែកអនាម័យបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ សេចក្ដីណែនាំមួយទៀត បានស្នើឲ្យពលរដ្ឋប្រកបអាជីវកម្ម លក់ដើមផ្កា លើកដើមឈើ និងលក់រថយន្តតាមមហាវិថីសហព័ន្ធរុស្សី និងមហាវិថីព្រះនរោត្តម ក៏ត្រូវផ្អាកអាជីវកម្មក្នុងអំឡុងពេលប្រជុំនេះដែរ។
យ៉ាងណាមិញនៅគ្រាដែលកិច្ចប្រជុំអាស៊ានដំណើរការនេះ អ្នកនាំពាក្យរដ្ឋាភិបាលបានប្រកាសដាច់អហង្ការថា ដើម្បីរក្សាសន្តិសុខ និងការពារសុវត្ថិភាពរបស់មេដឹកនាំនៃប្រទេសមហាអំណាចមួយចំនួន ដែលមកកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ រដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត គឺមិនឲ្យមានការដង្ហែក្បួនបាតុកម្មណាមួយ នៅតាមដងផ្លូវនៅទីក្រុងភ្នំពេញឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។