ការព្រួយបារម្ភនេះ បានទាមទារឱ្យបណ្ដារដ្ឋទាំងអស់នៅក្នុងពិភពលោក ជួយការពារជាបន្ទាន់ទៅលើបរិស្ថាន និងការកាត់បន្ថយសារធាតុទាំងឡាយ ដែលអាចបំផ្លាញស្រទាប់អូហ្សូន។
តើប្រទេសកម្ពុជា បានបង្ហាញជំហរបែបណា ក្នុងការជួយការពារបរិយាកាស សម្រាប់មនុស្សជំនាន់ក្រោយនៅលើផែនដីនេះ?
ប្រទេសកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេស១៩០ផ្សេងទៀត ដែលបានចូលរួមក្នុងពិធីសារម៉ុងរ៉េអាល់ ស្ដីពីការទប់ស្កាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន បានធ្វើការប្ដេជ្ញាចិត្តថា នឹងចូលរួមយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសជាច្រើនទៀត ដើម្បីធ្វើការងារក្នុងបុព្វហេតុបរិស្ថាននៅលើភពផែនដី ឱ្យមាននិរន្តរភាពប្រសើរ។
កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកបរិស្ថានរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានជួបជុំគ្នាដើម្បីធ្វើពិធីរំលឹកខួបលើកទី២៥ នៃការបង្កើតពិធីសារម៉ុងរ៉េអាល់ ដើម្បីទប់ស្កាត់សារធាតុដែលបំផ្លាញស្រទាប់អូហ្សូន របស់ផែនដីនេះ។
លោក ម៉ុក ម៉ារ៉េត ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសកម្ពុជា លោកបានថ្លែងថា ការរួមចំណែកក្នុងការជួយថែរក្សាភពផែនដីឱ្យឆ្ពោះទៅកាន់និរន្តរភាព នៃធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ គឺជាគោលដៅអភិវឌ្ឍរបស់កម្ពុជា ដែលត្រូវប្ដេជ្ញាចិត្ត ជំរុញសកម្មភាពអភិវឌ្ឍន៍ដោយចិរភាព ជាពិសេសសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់កម្ពុជា។
លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តផែនការលុបបំបាត់សារធាតុហៃដ្រូក្ល័រ៉ូ ភ្លូអរ៉ូកាបូន (Hydrochlorofluoro carbon) នៅក្នុងប្រទេសកម្ពុជា ទៅតាមពិធីសារម៉ុងរ៉េអាល់ ឱ្យមានប្រសិទ្ធភាពជាច្រើនឆ្នាំមកហើយ ដើម្បីកាត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន៖ «ដើមឆ្នាំ២០០៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹត្យ ស្តីអំពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីធ្វើការគ្រប់គ្រងការនាំចូល នាំចេញ និងប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងកំណត់កាលបរិច្ឆេទបញ្ឈប់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន នៅក្នុងប្រទេសកម្ពុជាយើងឱ្យបានច្បាស់ និងស្របទៅតាមកម្មវិធីលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ទៅតាមពិធីសារម៉ុងរ៉េអាល់»។
ក្រុមអ្នកជំនាញផ្នែកបរិស្ថាន បានឱ្យដឹងថា សារធាតុម្យ៉ាងដែលគេហៅថា ហៃដ្រូក្ល័រ៉ូ ភ្លូអូរ៉ូ កាបូន គឺជាសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន ដែលធ្វើឱ្យមានការកើនឡើងនៃកម្ដៅនៅលើផែនដី។ បច្ចុប្បន្ន ពិភពលោកកំពុងមានការព្រួយបារម្ភអំពីសារធាតុនេះ ដោយគេចាត់ទុកថា ការរួមគ្នាលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូននេះ មិនត្រឹមតែជួយការពារស្រទាប់អូហ្សូន ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាការរួមចំណែកយ៉ាងធំធេង ក្នុងការជួយកាត់បន្ថយកម្ដៅនៅលើផែនដីផងដែរ។
លោក យឹម ឆៃលី ជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ជាច្រើនឆ្នាំមកនេះ ដើម្បីឆ្លើយតបទៅនឹងការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងជួយទប់ស្កាត់ការកើនកម្ដៅផែនដី គឺរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងធំធេង ដូចជាធ្វើការដាំដើមឈើឡើងវិញ ដើម្បីឱ្យមានគម្របព្រៃបៃតង នៅទូទាំងប្រទេស និងថែរក្សាព្រៃឈើ សម្រាប់ស្រូបទាញយកការវិនិយោគនូវឥណទានកាបូន (Carbon Credit) ជាដើម ពីព្រោះតែព្រៃឈើ គឺជាទីផ្សារកាបូនដ៏មានតម្លៃនៅក្នុងពិភពលោក៖ «ហើយជាក់ស្តែងនោះ កម្ពុជាយើងសម្រេចបានជោគជ័យក្នុងការលុបបំបាត់នៃការប្រើប្រាស់សារធាតុ ហៃដ្រូក្ល័រ៉ូ ភ្លូអូរ៉ូ កាបូន នៅឆ្នាំ២០១០ ហើយបច្ចុប្បន្ននេះ យើងកំពុងតែត្រៀមរួចជាស្រេច ដើម្បីមានវិធានការលុបបំបាត់សារធាតុ ហៃដ្រូក្ល័រ៉ូ ភ្លូអូរ៉ូ កាបូន ឱ្យអស់នៅក្នុងឆ្នាំ២០៤០»។
រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាច្រើននៅក្នុងពិភពលោក ដើម្បីថែរក្សា និងការពារបរិស្ថាន គឺជាការរួមចំណែកនៃកិច្ចសហប្រតិបត្តិការ និងសម្របសម្រួល ដើម្បីឆ្លើយតបក្នុងការជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព ហើយកម្ពុជាបានអំពាវនាវឱ្យស្ថាប័នជំនាញខាងបរិស្ថានរបស់សហប្រជាជាតិ និងអន្តរជាតិ បន្តជួយទាំងថវិកា និងផ្នែកបច្ចេកទេស ដើម្បីឱ្យកម្ពុជាបានបន្តអនុវត្តពិធីសារម៉ុងរ៉េអាល់ នៅកម្ពុជាតទៅទៀត។
លោក យុង វូ ប៉ាក (Young Woo Park) ជានាយកកម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា សូមឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ នៅក្នុងពិភពលោកបានធ្វើការរួមគ្នា ដើម្បីការពារស្រទាប់អូហ្សូន សម្រាប់ផែនដីរបស់យើង។ ស្រទាប់អូហ្សូន គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការពារផែនដី មិនឱ្យមានការកើនឡើងនៃកម្ដៅខ្លាំង។
អ្នកស្រី ម៉ារៀ ណូឡាន (Maria Nolan) ជាប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនិធិពហុភាគីសម្រាប់កិច្ចការពារបរិស្ថាន បានមានប្រសាសន៍ថា កន្លងទៅអ្នកស្រីបានមើលឃើញប្រទេសកម្ពុជា បានធ្វើការងារជាច្រើន សម្រាប់ការអភិវឌ្ឍ ដែលគិតគូរទៅដល់បញ្ហាបរិស្ថាន៖ «ប្រទេសកម្ពុជា កំពុងបន្តការលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់មួយ នៅក្នុងតំបន់អាស៊ី និងប្រទេសនៃសមាគមអាស៊ាន។ រាល់ការលូតលាស់ផ្នែកសេដ្ឋកិច្ចទាំងនោះ ខ្ញុំក៏បានមើលឃើញថា គឺវាក៏បានការធានា និងការពារដល់បរិស្ថាន និងស្រទាប់អូហ្សូន ផងដែរ។ ដូច្នេះ ខ្ញុំចង់ឱ្យកម្ពុជាត្រូវអនុវត្តបន្ថែមទៀតនូវអ្វីៗ ដែលកម្ពុជាមិនទាន់បានធ្វើនៅឡើយ ឱ្យបានប្រសើរដូចគ្នា និងដូចដែលកម្ពុជាបានធ្វើរួចហើយនោះដែរ»។
ក្រុមអ្នកជំនាញខាងបរិស្ថាន បង្ហាញឱ្យឃើញថា នាពេលបច្ចុប្បន្ន ពិភពលោកកំពុងតែប្រឈមមុខនឹងគ្រោះធម្មជាតិធំៗជាច្រើន ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះជាដើម។ គ្រោះធម្មជាតិទាំងនោះបណ្ដាលមកពីមនុស្សបង្កើតសារធាតុគីមីយកទៅប្រើប្រាស់ ហើយសារធាតុមួយចំនួនបានបំផ្លាញសារធាតុសំខាន់ ដែលការពារផែនដី ធ្វើឱ្យផែនដីទាំងមូលបាត់បង់តុល្យភាពនៃការជួយជីវិត និងសុខភាពមនុស្សសត្វ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។