ជំហរ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​ស្រទាប់​អូហ្សូន

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភពលោក កំពុង​សំដែង​ការ​ព្រួយ​បារម្ភ ដោយ​ថា​ស្រទាប់​អូហ្សូន (Ozone) ដែល​ការពារ​បរិយាកាស​ផែនដី កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង និង​ឈាន​ទៅ​រក​ការ​អន្តរាយ​ធ្ងន់ធ្ងរ ដោយ​សារ​តែ​សកម្មភាព​របស់​មនុស្ស​បង្ក​ឡើង។

0:00 / 0:00

ការ​ព្រួយ​បារម្ភ​នេះ បាន​ទាម​ទារ​ឱ្យ​បណ្ដា​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក ជួយ​ការពារ​ជា​បន្ទាន់​ទៅ​លើ​បរិស្ថាន និង​ការ​កាត់​បន្ថយ​សារធាតុ​ទាំង​ឡាយ ដែល​អាច​បំផ្លាញ​ស្រទាប់​អូហ្សូន។

តើ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ជំហរ​បែប​ណា ក្នុង​ការ​ជួយ​ការពារ​បរិយាកាស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅ​លើ​ផែនដី​នេះ?

ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១៩០​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ក្នុង​ពិធីសារ​ម៉ុងរ៉េអាល់ ស្ដីពី​ការ​ទប់ស្កាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ចូល​រួម​យ៉ាង​សកម្ម ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ការងារ​ក្នុង​បុព្វហេតុ​បរិស្ថាន​នៅ​លើ​ភព​ផែនដី ឱ្យ​មាន​និរន្តរភាព​ប្រសើរ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នក​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​២៥ នៃ​ការ​បង្កើត​ពិធីសារ​ម៉ុងរ៉េអាល់ ដើម្បី​ទប់ស្កាត់​សារធាតុ​ដែល​បំផ្លាញ​ស្រទាប់​អូហ្សូន របស់​ផែនដី​នេះ។

លោក ម៉ុក ម៉ារ៉េត ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា លោក​បាន​ថ្លែង​ថា ការ​រួម​ចំណែក​ក្នុង​ការ​ជួយ​ថែ​រក្សា​ភព​ផែនដី​ឱ្យ​ឆ្ពោះ​ទៅ​កាន់​និរន្តរភាព នៃ​ធនធាន​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ គឺ​ជា​គោលដៅ​អភិវឌ្ឍ​របស់​កម្ពុជា ដែល​ត្រូវ​ប្ដេជ្ញា​ចិត្ត ជំរុញ​សកម្មភាព​អភិវឌ្ឍន៍​ដោយ​ចិរភាព ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​កម្ពុជា។

លោក ម៉ុក ម៉ារ៉េត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ផែនការ​លុប​បំបាត់​សារធាតុ​ហៃដ្រូក្ល័រ៉ូ ភ្លូអរ៉ូកាបូន (Hydrochlorofluoro carbon) នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​តាម​ពិធីសារ​ម៉ុងរ៉េអាល់ ឱ្យ​មាន​ប្រសិទ្ធភាព​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​កាត់​បន្ថយ​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន៖ «ដើម​ឆ្នាំ​២០០៥ កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​អនុក្រឹត្យ ស្តីអំពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​ការ​នាំ​ចូល នាំ​ចេញ និង​ប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និង​កំណត់​កាល​បរិច្ឆេទ​បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឱ្យ​បាន​ច្បាស់ និង​ស្រប​ទៅ​តាម​កម្មវិធី​លុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ទៅ​តាម​ពិធីសារ​ម៉ុងរ៉េអាល់»

ក្រុម​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន បាន​ឱ្យ​ដឹង​ថា សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា ហៃដ្រូក្ល័រ៉ូ ភ្លូអូរ៉ូ កាបូន គឺ​ជា​សារធាតុ​ដែល​បំផ្លាញ​ស្រទាប់​អូហ្សូន ដែល​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​កម្ដៅ​នៅ​លើ​ផែន​ដី។ បច្ចុប្បន្ន ពិភពលោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សារធាតុ​នេះ ដោយ​គេ​ចាត់​ទុក​ថា ការ​រួម​គ្នា​លុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​នេះ មិន​ត្រឹម​តែ​ជួយ​ការពារ​ស្រទាប់​អូហ្សូន ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ជា​ការ​រួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការ​ជួយ​កាត់​បន្ថយ​កម្ដៅ​នៅ​លើ​ផែនដី​ផង​ដែរ។

លោក យឹម ឆៃលី ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៃ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និង​ជួយ​ទប់ស្កាត់​ការ​កើន​កម្ដៅ​ផែនដី គឺ​រដ្ឋាភិបាល​កម្ពុជា បាន​រួម​ចំណែក​យ៉ាង​ធំធេង ដូច​ជា​ធ្វើ​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ ដើម្បី​ឱ្យ​មាន​គម្រប​ព្រៃ​បៃតង នៅ​ទូទាំង​ប្រទេស និង​ថែ​រក្សា​ព្រៃឈើ សម្រាប់​ស្រូប​ទាញ​យក​ការ​វិនិយោគ​នូវ​ឥណទាន​កាបូន (Carbon Credit) ជាដើម ពីព្រោះ​តែ​ព្រៃឈើ គឺ​ជា​ទីផ្សារ​កាបូន​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ពិភពលោក៖ «ហើយ​ជាក់ស្តែង​នោះ កម្ពុជា​យើង​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​លុប​បំបាត់​នៃ​ការ​ប្រើប្រាស់​សារធាតុ ហៃដ្រូក្ល័រ៉ូ ភ្លូអូរ៉ូ កាបូន នៅ​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​នេះ យើង​កំពុង​តែ​ត្រៀម​រួច​ជា​ស្រេច ដើម្បី​មាន​វិធានការ​លុប​បំបាត់​សារធាតុ ហៃដ្រូក្ល័រ៉ូ ភ្លូអូរ៉ូ កាបូន ឱ្យ​អស់​នៅ​ក្នុង​ឆ្នាំ​២០៤០»

រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ថា ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភពលោក ដើម្បី​ថែ​រក្សា និង​ការពារ​បរិស្ថាន គឺ​ជា​ការ​រួម​ចំណែក​នៃ​កិច្ច​សហប្រតិបត្តិការ និង​សម្រប​សម្រួល ដើម្បី​ឆ្លើយ​តប​ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ជំនាញ​ខាង​បរិស្ថាន​របស់​សហប្រជាជាតិ និង​អន្តរជាតិ បន្ត​ជួយ​ទាំង​ថវិកា និង​ផ្នែក​បច្ចេកទេស ដើម្បី​ឱ្យ​កម្ពុជា​បាន​បន្ត​អនុវត្ត​ពិធីសារ​ម៉ុងរ៉េអាល់ នៅ​កម្ពុជា​តទៅ​ទៀត។

លោក យុង វូ ប៉ាក (Young Woo Park) ជា​នាយក​កម្មវិធី​បរិស្ថាន អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា សូម​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​អស់ នៅ​ក្នុង​ពិភពលោក​បាន​ធ្វើ​ការ​រួម​គ្នា ដើម្បី​ការពារ​ស្រទាប់​អូហ្សូន សម្រាប់​ផែនដី​របស់​យើង។ ស្រទាប់​អូហ្សូន គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ការពារ​ផែនដី មិន​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​កម្ដៅ​ខ្លាំង។

អ្នកស្រី ម៉ារៀ ណូឡាន (Maria Nolan) ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​អង្គការ​មូលនិធិ​ពហុភាគី​សម្រាប់​កិច្ច​ការពារ​បរិស្ថាន បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ​អ្នកស្រី​បាន​មើល​ឃើញ​ប្រទេស​កម្ពុជា បាន​ធ្វើ​ការងារ​ជាច្រើន សម្រាប់​ការ​អភិវឌ្ឍ ដែល​គិតគូរ​ទៅ​ដល់​បញ្ហា​បរិស្ថាន៖ «ប្រទេស​កម្ពុជា កំពុង​បន្ត​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​ជា​អ្នក​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ នៅ​ក្នុង​តំបន់​អាស៊ី និង​ប្រទេស​នៃ​សមាគម​អាស៊ាន។ រាល់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ទាំង​នោះ ខ្ញុំ​ក៏​បាន​មើល​ឃើញ​ថា គឺ​វា​ក៏​បាន​ការ​ធានា និង​ការពារ​ដល់​បរិស្ថាន និង​ស្រទាប់​អូហ្សូន ផង​ដែរ។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​កម្ពុជា​ត្រូវ​អនុវត្ត​បន្ថែម​ទៀត​នូវ​អ្វីៗ ដែល​កម្ពុជា​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ ឱ្យ​បាន​ប្រសើរ​ដូច​គ្នា និង​ដូច​ដែល​កម្ពុជា​បាន​ធ្វើ​រួច​ហើយ​នោះ​ដែរ»

ក្រុម​អ្នក​ជំនាញ​ខាង​បរិស្ថាន បង្ហាញ​ឱ្យ​ឃើញ​ថា នា​ពេល​បច្ចុប្បន្ន ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ធម្មជាតិ​ធំៗ​ជាច្រើន ដូច​ជា​គ្រោះ​រាំងស្ងួត ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​ជាដើម។ គ្រោះ​ធម្មជាតិ​ទាំង​នោះ​បណ្ដាល​មក​ពី​មនុស្ស​បង្កើត​សារធាតុ​គីមី​យក​ទៅ​ប្រើប្រាស់ ហើយ​សារធាតុ​មួយ​ចំនួន​បាន​បំផ្លាញ​សារធាតុ​សំខាន់ ដែល​ការពារ​ផែនដី ធ្វើ​ឱ្យ​ផែនដី​ទាំង​មូល​បាត់​បង់​តុល្យភាព​នៃ​ការ​ជួយ​ជីវិត និង​សុខភាព​មនុស្ស​សត្វ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។