ប៉ុន្តែ ប្រធានសហគមន៍ការពារទំនប់ទឹកប្រៃ បដិសេធថា លោកមិនបានដំឡើងថ្លៃនោះទេ ដោយលោកគ្រាន់តែសុំឲ្យប្រជាសហគមន៍ទាំងអស់ សហការចូលរួមចំណែកការពារទំនប់នេះឲ្យបានយូរអង្វែង។
ប្រជាសហគមន៍ឈ្មោះ រិន ផន ដែលរស់នៅភូមិប្រឡាយទទឹង ឃុំព្រៃនប់ ស្រុកព្រៃនប់ ឲ្យដឹងនៅថ្ងៃទី១៤ តុលា ថា ការដំឡើងថ្លៃបង់សម្រាប់ការពារទំនប់ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកស្រី។
អ្នកស្រីថ្លែងបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ សហគមន៍តែងដំឡើងថ្លៃជាបន្តបន្ទាប់ ហើយការដំឡើងថ្លៃការពារនេះ មិនត្រូវគេបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ៖ «ហើយ គ្មានសប្បាយចិត្តទេ ព្រោះបើយើងប្រជាជនមិនដឹងធ្វើម៉េច ឥឡូវមួម៉ៅដែរ ក៏ប៉ុន្តែ ដល់ពេលគេវល់អ៊ីចឹង មិនដឹងយ៉ាងម៉េចដែរ»។
សមាជិកសហគមន៍ម្នាក់ទៀតឈ្មោះ ជិន សាវ រស់នៅក្រុមទី១៥ មណ្ឌល១ សង្កាត់លេខ២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ដែលមានក្បាលដីនៅតំបន់នៃទំនប់ការពារទឹកប្រៃដែរនោះ លើកឡើងថា កាលពីមុន គេតម្រូវឲ្យសមាជិកបង់ ១៥.០០០រៀល ក្នុង១ហិកតា ប៉ុន្តែក្រោយមក ប្រធានសហគមន៍ដំឡើងថ្លៃបង់ការពារជាហូរហែ ហើយបច្ចុប្បន្ន ថ្លៃបង់ការពារនេះ ត្រូវគេដំឡើង ៥០.០០០រៀលក្នុង១ហិកតារ។
ប្រហាក់ប្រហែលគ្នានេះ ប្រជាសហគមន៍សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិបែកត្រង់ ឃុំវាលរិញ ស្រុកព្រៃនប់ មានប្រសាសន៍ថា ក្នុងការបង់ថ្លៃការពារទំនប់នេះ គេសង្កេតមើលភាពជាក់ស្ដែងនៃទិន្នផលស្រូវរបស់អ្នកភូមិ ប្រសិនអ្នកភូមិណាបង្កបង្កើនផលទទួលទិន្នផលច្រើន គេកំណត់យក ៥០.០០០រៀល ប៉ុន្តែបើគេឃើញថា អ្នកធ្វើស្រែណាដែលរងការខូចខាត ត្រូវបញ្ចុះតម្លៃ ដោយគាត់អាចបង់តិចជាង ៥០.០០០រៀល។ បន្ថែមលើនេះ អ្នកស្រីបញ្ជាក់ថា បើអ្នកភូមិយឺតយ៉ាវក្នុងការបង់ប្រាក់ទៅឲ្យសហគមន៍នោះ គេនឹងពិន័យជាប្រាក់ចំពោះអ្នកបង់យឺតនោះ៖ «ជីវភាពយើងក្រីក្រ ប៉ុន្តែគេដាក់ឲ្យយើងបង់អ៊ីចឹង។ យើងត្រូវតែបង់រាល់ឆ្នាំ ទោះបីខ្វះខាតយ៉ាងណា ក៏ខំបង់ឲ្យគេដែរ ខ្លាច ពីព្រោះតែហួសខែទៅ គេពិន័យយើងទៀត»។
ឆ្លើយតបការលើកឡើងរបស់សមាជិកសហគមន៍នេះ ប្រធានសហគមន៍ លោក យឹម ប៊យ ប្រតិកម្មតបថា ការដំឡើងថ្លៃបង់ប្រាក់សម្រាប់ទុកការពារ និងជួសជុលទំនប់នេះ មិនមែនប្រធានសហគមន៍ ឬបុគ្គលណាមួយនៅក្នុងសហគមន៍ ដំឡើងស្រេចតែចិត្តនោះទេ។ លោកអះអាងបន្តថា មុននឹងសហគមន៍សម្រេចចិត្តដំឡើងថ្លៃនោះ គឺចាំបាច់ត្រូវប្រជុំគណៈកម្មការរបស់សហគមន៍ និងឆ្លងមតិយោបល់ពីសំណាក់តំណាងសហគមន៍ នៅថ្នាក់មូលដ្ឋានបន្ថែមទៀត។ បន្ថែមលើនេះ លោកបញ្ជាក់ថា សមាជិកសហគមន៍ទាំង ៤៣ភូមិ នៃឃុំទាំង១១ សុទ្ធតែបានដឹងពីគោលនយោបាយរបស់សហគមន៍ ដែលបានដាក់ចេញ ចាប់តាំងពីការផ្ដើមជួសជុលទំនប់នាឆ្នាំ១៩៩៨ មក ដោយសហគមន៍តម្រូវឲ្យសមាជិកបង់ប្រាក់ជារៀលរាល់ឆ្នាំ ហើយការបង់ប្រាក់នេះ ត្រូវដំឡើងថ្លៃក្នុងមួយឆ្នាំម្ដង។
លោក យឹម ប៊យ៖ «មួយឆ្នាំៗ ត្រូវលើកគម្រោងសកម្មភាពដែលយើងត្រូវធ្វើអ្វីខ្លះ។ ពេលយើងដឹងថា យើងធ្វើអីខ្លះអ៊ីចឹងហើយ យើងចំណាយលុយអស់ប៉ុន្មាន ហើយយើងយកចែកលើផ្ទៃដីត្រូវ ១ហិកតាបង់ប៉ុន្មាន។ អាហ្នឹង យើងប្រាប់គាត់រៀងរាល់ឆ្នាំទៅប្រជុំតាមភូមិ ចុះប្រមូលគាត់ម្ចាស់ដីទាំងអស់ហ្នឹង ចូលមកប្រជុំក្នុងភូមិមួយៗ ចុះទៅផ្សព្វផ្សាយប្រាប់គាត់ អានេះជាផែនការដែលយើងត្រូវធ្វើក្នុងឆ្នាំបន្តទៅមុខអ៊ីចឹង ហើយត្រូវយកតម្លៃប៉ុន្មាន ដល់រួចចប់ពីការប្រមូលដាច់មួយឆ្នាំហើយ ចុងឆ្នាំមួយៗ ខែពីរ និងខែបី ហ្នឹង យើងចុះផ្សព្វផ្សាយវិញទៀត ហើយប្រាប់ថា លទ្ធផលប្រមូលពីកសិករបានប៉ុន្មានភាគរយ នៅសល់ប៉ុន្មាន ហើយបានលុយប៉ុន្មាន យកទៅចាត់ចែងលើគម្រោងដែលយើងលើកដាក់ហ្នឹងអស់ប៉ុន្មាន»។
ទំនប់ការពារទឹកប្រៃនៃស្រុកព្រៃនប់ មានប្រវែង ៩០គីឡូម៉ែត្រ ត្រូវបារាំង ស្ថាបនាឡើងខណៈប្រទេសនេះគ្រប់គ្រងប្រទេសកម្ពុជា ក្រោយមកនៅ១៩៩៨ ទំនប់នេះ ត្រូវអង្គការរបស់ប្រទេសបារាំង ឈ្មោះ អា.អេស.ឌេ (ASD) បានផ្ដល់ថវិកាឲ្យរដ្ឋាភិបាលកម្ពុជា ជួសជុលទំនប់នេះឡើងវិញ។ បន្ទាប់ពីទំនប់នេះ ត្រូវគេជួសជុលឡើងវិញហើយនោះ ពលរដ្ឋទទួលផលប្រយោជន៍ពីទំនប់នេះមានចំនួន ១១ឃុំ ដែលមាន ៨.០០០គ្រួសារ បានព្រមព្រៀងគ្នាបង្កើតសហគមន៍ ដើម្បីប្រមូលថវិកាចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល សម្រាប់ទុកជួសជុលទំនប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។