ប្រជាកសិកររស់នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានអះអាងថា មន្ត្រីមន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់ និងសុរិយោដីមូលដ្ឋាននេះ បានទាមទារប្រាក់ពីពួកគាត់ក្នុង ១គ្រួសារ ចាប់ពី ៥ម៉ឺនរៀល ទៅបង់ឲ្យពួកគេ ចំពោះសកម្មភាពចុះវាស់ក្បាលដីដើម្បីទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់។
តំណាងពលរដ្ឋឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច លោក ជិន សារិ បានចោទមន្ត្រីមន្ទីរសុរិយោដី ខេត្តព្រៃវែង ថាបានចុះវាស់ក្បាលដីប៉ុន្មានថ្ងៃមកនេះ បានយកលុយពីពួកគាត់ក្នុងដី ១ប្លង់ ១ម៉ឺនរៀល ទៅឲ្យពួកគេ។
លោកថា មានគ្រួសារខ្លះត្រូវចំណាយថវិកាជាង ៥ម៉ឺនរៀល ទៅឲ្យមន្ត្រីសុរិយោដី ព្រោះដីរបស់ពួកគេនៅដាច់ពីគ្នាច្រើនប្លង់។
តំណាងពលរដ្ឋរូបនេះបានស្នើទៅមន្ត្រីក្រសួងសុរិយោដី ឬប្រមុខដឹកនាំជួយទប់ស្កាត់ចំពោះអំពើពុករលួយកំពុងកើតក្នុងស្ថាប័នសុរិយោដីឲ្យបានទាន់ពេល ៖ «ក្នុង ១គ្រួសារ ប្រសិនបើមានប្លង់ច្រើនចាប់ពី ៥ប្លង់ទៅ អាចអស់ថវិកាចាប់ពី ៥ទៅ៧ម៉ឺនក៏មាន។ អ្នកមានលុយគេធ្វើឲ្យមុន មន្ត្រីនោះគេនិយាយថា បើចង់ប្រញាប់ ១ប្លង់ចាប់ពី ១ម៉ឺនទៅ២ម៉ឺន»។
ចំណែកពលរដ្ឋនៅខេត្តព្រៃវែងផ្សេងទៀតក៏ចង់ឃើញប្រមុខរដ្ឋាភិបាល ឬថ្នាក់ដឹកនាំក្រសួងសុរិយោដីនគរោបនីយកម្ម និងសំណង់ ជួយមានវិធានការទៅមន្ត្រីសុរិយោដី ឲ្យបញ្ឈប់សកម្មភាពយកលុយពីពលរដ្ឋពីការវាស់ក្បាលដី ដើម្បីធ្វើប្លង់កម្មសិទ្ធិឲ្យបានជាស្ថាពរ ព្រោះអំពើពុករលួយនេះកំពុងកើតមានអនាធិបតេយ្យនៅខេត្តព្រៃវែង ៖ «១ប្លង់ ១ម៉ឺន ២ប្លង់ ២ម៉ឺន។ ប្រជាជនក្រសឹងអី មានលុយពីណា ១ប្លង់ ២ទៅ៣ម៉ឺន ប្រជាជនមានលុយឯណា។ ខ្ញុំគេយក ១ប្លង់ ៥ពាន់។ ៥ប្លង់ខ្ញុំបង់អស់ ២ម៉ឺន ៥ពាន់រៀល ទៅឲ្យមន្ត្រីសុរិយោដី»។
ពលរដ្ឋស្ម័គ្រចិត្តផ្ដល់លុយ?
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីមន្ទីរសុរិយោដីខេត្តព្រៃវែងដើម្បីបំភ្លឺបានទេតាមទូរស័ព្ទនៅថ្ងៃច័ន្ទ ទី២៣ ខែមេសា។ ទោះយ៉ាងណា លោក ហ៊ុន សាន់ ប្រធានភូមិសំពោង ឃុំបន្ទាយចក្រី ខេត្តព្រៃវែង ទទួលស្គាល់ថា មន្ត្រីសុរិយោដី ពិតជាយកលុយក្នុងសកម្មភាពចុះវាស់ក្បាលដីជូនពលរដ្ឋពិតមែន។ ប៉ុន្តែលោកថា ថវិកាទាំងនោះពលរដ្ឋផ្ដល់ជូនតាមការស្ម័គ្រចិត្ត មិនមែនចាប់បង្ខំនោះទេ ៖ «គាត់សុំសោហ៊ុយសាំង ១លីត្រ ឬតាមពលរដ្ឋឲ្យ។ ធ្វើហើយគាត់សុំសោហ៊ុយសម្រាប់ហូបបាយ ព្រោះគាត់មកពីឆ្ងាយ»។
ទាក់ទងបញ្ហានេះ មន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថា តាមច្បាប់សកម្មភាពចុះវាស់ក្បាលដីដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ មិនតម្រូវឲ្យមន្ត្រីសុរិយោដីយកលុយពីពលរដ្ឋនោះទេ។
នាយកប្រតិបត្តិអង្គការរក្សាការពារសិទ្ធិមនុស្សនៃកម្ពុជា ហៅកាត់ វីជីឡែន (Vigilance) លោក គឹម សុវណ្ណ បានចាត់ទុកការយកលុយពីការចុះវាស់ក្បាលដីជូនពលរដ្ឋរបស់មន្ត្រីសុរិយោដីជាទង្វើខុសច្បាប់ ទាមទារឲ្យមានការកែលំអជាថ្មី ៖ «ការធ្វើជាប្រព័ន្ធ គឺអត់ត្រូវបង់ថវិកាអីទេ គឺបង់ពេលដែលបានប័ណ្ណកម្មសិទ្ធិមក មន្ត្រីសុរិយោដីហុចប័ណ្ណមកឲ្យប្រជាពលរដ្ឋៗ ត្រូវបង់ថ្លៃប័ណ្ណទៅឲ្យសុរិយោដី មានតែប៉ុណ្ណឹង»។
ពលរដ្ឋខេត្តព្រៃវែងឲ្យដឹងថា សកម្មភាពយកលុយរបស់មន្ត្រីសុរិយោដី ចំពោះសកម្មភាពចុះវាស់វែងក្បាលដីមិនមែនកើតមានតែនៅស្រុកព្រះស្ដេច ១ទេ សកម្មភាពដូចគ្នានេះ បានកើតមានទូទាំងខេត្តព្រៃវែង ប៉ុន្តែមិនទាន់ឃើញមន្ត្រីពីស្ថាប័នណាមួយមានវិធានការទប់ស្កាត់នោះទេ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
