ក្រុមអ្នកទោស និយាយថា ពួកគេមិនខ្លាចការធ្វើទារុណកម្មដោយសារការបញ្ចេញព័ត៌មានធ្វើបាបនេះឡើយ។
ទណ្ឌិតនៅមណ្ឌលអប់រំកែប្រែទី៤ (ម៤) ជាច្រើននាក់ នាំគ្នាធ្វើការតវ៉ា និងចោទប្រកាន់ប្រធានសាខាទី២ នៃមណ្ឌលអប់រំកែប្រែនេះថា បានធ្វើបាបពួកគេយ៉ាងខ្លាំង។
ទណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ កញ្ញា ថា ប្រធានសាខាទី២ នៃមណ្ឌលអប់រំកែប្រែទី៤ គឺលោក គង់ ប៊ឺន បានគាបសង្កត់ និងធ្វើបាបពួកគេគ្រប់បែបយ៉ាង។ ទណ្ឌិតរូបនេះបន្តថា ការហូបចុក ក៏មិនបានគ្រប់គ្រាន់ ឯការធ្វើពលកម្ម គឺធ្ងន់ធ្ងរ ហើយនៅពេលដែលសាច់ញាតិ ឬគ្រួសារពួកគេផ្ញើប្រាក់មកឲ្យ ដើម្បីទិញអាហារហូបចុកបន្ថែម លោកប្រធានសាខាទី២ បានប្រមូលទុក ដោយប្រគល់មកឲ្យពួកគេក្នុងមួយថ្ងៃតែ ៥ពាន់រៀល។
ហើយនៅពេលដែលពួកគេទិញអាហារមកហូបបន្ថែម អ្នកយាមបានដកហូតពីពួកគេអស់មួយចំនួនទៀត ធ្វើឲ្យរបបអាហារប្រចាំថ្ងៃមិនអាចទ្រទ្រង់រាងកាយដែលត្រូវធ្វើពលកម្មធ្ងន់ធ្ងរបានឡើយ៖ «យើងធ្វើការនៅទីនេះ គឺជាការងារធ្ងន់ណាស់បង! ដាំដំឡូង ដកស្មៅ រែកទឹកឆ្ងាយៗណាស់ ហើយបើថ្ងៃណាយើងអត់បានចេញទៅធ្វើការ គេមកស្ដីថាប្រមាថបុកឈើច្រត់ចូលមាត់ បិទទ្វារមិនឲ្យចេញពីបន្ទប់ ប្រមាថកាតទានចង់ដាក់ច្រវាក់យើង»។
ទណ្ឌិតម្នាក់ទៀតបន្ថែមថា ដោយមិនអាចទ្រាំបន្តទៀតបាន ពួកគេក៏ប្រថុយបញ្ចេញព័ត៌មាននេះមកក្រៅ បើទោះបីជាត្រូវរងទទួលទណ្ឌកម្មយ៉ាងណាក៏ដោយ៖ «ទោះបីជាខ្ញុំជាទណ្ឌិត តែខ្ញុំខិតខំកែខ្លួនឲ្យបានល្អ។ តែនៅទីនេះ គេគាបសង្កត់ខ្លាំងពេក គ្រាន់តែគ្រួសារខ្ញុំផ្ញើលុយមកឲ្យក៏ត្រូវប្រាប់ និងសុំច្បាប់ពីគេ។ ហើយគេដកហូតយកពីយើង ដោយឲ្យយើងតែ ៥ពាន់រៀលក្នុងមួយថ្ងៃ។ បើយើងទៅទិញមី ៥កញ្ចប់ យកចូលមក គឺគេដកហូតយក ១ឬ ២កញ្ចប់»។
ឆ្លើយតបចំពោះការចោទប្រកាន់របស់ទណ្ឌិតនៅសាខាទី២ នៃមណ្ឌលអប់រំកែប្រែទី៤ លោក គង់ ប៊ឺន ជាប្រធានសាខាទី២ និងជាអនុប្រធាន ម៤ បានពន្យល់ថា អ្វីដែលលោកបានធ្វើចំពោះទណ្ឌិតក្នុងសាខាទី២ គឺក្នុងបំណងជួយអប់រំ កែប្រែពួកគេឲ្យក្លាយជាពលរដ្ឋល្អ នៅពេលដែលពួកគេផុតការបម្រើទោស និងធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងគ្រួសារវិញតែប៉ុណ្ណោះ៖ «អ្វីដែលខ្ញុំធ្វើនេះ គឺដើម្បីកុំឲ្យទណ្ឌិតធ្វើអំពើអនាធិបតេយ្យ។ ខ្ញុំចង់កាត់បន្ថយនូវការលំបាកចំពោះគ្រួសារពួកគេ។ ហើយរាល់លុយកាក់ដែលផ្ញើចូលមកឲ្យមកច្រកតែមួយ ដើម្បីយើងងាយគ្រប់គ្រង ព្រោះយើងអាចដឹងថា អ្នកទោសណាមានលុយប៉ុន្មាន»។
ក្នុងច្បាប់ស្ដីពីពន្ធនាគារដែលមាន ១១ជំពូក និង ៨៥មាត្រា ពុំមានមាត្រាណាមួយចែងអំពីការកំណត់ថា ជនជាប់ឃុំមានសិទ្ធិអាចរក្សាសាច់ប្រាក់ចំនួនប៉ុន្មាន នៅក្នុងខ្លួននោះទេ។ ដោយឡែក មាត្រា៣៤ នៃច្បាប់នេះចែងថា ជនជាប់ឃុំអាចទទួល ឬទិញអាហារដោយថវិកាផ្ទាល់ខ្លួនពីប្រភពខាងក្រៅបាន តែអាហារទាំងនេះត្រូវបានត្រួតពិនិត្យពីមន្ត្រីពន្ធនាគារ។
យ៉ាងនេះក្ដី អនុប្រធានមណ្ឌលអប់រំកែប្រែទី៤ លោក គង់ ប៊ឺន មានប្រសាសន៍ថា ការអនុញ្ញាតឲ្យជនជាប់ឃុំរក្សាសាច់ប្រាក់ក្នុងខ្លួនច្រើន ប្រឈមនឹងហានិភ័យនៃការលួចរត់ចេញពីពន្ធនាគាររបស់ជនជាប់ឃុំកាន់តែខ្ពស់។
របាយការណ៍អង្គការលីកាដូ ខែកក្កដា ឆ្នាំ២០១២ បានបង្ហាញថា មណ្ឌលអប់រំកែប្រែទី៤ (ម៤) គិតត្រឹមខែឧសភា ឆ្នាំ២០១២ មានផ្ទុកជនជាប់ឃុំចំនួន ២១០នាក់។ គិតតាមសមត្ថភាពផ្ទុក គឺ ៨៣,៨%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។