អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចុះ​អង្កេត​ករណី​​អ្នក​ទោស​ប្រើ​គ្រឿងញៀន

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​បង្កើត​គណៈកម្មការ​ជំនាញ​មួយ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​មើល និង​ចាត់​វិធានការ​ទប់ស្កាត់​ចំពោះ​ករណី​អ្នក​ទោស​ជា​ច្រើន​នាក់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​បន្ទាយមានជ័យ ថា មាន​ការ​លួច​សេព​គ្រឿង​ញៀន​ដោយ​លួច​លាក់​រយៈពេល​ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ។
ដោយ សួន សុផលមុន្នី
2011-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

វិធានការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​មាន​ព័ត៌មាន​លេច​ឮ​ថា អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា បី​ទៅ​បួន​នាក់​នៅ​ក្នុង​បរិវេណ​អគារ​ពេទ្យ​មួយ​នៅ​ក្នុង​ពន្ធនាគារ​នោះ ហើយ​បាន​នាំ​គ្នា​ជក់​ថ្នាំ​ញៀន​រាល់​យប់។

លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១១ ថា ក្រុម​ការងារ​របស់​គណៈកម្មការ​ជំនាញ​កំពុង​ធ្វើ​ការងារ​ទាក់ទិន​បញ្ហា​នេះ ៖ «យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​ទី​នោះ​ទេ រង់ចាំ​មើល​សិន។ ឥឡូវ​ខ្ញុំ​កំពុង​ជាប់​រវល់​បន្តិច»

លោក ភាន ឆវ័ន្ត ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​ការងារ​របស់​គណៈកម្មការ​នៅ​ពុំ​ទាន់​បាន​បង្ហាញ​ពី​លទ្ធផល​ទាក់ទិន​បញ្ហា​អ្នក​ទោស​សេព​ថ្នាំ​ញៀន​នៅ​ក្នុង​ពន្ធនាគារ ៖ «យើង​បង្កើត​គណៈកម្មការ​មួយ​ធ្វើ​ការ​ស្រាវជ្រាវ អត់​ទាន់​បាន​ទទួល​លទ្ធផល​ទេ យើង​អត់​ធ្វើ​បង្ខំ​ប៉ុន្មាន​ទេ»

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ពី​ព័ត៌មាន​អ្នក​ទោស​មាន​លួច​សេព​ថ្នាំ​ញៀន​នៅ​ក្នុង​ពន្ធនាគារ​រួច​មក គណៈកម្មការ​ជំនាញ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ទៅ​ យក​អ្នក​ទោស​ចំនួន ១៤​នាក់ ពិនិត្យ​ទឹក​នោម។ ជា​លទ្ធផល​មាន​អ្នក​ទោស​បី​នាក់​ក្នុង​ចំណោម ១៤​នាក់ ត្រូវ​គេ​រក​ឃើញ​មាន​សារធាតុ​ថ្នាំ​ញៀន​ក្នុង​ទឹក​នោម​របស់​ពួកគេ។

ក្រុម​ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដាក់​សំណួរ​សួរ​ថា នៅ​គ្រា​ដែល​អ្នក​ទោស​ជា​ច្រើន​នាក់​កំពុង​ជាប់​ឃុំ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដោយ​មាន​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​ដូច្នេះ តើ​ពួក​អ្នក​ទោស​ទាំង​នោះ​អាច​រក​ទិញ ឬ​បាន​ថ្នាំ​ញៀន​បាន​មក​ពី​ណា? ពី​អ្នក​ណា? គឺ​ទាល់​តែ​មាន​ការ​ឃុបឃិត​លក់​ដូរ​ជាមួយ​អ្នក​យាម​គុក​បាន​ថ្នាំ​ញៀន​អាច​ចូល​មក​ចែកចាយ​ក្នុង​គុក​បាន។

ពុំ​មាន​មន្ត្រី​មាន​សមត្ថកិច្ច ឬ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ម្នាក់​ណា រក​ចម្លើយ​សម្រាប់​សំណួរ​នេះ​បាន​ឡើយ។

ប្រធាន​សម្របសម្រួល​នៃ​សមាគម​អាដហុក ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា បាន​ថ្លែង​ថា វា​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើត​មាន​ទាល់​តែ​សោះ ដែល​អ្នក​ទោស​នៅ​ក្នុង​គុក​មាន​ថ្នាំ​ញៀន​ជក់ ៖ «បើ​សិន​ជា​កើត​មាន​វិញ វា​អាក្រក់​មើល​បំផុត ហើយ​បើ​សិន​ក្នុង​ពន្ធនាគារ​ប្រើប្រាស់​ប៉ុណ្ណឹង នៅ​កន្លែង​ផ្សេងៗ​ប៉ុណ្ណា​ទៅ?»

លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​រីក​សាយ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​ការ​ជួញដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ញាំញី​ឲ្យ​សង្គម​ខ្មែរ​មាន​ភាព​អាប់អួរ ហើយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល