ការធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ពលរដ្ឋខ្មែរត្រូវគេនិយាយថា នៅតែមានបញ្ហាលំបាកមកដល់បច្ចុប្បន្ននេះ បើសិនជាគេមិនប្រើលុយកាក់សូកប៉ាន់មន្រ្តីដែលចេញអត្តសញ្ញាណប័ណ្ណឲ្យនោះទេ។
លោក ប៊ុន ធិន ជំទប់ទី១ នៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានអះអាងថា ថ្វីបើគ្មានការបង្គាប់ឲ្យយកលុយកាក់ពីសំណាក់ក្រសួងមហាផ្ទៃនោះទេ ប៉ុន្តែការធ្វើអត្តសញ្ញាណប័ណ្ណបន្ទាន់ឬក៏ប្រញាប់ចាំបាច់ត្រូវតែបង់ប្រាក់ បើសិនជាមិនដូច្នេះទេមិនអាចទៅរួចឡើយ។
លោក ប៊ុន ធិន បានឲ្យដឹងថា ៖ «អត់បានទេ ដាច់ខាតមិនបានអ៊ីចឹងតែម្ដង។ ឲ្យគេ៣០ដុល្លារនៅខេត្តអ៊ីចឹងទៅបានគេថតឲ្យ មួយអាទិត្យបានគេចេញអត្តសញ្ញាណប័ណ្ណឲ្យ។ នៅក្នុងភូមិប្រជាពលរដ្ឋខ្លះគាត់ត្អូញត្អែរបញ្ហាហ្នឹង»។
ប្រភពពីអាជ្ញាធរបានឲ្យដឹងថា គោលការណ៍នៃការធ្វើអត្តសញ្ញាណប័ណ្ណនៅក្នុងប្រទេសកម្ពុជាបានធ្វើឡើងយោងទៅតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក្នុងការស្នើសុំឲ្យក្រសួងមហាផ្ទៃដើម្បីឲ្យមន្ត្រីរបស់ក្រសួងចុះមកធ្វើដល់ទីកន្លែង ហើយការស្នើនោះធ្វើឡើងនៅពេលដែលមានសេចក្តីត្រូវការពីសំណាក់ពលរដ្ឋជាច្រើននាក់នៅក្នុងឃុំដែលគ្មានកំណត់ថា នៅពេលណាមួយជាក់លាក់នោះថាត្រូវចុះធ្វើនោះទេ។
កម្មវិធីនៃការធ្វើអត្តសញ្ញាណប័ណ្ណម្តងៗដែលត្រូវមន្ត្រីក្រសួងចុះមកមិនត្រូវបានដាក់កំហិតឲ្យបង់ប្រាក់ឬយកលុយកាក់ពីសំណាក់ពលរដ្ឋឡើយគឺធ្វើដោយឥតគិតថ្លៃ។
ស្រ្តីម្នាក់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបន្ថែមថាវាពិតដូច្នេះមែន ប៉ុន្តែនៅពេលដែលមានការបាត់បង់អត្តសញ្ញាណប័ណ្ណត្រូវធ្វើឡើងវិញ និងពេលមានតម្រូវការចាំបាច់ដែលអ្នកភូមិមិនអាចរង់ចាំការចុះមកធ្វើពីសំណាក់មន្ត្រីតាមផែនការនោះ គឺពេលនោះហើយដែលអ្នកភូមិត្រូវជួបបញ្ហានិងត្រូវការបង់ប្រាក់ក្រៅផ្លូវការ។
ស្ត្រីដដែលបានបញ្ជាក់ថា ៖ «អ្នកខ្លះទៅនៅឆ្ងាយ អ្នកខ្លះមានកូនបួស អត់បានមកធ្វើមកអីទេ អ៊ីចឹងឥឡូវហ្នឹងវាមានបញ្ហាហ្នឹង។ ដល់ពេលទៅធ្វើគេនិយាយថា មួយសន្លឹកយក៣ម៉ឺន»។
បុរសម្នាក់ទៀតឈ្មោះ ប្លុង សារ៉ន នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងវិញ បានបន្ថែមថា លោកត្រូវចំណាយប្រាក់ប្រហែល៦ម៉ឺនរៀលសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណឲ្យកូនប្រុសរបស់លោកដែលត្រូវស្វែងរកការងារធ្វើ។
លោក ប្លុង សារ៉ន បានឲ្យដឹងថា ៖ «២០-៣០ដុល្លារប៉ុណ្ណឹងទេ ព្រោះយើងត្រូវការប្រញាប់ បើយើងមិនប្រញាប់ទៅ ហ្នឹងគេអត់យកលុយយើងទេ ប៉ុន្តែយើងរង់ចាំនៅពេលគេចុះមកអនុវត្តការងារហ្នឹង»។
ប្រភពពីកសិករដដែលបានបញ្ជាក់ថា ការយកប្រាក់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណប្រញាប់ ឧទាហរណ៍ដូចជាតម្រូវការក្នុងការស្វែងរកការងារធ្វើ តម្រូវការធ្វើឡើងវិញក្រោយពីបាត់បង់ និងកិច្ចមានធុរៈផ្សេងទៀតដែលត្រូវប្រើអត្តសញ្ញាណប័ណ្ណដោយមិនអាចទ្រាំចាំពេលវេលាគ្មានកំណត់របស់ក្រសួងដែលនឹងចុះមកធ្វើដោយឥតគិតថ្លៃនោះ សម្រាប់កសិករត្រូវគេរាយការណ៍ថា ការសូកប៉ាន់នោះមិនមានច្រើនទេ គឺក្នុងចន្លោះ២០ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជីវភាពកសិករពួកគាត់ត្អូញថាមានចំនួនច្រើនដែលស្ទើរមិនអាចទៅរួចសម្រាប់ពួកគាត់។
អគ្គហិរញ្ញិកនៃគណបក្សប្រឆាំងសមរង្ស៊ី លោក ហុង សុនហ៊ួរ ថ្លែងថា លោកផ្ទាល់ក៏បានបង់ប្រាក់ចំនួន១០០ដុល្លារសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណនោះដែរ បើសិនជាលោកមិនធ្វើដូច្នេះទេ ការងារទាំងពួងនឹងត្រូវកកស្ទះដោយបញ្ហានេះ។
លោក ហុង សុនហ៊ួរ បានមានប្រសាសន៍ថា ៖ «ខ្ញុំឲ្យលុយគេ និយាយឲ្យត្រង់ទៅខ្ញុំឲ្យលុយគេ គេទារខ្ញុំដូចម្នាក់១០០(ដុល្លារ)។ បើខ្ញុំអត់ឲ្យលុយគេក៏ធ្វើអត់បានដែរ គេថាយើងអនិកជនគេថាអី ចេះតែរកនេះរកនោះទៅ។ យើងយល់ថាខុសច្បាប់ ពុករលួយស្អីៗមួយគំនរគរគោក ប៉ុន្តែបើយើងអត់ឲ្យលុយគេយើងអត់បាន ហើយអត់បានការងារយើងមួយគំនរក៏អត់បានដែរ»។
លោកបន្តទៀតថា មកទល់ពេលនេះលោកនៅតែជឿថា មានអ្នកភូមិបង់ប្រាក់ដើម្បីបានអត្តសញ្ញាណប័ណ្ណ ដូចជាក្រុមអ្នករស់នៅតាមតំបន់ជាយដែនថៃជាដើម។
លោក ហុង សុនហ៊ួរ បានបញ្ជាក់ថា ៖ «ខ្ញុំទៅខាងបន្ទាយមានជ័យក៏នៅដូចតែគ្នាអ៊ីចឹង ដើម្បីឲ្យបានអត្តសញ្ញាណប័ណ្ណដើម្បីទៅធ្វើការនៅស្រុកថៃអីហ្នឹង គ្នាក៏ប្រញាប់ដែរនៅហ្នុង មកធ្វើការស្រុកថៃឬមកធ្វើការរោងចក្រហ្នឹងគឺជាឱកាសមួយដែលគាត់ត្រូវតែលះបង់ហើយ ត្រូវលក់គោ លក់ជ្រូក លក់មាន់ ដើម្បីយកលុយទៅឲ្យប៉ូលិស ឲ្យបានអត្តសញ្ញាណប័ណ្ណឲ្យកូន ដើម្បីឲ្យកូនគាត់មកធ្វើការនៅរោងចក្រ ហើយបើគាត់អត់ប្ដូរអ៊ីចឹងទេ កូនគាត់ម៉េចបានធ្វើការ។ អាហ្នឹងនិយាយមែនទែនគាត់ត្រូវជាចំណាត់ខ្មាំងរបស់រដ្ឋបាលយើងហ្នឹង»។
ប្រភពពីមន្ត្រីប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ជាទូទៅការធ្វើអត្តសញ្ញាណប័ណ្ណនៅប្រទេសកម្ពុជាគឺធ្វើពេលណាក៏បានដែរ គឺគ្រាន់តែបង់ប្រាក់ប៉ុណ្ណោះ។ តម្លៃថ្លៃថ្នូរមានចន្លោះពី១០ដុល្លារទៅ១០០ដុល្លារអាមេរិក។ អ្នកស្រុកក្រីក្រត្រូវបានយល់យោគ បន្ធូរបន្ថយទៅតាមនោះដែរ។
មន្ត្រីប៉ូលិសដដែលបានឲ្យដឹងថា ៖ «បើមានក្រដាសស្នាមអី៧០ដុល្លារ បើធ្វើនៅកន្លែងប៉ូលិសទៅធ្វើប៉ាស្ព័រអីច្រើនតែគេម៉ៅអ៊ីចឹង»។
ការសូកប្រាក់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណត្រូវបានប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា រិះគន់ថា វាកំពុងតែធ្វើឲ្យពលរដ្ឋខ្មែរពិតប្រាកដពិបាក ប៉ុន្តែវាបែរជាងាយស្រួលទៅវិញសម្រាប់ជនបរទេសមិនមែនជាខ្មែរ មិនស្គាល់វប្បធម៌ខ្មែរ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងមិនចេះភាសាខ្មែរផងជួនកាល ក៏អាចធ្វើអត្តសញ្ញាណប័ណ្ណខ្មែរនេះបានដែរ។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ៖ «ខ្លះមិនចេះនិយាយភាសាខ្មែរផង។ ហើយដូចជាកន្លងមកដែលយើងនៅខាងគណបក្សសមរង្ស៊ី ប្រឆាំងមិនឲ្យចូលរួមបោះឆ្នោតដោយសារតែអត្តសញ្ញាណប័ណ្ណហ្នឹងផ្ដល់មិនប្រក្រតី ប៉ុន្តែពុំមានដំណោះស្រាយទេ»។
មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ចាន់ សាវ៉េត វិញ អត្ថាធិប្បាយថា បញ្ហានេះនឹងនាំសង្គមខ្មែរជួបនឹងភាពស្មុគស្មាញ បើសិនជារដ្ឋាភិបាលមិនអើពើទេនោះ ៖ «គួរតែមានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវពេញលេញ ហើយក្នុងហ្នឹងក៏យើងបង្ការផងដែរថា បើសិនជាអត្តសញ្ញាណប័ណ្ណយើងធ្វើដោយសេរី ធ្វើដោយអំពើពុករលួយច្រើនអ៊ីចឹង វានាំអាចឲ្យស្ថាប័នជាតិយើងចុះទន់ខ្សោយ ហើយសកម្មភាពការងារប្រជាពលរដ្ឋមួយចំនួនក៏ត្រូវរាំងស្ទះដែរ»។
មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានច្រានចោលការចោទប្រកាន់អំពីការសូកប៉ាន់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ បើទោះបីជាអ្នកស្រុកបានបញ្ជាក់ថាមានអំពើពុករលួយទាក់ទងនឹងរឿងនេះក៏ដោយ។
លោកឧត្តមសេនីយ៍អះអាងថា ក្រសួងក៏មានស្មារតីគិតគូរអំពីរឿងនោះដែរ ហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវបានគេចេញអត្តសញ្ញាណប័ណ្ណឲ្យដោយមិនគិតថ្លៃ ៖ «ជួនកាលអ្នកហ្នុងចេះតែថា ជម្រាបលោកស្រី លោកស្រីស្ដាប់តែម្នាក់ពីរនាក់ គេធ្វើបានរាប់លាននាក់ហើយ ម្នាក់ពីរនាក់វាធម្មតាទេ សូម្បីតែកូនចៅលោកស្រីក៏មានឈ្លោះគ្នាដែរ»។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មិនហៅការផ្តល់ប្រាក់តិចតួចឬការទិញទឹកកកនិងការកាប់មាន់ទាទទួលមន្ត្រីរាជការក្នុងការធ្វើអ្វីមួយឲ្យពលរដ្ឋថាជាអំពើសូកប៉ាន់នោះទេ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអាដហុកដដែលបានបញ្ជាក់ថា នោះជាអំពើសូកប៉ាន់និងការយកអំណាចមន្ត្រីមកគាបសង្កត់ពលរដ្ឋ ហើយប្រការនេះមានឥទ្ធិពលអាក្រក់មកដល់សង្គមខ្មែរ ដោយហេតុថាមន្ត្រីរាជការមាននាទីបម្រើពលរដ្ឋ ហើយដែលប្រទេសជឿនលឿននៅក្នុងសកលលោកកំពុងតែបំបាត់អំពើនេះស្ទើរតែផុតរលុតទៅហើយ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
នាយករដ្ឋមន្ត្រីសម្រេចយកសម័យប្រជុំថ្ងៃ១១ ធ្នូ ដើម្បីឆ្លងសេចក្ដីព្រាងច្បាប់អំពើពុករលួយ
នគរបាលអន្តោប្រវេសន៍នៅប៉ោយប៉ែតរងការចោទថាបន្តជំរិតប្រាក់ពីកម្មករ
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.