អ្នក​វិភាគ៖ បង្កើន​សមត្ថភាព​និង​គោរព​ច្បាប់​ការងារ​ដើម្បី​ទីផ្សារ​លើ​ពិភពលោក

ប្រទេស​កម្ពុជា ជា​សមាជិក​អាស៊ាន ដែល​មាន​ផលិតផល​កាត់​ដេរ​ភាគ​ច្រើន​បាន​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ផលិតផល​កាត់​ដេរ​ប្រមាណ​ជាង​២៥%​ត្រូវ​ជាប់​ពន្ធ ដែល​ប្រទេស​កម្ពុជា ត្រូវ​បង់​ពន្ធ​នាំ​ចូល​ទៅ​សហរដ្ឋ​អាមេរិក។
ដោយ អាន ស៊ីថាវ
2012-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូបរោងចក្រ
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នានា​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង និង​គោរព​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ បើ​ពុំ​ដូច្នោះ​ទេ ប្រទេស​កម្ពុជា​អាច​នឹង​បាត់​បង់​ទីផ្សារ និង​បាត់​ភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​លក់​សំលៀក​បំពាក់​ដទៃ​ទៀត​លើ​ពិភពលោក។

ទីផ្សារ​សហរដ្ឋអាមេរិក ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​កាត់​ដេរ​របស់​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច ហើយ​ប្រទេស​ទាំង​នោះ​មិន​អាច​ពឹង​លើ​ទីផ្សារ​នៅ​ក្នុង​រង្វង់​តំបន់​របស់​ខ្លួន​បាន​ឡើយ។

ផលិតផល​កាត់​ដេរ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ការ​អភិវឌ្ឍ​ទាប ដូចជា​ប្រទេស​វៀតណាម កម្ពុជា ភូមា (មីយ៉ាន់ម៉ា) ជាដើម បាន​សម្លឹង​ឃើញ​ទីផ្សារ​សហរដ្ឋអាមេរិក ជា​ទីផ្សារ​ដ៏​សំខាន់​របស់​ផលិតផល​សំលៀក​បំពាក់​របស់​ខ្លួន។

បច្ចុប្បន្ន សហគ្រាស​នៅ​ប្រទេស​កម្ពុជា គឺ​ភាគ​ច្រើន​ជា​ប្រភេទ​រោងចក្រ​ធន់​ស្រាល មាន​មូលដ្ឋាន​តូច​ចង្អៀត និង​ពឹង​ផ្អែក​ជា​ចម្បង​លើ​វិស័យ​កាត់​ដេរ និង​សំណង់ ដែល​បាន​បង្កើត​តម្លៃ​បន្ថែម​តិចតួច​ដល់​កំណើន​សេដ្ឋកិច្ច និង​ងាយ​រងគ្រោះ​ខ្លាំង​ពី​វិបត្តិ​ខាង​ក្រៅ។ ឧស្សាហកម្ម​កាត់​ដេរ បាន​ចូល​រួម​យ៉ាង​ច្រើន​ដល់​កំណើន​វិស័យ​កម្មន្តសាល ប៉ុន្តែ​វិស័យ​នេះ​បាន​ដំណើរ​ការ​ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​បំផុត ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ដែល​បាន​ផ្ដល់​ដោយ​ប្រទេស​ជាច្រើន ដូចជា​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប។ ម៉្យាង​វិញ​ទៀត វិស័យ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ប្រទេស​ផលិត​សំលៀក​បំពាក់ ដូច​ជា​ចិន បង់ក្លាដេស វៀតណាម និង​ប្រទេស​ឥណ្ឌា ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហរដ្ឋអាមេរិក​បាន​អះអាង​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​នោះ អាច​យក​ផលិតផល​សំលៀក​បំពាក់​ដែល​នាំ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក លុះត្រា​តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា រោងចក្រ​កាត់​ដេរ​ទាំង​នោះ​គោរព​លក្ខខណ្ឌ​ការងារ និង​មិន​ប្រើ​ពលកម្ម​កុមារ​ជាដើម។

អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា លោក ឃិន ពិសី បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ គឺ​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​មាន​កូតា (Quota) ឬ​មាន​បរិមាណ​នាំ​ចូល តែ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ ដោយ​លោក​បញ្ជាក់​ថា ផលិតផល​កាត់​ដេរ​របស់​កម្ពុជា ត្រូវ​បាន​គេ​ទទួល​ស្គាល់​រួច​ហើយ ឬ​មាន​កិត្តិនាម​រួច​ស្រេច​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ ចំពោះ​ការ​ចូល​ទីផ្សារ​ថ្មី​របស់​ប្រទេស​ភូមា គឺ​មិន​មែន​ជា​ក្ដី​កង្វល់​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​សំលៀក​បំពាក់​ទៅ​សហរដ្ឋអាមេរិក​ឡើយ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ។

លោក ឃិន ពិសី៖ «វា​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ហើយ​យើង​រក​ស៊ី​យូរ​ហើយ យើង​មាន​ម៉ូយ។ កម្មករ​យើង​ចេះ ហើយ​គេ​ទើប​នឹង​ធ្វើ វា​ត្រូវ​ការ​ពេល ជំនាញ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ។ អ៊ីចឹង​ទៅ ពេល​ភ្លាម​ហ្នឹង​វា​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ខ្មែរ​ទេ»

ទីប្រឹក្សា​សហរដ្ឋអាមេរិក​ផ្នែក​ពាណិជ្ជកម្ម លោក​ឯកអគ្គ​រដ្ឋទូត រ៉ន ខឺក (Ron Kirk) មាន​ប្រសាសន៍​ថា ទំនិញ​ភាគ​ច្រើន​របស់​កម្ពុជា​ចូល​ទៅ​សហរដ្ឋអាមេរិក ដោយ​រួច​ពន្ធ​នាំ​ចូល ជា​ពិសេស​គឺ​ផលិតផល​រោងចក្រ​កាត់​ដេរ ដោយ​លោក​បញ្ជាក់​ថា ការ​អនុញ្ញាត​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​ចំពោះ​ទំនិញ​កម្ពុជា​នោះ គឺ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​លក្ខខណ្ឌ​ការងារ​ជាដើម។

លោក រ៉ន ខឺក៖ «ចំពោះ​អត្រា​ទំនិញ ឬ​ផលិតផល​កម្ពុជា ចូល​ទៅ​សហរដ្ឋអាមេរិក​ដោយ​រួច​ពន្ធ គឺ​ជា​ប្រភេទ​ផលិតផល​កាត់​ដេរ​សំលៀក​បំពាក់ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​បាន​គោរព​តាម​កិច្ច​ព្រមព្រៀង​លើ​ការ​ការពារ​ពលកម្ម រវាង​រោងចក្រ​កាត់​ដេរ​ទាំង​នោះ​ដែល​បញ្ជាក់​ថា ប្រទេស​កម្ពុជា​អនុវត្ត​បាន​ល្អ ដែល​ជា​កត្តា​ទាក់​ទាញ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​សហរដ្ឋអាមេរិក»

លោក រ៉ន ខឺក មាន​ប្រសាសន៍​បន្ថែម​ថា ការ​នាំ​ចេញ​សំលៀក​បំពាក់​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក បាន​កើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​ជា​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើង ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ចម ប្រសិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា ផលិតផល​កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​បាន​រួច​ពន្ធ​ចំនួន​ប្រមាណ​៦០%​នៃ​ផលិតផល​ជាប់​ពន្ធ​សរុប។ លោក ចម ប្រសិទ្ធ បន្ថែម​ថា ចំពោះ​ការ​នាំ​ចេញ​សំលៀក​បំពាក់ កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក គឺ​ជាប់​អត្រា​ពន្ធ​គយ​ប្រមាណ​ពី​១៥%​ទៅ​២៥%​នៅ​ឡើយ។

ផ្ទុយ​ទៅ​វិញ បញ្ហា​ប្រឈម​ជា​មូលដ្ឋាន​មួយ​នៅ​កម្ពុជា គឺ​ការ​បង្កើន​ផលិតភាព និង​ការ​ធានា​ថា​កំណើន​ផលិតភាព​ជួយ​បង្កើត​នូវ​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​ពលករ។ កត្តា​នេះ​បញ្ជាក់​ថា ការ​បង្កើន​ពលកម្ម​មាន​ជំនាញ​ជា​ចំណុច​សំខាន់​សម្រាប់​បង្កើន​ភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នាំ​ចេញ​សំលៀក​បំពាក់​នានា​នៅ​លើ​សកលលោក។

ការ​ស្រាវជ្រាវ​៦ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១២ របស់​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​លើ​ចំនួន​រោងចក្រ​ចំនួន​ជាង​១៣០ បាន​បង្ហាញ​ថា កំឡុង​ពេល​ធ្វើ​ការ​អង្កេត​រោងចក្រ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​កូដកម្ម​២៧​ករណី ឬ​មាន​ចំនួន​កម្មករ​ចេញ​ធ្វើ​កូដកម្ម​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ភាគ​ច្រើន​នៃ​គោល​បំណង​នៃ​ការ​ធ្វើ​កូដកម្ម ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ និង​ការ​ស្នើ​សុំ​អត្ថប្រយោជន៍​ផ្សេងៗ។

ម៉្យាង​វិញ​ទៀត ការ​អង្កេត​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​រោងចក្រ​ទាំង​នោះ មាន​រោងចក្រ​១០​បាន​ប្រើ​ពលកម្ម​មិន​គ្រប់​អាយុ រោងចក្រ​២៦​មាន​ការ​រើសអើង​នានា​នៅ​ក្នុង​រោងចក្រ​ទាំង​នោះ និង​រោងចក្រ​ចំនួន​៨​បាន​ជ្រៀត​ជ្រែក ឬ​បង្អាក់​ចំពោះ​សេរីភាព​នៃ​ការ​ចូល​ជា​សមាគម។

របាយការណ៍​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ​កម្ពុជា (CDRI) បាន​បង្ហាញ​ថា នៅ​ខែ​មេសា ការ​នាំ​ចេញ​សំលៀក​បំពាក់​គ្រប់​ប្រភេទ​ធ្លាក់​ចុះ​ជាង​៤០% ដែល​មាន​តម្លៃ​ជាង​២០០​លាន​ដុល្លារ ហើយ​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ផ្សេង​ទៀត ធ្លាក់​ចុះ​ជិត​២៩% ដែល​មាន​តម្លៃ​ជាង​៤​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល