លោកប្រធាន សម រង្ស៊ី អះអាងថា គណៈកម្មាធិការសភានេះ ដែលមានសមាជិកសភាពីប្រទេសប្រមាណជា៨០ នឹងចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញឲ្យការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ជាពិសេស សម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០១៣។
លោក សម រង្ស៊ី ប្រធានគណបក្សចលនាសង្គ្រោះជាតិ បានមានប្រសាសន៍សម្ដែងសុទិដ្ឋិនិយមពីក្រុងម៉ានីល ថា ការបង្កើតគណៈកម្មាធិការសភាអន្តរជាតិដើម្បីការបោះឆ្នោតបែបប្រជាធិបតេយ្យនៅកម្ពុជា (International Parliamentary Committee for Democratic Election in Cambodia – IPCDEC) នេះ គឺមានសារសំខាន់ណាស់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្តថា គោលដៅសំខាន់របស់សហគមន៍ជាតិ និងអន្តរជាតិ គឺចង់ឲ្យស្ថានភាពសិទ្ធិមនុស្សបានប្រសើរឡើង និងចង់ឲ្យមានការកែប្រែស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា៖ «គោលបំណងសំខាន់ គឺធ្វើតាមសំណើអង្គការសហប្រជាជាតិ តាមរយៈលោកសាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ដែលទើបចេញរបាយការណ៍មួយទាក់ទងនឹងស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា និងការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ។ ក្នុងរបាយការណ៍នោះ អ.ស.ប ក៏បានទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាព ផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្លាស់ប្ដូរសមាសភាពនីតិវិធីនៃការបោះឆ្នោត កុំឲ្យលួចបន្លំសន្លឹកឆ្នោតដូចមុនទៀត»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរិះគន់ថា ការចោទប្រកាន់របស់ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ពុំមែនជារឿងថ្មីទេ។ លោកថា ក្រោយការបោះឆ្នោតនៅកម្ពុជាម្តងៗ ទាំងអង្គការសង្កេតការណ៍ជាតិ និងអន្តរជាតិ បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត៖ «ខ្ញុំគិតថា គ្រាន់តែជាការលើកឡើង និងគ្រាន់តែជាសម្ដីចាស់ ហើយមិនដែលមានភស្តុតាងច្បាស់លាស់ទេ។ ក្រោយបញ្ចប់ការបោះឆ្នោតនីមួយៗ ភាគច្រើនគេតែងវាយតម្លៃវិជ្ជមានការបោះឆ្នោតនៅកម្ពុជា និងមានការរីកចម្រើនប្រសើរឡើង។ យើងតែងកែលំអរៀបចំជានិច្ច រហូតដល់ធ្វើវិសោធនកម្មច្បាប់ ការកែលំអនីតិវិធី។ ក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ នេះ យើងបានពិនិត្យ និងកែលំអច្រើនណាស់ដើម្បីឲ្យការបោះឆ្នោតល្អឡើង»។
ក្នុងបញ្ជីឈ្មោះនៃគណៈកម្មាធិការសភាអន្តរជាតិដើម្បីការបោះឆ្នោតបែបប្រជាធិបតេយ្យនៅកម្ពុជា មានសមាជិកសភា និងព្រឹទ្ធសភាជាច្រើនមកពីប្រទេសកម្ពុជា ហ្វីលីពីន ថៃ ជប៉ុន សិរីលង្កា ស៊ុយអែត អ៊ីតាលី ស្វីស អង់គ្លេស និងបែលហ្ស៊ិក ជាដើម។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏មានជំនឿផងដែរថា អង្គការសហប្រជាជាតិ និងគណៈកម្មាធិការសភាអន្តរជាតិនេះ អាចមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជា ដោយជំរុញឲ្យទទួលយល់ព្រមនូវសំណើទាំងឡាយ និងអនុញ្ញាតឲ្យលោកអាចវិលត្រឡប់ទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០១៣៖ «អង្គការសហប្រជាជាតិ គេទាមទារឲ្យខ្ញុំក្នុងឋានៈជាប្រធានចលនាប្រជាធិបតេយ្យដ៏ធំមួយ ដែលមានគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស ដូចនេះដាច់ខាតត្រូវតែមានគណបក្សសង្គ្រោះជាតិ និងប្រធានបក្សចូលរួមពេញលេញ ក្នុងការបោះឆ្នោត។ យើងនឹងរៀបចំគណៈកម្មាធិការនេះមានសាខាច្រើន និងខ្លាំងទូទាំងពិភពលោក ដើម្បីឲ្យសភានៃប្រទេសនីមួយៗ ជំរុញរដ្ឋាភិបាលខ្លួនឲ្យជំរុញរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យសុខចិត្តរៀបចំការបោះឆ្នោតត្រឹមត្រូវ។ បើមិនដូច្នោះទេ សហគមន៍អន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតណាមិនត្រឹមត្រូវនោះទេ ហើយនឹងមិនទទួលស្គាល់រដ្ឋាភិបាលណាដែលចេញពីការបោះឆ្នោតមិនត្រឹមត្រូវនោះដែរ»។
ពាក់ព័ន្ធនឹងក្តីសង្ឃឹមរបស់លោក សម រង្ស៊ី នេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ប្រតិកម្មតបថា កម្ពុជាជាប្រទេសមានប្រជាធិបតេយ្យ និងឯករាជ្យភាពពិតប្រាកដ ដូចនេះគ្មានប្រទេសក្រៅណាអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ៖ «ដោយសារប្រទេសកម្ពុជា គឺជាប្រជាជាតិឯករាជ្យ ប្រជាធិបតេយ្យ និងមានសភាដែលបោះឆ្នោត៥ឆ្នាំម្តង។ អាស្រ័យហេតុនេះ គ្មានស្ថាប័នណាមួយបង្កើតឡើងសារជាថ្មី ហើយមានឥទ្ធិពលផ្លូវការលើសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈលទ្ធផលការបោះឆ្នោត ដូចនេះគឺគ្មានឥទ្ធិពលជះមកលើនៃនីតិវិធី និងដំណើរការនៃការបោះឆ្នោតបានទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺកើតឡើងចេញពីសភារបស់កម្ពុជា គឺមិនមែនចេញពីអង្គការណាមួយ ឬចេញពីស្ថាប័នអន្តរជាតិណាមួយនោះទេ»។
ទោះបីជាមានទស្សនៈ និងការយល់ឃើញខុសៗគ្នា រវាងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីនៃគណបក្សប្រឆាំងក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងបានតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានមានប្រសាសន៍ថា ស្ថានភាពនៅកម្ពុជា អាចមានការផ្លាស់ប្ដូរ ដោយយោងតាមរបាយការណ៍ និងអនុសាសន៍របស់លោកសាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមលើនេះ គណៈកម្មាធិការសភាអន្តរជាតិ ដែលទើបបង្កើតថ្មីនេះ មានសមាជិកពីប្រទេសជាច្រើនក្នុងពិភពលោក។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ហ្នឹងអាចមានចាប់ពីឥឡូវទៅ បើសិនគេធ្វើអន្តរាគមន៍បណ្ដើរៗ ដោយឈរលើមូលដ្ឋាននៃអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្ដីពីសិទ្ធិមនុស្សកម្ពុជា ដែលទើបចេញរបាយការណ៍ថ្មីៗ និងអនុសាសន៍មួយចំនួនទាក់ទងនឹងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ គេតំណាងប្រទេសច្រើនដែរ អាចដំណើរការជាក់ស្តែងទៅមុខទៀត គេអាចបញ្ជូនអ្នកសង្កេតការណ៍របស់គេ ដូចនេះយើងពិបាកបដិសេធដើម្បីពិនិត្យមើល តាមដានការបោះឆ្នោតរបស់យើង។ គេអាចធ្វើរបាយការណ៍វិជ្ជមាន និងអវិជ្ជមាន»។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាសង្គ្រោះជាតិ ដែលទើបវិលត្រឡប់ទៅកម្ពុជា បានឲ្យដឹងថា អង្គការសហប្រជាជាតិ និងតំណាងរាស្ត្រសហរដ្ឋអាមេរិក គាំទ្រឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ លោកបន្តថា សហរដ្ឋអាមេរិកកំពុងជួយជំរុញរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន ដោយអន្តរជាតិយល់ឃើញថា ប្រសិនបើគ្មានវត្តមានលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ទេនោះ មានន័យថា ការបោះឆ្នោតនៅកម្ពុជា មិនសេរី និងយុត្តិធម៌ ដូចដែលអន្តរជាតិរំពឹងទុកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។