ការប្តឹងឧទ្ធរណ៍នេះ គឺបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបអង្កេតបានបញ្ជូនដីកាបញ្ជូនរឿង ឌុច ទៅចៅក្រមនៃអង្គជំនុំជម្រះ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅ។
លោកស្រីព្រះរាជអាជ្ញា ជា លាង មិនអាចបញ្ជាក់អំពីចំណុចដែលនឹងប្តឹងឧទ្ធរណ៍នោះឡើយ ៖ «អត់ទាន់បញ្ជាក់លម្អិតឲ្យបានទេ ព្រោះខ្ញុំនឹងដាក់សេចក្ដីលម្អិតនៅមុនថ្ងៃទី១០ ខែ៩»។
សូមជម្រាបថា កន្លងមក លោកស្រីព្រះរាជអាជ្ញា ជា លាង ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា នឹងជំរុញឲ្យដាក់ការចោទ ឌុច លើបទឧក្រិដ្ឋពីរទៀត គឺបទប្រល័យពូជសាសន៍ និងបទល្មើសព្រហ្មទណ្ឌ។
លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង បានថ្លែងកន្លងមកដែរថា ការប្តឹងឧទ្ធរណ៍លើដីកាបញ្ជូនរឿង គឺជាសិទ្ធិរបស់ព្រះរាជអាជ្ញា។ ក៏ប៉ុន្តែ លោកបានសម្រេចចោទ ឌុច តែ២បទល្មើសប៉ុណ្ណោះ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាម។
អ្នកស្រាវជ្រាវផ្នែកអំពើប្រល័យពូជសាសន៍ខ្មែរក្រហម គឺលោក ឆាំង យុ ក៏បានសិក្សាឃើញដែរថា ការស៊ើបអង្កេតករណី ឌុច រួមទាំងដីកាបញ្ជូនរឿងនោះគឺមិនទាន់ស៊ីជម្រៅនិងខ្វះព័ត៌មានដោះបន្ទុក។
លោក ឆាំង យុ មានប្រសាសន៍ដូច្នេះថា ៖ «Closing Order ហ្នឹង គេចេញមក គឺយើងបានពិនិត្យមើល តើការស៊ើបអង្កេតហ្នឹង វាមានលក្ខណៈ គ្រប់ជ្រុងជ្រោយដែរ ឬអត់។ ហើយដល់ពេលយើងមើលទៅ យើងចាប់អារម្មណ៍ ខ្ញុំចាប់អារម្មណ៍ ទៅលើចំណុចមួយ ដែលអត់បង្ហាញអំពីព័ត៌មានដោះបន្ទុក ពីព្រោះតាមដែលខ្ញុំយល់ គឺថា ពេលដែលយើងធ្វើការស៊ើបអង្កេត យើងត្រូវមើលឲ្យដឹងឯកសារដាក់បន្ទុកនិងឯកសារដោះបន្ទុក។ អ៊ីចឹងយើងមានការគិតថា វាហាក់ដូចជាមិនផ្ដល់យុត្តិធម៌ទាំងស្រុង ឬក៏ការស៊ើបអង្កេតនេះ វាមិនបានបំពេញលក្ខណៈទាំងស្រុង ដើម្បីបំពេញដំណើរការយុត្តិធម៌មួយ ឲ្យមានលក្ខណៈមួយ ដែលឥតខ្ចោះនិងទទួលយកបាន។ ហើយជាទូទៅ យើងធ្វើការនេះជាមួយគ្រប់អង្គភាពទាំងអស់ ទាំងអង្គភាពការពារចុងចោទ ក៏ដូចជាដើមចោទ ក៏ដូចជាអង្គភាពស៊ើបអង្កេត។ ហើយនៅពេលដែលយើងកំពុងស្រាវជ្រាវ ស្របទៅនឹងករណីដែលតុលាការដែលកំពុងតែធ្វើ យើងរកឃើញថា ឯកសារដោះបន្ទុក នឹងត្រូវបានប្រើប្រាស់»។
លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង នៅថ្ងៃនេះ មិនទាន់អាចបកស្រាយចំណុចខាងលើនេះនៅឡើយទេ ដោយលោកជាប់ប្រជុំ។
ចំណែកឯ លោកស្រីព្រះរាជអាជ្ញា ជា លាង បានថ្លែងថា ៖ «អាហ្នឹងការស៊ើបអង្កេតទេ អាហ្នឹងចៅក្រមស៊ើបអង្កេតទេ គាត់មានសិទ្ធិរបស់គាត់ ក្នុងការស៊ើបអង្កេតហ្នឹង ដោះបន្ទុក ដាក់បន្ទុក ជារឿងរបស់គាត់។ ត្រង់គាត់សរសេរដាក់ៗ ខ្ញុំមិនអាចវាយតម្លៃថា អានេះត្រូវ អានោះខុសអីបានទេ អាហ្នឹងជាសិទ្ធិរបស់គាត់»។
នៅថ្ងៃនេះដែរ មិនទាន់មានការបញ្ជាក់ពីមន្ត្រីសាលាក្តីខ្មែរក្រហមថា ការបណ្តឹងឧទ្ធរណ៍លើដីកាបញ្ជូនរឿងនេះ នឹងត្រូវចំណាយពេលវេលាប៉ុណ្ណា ហើយនឹងអាចពន្យារសវនាការ ឌុច ដែលគេគ្រោងធ្វើនៅចុងឆ្នាំ២០០៨នេះ កម្រិតណានោះឡើយ៕
