អាជីវករ​ផ្សារ​​នៅ​ខណ្ឌ​ឫស្សីកែវ​តវ៉ា​ការ​ដំឡើង​ថ្លៃ​ឈ្នួល​តូប

អាជីវករ​ផ្សារ​ងិនអាន (ផ្សារ​ទំនប់) ទល់​មុខ​កាំកូ ស៊ីធី (Camko City) សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ប្រមាណ​២០០​នាក់ លើក​គ្នា​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ដើម្បី​ស្តាប់​ការ​សាកសួរ​ជុំវិញ​បណ្ដឹង​របស់​ពួក​គាត់ ដែល​ប្ដឹង​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ផ្អាក​ដីកា​រក្សា​ការពារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ដោយ វណ្ណ វិចារ
2012-08-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​អាជីវករ​មាន​កាន់​បដា​គ្រប់​ដៃ តវ៉ា សរសេរ​អក្សរ​ថា ទង្វើ​របស់​ឈ្មួញ​ដែល​កេង​ចំណេញ​លើ​ពួក​គាត់។

អាជីវករ​ម្នាក់​ឈ្មោះ នាង រ៉ា មាន​ប្រសាសន៍​ថា ក្រុម​អាជីវករ​នាំ​គ្នា​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍ មាន​បំណង​សុំ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់ ដោយ​ផ្អាក​ដីកា​រក្សា​ការពារ​លេខ​០២ "ត" ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដែល​មាន​ភាព​លំអៀង​ទៅ​ឈ្មួញ។ លោក​បន្ត​ថា អាជីវករ​មិន​ឲ្យ​ឈ្មួញ​អភិវឌ្ឍ ព្រោះ​ឈ្មួញ​មាន​គម្រោង​ខ្លី​ពេក គឺ​ធ្វើ​រយៈពេល​៣​ឆ្នាំ៖ «រឿង​ហ្នឹង រឿង​អាជីវករ​ទាំង​អស់​គ្នា កាល​ទៅ​ប្រជុំ​នៅ​ក្រុង អភិបាល​រង​ក្រុង​ប្រាប់​ថា មាន​តែ​ឈ្មួញ​ចរចា​ជាមួយ​អាជីវករ​ទេ»

លោក នាង រ៉ា បន្ត​ថា ឈ្មួញ​ឈ្មោះ អ៊ូ សេដ្ឋានូ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​សាលា​ដំបូង​សុំ​អភិវឌ្ឍ​ដី​នោះ ទើប​ពលរដ្ឋ​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍។

អាជីវករ​លក់​មាន់​នៅ​ផ្សារ​ទំនប់ លោក សោម អ៊ៀង មាន​ប្រសាសន៍​ថា តម្លៃ​តូប​ពី​មុន និង​តម្លៃ​ដែល​ថៅកែ អ៊ូ សេដ្ឋានូ ដាក់​ខុស​គ្នា​ឆ្ងាយ​ណាស់។ លោក​បន្ត​ថា ក្រុម​អាជីវករ​មិន​សុខ​ចិត្ត​ឡើយ ហើយ​ស្នើ​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់ ដោយ​ទាម​ទារ​ជួស​ជុល​តូប និង​អភិវឌ្ឍ​ផ្សារ​ដោយ​ខ្លួន​ឯង៖ «ពី​មុន​គាត់​យក​២ពាន់ មួយ​ឆ្នាំ យក​១០០​ដុល្លារ ប៉ុន្តែ​ដល់​ពេល​ឥឡូវ ឈ្មួញ​គេ​គ្រោង​យក​មួយ​តូប ចាប់​ពី​៦០០​ដុល្លារ ហើយ​បង់​តាម​ខែ​មួយ​ខែ ៣៥​ដុល្លារ​ទៀត ថ្លៃ​ណាស់ អាជីវករ​មិន​អាច​ទទួល​យក​បាន​ទេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក អ៊ូ សេដ្ឋានូ បាន​ទេ នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​ណា​ក្តី យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ផ្ញើ​មក​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឈ្មោះ អ៊ូ សេដ្ឋានូ មាន​ទំនាស់​ជាមួយ​អាជីវករ​ផ្សារ​ងិនអាន ដែល​មាន​កម្មវត្ថុ​ទំនាស់ គឺ​ប្ដឹង​សុំ​ដីកា​រក្សា​ការពារ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ញ៉ូវរ៉ាយ ខេមបូឌា (New Rich Cambodia) ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន ក្នុង​ការ​ជួស​ជុល​ប្រពន្ធ​លូ ផ្សា​ដំបូល​ធ្វើ​អំពី​ដែក និង​ធ្វើ​របង​ព័ទ្ធ​ផ្សារ​ទាំង​មូល ដើម្បី​អនាម័យ​សុខភាព និង​ការពារ​សន្តិសុខ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនប់ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ តាម​បណ្ដឹង​របស់​ឈ្មោះ អ៊ូ សេដ្ឋានូ។

អាជីវករ​ផ្សារ​ទំនប់ បញ្ជាក់​ថា សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​ពី​សេចក្តី​សម្រេច​លើ​សំណើ​របស់​អាជីវករ​សុំ​ផ្អាក​ការ​អនុវត្ត​ដីកា​រក្សា​ការពារ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២។

អាជីវករ​នៅ​ផ្សារ​ទំនប់ កាល​ពី​ដំបូង​បង់​ប្រាក់​ឲ្យ​ម្ចាស់​ដី​ផ្សារ​ទំនប់ ឈ្មោះ ងិន អាន មួយ​ថ្ងៃ ៥០០​រៀល រួម​ទាំង​១ឆ្នាំ ១០០​ដុល្លារ ដោយ​សង់​តូប​ខ្លួន​ឯង។ បន្ទាប់​មក លោក ងិន អាន លក់​ដី​ឲ្យ​ក្រុមហ៊ុន​កូរ៉េ ដោយ​ឈ្មួញ​ឈ្មោះ អ៊ូ សេដ្ឋានូ ជួល​បន្ត​ពី​ជនជាតិ​កូរ៉េ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ថៅកែ​ផ្សារ អ៊ូ សេដ្ឋានូ មាន​គម្រោង​ជួសជុល​ផ្សារ ហើយ​និង​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់ ធ្វើ​ឲ្យ​អាជីវករ​តវ៉ា ហើយ​ថៅកែ​នោះ​ក៏​ដាក់​ពាក្យ​ប្ដឹង​ឡើង​តុលាការ​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល