អ្នកស្រី គឹមពៅ សូមលើកយកនូវមតិនានាជុំវិញព្រះរាជសកម្មភាពរបស់ព្រះអង្គ ដែលបានដឹកនាំកន្លងមកនេះ និងក្តីរំពឹងទុករបស់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃអនាគតបន្តទៀត។
ប្រជារាស្ត្រខ្មែរស្រុកស្រែចម្ការ មន្ត្រីរាជការ និងជាពិសេសរាស្ត្រដែលទទួលរងគ្រោះដោយសារវិបត្តិអ្វីមួយ នៅពេលដែលទ័លច្រកដោះស្រាយមិនចេញ តែងតែជ្រើសរើសជម្រើសចុងក្រោយរបស់ខ្លួន គឺនាំគ្នាយកញត្តិមកថ្វាយព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីសុំឲ្យព្រះអង្គជួយដោះស្រាយ។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងមក គេឃើញប្រាកដណាស់ថា ព្រះអង្គបានយកព្រះទ័យទុកដាក់ច្រើននៅក្នុងរឿងមនុស្សធម៌ ដូចជាចែកអំណោយដល់រាស្ត្រក្រីក្រជាដើម។
ប្រធានសិទ្ធិមនុស្សរូបនេះ ដែលមិនបកស្រាយច្រើនទេចំពោះកាតព្វកិច្ចរបស់ព្រះមហាក្សត្រ បានបន្តទៀតថា រដ្ឋធម្មនុញ្ញបានចែងឲ្យព្រះអង្គសោយរាជ្យតែមិនកាន់អំណាច ដូច្នេះអ្វីដែលព្រះអង្គបានបំពេញកន្លងមកគឺប្រសើរ។
លោកស្រី ពុង ឈីវកេក មានប្រសាសន៍ដូច្នេះ ៖ «យើងសោកស្ដាយ ដោយសារនៅក្នុងរដ្ឋធម្មនុញ្ញ គេដាក់សរសេរច្បាស់ថា លោកអត់កាន់កាប់ការងារខាងនយោបាយទេ អ៊ីចឹងយើងឃើញថា លោកធ្វើកាតព្វកិច្ចរបស់លោកតាមរដ្ឋធម្មនុញ្ញឲ្យបានច្រើន»។
នៅពេលដែលលើកអំពីរដ្ឋធម្មនុញ្ញដែលចែងថា ព្រះមហាក្សត្រសោយរាជ្យតែមិនកាន់អំណាច អ្នកនយោយបាយជាន់ខ្ពស់នៃគណបក្សប្រឆាំងសមរង្ស៊ី លោក សុន ឆ័យ បានបញ្ជាក់ថា ព្រះបរមនាថ នរោត្ដម សីហមុនី មិនមានសកម្មភាពច្រើននៅក្នុងនយោបាយទេ។
លោកតំណាងរាស្ត្រ សុន ឆ័យ បន្ថែមថា ព្រះអង្គខិតខំក្នុងការជួយប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាក ដូចជាបញ្ហារំលោភដីធ្លី បញ្ហារំលោភសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀត ប៉ុន្តែអ្វីដែលលំបាកនោះ គឺព្រះករុណានៅតែត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាល។
លោក សុន ឆ័យ ដែលបន្ទោសខ្លាំងទៅលើរដ្ឋាភិបាល ដែលមិនព្រមផ្តល់អំណាចទៅដល់ព្រះអង្គក្នុងការគ្រប់គ្រងស្ថាប័នធំៗចំនួនពីរអស់ជាច្រើនឆ្នាំមក គឺដូចជាស្ថាប័នកងទ័ព ដែលត្រូវរក្សាអព្យាក្រឹតភាព និងអំណាចទៅលើស្ថាប័នតុលាការ កំពុងតែនាំការលំបាកដល់ព្រះករុណា។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ ដែលបានថ្លែងអំណរគុណទៅដល់ព្រះអង្គ ដែលបានប្រថាប់នៅក្នុងប្រទេសជាប្រចាំ នាំភាពកក់ក្តៅដល់រាស្ត្រ បានរំពឹងបន្តទៀតដូច្នេះ ៖ «ទោះបីជាយ៉ាងណា យើងសរុបមក៥ឆ្នាំនេះ ហាក់ដូចជាព្រះរាជសកម្មភាពរបស់ព្រះអង្គបណ្ដើរៗទៅមុខទៀតហ្នឹង គឺថា ព្រះអង្គនឹងទទួលបាននូវបុព្វសិទ្ធិដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងឲ្យបានច្រើន ដើម្បីលោកអាចបម្រើកូនចៅរបស់ព្រះអង្គតទៅ»។
ជាមួយគ្នានេះដែ មេដឹកនាំគណបក្សសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា ដែលមានទស្សនៈស្រដៀងគ្នានឹងលោក សុន ឆ័យ បានទទូចថា រដ្ឋាភិបាលខ្មែរគួរតែធ្វើយ៉ាងដូច្នេះ ៖ «រដ្ឋធម្មនុញ្ញអត់មានថា អត់ឲ្យព្រះអង្គលូកលាន់នយោបាយទេ គ្រាន់តែព្រះអង្គមិនកាន់អំណាច អ៊ីចឹងហើយអំណាចដែលធ្វើសព្វថ្ងៃនៅលើរដ្ឋាភិបាល អ៊ីចឹងទាំងរដ្ឋាភិបាល ទាំងរដ្ឋសភា តុលាការ ដែលគេទទួលអំណាចពីប្រជាពលរដ្ឋហ្នឹង ត្រូវធ្វើយ៉ាងម៉េចបង្កលក្ខណៈឲ្យព្រះមហាក្សត្រអាចធានាបាននូវអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចធានាការគោរពសិទ្ធិមនុស្ស ធានាយុត្តិធម៌ ធានាអធិបតេយភាព បូរណភាពទឹកដីអីហ្នឹង បើយើងកាក់ទុកត្រឹមខ្លួនឯង លោកអនុវត្តរដ្ឋធម្មនុញ្ញហ្នឹងម៉េចនឹងបាន។ ឧទាហរណ៍ ដូចអំណាចលើកលែងទោសដែលអ្នកកាសែត អ្នកសិទ្ធិមនុស្សអីគេចាប់ចង ចាប់ប្រជារាស្រ្ដដោយអយុត្តិធម៌អី ទាល់តែរដ្ឋាភិបាលស្នើមកបានលោកធ្វើបាន អ៊ីចឹងខ្ញុំសូមថា ស្អីដែលព្រះមហាក្សត្រលោកចង់ធ្វើហ្នឹង សូមឲ្យរដ្ឋាភិបាលកុំរារែក កុំរារាំងលោក ប្រគល់ឲ្យលោកធ្វើផ្ទាល់តែម្ដង»។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល និងមន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីជាដើម ដែលវិទ្យុអាស៊ីសេរីមិនអាចទាក់ទង សម្រាប់ការបំភ្លឺបន្ថែមអំពីបញ្ហា ដែលគេចោទថា រដ្ឋាភិបាលមិនព្រមផ្តល់អំណាចឲ្យព្រះមហាក្សត្រនៅថ្ងៃដដែលនេះបានទេ។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន មិនអត្ថាធិប្បាយអំពីព្រះរាជកិច្ចរបស់ព្រះបរមនាថ ទាក់ទងនឹងនយោបាយទេ ប៉ុន្តែអ្នកច្បាប់រូបនេះចាប់អារម្មណ៍ខ្លាំងអំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ នៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោក សុក សំអឿន បានថ្លែងថា ព្រះអង្គបានចូលរួមយ៉ាងខ្លាំងក្នុងការកែទម្រង់ បើទោះបីជាការកែទម្រង់នោះយឺតយ៉ាវយ៉ាងណាក្តី។
លោកសង្ឃឹមបន្តទៀត នៅពេលខាងមុខនេះ ៖ «សំណូមពរព្រះអង្គ សូមព្រះអង្គជួយយកចិត្តទុកដាក់ថែមទៀតដល់ការធ្វើឲ្យក្រុមប្រឹក្សាអង្គចៅក្រមដំណើរការ ហើយសង្ឃឹមថា ឧត្ដមក្រុមប្រឹក្សាចៅក្រមនឹងមានការកែទម្រង់ច្បាប់ និងបង្កើតឲ្យមានអគ្គលេខាធិការដ្ឋានមួយ ដែលអាចធ្វើឲ្យឧត្ដមក្រុមប្រឹក្សាចៅក្រមដំណើរការបានរលូន ហ្នឹងទី១។ ទី២ រដ្ឋធម្មនុញ្ញ គឺថា ប្រទេសកម្ពុជាត្រូវមានឧត្ដមក្រុមប្រឹក្សាមួយទៀតហៅថា ក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រលោកជាប្រធានដែរ ដូច្នេះខ្ញុំគិតថា កម្ពុជាទៅថ្ងៃមុខនឹងត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញ ហើយឧត្ដមក្រុមប្រឹក្សាការពារជាតិនេះនឹងបង្កើតឡើង ហើយពេលនោះព្រះអង្គនឹងរឹតមានការសកម្មក្នុងការជួយឲ្យកងទ័ពនៃព្រះរាជាណាចក្រកម្ពុជាហ្នឹង កាន់តែមានសក្ដានុពលថែមទៀត»។
មេដឹកនាំសហគមន៍ខ្មែរក្រោម លោក ថាច់ សេដ្ឋា វិញ បញ្ជាក់ថា ព្រះបរមនាថ បានជួយប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនករណី។ លោកសង្ឃឹមថា ព្រះអង្គនឹងមានឱកាសសម្រាប់ការសួរសុខទុក្ខពលរដ្ឋខ្មែរក្រោមបន្ថែមទៀត។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ដូច្នេះ ៖ «តទៅមុខទៀត យើងខ្ញុំសំណូមពរឲ្យបានព្រះអង្គបំពេញតួនាទីនេះថែមទៀត ជាពិសេសអាចទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់បងប្អូនប្រជារាស្រ្ដខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមផងដែរ»។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ព្រះអង្គដែលធ្លាប់ទទួលបានការសិក្សាជ្រៅជ្រះផ្នែករបាំបាឡេ ហើយក្រោយមកទៀតព្រះអង្គធ្លាប់បានទទួលព្រះរាជកិច្ចជាឯកអគ្គរាជទូតខ្មែរប្រចាំអង្គការយូណេស្កូ ក៏ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងកាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០០៤ កន្លងទៅ សម្រាប់គ្រងរាជបល្ល័ង្ក ក្រោយពីព្រះបិតាព្រះអង្គ គឺអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ បានប្រកាសដាក់រាជ្យដោយសារបញ្ហាសុខភាព៕
