ទស្សនៈ​ពលរដ្ឋ​ជុំវិញ​ការដឹកនាំ​របស់​រដ្ឋាភិបាល

2009-07-02

ពលរដ្ឋ​ខ្មែរ​មួយចំនួន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

AFP Photo

ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម (កណ្ដាល) ប្រធាន​រដ្ឋសភា លោក ហេង សំរិន (ឆ្វេង) និង នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន (ស្ដាំ) លើក​ដៃ​គ្រវី​ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យ​ពូជ​សាសន៍ នា​ថ្ងៃ​ទី​៧ មករា ២០០៩ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្រុង​ភ្នំពេញ។

ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៨ កំណើត​បក្ស​របស់​ខ្លួន កាលពី​ចុង​ខែ​មិថុនា​ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ការកាន់​អំណាច​របស់​គណបក្ស​រយៈពេល​ជិត​៣០​ឆ្នាំ​កន្លង​មក​នេះ ភាព​ក្រីក្រ​នៅ​ក្នុង​កម្ពុជា​បាន​ថយ​ចុះ​មក​ពី​៤៧%​ក្នុង​ឆ្នាំ​១៩៩៤ មក​ដល់​ឆ្នាំ​២០០៧​នៅ​សល់​៣០%។

ហើយ​ខ្មែរ​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​ក្តី នៅ​ក្នុង​ប្រទេស​ក្តី តែងតែ​ចាប់​អារម្មណ៍​តាម​បែប​ផ្សេងៗ​គ្នា​ក្រោយ​ពី​បាន​ឃើញ​កំណើន​ផ្ទះ​សម្បែង​ភូមិ​គ្រឹះ​ល្អៗ ផ្ទះ​ល្វែង​កើន​ឡើង​នៅ​ក្នុង​រាជធានី ខេត្ត និង​តាម​ទី​ប្រជុំ​ជន​នានា​នៅ​កម្ពុជា។

ចំពោះ​បញ្ហា​ជីវភាព​ខ្មែរ លោក អ៊ូ សា នៅ​ក្រុង​ឡងប៊ីច រដ្ឋ​កាលីហ្វ័រនៀ ដែល​បាន​ឃើញ​ស្រុក​ខ្មែរ​ជាង​១០​ដង​ហើយ​នោះ​មាន​ប្រសាសន៍​ថា ៖ «ឃើញ​ថា បើ​ប្រៀបធៀប​ពី​របប​ខ្មែរ​ក្រហម​មក​ឥឡូវ គឺ​ឥឡូវ​ហ្នឹង​គេ​មាន​សន្ទុះ​គ្រាន់បើ​ជាង​ខ្មែរ​ក្រហម ព្រោះ​ខ្មែរ​ក្រហម​យើង​ញ៉ាំ​បបរ សឹងតែ​អត់​បបរ​ញ៉ាំ​ផង ញ៉ាំ​កន្ទក់ ប៉ុន្តែ​ដល់​ឥឡូវ​នេះ ប្រជាជន​ស្រុក​ខ្មែរ​ឃើញ​តែ​អស់​ដី យូរៗ​គ្នា​អស់​ដី​នៅ ខ្លះ​អត់​ដី​នៅ អត់​ដី​ធ្វើ​ស្រែ។ ដល់​ធ្វើ​ស្រែ​បាន​ផល​ហើយ​យក​ទៅ​លក់​នៅ​ឯ​ណា​បាន​ទេ កាលពី​មុន​ចាប់​ធ្វើ​ផល​គេ​លក់​ជី​លក់​អី​ចេះតែ​ថា​មាន​តម្លៃ​អ៊ីចេះ​មាន​តម្លៃ​អ៊ីចុះ ដល់​ធ្វើ​បាន ដូច​ពោត ដំឡូង​មី​អី​ហ្នឹង រក​កន្លែង​លក់​អត់​បាន ដល់​អ៊ីចឹង​ប្រជាជន​កាន់តែ​ក្រ​ទៅៗ យូរៗ​គេ​អូស​ដី​អូស​អី​អត់​អី​ឲ្យ​គេ។ ខ្ញុំ​មើល​ស្ថានការណ៍​បច្ចុប្បន្ន គឺ​ថា​ឃើញ​អត់​មាន​សន្ទុះ​អី​ប្រជាជន​មាន​បាន​ហូបចុក​បុក​ទំពា​អី​ស្រួលបួល​ទេ ចំណែក​នរណា​គេ​មាន មាន​ទៅ នរណា​គេ​ក្រ ក្រ​ផុត​លេខ អ្នក​មាន មាន​ផុត​លេខ»

ទន្ទឹម​នឹង​នេះ​ដែរ លោក សា អែម នៅ​ខេត្ត​អាល់ប៊ែរតា ប្រទេស​កាណាដា បាន​ចាប់​អារម្មណ៍​ថា ក្នុង​ប្រទេស​ខ្មែរ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​នៅ​មាន​គម្លាត​គ្នា​ច្រើន​រវាង​អ្នក​មាន​និង​អ្នក​ក្រ។

លោក សា អែម បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​និយាយ​ពី​មក​ដល់​ទល់​នឹង​ឆ្នាំ​២០០៥​ទេ។ ខ្ញុំ​មើល​ឃើញ​ថា បើ​យើង​ក្រឡេក​មើល​ទៅ​ខាង​ក្រៅ ឃើញ​ថា​គួរសម ព្រោះ​ថា​ប្រជាជន​ឥឡូវ​មាន​ការស្លៀក​ពាក់​គួរសម​ជាង​មុន ហូប​ចុក​ក៏​គួរសម​ជាង​មុន យាន្ត​ជំនិះ ការរស់នៅ​គួរសម​ជាង​មុន។ ប៉ុន្តែ​ដល់​ចុះ​ផ្ទាល់​ទៅ ដល់​ទៅ​បង​ប្អូន​យើង​តែម្ដង​បាន​យើង​ដឹង​ថា អូ! នៅ​ខ្វះ​ច្រើន គម្លាត​ហ្នឹង​នៅ​ឆ្ងាយ​ហួស​ពេក ព្រោះ​ដូច​ថា​ម្សិលមិញ​យើង​នៅ​ផ្សារ ថ្ងៃ​នេះ​មក​ដល់​ជនបទ យើង​ឃើញ​ច្បាស់លាស់​ថា គម្លាត​គ្នា​រវាង​អ្នក​ក្រីក្រ​និង​អ្នក​មាន​ហ្នឹង​ខុស​គ្នា​ឆ្ងាយ​ណាស់ ហ្នឹង​ខ្ញុំ​មិន​ទាន់​និយាយ​ដល់​អំពី​ដូច​ថា​អ្នក​មាន​បុណ្យ​ស័ក្ដិ​ឬ​អ្នក​មាន​ប្រាក់​ខែ​ខ្ពស់​អី​ផង»

ក្នុង​រយៈពេល​៣​ដង​ដែល​លោក​ឃើញ​ស្រុក​ខ្មែរ លោក សា អែម មាន​ប្រសាសន៍​ថា មិន​ឃើញ​មាន​ការផ្លាស់ប្តូរ​អ្វី​ច្រើន​ដែរ​ទេ តែ​លោក​ចាប់​អារម្មណ៍​ដល់​បញ្ហា​អនាម័យ​និង​សន្តិសុខ។

លោក សា អែម បាន​មាន​ប្រសាសន៍​ថា ៖ «ឆ្នាំ​៩៨ មក​ដល់ ២០០៥ នេះ ខ្ញុំ​ទៅ​៣​ដង ដូច​អត់​មាន​ឃើញ​អី​ផ្លាស់​ប្ដូរ​ច្រើន​ផង ដូច​នៅ​ដដែល។ បើ​និយាយ​ក្នុង​នាម​ជា​ទេសចរ​វិញ ខ្ញុំ​ទៅ​ហ្នឹង​គឺ​ខ្ញុំ​បាន​ដើរ​ទៅ​តាម​រមណីយដ្ឋាន​ច្រើន ឃើញ​ថា​ភាគ​ច្រើន​មិន​សូវ​មាន​អនាម័យ​ទេ ទាំង​ពី​កន្លែង​អាហារដ្ឋាន រមណីយដ្ឋាន និង​ផ្លូវ​តាម​ទីក្រុង តាម​ជនបទ​ក្ដី គឺ​អនាម័យ​ខ្វះ​ច្រើន​ណាស់ ជា​ពិសេស​ខាង​អាហារដ្ឋាន​តែម្ដង។ ហើយ​បើ​និយាយ​ពី​បញ្ហា​សន្តិសុខ​វិញ ពេល​ខ្លះ​យើង​ត្រូវការ​ដើរ​លំហែ​កាយ​នៅ​កន្លែង​ស្ងាត់ ឬ​ពេល​យប់ ឬ​តាម​សួនច្បារ តាម​ដង​ផ្លូវ​ណា​មួយ​ដែល​យើង​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ដើម្បី​លំហែ​អារម្មណ៍​អី​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា មិន​សូវ​មាន​សន្តិសុខ ខ្ញុំ​ឃើញ​មាន​រញ៉េ​រញ៉ៃ​ច្រើន​ដែរ អ្នក​គ្រឿង​ញៀន រកស៊ី​ផ្លូវ​ភេទ​ក្ដី ខ្ញុំ​ឃើញ​ដូច​ជា​មិន​សូវ​ល្អ​ដែរ»

លោក ផ្លង់ សាអ៊ុល ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ខ្មែរ​សរុប​ទូទាំង​ប្រទេស​ចំនួន​១៣​លាន​៦​សែន​នាក់ ហើយ​ដែល​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​នា​បច្ចុប្បន្ន ហើយ​ក៏​ធ្លាប់​បាន​រស់នៅ​ខេត្ត​នោះ​កាល​ក្នុង​សម័យ​សង្គម​ចាស់​ផង បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ខ្មែរ​មាន​ការរីក​ចម្រើន​លើ​ច្រើន​វិស័យ នៅ​ទូទាំង​ប្រទេស ជា​ពិសេស​គមនាគមន៍ ហើយ​គមនាគមន៍​នៅ​ក្នុង​ខេត្ត​ដែល​លោក​រស់នៅ​នោះ គឺ​បាន​ជួយ​ច្រើន​ណាស់​ដល់​ជីវភាព​ប្រជាពលរដ្ឋ។

លោក ផ្លង់ សាអ៊ុល បាន​បញ្ជាក់​ថា ៖ «រីក​ចម្រើន​គ្រប់​វិស័យ គ្រប់​កន្លែង​ដែរ ពិសេស​ផ្លូវ​ថ្នល់ បើ​ប្រៀបធៀប​ខុស​គ្នា​ឆ្ងាយ ព្រោះ​ឥឡូវ​ទៅ​ខេត្ត​មណ្ឌលគិរី​ហ្នឹង គេ​ចាក់​កៅស៊ូ​ជិត​ហើយ​ទៀត​ហើយ​ហ្នឹង មិន​សូវ​រអ៊ូ​រទាំ​ទេ បើ​ថា​អត់​ផ្លូវ​រអ៊ូ​ណាស់។ ពី​មណ្ឌលគិរី​មក​ភ្នំពេញ​ដេក​ផ្លូវ ៣​យប់​ខែ​វស្សា ជួនកាល​មួយ​អាទិត្យ​អី​ឯ​ណោះ ឥឡូវ​ធ្វើ​ដំណើរ​តែ​៦​-​៧​ម៉ោង​ដល់ លឿន​ជាង​មុន។ ...ផ្ទះ​សម្បែង​ក៏​ច្រើន ធំៗ ស្អាតៗ ហើយ​ឥឡូវ​ហ្នឹង​ប្លែក តាម​ផ្លូវ​មួយៗ​សឹង​តែ​ផ្ទះ​ជាប់​គ្នា​រហូត​ច្រើន​ណាស់ មិន​ជា​ក្រ​ប៉ុន្មាន​ទេ​តាម​ខ្ញុំ​មើល ព្រោះ​ថា​ការរីក​ចម្រើន​ហ្នឹង​ក៏​វា​ជួយ​ជីវភាព​អ្នក​ក្រីក្រ​ពី​មុន ក៏​ជា​ផ្នែក​ប្រសើរ​ដែរ។ សំខាន់​ផ្លូវ បើ​មាន​ផ្លូវ​គ្នា​ធ្វើ​ដំណាំ​ដាំ​ដុះ​អី​បាន​ផល​អី​មក គេ​ដឹក​យក​មក​លក់​នៅ​ទីផ្សារ​អី ស្រួល​មែនទែន ព្រោះ​កន្លង​ទៅ​អត់​មាន​ផ្លូវ​គ្នា​ដាំ​បាន​មិន​ដឹង​ដឹក​យក​ទៅ​ណា»

ចំពោះ​វិស័យ​យុត្តិធម៌​វិញ លោក អ៊ូ សា បាន​មើល​ឃើញ​ថា ៖ «បើ​យុត្តិធម៌​ខ្ញុំ​ថា​អត់​សោះ​ហើយ បើ​និយាយ​ពី​តំណាង​រាស្រ្ដ​វិញ ខ្ញុំ​មើល... គេ​ថា បើ​ដក​អភ័យ​ឯកសិទ្ធិ តែ​បទ​ឧក្រិដ្ឋ​ដែល​ទាន់​ជាក់ស្ដែង ចុះ​នេះ​បទ​រដ្ឋប្បវេណី​រឿង​អី ដក​អភ័យ​ឯកសិទ្ធិ​ដែរ។ ដូច​រឿង​ព្រហ្មទណ្ឌ ព្រហ្មទណ្ឌ​ថ្នាក់​ស្រាល​ក៏​ដក​អភ័យ​ឯកសិទ្ធិ​ដែរ សិទ្ធិ​តំណាង​រាស្រ្ដ យើង​ដក​អភ័យ​ឯកសិទ្ធិ​ឃើញ​ថា​ខុស​គ្នា​ឆ្ងាយ​ណាស់​មិន​មែន​យុត្តិធម៌​ទេ»

ហើយ​លោក សាអ៊ុល ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា នៅ​ខេត្ត​មណ្ឌលគិរី ផ្នែក​អប់រំ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​នៅ​ឡើយ​ដែរ ៖ «ខ្ញុំ​សង្កេត​ឃើញ​ថា វិស័យ​អប់រំ មាន​សាលា មាន​គ្រូ​មែន ប៉ុន្តែ​ការ​ដែល​យើង​ធ្វើ​វា​អត់​ទាន់​បាន​ល្អ វិស័យ​ហ្នឹង​មួយ​ដែល​មិន​ទាន់​រឹងប៉ឹង តែ​សាលា​មាន​គ្រប់​ភូមិ គ្រប់​ឃុំ​ហើយ គ្រូ​ក៏​មាន​ដែរ ប៉ុន្តែ​បង្រៀន​មិន​ទាន់​ដិត​ដល់»

ទោះ​ជា​យ៉ាង​ណា​ក្តី លោក ប៉ែន សុវណ្ណ អតីត​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍ កាល​ក្នុង​ដើម​ទសវត្សរ៍​១៩៨០ បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា មាន​អំពើ​ពុក​រលួយ​ច្រើន​នៅ​ក្នុង​ការដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ប៉ែន សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ចង់​និយាយ​ដល់​កន្លែង​ហ្នឹង ដូច​ថា​យក​ដី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ទៅ​ឲ្យ​អ្នក​មាន​អំណាច អ្នក​មាន​លុយ ហើយ​លុយ​ដែល​យក​ពី​កសិករ យក​ពី​លក់​ដី​ហ្នឹង យក​ទៅ​ណា? ហ្នឹង​វា​បាត់បង់​ច្រើន ថវិកា​ជាតិ អំពើ​ពុក​រលួយ​រ៉ាំរ៉ៃ តាំង​ពី​កំពូល​រហូត​ដល់​មូលដ្ឋាន នេះ​ខ្ញុំ​ឃើញ​ថា ចំណុច​ដឹកនាំ​សេដ្ឋកិច្ច​មិន​អាច​អភិវឌ្ឍ​ទៅ​មុខ​បាន​ទេ»

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង