ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៨ កំណើតបក្សរបស់ខ្លួន កាលពីចុងខែមិថុនាថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការកាន់អំណាចរបស់គណបក្សរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ ភាពក្រីក្រនៅក្នុងកម្ពុជាបានថយចុះមកពី៤៧%ក្នុងឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០០៧នៅសល់៣០%។
ហើយខ្មែរជាច្រើននៅក្រៅប្រទេសក្តី នៅក្នុងប្រទេសក្តី តែងតែចាប់អារម្មណ៍តាមបែបផ្សេងៗគ្នាក្រោយពីបានឃើញកំណើនផ្ទះសម្បែងភូមិគ្រឹះល្អៗ ផ្ទះល្វែងកើនឡើងនៅក្នុងរាជធានី ខេត្ត និងតាមទីប្រជុំជននានានៅកម្ពុជា។
ចំពោះបញ្ហាជីវភាពខ្មែរ លោក អ៊ូ សា នៅក្រុងឡងប៊ីច រដ្ឋកាលីហ្វ័រនៀ ដែលបានឃើញស្រុកខ្មែរជាង១០ដងហើយនោះមានប្រសាសន៍ថា ៖ «ឃើញថា បើប្រៀបធៀបពីរបបខ្មែរក្រហមមកឥឡូវ គឺឥឡូវហ្នឹងគេមានសន្ទុះគ្រាន់បើជាងខ្មែរក្រហម ព្រោះខ្មែរក្រហមយើងញ៉ាំបបរ សឹងតែអត់បបរញ៉ាំផង ញ៉ាំកន្ទក់ ប៉ុន្តែដល់ឥឡូវនេះ ប្រជាជនស្រុកខ្មែរឃើញតែអស់ដី យូរៗគ្នាអស់ដីនៅ ខ្លះអត់ដីនៅ អត់ដីធ្វើស្រែ។ ដល់ធ្វើស្រែបានផលហើយយកទៅលក់នៅឯណាបានទេ កាលពីមុនចាប់ធ្វើផលគេលក់ជីលក់អីចេះតែថាមានតម្លៃអ៊ីចេះមានតម្លៃអ៊ីចុះ ដល់ធ្វើបាន ដូចពោត ដំឡូងមីអីហ្នឹង រកកន្លែងលក់អត់បាន ដល់អ៊ីចឹងប្រជាជនកាន់តែក្រទៅៗ យូរៗគេអូសដីអូសអីអត់អីឲ្យគេ។ ខ្ញុំមើលស្ថានការណ៍បច្ចុប្បន្ន គឺថាឃើញអត់មានសន្ទុះអីប្រជាជនមានបានហូបចុកបុកទំពាអីស្រួលបួលទេ ចំណែកនរណាគេមាន មានទៅ នរណាគេក្រ ក្រផុតលេខ អ្នកមាន មានផុតលេខ»។
ទន្ទឹមនឹងនេះដែរ លោក សា អែម នៅខេត្តអាល់ប៊ែរតា ប្រទេសកាណាដា បានចាប់អារម្មណ៍ថា ក្នុងប្រទេសខ្មែរក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលចេញពីគណបក្សប្រជាជនកម្ពុជានោះ គឺនៅមានគម្លាតគ្នាច្រើនរវាងអ្នកមាននិងអ្នកក្រ។
លោក សា អែម បានឲ្យដឹងថា ៖ «ខ្ញុំនិយាយពីមកដល់ទល់នឹងឆ្នាំ២០០៥ទេ។ ខ្ញុំមើលឃើញថា បើយើងក្រឡេកមើលទៅខាងក្រៅ ឃើញថាគួរសម ព្រោះថាប្រជាជនឥឡូវមានការស្លៀកពាក់គួរសមជាងមុន ហូបចុកក៏គួរសមជាងមុន យាន្តជំនិះ ការរស់នៅគួរសមជាងមុន។ ប៉ុន្តែដល់ចុះផ្ទាល់ទៅ ដល់ទៅបងប្អូនយើងតែម្ដងបានយើងដឹងថា អូ! នៅខ្វះច្រើន គម្លាតហ្នឹងនៅឆ្ងាយហួសពេក ព្រោះដូចថាម្សិលមិញយើងនៅផ្សារ ថ្ងៃនេះមកដល់ជនបទ យើងឃើញច្បាស់លាស់ថា គម្លាតគ្នារវាងអ្នកក្រីក្រនិងអ្នកមានហ្នឹងខុសគ្នាឆ្ងាយណាស់ ហ្នឹងខ្ញុំមិនទាន់និយាយដល់អំពីដូចថាអ្នកមានបុណ្យស័ក្ដិឬអ្នកមានប្រាក់ខែខ្ពស់អីផង»។
ក្នុងរយៈពេល៣ដងដែលលោកឃើញស្រុកខ្មែរ លោក សា អែម មានប្រសាសន៍ថា មិនឃើញមានការផ្លាស់ប្តូរអ្វីច្រើនដែរទេ តែលោកចាប់អារម្មណ៍ដល់បញ្ហាអនាម័យនិងសន្តិសុខ។
លោក សា អែម បានមានប្រសាសន៍ថា ៖ «ឆ្នាំ៩៨ មកដល់ ២០០៥ នេះ ខ្ញុំទៅ៣ដង ដូចអត់មានឃើញអីផ្លាស់ប្ដូរច្រើនផង ដូចនៅដដែល។ បើនិយាយក្នុងនាមជាទេសចរវិញ ខ្ញុំទៅហ្នឹងគឺខ្ញុំបានដើរទៅតាមរមណីយដ្ឋានច្រើន ឃើញថាភាគច្រើនមិនសូវមានអនាម័យទេ ទាំងពីកន្លែងអាហារដ្ឋាន រមណីយដ្ឋាន និងផ្លូវតាមទីក្រុង តាមជនបទក្ដី គឺអនាម័យខ្វះច្រើនណាស់ ជាពិសេសខាងអាហារដ្ឋានតែម្ដង។ ហើយបើនិយាយពីបញ្ហាសន្តិសុខវិញ ពេលខ្លះយើងត្រូវការដើរលំហែកាយនៅកន្លែងស្ងាត់ ឬពេលយប់ ឬតាមសួនច្បារ តាមដងផ្លូវណាមួយដែលយើងត្រូវការភាពស្ងប់ស្ងាត់ដើម្បីលំហែអារម្មណ៍អីហ្នឹង ខ្ញុំមានអារម្មណ៍ថា មិនសូវមានសន្តិសុខ ខ្ញុំឃើញមានរញ៉េរញ៉ៃច្រើនដែរ អ្នកគ្រឿងញៀន រកស៊ីផ្លូវភេទក្ដី ខ្ញុំឃើញដូចជាមិនសូវល្អដែរ»។
លោក ផ្លង់ សាអ៊ុល ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមខ្មែរសរុបទូទាំងប្រទេសចំនួន១៣លាន៦សែននាក់ ហើយដែលរស់នៅក្នុងខេត្តមណ្ឌលគិរីនាបច្ចុប្បន្ន ហើយក៏ធ្លាប់បានរស់នៅខេត្តនោះកាលក្នុងសម័យសង្គមចាស់ផង បានឲ្យដឹងថា នៅស្រុកខ្មែរមានការរីកចម្រើនលើច្រើនវិស័យ នៅទូទាំងប្រទេស ជាពិសេសគមនាគមន៍ ហើយគមនាគមន៍នៅក្នុងខេត្តដែលលោករស់នៅនោះ គឺបានជួយច្រើនណាស់ដល់ជីវភាពប្រជាពលរដ្ឋ។
លោក ផ្លង់ សាអ៊ុល បានបញ្ជាក់ថា ៖ «រីកចម្រើនគ្រប់វិស័យ គ្រប់កន្លែងដែរ ពិសេសផ្លូវថ្នល់ បើប្រៀបធៀបខុសគ្នាឆ្ងាយ ព្រោះឥឡូវទៅខេត្តមណ្ឌលគិរីហ្នឹង គេចាក់កៅស៊ូជិតហើយទៀតហើយហ្នឹង មិនសូវរអ៊ូរទាំទេ បើថាអត់ផ្លូវរអ៊ូណាស់។ ពីមណ្ឌលគិរីមកភ្នំពេញដេកផ្លូវ ៣យប់ខែវស្សា ជួនកាលមួយអាទិត្យអីឯណោះ ឥឡូវធ្វើដំណើរតែ៦-៧ម៉ោងដល់ លឿនជាងមុន។ ...ផ្ទះសម្បែងក៏ច្រើន ធំៗ ស្អាតៗ ហើយឥឡូវហ្នឹងប្លែក តាមផ្លូវមួយៗសឹងតែផ្ទះជាប់គ្នារហូតច្រើនណាស់ មិនជាក្រប៉ុន្មានទេតាមខ្ញុំមើល ព្រោះថាការរីកចម្រើនហ្នឹងក៏វាជួយជីវភាពអ្នកក្រីក្រពីមុន ក៏ជាផ្នែកប្រសើរដែរ។ សំខាន់ផ្លូវ បើមានផ្លូវគ្នាធ្វើដំណាំដាំដុះអីបានផលអីមក គេដឹកយកមកលក់នៅទីផ្សារអី ស្រួលមែនទែន ព្រោះកន្លងទៅអត់មានផ្លូវគ្នាដាំបានមិនដឹងដឹកយកទៅណា»។
ចំពោះវិស័យយុត្តិធម៌វិញ លោក អ៊ូ សា បានមើលឃើញថា ៖ «បើយុត្តិធម៌ខ្ញុំថាអត់សោះហើយ បើនិយាយពីតំណាងរាស្រ្ដវិញ ខ្ញុំមើល... គេថា បើដកអភ័យឯកសិទ្ធិ តែបទឧក្រិដ្ឋដែលទាន់ជាក់ស្ដែង ចុះនេះបទរដ្ឋប្បវេណីរឿងអី ដកអភ័យឯកសិទ្ធិដែរ។ ដូចរឿងព្រហ្មទណ្ឌ ព្រហ្មទណ្ឌថ្នាក់ស្រាលក៏ដកអភ័យឯកសិទ្ធិដែរ សិទ្ធិតំណាងរាស្រ្ដ យើងដកអភ័យឯកសិទ្ធិឃើញថាខុសគ្នាឆ្ងាយណាស់មិនមែនយុត្តិធម៌ទេ»។
ហើយលោក សាអ៊ុល ក៏បានឲ្យដឹងទៀតដែរថា នៅខេត្តមណ្ឌលគិរី ផ្នែកអប់រំក៏នៅមានចំណុចខ្វះខាតនៅឡើយដែរ ៖ «ខ្ញុំសង្កេតឃើញថា វិស័យអប់រំ មានសាលា មានគ្រូមែន ប៉ុន្តែការដែលយើងធ្វើវាអត់ទាន់បានល្អ វិស័យហ្នឹងមួយដែលមិនទាន់រឹងប៉ឹង តែសាលាមានគ្រប់ភូមិ គ្រប់ឃុំហើយ គ្រូក៏មានដែរ ប៉ុន្តែបង្រៀនមិនទាន់ដិតដល់»។
ទោះជាយ៉ាងណាក្តី លោក ប៉ែន សុវណ្ណ អតីតប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ កាលក្នុងដើមទសវត្សរ៍១៩៨០ បច្ចុប្បន្នជាប្រធានគណៈកម្មការវិន័យគណបក្សសិទ្ធិមនុស្សបានរិះគន់ថា មានអំពើពុករលួយច្រើននៅក្នុងការដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។
លោក ប៉ែន សុវណ្ណ បានមានប្រសាសន៍ថា ៖ «ខ្ញុំចង់និយាយដល់កន្លែងហ្នឹង ដូចថាយកដីពីប្រជាពលរដ្ឋក្រីក្រទៅឲ្យអ្នកមានអំណាច អ្នកមានលុយ ហើយលុយដែលយកពីកសិករ យកពីលក់ដីហ្នឹង យកទៅណា? ហ្នឹងវាបាត់បង់ច្រើន ថវិកាជាតិ អំពើពុករលួយរ៉ាំរ៉ៃ តាំងពីកំពូលរហូតដល់មូលដ្ឋាន នេះខ្ញុំឃើញថា ចំណុចដឹកនាំសេដ្ឋកិច្ចមិនអាចអភិវឌ្ឍទៅមុខបានទេ»៕
