លោក ងួន ឡាយ ជាប្រធានពន្ធនាគារខេត្តពោធិ៍សាត់ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ កញ្ញា ថា លោកពុំបានប្រើអ្នកទោសឧក្រិដ្ឋឲ្យទៅធ្វើផ្ទះឲ្យនរណាម្នាក់ ដូចការចោទប្រកាន់របស់មន្ត្រីក្រោមឱវាទលោក ដែលបានផ្ដល់ព័ត៌មានទៅឲ្យអ្នកសារព័ត៌មាននោះទេ។ លោកថា ប្រសិនបើលោកស្រាវជ្រាវដឹងថាមន្ត្រីក្រោមឱវាទរបស់លោករូបណា ដែលបានចោទប្រកាន់លោកដោយពុំត្រឹមត្រូវតាមការពិតនោះ លោកនឹងប្ដឹងមន្ត្រីនោះជាមិនខាន។
យ៉ាងនេះក្ដី លោកបានទទួលស្គាល់ថា លោកបានប្រើទណ្ឌិតដែលជិតរួចផុតពីទោសចំនួន៤នាក់ ឲ្យជួយដឹកជញ្ជូនខ្សាច់ និងឥដ្ឋពីក្នុងពន្ធនាគារទៅសាងសង់បង្គន់ប្រគេនលោកនៅវត្តស្រង់ នោះមែន៖ «រឿងផ្សារដែកនេះ មិនមែនខ្ញុំធ្វើដើម្បីផលខ្ញុំឯណា គឺធ្វើដំបូលរោងសម្រាប់ពេលប្រជុំអ្នកទោសកុំឲ្យគ្នាក្ដៅ។ ជាជំនួយរបស់អង្គការគ្រីស្ទូតកម្ពុជា ដែលខ្ញុំខំទៅសុំបាន។ មិនមែនធ្វើដើម្បីផលប្រយោជន៍សម្រាប់ខ្លួនខ្ញុំទេ។ ការចោទប្រកាន់នេះ ខ្ញុំសុំបដិសេធទាំងស្រុង»។
កាលពីព្រឹកថ្ងៃទី១៦ កញ្ញា មន្ត្រីអនុរក្សពន្ធនាគារខេត្តពោធិ៍សាត់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រយៈពេល២ថ្ងៃជាប់ៗគ្នា ប្រធានពន្ធនាគារខេត្តបានប្រើប្រាស់កម្លាំងអ្នកទោសឧក្រិដ្ឋ ដែលមានអ្នកខ្លះត្រូវមានទោសជាប់ពន្ធនាគារមួយជីវិត ឲ្យចេញទៅសាងសង់ផ្ទះនៅខាងក្រៅពន្ធនាគារ និងផ្សារដំបូលដែក ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទោសឧក្រិដ្ឋទាំង៤នាក់នោះ រួមមានអ្នកទោសឈ្មោះ សេង សុខុម អ្នកទោស រិន ធារ៉ា អ្នកទោស សុខ ខុន និងអ្នកទោស ឈុន លីដា៖ «ឥឡូវ គាត់ធ្វើការងារច្រើនណាស់ គាត់លួចពលកម្មរបស់អ្នកទោសទាំងថ្ងៃត្រង់ ក៏គាត់អត់ទាន់ឲ្យឈប់ដែរ ផ្សារដែកផ្សារអីជារឿងផ្ទាល់ខ្លួនរបស់គាត់តែម្ដង។ គាត់លែងគិតពីអង្គភាពអីទៀតហើយ»។
ចំពោះការចោទប្រកាន់ថា លោកបានប្រើអ្នកទោសឧក្រិដ្ឋដែលជាប់ទោសអស់មួយជីវិតនោះ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ពន្យល់ថា ទណ្ឌិតទាំង៤រូប ដែលលោកប្រើឲ្យជួយដឹកជញ្ជូនខ្សាច់ និងឥដ្ឋពីក្នុងពន្ធនាគារទៅសាងសង់បង្គន់ប្រគេនលោកនៅវត្តស្រង់ នោះ គឺសុទ្ធតែជាទណ្ឌិតដែលជិតផុតរយៈពេលទទួលរងទោសទាំងអស់។
ទណ្ឌិតឈ្មោះ សុខ ខុន អាយុ៣៥ឆ្នាំ ជាប់ទោសពីបទប្លន់ ជាទណ្ឌិតម្នាក់ក្នុងចំណោមទណ្ឌិត៤នាក់ ដែលអះអាងថា គាត់នៅសល់ពេលតែ២ខែទៀត ត្រូវរួចផុតពីទោសហើយនោះ បញ្ជាក់ពីការងារដែលប្រធានពន្ធនាគារបានប្រើគាត់កាលពីថ្ងៃទី១៦ កញ្ញា៖ «គាត់ប្រើឲ្យដឹកថ្ម ដឹកលូ ទៅទម្លាក់ឲ្យគេធ្វើបង្គន់ ធ្វើអី។ ទម្លាក់ហើយ ត្រឡប់មកវិញភ្លាម»។
ក្នុងច្បាប់ពន្ធនាគារដែលមាន១១ជំពូក និង៨៥មាត្រា ពុំមានចែងពីការប្រើទណ្ឌិតឲ្យចេញទៅធ្វើការខាងក្រៅពន្ធនាគារថាខុស ឬត្រូវច្បាប់នោះទេ។ យ៉ាងនេះក្ដី មាត្រា៦៨ នៃច្បាប់នេះ ចែងថា ទណ្ឌិតដែលមានកម្រិតសន្តិសុខទាប ហើយត្រូវបានវាយតម្លៃថាមានសមត្ថភាពកាយសម្បទា ត្រូវបានចាត់ឲ្យធ្វើការងារពលកម្មប្រចាំថ្ងៃនៅក្នុងពន្ធនាគារ ឬការងារជាអត្ថប្រយោជន៍សម្រាប់សហគមន៍ និងផលប្រយោជន៍សាធារណៈ ឬចាត់តាំងឲ្យចូលរួមក្នុងកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។