ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ប្រតិកម្ម​ចំពោះ​ការ​ចោទ​របស់​មន្ត្រី​ក្រោម​ឱវាទ

ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ ដែល​បាន​ចោទ​ប្រកាន់​ថា លោក​ប្រើ​អ្នក​ទោស​ឲ្យ​ចេញ​ទៅ​ធ្វើ​ការងារ​ខាង​ក្រៅ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

0:00 / 0:00

លោក ងួន ឡាយ ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ កញ្ញា ថា លោក​ពុំ​បាន​ប្រើ​អ្នក​ទោស​ឧក្រិដ្ឋ​ឲ្យ​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​នរណា​ម្នាក់ ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ក្រោម​ឱវាទ​លោក ដែល​បាន​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​អ្នក​សារព័ត៌មាន​នោះ​ទេ។ លោក​ថា ប្រសិន​បើ​លោក​ស្រាវជ្រាវ​ដឹង​ថា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​រូប​ណា ដែល​បាន​ចោទ​ប្រកាន់​លោក​ដោយ​ពុំ​ត្រឹមត្រូវ​តាម​ការ​ពិត​នោះ លោក​នឹង​ប្ដឹង​មន្ត្រី​នោះ​ជា​មិន​ខាន។

យ៉ាង​នេះ​ក្ដី លោក​បាន​ទទួល​ស្គាល់​ថា លោក​បាន​ប្រើ​ទណ្ឌិត​ដែល​ជិត​រួច​ផុត​ពី​ទោស​ចំនួន​៤នាក់ ឲ្យ​ជួយ​ដឹក​ជញ្ជូន​ខ្សាច់ និង​ឥដ្ឋ​ពី​ក្នុង​ពន្ធនាគារ​ទៅ​សាងសង់​បង្គន់​ប្រគេន​លោក​នៅ​វត្ត​ស្រង់ នោះ​មែន៖ «រឿង​ផ្សារដែក​នេះ មិន​មែន​ខ្ញុំ​ធ្វើ​ដើម្បី​ផល​ខ្ញុំ​ឯណា គឺ​ធ្វើ​ដំបូល​រោង​សម្រាប់​ពេល​ប្រជុំ​អ្នក​ទោស​កុំ​ឲ្យ​គ្នា​ក្ដៅ។ ជា​ជំនួយ​របស់​អង្គការ​គ្រីស្ទូត​កម្ពុជា ដែល​ខ្ញុំ​ខំ​ទៅ​សុំ​បាន។ មិន​មែន​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ខ្ញុំ​ទេ។ ការ​ចោទ​ប្រកាន់​នេះ ខ្ញុំ​សុំ​បដិសេធ​ទាំង​ស្រុង»

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ កញ្ញា មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា រយៈពេល​២ថ្ងៃ​ជាប់ៗ​គ្នា ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​ប្រើប្រាស់​កម្លាំង​អ្នក​ទោស​ឧក្រិដ្ឋ ដែល​មាន​អ្នក​ខ្លះ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត ឲ្យ​ចេញ​ទៅ​សាងសង់​ផ្ទះ​នៅ​ខាង​ក្រៅ​ពន្ធនាគារ និង​ផ្សារ​ដំបូល​ដែក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ្នក​ទោស​ឧក្រិដ្ឋ​ទាំង​៤នាក់​នោះ រួម​មាន​អ្នក​ទោស​ឈ្មោះ សេង សុខុម អ្នក​ទោស រិន ធារ៉ា អ្នក​ទោស សុខ ខុន និង​អ្នក​ទោស ឈុន លីដា៖ «ឥឡូវ គាត់​ធ្វើ​ការងារ​ច្រើន​ណាស់ គាត់​លួច​ពលកម្ម​របស់​អ្នក​ទោស​ទាំង​ថ្ងៃ​ត្រង់ ក៏​គាត់​អត់​ទាន់​ឲ្យ​ឈប់​ដែរ ផ្សារ​ដែក​ផ្សារ​អី​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​តែ​ម្ដង។ គាត់​លែង​គិត​ពី​អង្គភាព​អី​ទៀត​ហើយ»

ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ប្រើ​អ្នក​ទោស​ឧក្រិដ្ឋ​ដែល​ជាប់​ទោស​អស់​មួយ​ជីវិត​នោះ ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ពន្យល់​ថា ទណ្ឌិត​ទាំង​៤រូប ដែល​លោក​ប្រើ​ឲ្យ​ជួយ​ដឹក​ជញ្ជូន​ខ្សាច់ និង​ឥដ្ឋ​ពី​ក្នុង​ពន្ធនាគារ​ទៅ​សាងសង់​បង្គន់​ប្រគេន​លោក​នៅ​វត្ត​ស្រង់ នោះ គឺ​សុទ្ធ​តែ​ជា​ទណ្ឌិត​ដែល​ជិត​ផុត​រយៈពេល​ទទួល​រង​ទោស​ទាំង​អស់។

ទណ្ឌិត​ឈ្មោះ សុខ ខុន អាយុ​៣៥ឆ្នាំ ជាប់​ទោស​ពី​បទ​ប្លន់ ជា​ទណ្ឌិត​ម្នាក់​ក្នុង​ចំណោម​ទណ្ឌិត​៤នាក់ ដែល​អះអាង​ថា គាត់​នៅ​សល់​ពេល​តែ​២ខែ​ទៀត ត្រូវ​រួច​ផុត​ពី​ទោស​ហើយ​នោះ បញ្ជាក់​ពី​ការងារ​ដែល​ប្រធាន​ពន្ធនាគារ​បាន​ប្រើ​គាត់​កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា៖ «គាត់​ប្រើ​ឲ្យ​ដឹក​ថ្ម ដឹក​លូ ទៅ​ទម្លាក់​ឲ្យ​គេ​ធ្វើ​បង្គន់ ធ្វើ​អី។ ទម្លាក់​ហើយ ត្រឡប់​មក​វិញ​ភ្លាម»

ក្នុង​ច្បាប់​ពន្ធនាគារ​ដែល​មាន​១១​ជំពូក និង​៨៥មាត្រា ពុំ​មាន​ចែង​ពី​ការ​ប្រើ​ទណ្ឌិត​ឲ្យ​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ​ពន្ធនាគារ​ថា​ខុស ឬ​ត្រូវ​ច្បាប់​នោះ​ទេ។ យ៉ាង​នេះ​ក្ដី មាត្រា​៦៨ នៃ​ច្បាប់​នេះ ចែង​ថា ទណ្ឌិត​ដែល​មាន​កម្រិត​សន្តិសុខ​ទាប ហើយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​មាន​សមត្ថភាព​កាយ​សម្បទា ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការងារ​ពលកម្ម​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ ឬ​ការងារ​ជា​អត្ថប្រយោជន៍​សម្រាប់​សហគមន៍ និង​ផល​ប្រយោជន៍​សាធារណៈ ឬ​ចាត់​តាំង​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ឧស្សាហកម្ម សិប្បកម្ម កសិកម្ម​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។