ក្នុងការតវ៉ាទាមទារដីនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ តំណាងប្រជាពលរដ្ឋទាំងនោះបានដាក់ញត្តិជូនមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍។ ក្រុមអ្នកតវ៉ាបានចោទថា អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរមានសមត្ថកិច្ច បានចេញដីកាដកហូត បន្ទាប់មកបានឈូសឆាយដីស្រែចំការ និងបានរុះរើលំនៅឋាន រួមទាំងបានបណ្ដេញប្រជាពលរដ្ឋកន្លងមករយៈពេល ៣ឆ្នាំមកហើយ ដោយមិនមានការដោះស្រាយ។ ពួកគាត់អះអាងថា ផលដំណាំហូបផ្លែដែលរងការឈូសឆាយដោយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានកន្លងមកនោះ មានដូចជាដំឡូងមី ដើមចេក ដំណាំស្រូវ និងសណ្ដែកសៀងជាដើម។
តំណាងប្រជាពលរដ្ឋបានបង្ហាញឯកសារនានា បញ្ជាក់ថា ពួកគាត់ពិតជាបានកាន់កាប់ជាក់ស្ដែងលើដីធ្លីនោះតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ។ ផ្ទៃដីដែលអាជ្ញាធរខេត្តព្រះវិហារ កំពុងតែឈូសឆាយនោះ គឺមានទំហំជិត ៦ពាន់ហិកតារ ជាដីសម្បទាសង្គមកិច្ចសំរាប់គ្រួសារយោធាពិការ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៧០គ្រួសារ។
ប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តព្រះវិហារ មកតវ៉ានៅភ្នំពេញ បន្តថា អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន បានហាមមិនឲ្យក្រុមយុវជនស្ម័គ្រចិត្តចូលវាស់វែងក្បាលដីតាមសំណូមពររបស់ប្រជាពលរដ្ឋទេ។
ប្រជាពលរដ្ឋ ឈ្មោះ ឈឹម សាវៀន អាយុ ៤៣ឆ្នាំ នៅភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅក្នុងចំណោមអ្នកតវ៉ាជាង ២០០នាក់ បាននិយាយថា ដីស្រែរបស់អ្នកស្រីសរុបចំនួន ២០ហិកតារ គឺមិនមានបញ្ហាទំនាស់កន្លងមកទេ ទើបតែមកដល់ពេលនេះកងពល ៤១ បានឈូសឆាយរឹបយកដីធ្លីរបស់អ្នកស្រី និងបានហាមឃាត់មិនឲ្យបង្កបង្កើនផលនៅលើដីនោះ។
ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋអ្នកតវ៉ានេះគឺជាជនរងគ្រោះ៖ «សង្ឃឹមថាប្រមុខរាជរដ្ឋាភិបាលគាត់នឹងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយនិងពិនិត្យឡើងវិញទៅលើដីសម្បទានសង្គមកិច្ចនេះ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់នេះ គាត់បានទទួលដីស្រែ ដីចំការសំរាប់បង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពរបស់គាត់ជាបន្តទៅទៀត»។
ទាក់ទងនឹងការមកតវ៉ានេះ គេសង្កេតឃើញមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបចេញមកសន្យាដោះស្រាយភ្លាមៗដែរ គឺសុំឲ្យអាជ្ញាធរខេត្តព្រះវិហារ ផ្អាកការឈូសឆាយជាបន្ទាន់ រង់ចាំក្រុមការងារចុះទៅវាស់វែងដីទំនាស់នោះ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
នាយករងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក លឹម លាងសែ បានមកពន្យល់អ្នកតវ៉ាថា លោកសុំឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសំបែងវិញ រង់ចាំក្រុមការងារចុះដោះស្រាយ៖ «ដីដែលបងប្អូនប្រជាជនយើងទៅគ្រប់គ្រងជាន់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច អាហ្នឹងកាត់យកមកឲ្យបងប្អូនយើងវិញ យល់ទេ? រដ្ឋកាត់ឲ្យ។ ទី២ ដីដែលបងប្អូនទៅតាំងទីលំនៅលើដីរដ្ឋ អាហ្នឹងកាត់ឲ្យដែរ យល់ទេ? គេនឹងសុំមកថ្នាក់លើ ដើម្បីកាត់ចេញប៉ុន្មានពាន់ហិកតារទៀត ពី ៥.០០០ហិកតារនោះ ឲ្យបងប្អូនយើង។ តែសុំបញ្ជាក់ឡើងវិញថា កុំទៅទន្ទ្រានដីថ្មី»។
អនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក សួស យ៉ារ៉ា តំណាងឲ្យអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា យើងនឹងដោះស្រាយបញ្ហានេះឲ្យបានច្បាស់លាស់ជូនប្រជាពលរដ្ឋ៖ «អ៊ីចឹងដូច្នេះមីង ពូ ដែលមានរឿងទាំងប៉ុន្មានទាំងអស់ សូមឲ្យកត់បញ្ជីដែលលោកមានហើយនេះ យើងខ្ញុំនឹងយកទៅពិភាក្សា។ ឈរនិយាយដល់ឥឡូវហ្នឹង ឈរនិយាយម៉េចក៏អត់បានដែរ ដោះស្រាយអត់បានដែរ អ៊ីចឹងយើងយកមកវិភាគឯកសារហ្នឹងឲ្យបានច្បាស់លាស់ដើម្បីឲ្យជួយដោះស្រាយជូន ពុក ម៉ែ ពូ មីង ទាំងអស់គ្នា»។
ជាមួយគ្នានេះដែរ មេបញ្ជាការយោធាកងពលធំអន្តរាគមន៍លេខ ៣ នៅតំបន់ព្រះវិហារ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ថា លោកយកជីវិតមកធានាការដោះស្រាយបញ្ហានេះឲ្យបាន៖ «ដីយើងនៅឯណោះ ផ្ទះយើងនៅឯនោះ មកដោះឯណេះ ម៉េចចេញ? មិនចេញទេ»។
តំណាងប្រជាពលរដ្ឋបានព្រមានថា ពួកគាត់នឹងមកតវ៉ាជាថ្មីម្ដងទៀត នៅទីក្រុងភ្នំពេញ បើសិនណាពុំមានការដោះស្រាយដូចការសន្យា មុននឹងពួកគាត់សម្រេចចិត្តវិលត្រឡប់ទៅផ្ទះសំបែងវិញ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។