សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា គ្រួសារនីមួយៗទទួលបានប្រាក់សំណងជំងឺចិត្តតិចជាង ៥០០ដុល្លារអាមេរិក ដែលជាចំនួនតិចតួចពេកមិនអាចឲ្យពួកគាត់សាងសង់ផ្ទះសម្បែងថ្មីនៅទីកន្លែងថ្មីបានទេ គឺនៅត្រពាំងអញ្ចាញ ជាយរាជធានីភ្នំពេញ។
អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍របស់សមាគមធាងត្នោត លោកស្រី ណូរ៉ា លីនស្រុំ (Nora Lindstrom) ដែលបានសិក្សាសំណុំរឿងនេះរយៈពេលមួយឆ្នាំកន្លះមកហើយ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារទទួលបានប្រាក់សំណងជំងឺចិត្តតិចតួចណាស់ ៖ «របាយការណ៍សិក្សាស្រាវជ្រាវបានរកឃើញថា គ្រួសារនីមួយៗ ទទួលបានប្រាក់សំណងជំងឺចិត្តតិចតួចជាងអ្វីដែលគប្បីទទួលបានច្រើនជាងនេះ។ គ្រួសារនីមួយៗ រងផលប៉ះពាល់ដោយសារគម្រោងនោះ»។
សហគមន៍ដែលនឹងទទួលរងផលប៉ះពាល់ដោយសារគម្រោងនោះ មានដូចជាសហគមន៍មិត្តភាព នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សហគមន៍ទី៣ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សហគមន៍រទេះភ្លើង ខណ្ឌឫស្សី ក្រុងភ្នំពេញ និងសហគមន៍ទួលសង្កែអា (A) រាជធានីភ្នំពេញ។ សរុបចំនួនជិត ១០០គ្រួសារ។
តំណាងប្រជាពលរដ្ឋចំនួន ៧០គ្រួសារ គឺអ្នកស្រី យ៉ុង ម៉ាលី អាយុ ៥៥ឆ្នាំ រស់នៅភូមិទួសសង្កែ សង្កាត់ទួលសង្កែ ក្រុមទី១០ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋមិនជំទាស់នឹងផែនការជួសជុលផ្លូវរថភ្លើងនេះទេ និងចំណែកឯការចាកចេញដោយស្ម័គ្រចិត្តនោះ ក៏មិនជំទាស់ផងដែរ ប៉ុន្តែប្រជាពលរដ្ឋទាមទារប្រាក់សំណងជំងឺចិត្តឲ្យបានសមរម្យ។
អ្នកស្រីបន្តថា ៖ «អ៊ីចឹងយើងខ្ញុំទាំងអស់គ្នាសុំសំណងជំនួស ដូចថា ផ្ទះខ្ញុំធ្វើប៉ុន្មាន អស់ ៩.៥០០ (ដុល្លារអាមេរិក) អ៊ីចឹងឲ្យគាត់សងប៉ុណ្ណឹងវិញ ហើយនិងបើផ្ទះបងប្អូនខ្លះ គេធ្វើអស់ ៦.០០០ ឬ ៧.០០០ (ដុល្លារអាមេរិក) អ៊ីចឹង ឲ្យគាត់សងប៉ុណ្ណឹងវិញមក។ យើងខ្ញុំអត់មានទាមទារលោភលន់អី និងលើសចំណុះអំពីពួកខ្ញុំទាមទារហ្នឹងទេ»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឱសានវាទនៅខែឧសភា ឆ្នាំ២០១១ បានផុតទៅហើយ ប៉ុន្តែប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរនៅមូលដ្ឋាន រដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី ពន្យារពេលការរុះរើរហូតដល់ខែធ្នូ ឆ្នាំ២០១១ ពីព្រោះប្រាក់សំណងជំងឺចិត្តនៅតិចតួចណាស់។
តំណាងប្រជាពលរដ្ឋបានអះអាងថា ទីកន្លែងថ្មីនោះ គឺស្ថិតនៅតំបន់ត្រពាំងអញ្ចាញ ខណ្ឌដង្កោ ចម្ងាយជាង ៣០គីឡូម៉ែត្រ ជាយរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។
ប្រធាននាយកដ្ឋានផ្លូវដែក លោក លី បូរិន្ទ បានមានប្រសាសន៍ថា រដ្ឋាភិបាលមានគណៈកម្មការពិសេសមួយ ដោះស្រាយបញ្ហាប្រជាពលរដ្ឋរងផលប៉ះពាល់នេះ ៖ «គេមានបែបបទគេ មានចុះទៅធ្វើច្រើនណាស់ ច្រើនគន្លាក់ រហូតដល់ធ្វើកិច្ចសន្យា។ មិនមែនធ្វើតែឯងទេ នៅទីតាំងណា គឺថា មានគណៈកម្មការរបស់មូលដ្ឋានចូលរួម»។
លោកបានឲ្យដឹងថា រដ្ឋាភិបាលមានផែនការបញ្ចប់គម្រោងការជួសជុលផ្លូវដែកនៅឆ្នាំ២០១៣ ខាងមុខ ដែលគម្រោងនេះ គឺចាប់ពីឆ្នាំ២០០៨ មក។
ផ្លូវដែកទាំងនោះ គឺចាប់ពីទីក្រុងភ្នំពេញ ទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ និងខេត្តមួយចំនួនទៀតដែលត្រូវចំណាយថវិកាសរុបចំនួន ១៤១លានដុល្លារអាមេរិក ជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១ បានពណ៌នាថា ធានាគារអភិវឌ្ឍន៍អាស៊ី ធានាឲ្យមានការអនុវត្តតាមគោលការណ៍តាំងលំនៅថ្មីសមរម្យរបស់ប្រជាពលរដ្ឋដែលគប្បីទទួលបាននូវការគាំទ្រសមរម្យមួយ។
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តការពិគ្រោះ និងសហការជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីធានាថា ដំណើរការដោះស្រាយ គឺស្របតាមកិច្ចព្រមព្រៀង និងគោលការណ៍កន្លងមក៕