សម្ដេច​ក្រុមព្រះ​ទទួល​ស្គាល់​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន

ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​អះអាង​ថា ព្រះអង្គ​មិន​គាំទ្រ​ចំពោះ​ចំណុច​អវិជ្ជមាន​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។
ដោយ ខែ សុណង
2012.06.01
នរោត្ដម រណឫទ្ធិ ៣០៥ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Mom Sophon

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​ថា ការ​ចាប់​ដៃគូ​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន គឺ​មិន​មាន​ន័យ​ថា ជា​ការ​ចាប់​ដៃគូ​ជាមួយ​អ្នក​បំផ្លាញ​ជាតិ ឬ​ចោរ​នោះ​ទេ។ តែ​បើ​សិន​ជា​ព្រះអង្គ​ជាប់​ឆ្នោត ទ្រង់​នឹង​ព្យាយាម​ចូលរួម​ចំណែក​កែទម្រង់​ភាព​ខុស​ឆ្គង​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ មាន​បន្ទូល​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ គឺ​ជា​នយោបាយ​មួយ​មិន​ប្រឆាំង ហើយ​ចាប់​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ស្រោចស្រង់​ជាតិ​ឡើង​វិញ ដូច​ជា​ការ​បាត់បង់​ដីធ្លី ធនធាន​ធម្មជាតិ បំបាត់​អំពើពុករលួយ ដោះស្រាយ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ និង​ភាព​ក្រីក្រ​ជាដើម។

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ៖ «ថា​ទៅ​រួម​ចំណែក​ជាមួយ​ចោរ​វា​ចោរ​ដែរ នយោបាយ​វា​មិន​មែន​យ៉ាង​ដូច្នេះ​ទេ។ ត្រង់​ហ្នឹង​ហើយ​បាន​ខ្ញុំ​ប្រមែប្រមូល​ឡើង​វិញ​នូវ​អ្នក​រាជា​និយម អ្នក​សីហនុ​និយម​ដែល​មាន​សក្ដានុពល​គ្រប់​ទិសទី​ទាំងអស់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម៉្លេះ ដែល​អាច​នឹង​ទៅ​ជា​កម្លាំង​ជាតិ​មួយ ប៉ុន្តែ​បើ​យើង​កម្លាំង​ជាតិ​ម្នាក់​ឯង​យើង​មិន​បូក​ជាមួយ​កម្លាំង​ជាតិ​បច្ចុប្បន្ន​ទេ តើ​យើង​ដោះស្រាយ​បញ្ហា​យ៉ាង​ម៉េច? យើង​មាន​លទ្ធភាព​បើ​គង់​តែ​មិន​បាន ១០០​ភាគរយ ក៏​បាន ៥០​ភាគរយ​ដែរ»

គណបក្ស​រាជា​និយម​ធ្លាប់​បាន​ទទួល​រង​នូវ​ការ​បាក់​បែក​ដ៏​ធ្ងន់ធ្ងរ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ មាន​បន្ទូល​ទៀត​ថា ការ​ច្របាច់​បញ្ចូល​គ្នា​នេះ ព្រះអង្គ​នឹង​ដើរ​នយោបាយ​កណ្ដាល​មិន​ប្រឆាំង​ទេ។ ព្រះអង្គ​បាន​ព្រលយ​បន្ទូល​ជា​ច្រើន​លើក​ថា សាកល្បង​បោះឆ្នោត​ឲ្យ​ព្រះអង្គ​ល​មើល៍ ដើម្បី​សម្របសម្រួល​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ស្វែងរក​ផល​ប្រយោជន៍​ជាតិ។

លោក ជុន ច័ន្ទបុត្រ៖ ព្រះអង្គ​មាន​បន្ទូល​ថា នយោបាយ​នៅ​កណ្ដាល​នេះ​មិន​មែន​អព្យាក្រឹត មាន​ន័យ​ថា ហ៊ាន​និយាយ​ដែរ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។ ព្រះអង្គ​ដែល​មាន​បន្ទូល​ជាមួយ​នឹង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ភ័យ​ណាស់​អំពី​រឿង​បាត់​ដីធ្លី ភ័យ​ណាស់​ចំពោះ​ការ​បណ្ដេញ​ដោយ​បង្ខំ ភ័យ​ណាស់​ដែល​ឲ្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​នាយ​ទុន​បរទេស​អី​ហ្នឹង​ដែល​ឬ​ទេ​ព្រះអង្គ?

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ៖ ខ្ញុំ​សុំ​ជម្រាប​ថា ខ្លួន​ឯង​និយាយ​ត្រង់ ក្នុង​ឋានៈ​លក្ខណៈ​របស់​ខ្ញុំ​នេះ ខ្ញុំ​មិន​ទាន់​បាន​លើក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ក៏​ប៉ុន្តែ​ម្ដង​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​គ្នា​រវាង​ថៃ និង​ខ្មែរ​នេះ សម្ដេច​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ទូរស័ព្ទ​មក​ខ្ញុំ​ពន្យល់​នូវ​នយោបាយ​ពាក់​ព័ន្ធ​នឹង​ព្រះវិហារ​អស់​រយៈពេល​មួយ​ម៉ោង។ នេះ​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា យើង​អាច​និយាយ​បាន​ហើយ​ដោះស្រាយ​រួម​គ្នា។ សូម​ជម្រាប ដោយសារ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ឃើញ​ហ្នឹង​ហើយ បាន​តែ​រាជរដ្ឋាភិបាល​ឥឡូវ ដាក់​ចុះ​មក​ហើយ ពី​ដើម​ព្រៃ​សម្បទាន​៩៩​ឆ្នាំ ឥឡូវ​ចេះ​តែ​ថយ​ចុះៗ ហើយ​ផ្អាក​នូវ​ការ​ផ្ដល់​ដី​សម្បទាន។

ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ បាន​វាយ​តម្លៃ​ដោយ​ប្រយោល​ថា ដំណើរ​នៃ​ការ​រួបរួម​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស​នេះ អាច​នឹង​បាត់បង់​ឈ្មោះ​ក្នុង​គណបក្ស​នយោបាយ​បាន។

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នយោបាយ​នៅ​រាជបណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ជា​ការ​ពិត នយោបាយ​កណ្ដាល ប្រឆាំង​មិន​ប្រឆាំង ស្រប​មិន​ស្រប​នេះ​អាច​នឹង​ប្រឈម​បញ្ហា៖ «រឿង​នេះ​លោក​ត្រូវ​ដឹង​ខ្លួន​ឯង ថា​បើ​សិន​ជា​គេ​ចង់​បង្រួបបង្រួម​លោក​ត្រូវ​យក​កន្លែង​ណា​ជា​កន្លែង​ឯករាជ្យ​មួយ ឬ​ក៏​កន្លែង​ដែល​មិន​ទាក់ទង​នៅ​ក្នុង​រឿង​នយោបាយ។ យើង​បង្រួបបង្រួម​គ្នា​នៅ​ក្នុង​វិមាន​មួយ​ជា​វិមាន​របស់​រដ្ឋ ហើយ​ថា យើង​ដើរ​តួ​អី បើ​យើង​សម្របសម្រួល​ទាល់​តែ​យើង​ខ្លាំង។ តើ​គណបក្ស​ហ្វុនសិនប៉ិច​ហ្នឹង បែកបាក់​ហើយ ហ្វុនស៊ិនប៉ិច រក​ដោយ​ខ្លួន​ឯង ក៏​គ្មាន​នរណា​ដើរ​តួ​សម្របសម្រួល​អា​ហ្នឹង​បាន​ខ្លាំង។ បើ​គេ​សម្របសម្រួល​បាន​ក៏​គេ​បំបែក​បំបាក់​បាន​ដែរ។ ហើយ​យើង​ដើរ​តួនាទី​យ៉ាង​ម៉េច? យើង​និយាយ​អំពី​ទង្វើ​និង​ឥរិយាបថ»

គណបក្ស នរោត្តម រណឫទ្ធិ ដែល​មាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​មេ​បក្ស និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ជា​បក្ស​តែ​មួយ​វិញ​នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១២ បន្ទាប់​ពី​បាន​បែក​បាក់​គ្នា​អស់​រយៈ​ពេល ៦​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០០៦ មក​នោះ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​រួបរួម​គ្នា​នេះ គឺ​មាន​ការ​សម្របសម្រួល​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្តិភាព។ ប៉ុន្តែ​សាធារណជន​បាន​រិះគន់​សម្ដេច​ក្រុម​ព្រះ​ថា ទ្រង់​ជា​ក្រឡា​អុក​របស់​សម្ដេច ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។