អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប អ្នកស្រី ម៉ៅ យិន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យទី១ ខែមិថុនា ថា ពេលបច្ចុប្បន្ន នៅតាមតំបន់ស្រុកផ្សេងៗ អំពើចាប់រំលោភសេពសន្ថវៈទៅលើស្រ្តី និងកុមារបានកើតឡើង យ៉ាងហោចណាស់ ក្នុងមួយខែៗ គេបានទទួលបណ្ដឹងពី ៣ ទៅ ៥ករណី ៖ «មានការកើនឡើងអត់មានថយទេ ។ ជនរងគ្រោះប្រភេទកុមារច្រើនជាងមនុស្សចាស់» ។
អ្នកស្រី ម៉ៅ យិន បានមានប្រសាសន៍បន្ថែមទៀតថា អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល មានការព្រួយបារម្ភចំពោះករណីនោះ យ៉ាងខ្លាំង ។
ចំណែកអ្នកសម្របសម្រួលរបស់អង្គការ កម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ខេត្តសៀមរាប អ្នកស្រី កេត នឿន បានបង្ហាញរបាយការណ៍ ដែលគិតមកត្រឹមឆ្នាំ២០០៧ ថា មានករណីរំលោភ ៤៣ ករណី ដែលកើនឡើងជាងឆ្នាំ ២០០៦ ៖ «វាច្រើនតែពាក់ព័ន្ធនឹងក្រុមគ្រួសារ អ្នកនៅជិតខាង មានឪពុកចុង ភាគច្រើនទៅលើសិស្សដែរ» ។
កុមារីម្នាក់អាយុ ១៣ឆ្នាំ ទីលំនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ រងការចាប់រំលោភ បាននិយាយថា ឪពុកមាដែលត្រូវជាប្អូនបង្កើតរបស់ម្ដាយនាង បានចាប់រំលោភរូបនាងខណៈពេលដែលម្ដាយនិងបងស្រីរបស់នាងទៅស្រែ ហើយនាងនៅផ្ទះតែម្នាក់ឯង ៖ «គាត់ហៅខ្ញុំឡើងទៅលើផ្ទះ ហើយខ្ញុំខ្លាច ខ្ញុំឡើងទៅ» ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលបានបន្ទោសថា អំពើរំលោភផ្លូវភេទដែលកើតមានមិនថយចុះនោះ បណ្ដាលមកពីសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់ពុំទាន់បានធ្វើការឲ្យត្រឹមត្រូវ ដោយជនល្មើសខ្លះត្រូវបានគេមិនចាប់ខ្លួន ឬក៏បញ្ចប់បញ្ហានៅត្រឹមការចំណាយប្រាក់សងជំងឺចិត្តទៅឲ្យគ្រួសារអ្នករងគ្រោះជាដើម ។
ក៏ប៉ុន្តែការដាក់បន្ទុកបែបនោះ ត្រូវបានប្រធានផ្នែកការពារអនីតិជនរបស់ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនៃស្នងការនគរបាលខេត្តសៀមរាប លោក ជា ហេង បានមានប្រសាសន៍ថា ករណីរំលោភសេពសន្ថវៈមិនជាកើនឡើងច្រើនប៉ុន្មានទេ ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ករណីខ្លះមនុស្សកំលោះ និងក្រមុំបានស្រលាញ់គ្នា និងព្រមរួមរ័កជាមួយគ្នា ក៏ប៉ន្តែពេលភាគីខាងប្រុសដោះដៃ ទើបមានការប្ដឹងចោទប្រកាន់ពីបទ ចាប់រំលោភ ហើយអង្គការក្រៅរដ្ឋាភិបាលខ្លះ បានបញ្ចូលករណីបែបនោះ ទៅជាការរំលោភ ទើបចំនួនករណីរំលោភចេះតែកើនឡើង ។
លោក ជា ហេង មានប្រសាសន៍ថា ៖ «បទល្មើសកើតឡើង សមត្ថកិច្ចចេះតែខិតខំស្វែងរកជនសង្ស័យ ដើម្បីចាប់ ។ ជួលកាលរឿងខ្លះ ស្រី និងប្រុសវាត្រូវគ្នា ពេញវ័យរៀងៗខ្លួនហើយ វារួមរ័កជាមួយគ្នាអ៊ីចឹងទៅ» ។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ឆ្នាំ ២០០៧ ឲ្យដឹងថា ការរំលោភសេពសន្ថវៈលើស្រ្ដី និងកុមារបានកើនឡើង ៥៣២ករណី លើសពីឆ្នាំ២០០៦ កន្លងទៅដែលមានត្រឹមតែ ៤៧៨ប៉ុណ្ណោះ ។
អាដហុក បានរកឃើញទៀតថា នៅក្នុងចំណោមការរំលោភជាង ៥៣០ករណី មានជាង ៣៧៥ករណី កើតលើកុមារចាប់ពីអាយុពី ៥ ទៅដល់ក្រោម ១៨ឆ្នាំ ហើយមានការប្រើអំពើព្រៃផ្សៃ ធ្វើទារុណកម្ម និងការសម្លាប់ជនរងគ្រោះផង ៕
