ការ​ចរចា​បញ្ឈប់​បណ្ដឹង​ជា​ឧបសគ្គ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​រំលោភ​សេពសន្ថវៈ

របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការពារ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា អំពើ​រំលោភ​សេពសន្ថវៈ​មាន​ការ​ថយ​ចុះ​បន្តិច​បន្តួច ឬ​ស្ទើរ​តែ​មិន​បាន​ថយ​ចុះ​ទេ​នៅ​ក្នុង​ឆ្នាំ​២០១១។

0:00 / 0:00

ក្រុម​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ជនល្មើស​នៃ​ករណី​រំលោភ​សេពសន្ថវៈ​ជា​ច្រើន​ករណី​បាន​រួច​ខ្លួន​ដោយ​គ្មាន​ទោសពៃរ៍ ដោយសារ​តែ​ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ហៅ​ការ​ដោះ​ស្រាយ​ដើម្បី​បញ្ឈប់​បណ្ដឹង​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ គឺ​ជា​ឧបសគ្គ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ និង​ការ​ទប់​ស្កាត់​អំពើ​ល្មើស​ច្បាប់​មួយ​នេះ។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​អោយ​ដឹង​ថា តាម​ករណី​ដែល​អង្គការ​លីកាដូ​ទទួល​បាន ក្រុម​គ្រួសារ​ជនល្មើស​ភាគ​ច្រើន​តែងតែ​ទៅ​ចរចា​ជា​មួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​អោយ​ដក​ពាក្យ​បណ្ដឹង ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ប្រាក់​សំណង៖ «ចរចា​ផ្ដល់​ថវិកា​បន្តិចបន្តួច​ទៅ ហើយ​សុំ​អោយ​បង​ប្អូន​របស់​ជន​រង​គ្រោះ​ហ្នឹង​ទៅ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ ហើយ​តែ​ដក​ពាក្យបណ្តឹង​ចេញ​មាន​តុលាការ ករណី​ជា​ច្រើន​ដែល​លែង​មាន​ការ​ចោទ​ប្រកាន់»

ទាក់​ទិន​នឹង​ករណី​នេះ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១២ យុវតី​វ័យ ១៤​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​បុរស​ម្នាក់​មាន​វ័យ ៣១​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​ចាប់​រំលោភ។ ភ្លាមៗ​ឪពុក​យុវតី​រង​គ្រោះ​បាន​ចាប់​ជន​ល្មើស​ចង និង​បាន​ទៅ​ប្ដឹង​នគរបាល​ឃុំ ហើយ​គេ​បាន​យក​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន​នៅ​យប់​កើត​ហេតុ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​តុលាការ​ខែត្រ។ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​វិញ បន្ទាប់​ពី​បាន​ការ​សន្យា​ពី​ក្រុម​គ្រួសារ​ជន​សង្ស័យ​ថា នឹង​ផ្ដល់​សំណង​ចំនួន ៤​លាន​រៀល។ ដើម្បី​ដក​ពាក្យ​បណ្ដឹង គាត់​បាន​ផ្លាស់​ប្ដូរ​ការ​ចោទ​ប្រកាន់ ពី​ករណី​រំលោភ​ទៅ​ជា​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​វិញ។

អនុ​ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក អ្នកស្រី លឹម មុន្នី មាន​ប្រសាសន៍​ថា ជារឿយៗ​បញ្ហា​ខ្វះ​ការ​យល់ដឹង​ពី​ច្បាប់ និង​ភាព​ក្រី​ក្រ​ជំរុញ​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សម្រេច​ចិត្ត​ទទួល​យក​ការ​សម្រប​សម្រួល​ក្រៅ​ច្បាប់ និង​បញ្ឈប់​ការ​ប្ដឹង​ផ្ដល់៖ «គាត់​បាន​និយាយ​ត្រង់ៗ គាត់​ថា គាត់​ក្រ គាត់​អត់​លុយ តែ​កាលណា​គាត់​ប្ដឹង​ទៅ ជន​ល្មើស​បាន​ត្រឹម​តែ​ជាប់​គុក ហើយ​អត់​សង​លុយ​គាត់ កូន​គាត់​ឈឺ គាត់​អត់​មាន​លុយ អ៊ីចឹង​គាត់​ដាច់​ខាត​គាត់​ត្រូវ​ចង់​បាន​លុយ។ មាន​ន័យ​ថា គាត់​ចង់​អោយ​ជាប់​គុក​ផង យក​លុយ​ផង ប៉ុន្តែ​គាត់​មើល​ទៅ​គ្មាន​ជំនឿ​ទុក​ចិត្ត​លើ​តុលាការ​ ដែល​អាច​ជួយ​អោយ​គាត់​បាន​ផ្តន្ទាទោស​ទាំង​ពីរ​បទល្មើស»

អ្នកស្រី លឹម មុន្នី បាន​បន្ត​ថា ករណី​ខ្លះ​អាជ្ញាធរ​ក៏​បាន​ចូល​មក​ពាក់​ព័ន្ធ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​អោយ​ជន​រង​គ្រោះ​ដក​ពាក្យ​បណ្ដឹង បើ​ទោះ​បី​ជា​ដឹង​ថា ករណី​រំលោភ​សេព​សន្ថវៈ​គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ក៏​ដោយ៖ «គឺ​មាន​ការ​បញ្ចុះ​បញ្ចូល​អំពី​អាជ្ញាធរ​យើង​ ឬ​មាន​អ្នក​អាជ្ញា​កណ្ដាល​ណា​មួយ​ទៅ​បញ្ចុះ​បញ្ចូល​ បន្ថែម​បន្ថយ បំភិត​បំភ័យ​គាត់ ឬ​ក៏​លួងលោម​គាត់»

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ក្នុង​ឆ្នាំ២០១១ ទទួល​បាន​ពាក្យ​បណ្ដឹង​ប្រមាណ ២០០​ករណី​ដែល​បង្ហាញ​ថា មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១០ ហើយ​ជាង ៥០% នៃ​ករណី​ទាំង​នោះ​ជា​ការ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន។

របាយការណ៍​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​អោយ​ដឹង​ថា សមាគម​នេះ​ទទួល​បាន ៤៧៦​ករណី​រំលោភ​សេពសន្ថវៈ ដែល​បង្ហាញ​ថា មាន​ការ​ថយ​ចុះ​បន្តិច​បន្តួច​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​មាន ៥០១​ករណី។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន ៧២,២៦% ជា​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ក្រោម​អាយុ ១៨​ឆ្នាំ។ ក្នុង​ចំណោម​នោះ​ដែរ មាន ២៤៦​ករណី ដែល​ស្មើ​នឹង​៥១,៦៨% ជន​ល្មើស​ត្រូវ​បាន​ឃុំ​ឃាំង និង​ផ្តន្ទា​ទោស។ ផល​ប៉ះ​ពាល់​មួយ​ចំនួន​ត្រូវ​បញ្ជាក់​ដែល​កើត​ឡើង​ដោយសារ​តែ​ការ​បណ្ដែត​បណ្ដោយ​អោយ​ជន​ល្មើស​ស្ថិត​នៅ​ក្រៅ​ច្បាប់។

អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ​មាន​ប្រសាសន៍​ថា មិន​បាន​ផ្ដន្ទា​ទោស​ជន​ល្មើស​អាច​ជា​ការ​​បង្ក​ឱកាស​អោយ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​កើន​ឡើង។

អ្នកស្រី​បន្ត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​គឺ​ត្រូវ​បង្កើន​ការ​អប់រំ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស​អាណា​ព្យាបាល​អោយ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ពី​ផល​ប៉ះពាល់ និង​ការ​ទប់​ស្កាត់​អំពើ​រំលោភ​សេពសន្ថវៈ៖ «គឺ​គេ​មិន​អត់​ទោស​អោយ​ទេ អ៊ីចឹង​ត្រូវ​មាន​សារ​ហ្នឹង​ផ្ញើ​ទៅ​​គ្រប់គ្នា​បាន​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​រាង​ចាល បើ​មិន​អ៊ីចឹង​ទេ​ចេះ​​តែ​បាន​ចិត្ត នៅ​តែ​ធ្វើ​ម្តង​ហើយ​ម្តងទៀត។ យើង​មាន​ករណី​ខ្លះ​នោះ​ទៅ​រំលោភ​កូន​ក្មេង​បួន​ដប់​ដង បាន​ចាប់​បាន កុំ​ធ្វើ​អ៊ីចឹង​ទៀត»

មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​សម្រប​សម្រួល​បែប​នេះ​កើត​ឡើង ប៉ុន្តែ​បាន​អះអាង​ថា គឺ​មាន​តិចតួច​ដែល​កើត​ចេញ​ពី​ភាព​អសកម្ម​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន។

អនុ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ហោ ម៉ាលីន មាន​ប្រសាសន៍​ថា អាជ្ញាធរ​នៅ​មូលដ្ឋាន​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ និង​ទប់​ស្កាត់​ករណី​នេះ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ដែល​ទាមទារ​អោយ​មាន​ការ​កែ​លំអ ជា​បណ្ដើរ​ៗ៖ «ជា​ចំណុច​ខ្វះខាត ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បច្ចុប្បន្ន​នេះ​ ទាំង​ប្រជាពលរដ្ឋ ទាំង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ផ្នែក​ច្បាប់​ហ្នឹង​ មាន​មន្រ្តី​នគរបាល​យុត្តិធម៌ ក៏​ដូច​ជា​ផ្នែក​តុលាការ គឺ​លោក​ប្រឹង​ប្រែង​ស្វិតស្វាញ​ណាស់​ដើម្បី​ដាក់​ទោសទណ្ឌ​ជនល្មើស»

ឆ្លើយ​តប​នឹង​ការ​ស្នើ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​បញ្ជាក់​ថា ក្រសួង​តែង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​រយៈ​ស្នើ​ពេល​ខ្លី​នៅ​តាម​មូលដ្ឋាន ក្នុង​បណ្ដា​ខេត្ត​ដែល​មាន​កើត​ករណី​រំលោភ​កើន​ឡើង។ ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​ក្រសួង​បាន​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​ខេត្ត​កោះកុង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។