ប៉ូលិស​ឃុំ​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​បណ្ដោយ​ឲ្យ​ជន​សង្ស័យ​រួច​ខ្លួន

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ម្នាក់​ក្នុង​ខេត្ត​ពោធិ៍សាត់ រង​ការ​ចោទ​ប្រកាន់​ពី​គ្រួសារ​កុមារី​រង​គ្រោះ​ក្នុង​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​ថា បាន​បណ្ដោយ​ឲ្យ​ជន​ជាប់​សង្ស័យ​គេច​ខ្លួន បន្ទាប់​ពី​គ្រួសារ​កុមារី​រង​គ្រោះ​បាន​ប្ដឹង ប៉ុន្តែ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រូប​នោះ​មិន​ព្រម​ទៅ​ឃាត់​ខ្លួន​ជន​ជាប់​សង្ស័យ។
ដោយ មណ្ឌល កែវ
2012-06-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រំលោភ ពោធិ៍សាត់ ៣០៥
កុមារី​រង​គ្រោះ​ដោយ​ការ​រំលោភ​សេពសន្ថវៈ និង​ជីដូន​របស់​នាង មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​អង្គការ​លីកាដូ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១២។
RFA/Mondulkeo

ជីដូន​របស់​កុមារី​រង​គ្រោះ​ក្នុង​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​មួយ បាន​មក​ដាក់​បណ្ដឹង​សុំ​ឲ្យ​អង្គការ​លីកាដូ ជួយ​រក​យុត្តិធម៌​ឲ្យ​ចៅស្រី​គាត់​ដែល​ត្រូវ​ជន​ជាប់​សង្ស័យ​ចាប់​រំលោភ និង​ករណី​ពាក្យ​បណ្ដឹង​របស់​គាត់​បាន​ប្ដឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ តែ​គេ​មិន​ព្រម​ឃាត់​ខ្លួន​ជន​ជាប់​សង្ស័យ ដោយ​ទុក​ឲ្យ​ជន​នេះ​គេច​ខ្លួន​បាត់។

ករណី​ចាប់​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ ១១​ឆ្នាំ​នេះ បាន​កើត​ឡើង​កាល​ពី​អំឡុង​មុន​បុណ្យ​ចូល​ឆ្នាំ​ចិន ៣​ថ្ងៃ។ រហូត​ដល់​ថ្ងៃ​២៨ ខែ​ឧសភា ទើប​យាយ​បង្កើត​របស់​កុមារី​រង​គ្រោះ​បាន​ដឹង បន្ទាប់​ពី​កុមារី​រង​គ្រោះ​ចេះ​តែ​ថ្ងូរ​ថា​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ខ្លួន​បត់​ជើង​តូច និង​ចេះ​តែ​ក្ដៅ​ខ្លួន និង​គ្រុន៖ «វា​ចេះ​តែ​អត់​ស្រួល​ក្នុង​ខ្លួន​វា ចេះ​តែ​មាន​អារម្មណ៍... អ៊ីចឹង​ទៅ​ខ្ញុំ​ក៏​ថា នាំ​វា​ទៅ​ពេទ្យ វា​ក៏​ចេញ​សាច់​រឿង​ហ្នឹង​ថា​វា​អត់​ទៅ​ពេទ្យ​ទេ វា​ត្រូវ​គេ​ចាប់​រំលោភ។ ដល់​អ៊ីចឹង​ខ្ញុំ និង​ម៉ែ​ខ្ញុំ ក៏​ទៅ​ប្ដឹង​នៅ​ប៉ូលិស​ប៉ុស្តិ៍ នៅ​ថ្ងៃ​២៨ ឧសភា មុន​បោះ​ឆ្នោត។ ដល់​ទៅ​ប៉ូលិស​គេ​ថា ជាប់​រវល់​រឿង​បោះ​ឆ្នោត ចាំ​បោះ​ឆ្នោត​រួច​សិន កុំ​ឲ្យ​រាំង​ស្ទះ​ការ​បោះ​ឆ្នោត​គេ...»

អ្នកស្រី ញ.ថ អាយុ ៤៣​ឆ្នាំ ជា​ជីដូន​របស់​កុមារី​រង​គ្រោះ បាន​ចោទ​ប្រកាន់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដែល​គាត់​រស់​នៅ​នោះ​ថា មាន​បំណង​ទុក​ពេល​ឲ្យ​ជន​ជាប់​សង្ស័យ​រត់​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ ព្រោះ​ភរិយា​ជន​ជាប់​សង្ស័យ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រូប​នោះ​ពន្យល់​ថា លោក​បាន​ធ្វើ​របាយការណ៍​បន្ទាន់​មួយ​ទៅ​ថ្នាក់​លើ បន្ទាប់​ទទួល​បាន​ពាក្យ​បណ្ដឹង។ តែ​ដោយសារ​ពេល​នោះ​ស្ថិត​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត លោក​ជាប់​រវល់​ការពារ​ដំណើរ​ការ​បោះ​ឆ្នោត ទើប​មាន​ការ​អូស​បន្លាយ​ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ។

លោក​ថា លោក​ពុំ​មាន​បំណង​ណា​មួយ​បណ្ដោយ​ឲ្យ​ជន​ជាប់​សង្ស័យ​គេច​ខ្លួន​នោះ​ឡើយ៖ «ករណី​នេះ​ខ្ញុំ​បាន​រាយការណ៍​ភ្លាម​ទៅ​លើ តែ​ខាង​លើ​គេ​ថា ចាំ​បោះ​ឆ្នោត​រួច​សិន​ចាំ​ចាត់ការ។ ដល់​រួច​ទៅ​ខ្ញុំ​ក៏​ជាប់​ហែ​សន្លឹក​ឆ្នោត​ចុះ​ឡើងៗ​ទៅ ក៏​ជន​ជាប់​សង្ស័យ​វា​គេច​ខ្លួន​បាត់។ ការ​ពិត​ខ្ញុំ​ខំ​ប្រឹងប្រែង​ណាស់ តែ​ដោយ​មាន​ការងារ​រវល់​ច្រើន។ គាត់​ចេះ​តែ​ចោទ​ប្រកាន់​អ៊ីចឹង​នោះ​មិន​ត្រឹមត្រូវ​ទេ...»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ គឺ​លោក អេង ឈុនហាន បាន​មាន​ប្រសាសន៍​ថា យោង​តាម​អង្គហេតុ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រូប​នោះ​ត្រូវ​តែ​ដំណើរ​ការ​ពាក្យ​​បណ្ដឹង​ផ្នែក​ព្រហ្មទណ្ឌ​របស់​ជន​រង​គ្រោះ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​សិន។ លោក​ថា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​មាន​សមត្ថកិច្ច​ច្រើន​ស្ថាប័ន និង​ច្រើន​នាក់ មាន​ភារកិច្ច​ការពារ​មិន​មែន​មាន​តែ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នោះ​តែ​ម្នាក់​ទេ។ លោក​ថា ប្រសិន​បើ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​រូប​នោះ​មាន​ឆន្ទៈ​អនុវត្ត​ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​នោះ គឺ​ជន​នេះ​មិន​អាច​គេច​ខ្លួន​រួច​នោះ​ទេ៕

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Mr police & Mr Meh Khum why don't u stop eating and wait until u finish doing election then eat. Stop eating a day or 2, your foods will be delicious.

Jun 25, 2012 08:52 PM