ជីដូនរបស់កុមារីរងគ្រោះក្នុងអំពើចាប់រំលោភសេពសន្ថវៈមួយ បានមកដាក់បណ្ដឹងសុំឲ្យអង្គការលីកាដូ ជួយរកយុត្តិធម៌ឲ្យចៅស្រីគាត់ដែលត្រូវជនជាប់សង្ស័យចាប់រំលោភ និងករណីពាក្យបណ្ដឹងរបស់គាត់បានប្ដឹងទៅនគរបាលប៉ុស្តិ៍ឃុំ តែគេមិនព្រមឃាត់ខ្លួនជនជាប់សង្ស័យ ដោយទុកឲ្យជននេះគេចខ្លួនបាត់។
ករណីចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ ១១ឆ្នាំនេះ បានកើតឡើងកាលពីអំឡុងមុនបុណ្យចូលឆ្នាំចិន ៣ថ្ងៃ។ រហូតដល់ថ្ងៃ២៨ ខែឧសភា ទើបយាយបង្កើតរបស់កុមារីរងគ្រោះបានដឹង បន្ទាប់ពីកុមារីរងគ្រោះចេះតែថ្ងូរថាមានការឈឺចាប់នៅពេលខ្លួនបត់ជើងតូច និងចេះតែក្ដៅខ្លួន និងគ្រុន៖ «វាចេះតែអត់ស្រួលក្នុងខ្លួនវា ចេះតែមានអារម្មណ៍... អ៊ីចឹងទៅខ្ញុំក៏ថា នាំវាទៅពេទ្យ វាក៏ចេញសាច់រឿងហ្នឹងថាវាអត់ទៅពេទ្យទេ វាត្រូវគេចាប់រំលោភ។ ដល់អ៊ីចឹងខ្ញុំ និងម៉ែខ្ញុំ ក៏ទៅប្ដឹងនៅប៉ូលិសប៉ុស្តិ៍ នៅថ្ងៃ២៨ ឧសភា មុនបោះឆ្នោត។ ដល់ទៅប៉ូលិសគេថា ជាប់រវល់រឿងបោះឆ្នោត ចាំបោះឆ្នោតរួចសិន កុំឲ្យរាំងស្ទះការបោះឆ្នោតគេ...»។
អ្នកស្រី ញ.ថ អាយុ ៤៣ឆ្នាំ ជាជីដូនរបស់កុមារីរងគ្រោះ បានចោទប្រកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលគាត់រស់នៅនោះថា មានបំណងទុកពេលឲ្យជនជាប់សង្ស័យរត់គេចខ្លួនពីសំណាញ់ច្បាប់ ព្រោះភរិយាជនជាប់សង្ស័យជាសមាជិកក្រុមប្រឹក្សាឃុំ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរូបនោះពន្យល់ថា លោកបានធ្វើរបាយការណ៍បន្ទាន់មួយទៅថ្នាក់លើ បន្ទាប់ទទួលបានពាក្យបណ្ដឹង។ តែដោយសារពេលនោះស្ថិតក្នុងអំឡុងពេលបោះឆ្នោត លោកជាប់រវល់ការពារដំណើរការបោះឆ្នោត ទើបមានការអូសបន្លាយការចាប់ខ្លួនជនជាប់សង្ស័យ។
លោកថា លោកពុំមានបំណងណាមួយបណ្ដោយឲ្យជនជាប់សង្ស័យគេចខ្លួននោះឡើយ៖ «ករណីនេះខ្ញុំបានរាយការណ៍ភ្លាមទៅលើ តែខាងលើគេថា ចាំបោះឆ្នោតរួចសិនចាំចាត់ការ។ ដល់រួចទៅខ្ញុំក៏ជាប់ហែសន្លឹកឆ្នោតចុះឡើងៗទៅ ក៏ជនជាប់សង្ស័យវាគេចខ្លួនបាត់។ ការពិតខ្ញុំខំប្រឹងប្រែងណាស់ តែដោយមានការងាររវល់ច្រើន។ គាត់ចេះតែចោទប្រកាន់អ៊ីចឹងនោះមិនត្រឹមត្រូវទេ...»។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ គឺលោក អេង ឈុនហាន បានមានប្រសាសន៍ថា យោងតាមអង្គហេតុ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរូបនោះត្រូវតែដំណើរការពាក្យបណ្ដឹងផ្នែកព្រហ្មទណ្ឌរបស់ជនរងគ្រោះករណីចាប់រំលោភសេពសន្ថវៈសិន។ លោកថា ក្នុងដំណើរការបោះឆ្នោតមានសមត្ថកិច្ចច្រើនស្ថាប័ន និងច្រើននាក់ មានភារកិច្ចការពារមិនមែនមានតែនាយប៉ុស្តិ៍រដ្ឋបាលនោះតែម្នាក់ទេ។ លោកថា ប្រសិនបើនាយប៉ុស្តិ៍រដ្ឋបាលរូបនោះមានឆន្ទៈអនុវត្តការចាប់ខ្លួនជនជាប់សង្ស័យនោះ គឺជននេះមិនអាចគេចខ្លួនរួចនោះទេ៕
