តំណាង​បក្ស​ពីរ​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខេត្ត​រតនគិរី​ថា​បម្រើ​តែ​បក្ស​កាន់​អំណាច

តំណាង​គណបក្ស​នយោបាយ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី ប្រតិកម្ម​នៅ​ថ្ងៃ​ពុធ ទី​២៣ កក្កដា ឆ្នាំ​២០០៨ ថា គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ខេត្ត​រតនគិរី ពុំបាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​សម្រាប់​បម្រើ​ការងារ​និង​ការអប់រំ​សម្រាប់​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​២៧ កក្កដា ខាង​មុខ​នេះ​ទេ ហើយ​ស្ថានីយ​ទូរទស្សន៍ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កាន់​អំណាច​តែ​មួយ​ប៉ុណ្ណោះ ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​នរោត្តម រណឫទ្ធិ និង​ជា​បេក្ខជន​តំណាងរាស្រ្ត​ខេត្ត​រតនគិរី លោក ឯក សឿន កត់សម្គាល់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ស្តីពី​ការងារ​និង​ការអប់រំ​បោះឆ្នោត​នេះ​ទេ ដូច្នេះ​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​ដែល​កំពុង​ដំណើរការ​ផ្សាយ​ក្នុង​ខេត្ត​គួរ​ប្រើប្រាស់​សម្រាប់​បញ្ហា​នេះ ។

លោក ឯក សឿន មានប្រសាសន៍​ដូច្នេះ​ថា ៖ «ផ្សាយ​តែ​ពាណិជ្ជកម្ម ផ្សាយ​តែ​ពី​រឿង​ឯ​ណា ឯណី ។ ប្រជាពលរដ្ឋ​មាន​វិទ្យុ​ស្ដាប់ គាត់​ចង់​ឲ្យ​ផ្សាយ​ពី​ការណែនាំ​របស់​គ.ជ.ប.»

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​បក្ស​សម​រង្ស៊ី ខេត្ត​រតនគិរី លោក គឹម ញេង កត់សម្គាល់​ដែរ​ថា ស្ថានីយ​ទូរទស្សន៍​ខេត្ត​បាន​បម្រើ​ឲ្យ​តែ​ការឃោសនា​រក​សំឡេង​ឆ្នោត​នៃ​គណបក្ស​ប្រជាជន​កាន់​អំណាច​មួយ​តែ​ប៉ុណ្ណោះ ៖ «ទូរទស្សន៍​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ទេ​តើ ហេតុ​អី​គាត់​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​តែ​មួយ​អ៊ីចឹង»

នៅ​ខេត្ត​រតនគិរី បើ​តាម​មន្រ្តី​ខេត្ត​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មាន​ស្ថានីយ​ទូរទស្សន៍​កម្លាំង​ផ្សាយ​ប្រមាណ ១០​គឺឡូម៉ែត្រ​ជុំវិញ​ទី​រួមខេត្ត និង​ស្ថានីយ​វិទ្យុ​មាន​កម្លាំង​ផ្សាយ​គ្របដណ្តប់​ស្ទើរ​គ្រប់​ស្រុក​ទូទាំង​ខេត្ត ។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី លោក អឿង សារិះ មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ដោយសារ​តែ​ពុំ​មាន​សេចក្តី​ស្នើសុំ​ឬ​ការផ្តល់​អត្ថបទ​និង​ស្ប៉ត​រូបភាព​ទាក់ទិន​នឹង​ការបោះ​ឆ្នោត​ឬ​ការឃោសនា​ពី​គណៈកម្មការ​ខេត្ត​រៀបចំ​បោះឆ្នោត​និង​គណបក្ស​នយោបាយ ។

លោក​ថា មាន​តែ​គណបក្ស​ប្រជាជន​មួយ​ទេ ដែល​បាន​ស្នើសុំ ៖ «ខ្ញុំ​ចាំ​តែ​ផ្សាយ​ឲ្យ​ទេ​តើ គាត់​អត់​បាន​អញ្ជើញ​ខាង​ទូរទស្សន៍​ថា ខ្ញុំ​សូម​អញ្ជើញ​លោក​ឯង​ទៅ​ថត​ខ្ញុំ​ហែ​ផង ខ្ញុំ​នឹង​ទៅ ខ្ញុំ​បាន​សួរ​គោលការណ៍​រួច​អស់​ហើយ»

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត លោក ប៉ែន ឈុនឌី មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​នេះ លោក​កំពុង​ធ្វើ​ការផ្សព្វផ្សាយ​តាម​ឧគ្ឃោសនសព្ទ​ចល័ត ហើយ​ជា​បន្ត​និង​ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ។

លោក​ថា ការផ្សព្វផ្សាយ​ឃោសនា​របស់​គណបក្ស​នយោបាយ​គឺ​ផ្អែកលើ​គោលការណ៍​ស្នើសុំ ៖ «កំពុង​ទំនាក់​ទំនង​ផ្សាយ​បន្ត​ទៀត ឥឡូវ​យើង​ផ្សព្វផ្សាយ​តាម​មេក្រូ​ទៅ​សិន ។ ត្រូវ​មាន​ការផ្សព្វផ្សាយ​ស្មើភាព​គ្នា ប៉ុន្តែ​ទាល់​តែ​មាន​ការស្នើសុំ មាន​ខ្សែអាត់»

មន្ត្រី​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្រ្វែល) ខេត្ត​រតនគិរី លោក ប៉ែន បុណ្ណារ៍ កត់​សម្គាល់​យ៉ាងដូច្នេះ ៖ «គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ខេត្ត ហាក់​ដូចជា​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​ឲ្យ​មាន​វេទិកា​សមភាព ដូច​ដែល​មាន​ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា​ឡើយ»

ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្រ្ត មាត្រា ៧៤ និង ៧៥ ចែង​ថា គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​មាន​សារព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​ត្រូវ​ផ្សព្វផ្សាយ​គ្រប់​ព័ត៌មាន​ដែល​ស្នើឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​មិន​យក​កម្រៃ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការងារ​បោះឆ្នោត​និង​អប់រំ​ដល់​អ្នក​បោះឆ្នោត ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ចាត់​វិធានការ​ដើម្បី​ផ្សព្វផ្សាយ​អត្ថបទ​ឃោសនា​តាម​សំណើ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ផ្អែកតាម​គោលការណ៍​ស្មើភាព​និង​តាម​លំដាប់​មុន​ក្រោយ ៕