តុលាការ​ខេត្ត​ស្ទឹងត្រែង​សម្រេច​ឃុំ​ខ្លួន​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ពី​បទ​ប្រើ​អំពើ​ហិង្សា

មន្ត្រី​តុលាការ​ខេត្ត​ស្ទឹងត្រែង បាន​សម្រេច​ឃុំ​ខ្លួន​ក្មេង​ប្រុស​អាយុ ១៥ឆ្នាំ​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​សារ​ក្មេង​ប្រុស​នោះ​មាន​ជម្លោះ​វាយ​តប់​គ្នា​ក្នុង​ពិធី​រាំ​លេង។
ដោយ រដ្ឋា វីសាល
2012-10-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ច័ន្ទ ទី២២ ខែ​តុលា ឆ្នាំ​២០១២ អំពាវនាវ​សុំ​ឲ្យ​ចៅក្រម​តុលាការ​ខេត្ត​ស្ទឹងត្រែង ចាត់​វិធានការ​អប់រំ ប្រសើរ​ជាង​ប្រើ​វិធានការ​ច្បាប់​ឃុំ​ខ្លួន​ក្មេង​ប្រុស​អាយុ ១៥ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​តូចតាច​មួយ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា មាន​ផល​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​សិទ្ធិ​របស់​កុមារ ប្រសិន​កុមារ​បាន​ប្រព្រឹត្ត​កំហុស​មិន​មែន​ថ្នាក់​ឧក្រិដ្ឋ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ លោក​គត់​សម្គាល់​ថា មាន​ក្មេង​ទំនើង​ជាច្រើន ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការ​អប់រំ​ជា​បន្ត​បន្ទាប់ ឬ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ឪពុក​ម្ដាយ ដើម្បី​អប់រំ​កូន​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «បើ​សិន​រឿង​ហ្នឹង​កើត​ដំបូង​ផង ដូច្នេះ​តាំង​នាម​យើង​ជា​អាជ្ញាធរ​មូលដ្ឋាន យើង​គួរ​តែ​ប្រើ​ប្រាស់​វិធី​អប់រំ ហៅ​ឪពុក​ម្តាយ​មក​ណែនាំ។ រឿង​នេះ​យើង​ឃើញ​ច្រើន​ទូទាំង​ប្រទេស រឿង​នេះ​មិន​ធ្ងន់ធ្ងរ​ទេ​បាទ!»

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផាបាំង ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង លោក មឿន សូធិ មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា កន្លង​ទៅ កូន​ប្រុស​លោក​ឈ្មោះ សូធិ ខាំវាន់ មាន​ជម្លោះ​វាយ​គ្នា​ជាមួយ​កូន​អ្នក​ភូមិ​ជាមួយ​គ្នា ក្នុង​ពិធី​រាំ​លេង​នៅ​វត្ត​ផាបាំង ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​មាន​របួស​ស្នាម​ធំ​ដុំ​នោះ​ទេ។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កូន​ប្រុស​គាត់​បញ្ជូន​ទៅ​តុលាការ ហើយ​ចៅក្រម​បាន​សម្រេច​ឃុំ​ខ្លួន​កូន​ប្រុស​លោក​នៅ​ពន្ធនាគារ បើ​ទោះ​បី​លោក​សុំ​ធានា​កូន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​យ៉ាង​ណា ក៏​ចៅក្រម​មិន​យល់​ព្រម​ឡើយ៖ «ជន​រងគ្រោះ អត់​មាន​របួស​ស្នាម​អ្វី​ទេ តែ​ចាប់​កូន​ខ្ញុំ​ទៅ​ដាក់​ពន្ធនាគារ។ វាយ​គ្នា​នៅ​ពេល​រាំវង់​ណា ធម្មតា​វា​ជាន់​គ្នា​វា​ប៉ះ​ទង្គិច​គ្នា​តិច​តួច»

អធិការ​រង​ប៉ូលិស​ស្រុក​សៀមប៉ាង លោក សុខ សុខុន មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​ម្នាក់​បាន​រង​របួស​ដោយ​សារ​ក្មេង​ប្រុស​វាយ​ត្រូវ​មួយ​ដៃ ខណៈ​ពេល​មន្ត្រី​ប៉ូលិស​ចូល​ឃាត់​ក្រុម​ក្មេង កុំ​ឲ្យ​វាយ​គ្នា៖ «ក្មេង​ហ្នឹង វា​វាយ​គ្នា ដល់​ប៉ូលិស​ទៅ​ឃាត់ វា​វាយ​ទាំង​ប៉ូលិស​បែក​ភ្នែក»

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក អៀង គឹមថុល មាន​ប្រសាសន៍​បញ្ជាក់​ថា ក្មេង​ប្រុស​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ លោក​បន្ត​ថា ដោយ​សារ​ទង្វើ​របស់​ក្មេង​នេះ​ប៉ះពាល់​ដល់​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ទើប​លោក​មិន​អនុញ្ញាត​ឲ្យ​ឪពុក​ធានា​នៅ​ក្រៅ​ឃុំ៖ «បើ​យើង​និយាយ​ពី​ផ្លូវ​ច្បាប់ វា​ផ្សេង។ គាត់​មាន​សិទ្ធិ​សុំ​ឲ្យ​នៅ​ក្រៅ​អ៊ីចឹង​ហើយ តែ​និយាយ​ពី​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព វា​ផ្សេង ត្រូវ​ធ្វើ​ការ​ជំនុំ​ជម្រះ ហើយ​ទុក​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​សម្រេច​ទោស​គាត់​ទៅ»

យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រម​នីតិ​ព្រហ្មទណ្ឌ​ថ្មី គឺ​ឪពុក ឬ​មេធាវី​ក្មេង​ជាប់​ចោទ អាច​ដាក់​ពាក្យ​សុំ​ធានា​ជន​ជាប់​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​តុលាការ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល