សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​រតនគិរី​នៅតែ​បន្ត

2008-05-04

ប្រជាសហគមន៏​ការពារ​ព្រៃឈើ​ស្រុក​កូនមុំ ខេត្ត​រតនគិរី អះអាង​ថា ឈើមូល​នៅក្នុង​តំបន់​ព្រៃ​ដែល​អភិរក្ស​ដោយ​ប្រជាសហគមន៏​ឃុំ​ត្រពាំង​ក្រហម ខេត្ត​រតនគិរី បាន​រង​ការបំពាន​កាប់​នាំចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សម្បទាន​ព្រៃគុព​មួយ​ដែល​មាន​ទីតាំង​នៅ​ជាប់​គ្នា​នោះ ។

ប្រជាសហគមន៏​លោក ឡុង ឌី បញ្ជាក់​ថា សកម្មភាព​នេះ​ត្រូវ​គេ​ធ្វើឡើង​តាំងពី​ខែ​មេសា កន្លង​មក ហើយ​ឈើមូល​ដែល​នៅ​សេសសល់​ក្នុង​ព្រៃ​ត្រូវ​គេ​កាប់​អស់​គ្មាន​សល់​នាំចូល​ទៅ​ក្នុង​រោង​ម៉ាស៊ីន​អារឈើ របស់​ក្រុមហ៊ុន ហើយ​អារ​ច្រៀក​នាំចេញ​ដោយ​ពុំ​មាន​អាជ្ញាធរ​និង​មន្រ្តីជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្រួត​ពិនិត្យ​ឡើយ ។

លោក ឡុង ឌី ថ្លែង​ដូច្នេះ​ថា ៖ «ក្រុមហ៊ុន​ចុះ​ទៅ​កាប់​ខ្លួនឯង ប្រជាពលរដ្ឋ...ក៏​មិន​អើពើ ។ ប្រជា​ពលរដ្ឋ​អស់​សង្ឃឹម​ហើយ​ឥឡូវ ពឹង DPA DPA ធ្វើ​ព្រងើយ ។ ខ្ញុំ​ឃើញ​ច្បាស់​ហើយ តាម​ផ្លូវ​ឃើញ​កាប់​អស់​រលីង​ហើយ»

តាម​ប្រជាសហគមន៏​ការពារ​ព្រៃឈើ​បញ្ជាក់​ថា ព្រៃឈើ​ដែល​អ្នកភូមិ​អភិរក្ស​មាន​ទំហំ ២០០​ហិកតា​នៅតំបន់​ភ្នំស្រួច មាន​ព្រំប្រទល់​ពី​អូរខ្វះទៅ​ទិស​ខាង​ជើង​ជាប់នឹង​តំបន់ព្រៃ​គុព​សម្បទាន​មួយ ដែល​អ្នកភូមិ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​លោកឧកញ៉ា ឌី ចូច ឬ ហ៊ុន ចូច ។

នៅថ្ងៃ​អាទិត្យ ទី៤ ឧសភា ឆ្នាំ​២០០៨​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​សម្បទាន​ព្រៃគុព ឬ មន្រ្តី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ណាម្នាក់​ដើម្បី​សុំ​ការអធិប្បាយ​ជុំវិញ​សេចក្តី​ចោទប្រកាន់​ខាងលើ​នោះ បាន​ទេ ក៏ប៉ុន្តែ​បើតាម​មេឃុំ​ត្រពាំងក្រហម លោក សេង សុន បញ្ជាក់​ថា ពិតជាមាន​សកម្មភាព​កាប់បំពាន​កាប់ឈើ​នោះ​មែន ហើយ​លោក​បាន​ចោទប្រកាន់​ទៅ​លើ​អ្នកភូមិ​ថា ជា​អ្នកនាំមុខ​កាប់​ឈើ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ។

លោក សេង សុន មាន​ប្រសាសន៍​ថា ៖ «ធ្វើអស់​ពាក់កណ្ដាល​ជាង យក​អនុផល​ព្រៃឈើ​ហ្នឹង មាន​ជ័រ​យក​ទៅ​ដុត​លក់​រាល់​ឆ្នាំ​ហ្នឹង តែ​ឥឡូវ​គាត់​លក់​ជ័រ​ហ្នឹង​ទៅ​ទៀត​ទៅ ។ រាល់​ថ្ងៃ​ក្រុម​ចម្រុះ​នៅ​ស្រុក​ហ្នឹង​កំពុង​ចុះ​រាល់​ថ្ងៃ ប៉ុន្តែ​ជួនកាល​ពេល​យើង​មក​វិញ​បាត់​មក គេ​ដាក់​អំពូល​ម៉ែត្រ​កាប់​ទៅ»

បើតាម​មន្រ្តី​ព្រៃឈើ​ខេត្ត​រតនគិរី មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់ថា ក្រសួង​កសិកម្ម​បាន​ចេញ​អាជ្ញាប័ណ្ណ​កាលពី​ឆ្នាំ​២០០៧ អនុញ្ញាត​ឲ្យ​មាន​តំបន់​ព្រៃគុព​លើ​ផ្ទៃដី ៦០០០​ហិកតា នៅ​ខេត្ត​រតនគិរី ដើម្បី​ធ្វើអាជីវកម្ម​ផ្គត់ផ្គង់​ឈើ​អារ​ប្រើប្រាស់​ក្នុងស្រុក​ដោយ​ធ្វើការ​ដេញថ្លៃ​រយៈពេល​មួយឆ្នាំ​ម្តង ។ ហើយ​បើតាម​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ដែរ​ថា ដោយសារ​ការបង្កើត​តំបន់​ព្រៃគុព​នោះ ធ្វើ​ឲ្យ​មាន​ការឃុបឃិត​កាប់​ឈើ​មូល​និង​ឈើប្រណីត​មាន​តម្លៃ​ចេញពី​តំបន់​ព្រៃឈើ​ផ្សេងទៀត​នៅក្នុង​ខេត្ត​លក់​ចូល​ក្រុមហ៊ុន​ដើម្បី​អារ​ច្រៀក​នាំចេញ​ទៅ​ទីផ្សារ ។

មន្រ្តី​ស៊ើបអង្កេត​សមាគមន៏​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៏ មាន​ប្រសាសន៏​ថា ករណី​បំពាន​ច្បាប់​និង​បំផ្លាញ​ព្រៃឈើ​នេះ គឺ​ជា​ការទទួល​ខុសត្រូវ​របស់​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទទួល​លាភ​សក្ការៈ​ពី​ក្រុមហ៊ុន ហើយ​បណ្តែត​បណ្តោយ​ក្នុង​ករណី​នេះ ៖ «កំហុស​របស់​ទាំង​រដ្ឋបាល​ព្រៃឈើ ទាំង​អាជ្ញាធរ​ដែនដី ដែល​ជា​មន្រ្តី​នគរបាល​យុត្តិធម៌ ព្រោះ​អានេះ​ជា​បទល្មើស​ជាក់ស្ដែង ហើយ​គាត់​មិន​ទប់​ស្កាត់»

នៅខេត្ត​រតនគិរី ព្រៃឈើ​និង​ឈើប្រណីត​នៅតែ​មាន​សកម្មភាព​កាប់​ធ្វើ​អាជីវកម្ម រំលោភ​បទបញ្ជា​លោក​នាយករដ្ឋមន្រ្តី ហើយ​កាលពី​សប្តាប៏មុន​នេះ ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ១៥​ក្រុម បាន​អះអាង​ថា នឹង​ស្នើសុំ​ធ្វើ​បាតុកម្ម​អហិង្សា​មួយ នៅចុង​ខែ​ឧសភា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​ទប់ស្កាត់​កាប់បំផ្លាញ​ព្រៃឈើ​ដូច​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ៕

អត្ថបទ​ដែល​ទាក់ទង

ការដឹក​ជញ្ជូន​ឈើ​កើត​មាន​នៅ​រតនគិរី ខណៈ​ដែល​ការឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត

សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅ​ខែត្រ​សៀមរាប​កើនឡើង

ប្រជា​សហគមន៍​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​កាប់​ឈើ

ជនជាតិ​វៀតណាម​ឆ្លង​ដែន​មក​លួច​កាប់​ឈើ​នៅ​រតនគិរី?

កម្មករ​ស៊ីឈ្មួល​កាប់​រាន​ព្រៃ​ឈើ​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន

ឈើ​ប្រណីត​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​រង​ការ​កាប់​ធ្វើ​អាជីវកម្ម

សហគមន៍​នៅ​ក្រចេះ​ប្ដឹង​ឲ្យ​អាជ្ញាធរ​យក​ជន​ល្មើស​កាប់​ព្រៃឈើ​ទៅ​អប់រំ

នាយក​រដ្ឋមន្ត្រី​ព្រមាន​ក្រុមហ៊ុន​ព្រៃ​សម្បទាន

នាយ​អាវុធ​ហត្ថ​មួយរូប​ជាប់​ចោទ​ពី​បទ​អារ​ឈើ​ខុសច្បាប់

ការកាប់​ព្រៃ​រាន​យក​ដី​កំពុង​កើត​មាន​នៅ​ខេត្ត​ព្រះវិហារ