ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ រស់នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ អំពាវនាវឲ្យមេដឹកនាំគណបក្ស សម រង្ស៊ី អនុវត្តការសន្យាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ លើកដំបូងនាឆ្នាំ២០០២។
ប្រជាពលរដ្ឋភូមិសោមធំ លោក រម៉ាស់ មឿន មានប្រសាសន៍ថា អតីតប្រធានគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋសហគមន៍ឃុំសោមធំ ថានឹងធ្វើផ្លូវមួយខ្សែក្រាលកៅស៊ូ ចម្ងាយប្រមាណមួយគីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចូលទៅកាន់ភូមិ និងរៀបចំប្រព័ន្ធវ៉ារីអគ្គិសនីខ្នាតតូច សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ប្រសិនប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសមន្ត្រីគណបក្ស សម រង្ស៊ី ដឹកនាំជាមេឃុំនៅឃុំសោម ធំ។
លោកបន្តថា ដោយសារប្រជាពលរដ្ឋចង់បានការអភិវឌ្ឍមូលដ្ឋាន ទើបនាំគ្នាបោះឆ្នោតឲ្យមន្ត្រីគណបក្ស សម រង្ស៊ី ជាប់ឆ្នោតជាមេឃុំ កាលពីឆ្នាំ២០០២ ក៏ប៉ុន្តែ រហូតបច្ចុប្បន្ន ប្រជាពលរដ្ឋមិនទាន់បានឃើញលទ្ធផលនៃការសន្យានោះនៅឡើយ៖ «កិច្ចសន្យាហ្នឹង គេថាកសាងឲ្យសហគមន៍ ពីព្រោះសហគមន៍ឲ្យតែអ្នកណាកសាងល្អ សហគមន៍គាំទ្រអ្នកហ្នឹង គេថា»។
កាលពីអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសោមធំ អាណត្តិទីពីរ និងអាណត្តិទីបី គណបក្ស សម រង្ស៊ី មិនបានឈ្នះឆ្នោតក្នុងតំណែងមេឃុំដូចលទ្ធផលបោះឆ្នោតឆ្នាំ២០០២ នោះទេ។
អតីតមេឃុំសោមធំ នៃគណបក្ស សម រង្ស៊ី លោក ពូយ ឡយ បច្ចុប្បន្នជាជំទប់ទី២ បានទទួលស្គាល់ថា មន្ត្រីជាន់ខ្ពស់គណបក្សលោកពិតជាបានសន្យាដូចប្រជាពលរដ្ឋបានអះអាងមែន។ លោកបដិសេធថា មិនបានដឹងពីមូលហេតុនៃការខកខានអនុវត្តកិច្ចសន្យានោះទេ។
យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាប្រចាំខេត្តរតនគិរី នៃគណបក្ស សម រង្ស៊ី លោក រិន កញ្ញា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយគណបក្ស សម រង្ស៊ី គឺមិនយកប្រភពថវិកាបានពីអំពើពុករលួយជាមូលដ្ឋានអភិវឌ្ឍប្រទេសនោះទេ។ លោកបន្តថា គណបក្ស សម រង្ស៊ី មានគោលការណ៍អភិវឌ្ឍន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋានតាមកិច្ចសន្យា ប្រសិនប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី ដឹកនាំប្រទេស៖ «យើងប្រើគម្រោងថវិកាជាតិដើម្បីកសាងប្រទេស មិនមែនយកថវិកាផ្ទាល់ខ្លួនបានមកពីអំពើពុករលួយ ទៅធ្វើផ្លូវ ឬអភិវឌ្ឍប្រទេសនោះទេ»។
លេខាគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ខុមហ្វែ្រល (COMFREL) ខេត្តរតនគិរី លោក ជួន ភីនដារ៉ា មានប្រសាសន៍ថា នៅខេត្តរតនគិរី ខុមហ្វ្រែលរកឃើញថា គ្រប់មន្ត្រីគណបក្សនយោបាយ បានសន្យាមុនពេលបោះឆ្នោត ហើយការអនុវត្តកិច្ចសន្យានោះ គឺគណបក្សនីមួយៗធ្វើបានតិចតួចនៅក្នុងអាណត្តិជាប់ឆ្នោតរបស់ខ្លួន។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋបច្ចុប្បន្នមានការយល់ដឹងច្រើន ហេតុនេះប្រជាពលរដ្ឋបានផ្លាស់ប្ដូរការសម្រេចចិត្តជ្រើសរើសបេក្ខភាពមន្ត្រីដឹកនាំនៅមូលដ្ឋាន ដែលមិនបានបម្រើប្រជាពលរដ្ឋពិតប្រាកដ៖ «ខាងគណបក្សនយោបាយ ត្រូវតែធ្វើតាមកិច្ចសន្យា។ ប្រសិនអាណត្តិនេះគាត់សន្យាថាគាត់នឹងធ្វើ ហើយគាត់អត់បានធ្វើវិញ អាណត្តិក្រោយប្រជាពលរដ្ឋមានការសម្រេចផ្សេងវិញ»។
ចាប់តាំងពីខែមិនា ឆ្នាំ២០១១ ដល់ខែមិនា ឆ្នាំ២០១២ អង្គការខុមហ្រ្វែល បានបង្កើតវេទិកាសំឡេងម្ចាស់ឆ្នោតចំនួន ១០០វេទិកា ក្នុងខេត្តចំនួន១៨ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងមន្ត្រីគណបក្សនយោបាយនានា ពិភាក្សាគ្នាត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចសន្យាជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។