ជន​រងគ្រោះ​ពី​ការ​បាញ់​បោះ​សេរី​របស់​មន្ត្រី​នគរបាល​ស័ក្ដិ​៤​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព

ជន​រងគ្រោះ​នៃ​ការ​បាញ់​គំរាម​កំហែង​ពី​នគរបាល​ពាក់​ស័ក្តិ​៤ នៅ​នាយកដ្ឋាន​អង្គរក្ស​នៃ​ក្រសួង​មហាផ្ទៃ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​នៅ​គ្រា​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​ដោះស្រាយ​រឿង​ក្តី​នេះ​ប្រកប​ដោយ​តម្លាភាព។
ដោយ ទេព សុរ៉ាវី
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឆេង ហួត បាញ់​បោះ​សេរី ៣០៥
មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤ ឈ្មោះ ឆេង ហួត (ស្ដាំ) នៅ​នាយកដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ។
Photo Provided

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ដល់​ជន​ដៃ​ដល់​ដែល​បាន​ប្រើ​អាវុធ​បាញ់​បោះ​ខុស​ច្បាប់ និង​បំពាន​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ។

សំណុំ​រឿង​បាញ់​បោះ​សេរី​របស់​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤ នៅ​តែ​ស្ថិត​ក្នុង​ការ​មន្ទិល ធ្វើ​ឲ្យ​ជន​រងគ្រោះ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។

រយៈពេល​ជាង ១០​ថ្ងៃ​មក​ហើយ ការ​បាញ់​បោះ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ចំ​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា បង្ក​ឡើង​ដោយ​លោក ឆេង ហួត អាយុ ៤២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤ នៅ​នាយកដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​មួយ​អាច​បញ្ជាក់​ពី​ការ​វិវឌ្ឍន៍​ថ្មី​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។

ជន​រងគ្រោះ​បញ្ជាក់​ថា ពួក​គេ​មាន​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ខ្លី​រយៈពេល​ជាង ១​នាទី បង្ហាញ​យ៉ាង​ច្បាស់​ពី​សកម្មភាព​ជន​ដៃ​ដល់​ប្រើ​កាំភ្លើង​ខ្លី​បាញ់ ២​គ្រាប់​សំដៅ​ចូល​ផ្ទះ​របស់​ខ្លួន។ ប៉ុន្តែ ភស្តុតាង​ទាំង​នោះ សមត្ថកិច្ច​មិន​បាន​ទទួល​យក​រក្សា​ទុក​ជា​ភស្តុតាង​នោះ​ឡើយ។

ក្នុង​ខ្សែ​អាត់​វីដេអូ គេ​ឃើញ​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤ ឈ្មោះ ឆេង ហួត បាន​ជេរ​ប្រមាថ​ទៅ​លើ​ស្ត្រី​ម្នាក់​ជា​អ្នក​ជិត​ខាង ស្ថិត​ក្នុង​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ហើយ​បាន​ដក​កាំភ្លើង​បញ្ចូល​គ្រាប់​ចំនួន ២​គ្រាប់។ ក្នុង​ឯក​សណ្ឋាន​ជា​អង្គរក្ស លោក ឆេង ហួត បាន​បាញ់​មួយ​គ្រាប់​ទៅ​មាត់​ទ្វា និង​មួយ​គ្រាប់​ទៀត​សំដៅ​ចូល​ទៅ​ក្នុង​ផ្ទះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ យី វណ្ណ ដែល​នៅ​ឈរ​ក្បែរ​នោះ​ភ័យ និង​រត់​ចូល​ក្នុង​បន្ទប់​ដើម្បី​សុវត្ថិភាព។

លោក ហុក គឹមហាក់ អាយុ ៣១​ឆ្នាំ ជា​កូន​ប្រុស​របស់​អ្នកស្រី យី វណ្ណ បាន​អះអាង​ថា គ្រួសារ​របស់​គាត់ និង​គ្រួសារ​របស់​ឈ្មោះ ឆេង ហួត មិន​ធ្លាប់​មាន​ទំនាស់​នោះ​ទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ ឈ្មោះ ឆេង ហួត បាន​មក​ស៊ី​ផឹក​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន និង​បាន​ខឹង​គាត់​ដែល​គាត់​ចេះ​តែ​ខាក​ស្ដោះៗ ដែល​លោក ឆេង ហួត ចាត់​ទុក​ថា ជា​ការ​មើល​ងាយ​ដល់​គាត់​ដែល​ជា​មន្ត្រី​នគរបាល​មាន​ឋានៈ​ខ្ពស់​មួយ​រូប។

លោក ហុក គឹមហាក់ បន្ត​ថា នៅ​ពេល​នោះ លោក ឆេង ហួត បាន​មក​ដល់​មុខ​ផ្ទះ​របស់​គាត់ និង​ហៅ​រូប​គាត់​ទៅ​សុំ​ទោស​ក្នុង​អាការៈ​ស្រវឹង​ខ្លាំង។ ប៉ុន្តែ​ត្រូវ​ម្តាយ​របស់​គាត់ គឺ​អ្នកស្រី យី វណ្ណ ឃាត់​មិន​ឲ្យ​ចេញ និង​បាន​ទៅ​ចរចា​ម្នាក់​ឯង រួច​ក៏​ត្រូវ​ឈ្មោះ ឆេង ហួត បាញ់​គំរាម​តែ​ម្តង៖ «រឿង​ខ្ញុំ​បាន​សួរ​ទៅ​ខាង​ប៉ូលិស តែ​គេ​ដូច​ជា​ព្យាយាម​បិទ​បាំង​រឿង​ហ្នឹង​វិញ។ អ្វី​ដែល​ពួក​ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ជាមួយ​គេ អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​បាន​ធ្វើ​អស់​ហើយ តែ​លក្ខខណ្ឌ​ដែល​គេ​ផ្តល់​ឲ្យ​អ្នក​កាសែត​វិញ គឺ​ខុស​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ទាំង​អស់ គឺ​ថា​បុគ្គល​ហ្នឹង មូលហេតុ​ដែល​គេ​បង្ក​ជម្លោះ គឺ​ដោយ​សារ​តែ​យើង​ខាក​ស្ដោះ​នៅ​មុខ​គេ ហើយ​គេ​ក៏​មិន​មែន​បាញ់​ចូល​ក្នុង​ដែរ គេ​បាញ់​ឡើង​លើ ២​គ្រាប់ តាម​ពិត​ក្នុង​រូបភាព គេ​បាញ់​ចូល​ផ្ទះ​យើង ហើយ​គេ​បាញ់​ជិត​ម៉ាក់​ខ្ញុំ»

លោក ឆេង ហួត ត្រូវ​បាន​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​មានជ័យ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ជាង ៥​រសៀល​ថ្ងៃ​ដដែល ក្រោយ​ពី​បង្ក​ហេតុ​បាញ់​គំរាម​ប្រមាណ​ជាង ១៥​នាទី និង​ត្រូវ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់​នៅ​ថ្ងៃ​បន្ទាប់។ តែ​ទោះ​ជា​យ៉ាង​ណា លោក ហុក គឹមហាក់ បញ្ជាក់​ថា សព្វថ្ងៃ​គ្រួសារ​របស់​គាត់​សម្រេច​ដាក់​ស្លាក​លក់​ផ្ទះ​បន្ទាន់ ដើម្បី​ចង់​គេច​ពី​មន្ត្រី​នគរបាល​រូប​នោះ ព្រោះ​តែ​សំណុំ​រឿង​ក្តី​នេះ សមត្ថកិច្ច​ហាក់​ព្យាយាម​លាក់​បាំង ដោយ​មិន​បាន​ផ្តល់​ដំណឹង​អ្វី​មក​វិញ​ពី​ការ​វិវឌ្ឍន៍​ថ្មី​ក្នុង​សំណុំ​រឿង​នេះ។ លោក​មិន​ច្បាស់​ថា ជន​ដៃ​ដល់​នឹង​ត្រូវ​សមត្ថកិច្ច​ដោះ​លែង ឬ​ឲ្យ​ជាប់​ឃុំ ទើប​បារម្ភ​ពី​សុវត្ថិភាព។

ម្យ៉ាង​ទៀត លោក​ថា​លោក​គ្មាន​ជំនឿ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង​តុលាការ ហើយ​ជន​ប្រព្រឹត្ត​មាន​លុយ និង​ខ្នង​ក្រាស់​ផង អាច​ត្រូវ​ដោះ​លែង​ដោយ​ស្ងាត់ៗ និង​អាច​មក​សង​សឹក​គ្រួសារ​លោក ដែល​ជា​អ្នក​ដាក់​ពាក្យ​ប្ដឹង​វិញ៖ «តាំង​ពី​តូច​កើត​ពោះ​ម៉ែ រហូត​មក​ដល់​ថ្ងៃ​នេះ មិន​ដែល​ស្គាល់​ជាតិ​កាំភ្លើង​ផង​ហ្នឹង ហើយ​បើ​ឲ្យ​ខ្ញុំ​បាញ់ ក៏​មិន​ហ៊ាន​បាញ់​ដែរ ហើយ​ដល់​ពេល​មាន​រឿង​ហ្នឹង​កើត​ឡើង ខ្ញុំ​បារម្ភ​ដែរ មិន​មែន​បារម្ភ​តិច​ទេ ដោយ​សារ​តែ​មួយ​ថ្ងៃៗ​គេ​ចេះ​តែ​ផឹក​ស៊ីៗ គ្នា​គេ​ភាគ​ច្រើន​សុទ្ធ​តែ​សេរី​អ៊ីចឹង។ រាល់​ថ្ងៃ ពេល​ចេញ​ដើរ​ទៅ​ណា​មក​ណា ប្រយ័ត្ន​ច្រើន​ជាង​មុន មិន​ដឹង​ថា​គេ​រួច​ខ្លួន​ហើយ​នៅ ឬ​ក៏​ជាប់​ទៀត​ក៏​មិន​ដឹង។ ទោះ​យើង​ចង់​ទៅ​សួរ​ក៏​មិន​អាច​ទៅ​សួរ​គេ​កើត ព្រោះ​អី​យើង​មិន​ដឹង​ថា​គេ​ទៅ​ដល់​ណា​ផង បើ​សួរ​ទៅ​ប៉ូលិស ប៉ូលិស​និយាយ​តែ​មួយ​ម៉ាត់​ថា ទៅ​កម្រិត​ធ្ងន់»

ការ​ព្រួយ​បារម្ភ​ពី​គ្រួសារ​នៃ​ជន​រងគ្រោះ​នេះ នៅ​មិន​ទាន់​មាន​សមត្ថកិច្ច​ណា​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ។

លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​បាន​ផ្តល់​ការ​បំភ្លឺ​ដល់​វិទ្យុ​អាស៊ីសេរី ទេ កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា លោក​កំពុង​ជាប់​ប្រជុំ​នៅ​ពេល​លើក​សំណួរ​អំពី​រឿង​នេះ៖ «សូម​ទោស​ណា ខ្ញុំ​សូម​ប្រជុំ​បន្តិច»

រីឯ​លោក ជួន ណារិន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ វិញ ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យ​បុគ្គល​ណា​មួយ​ដែល​ចូល​ចិត្ត​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​កាំភ្លើង​បាញ់​បោះ​ដោយ​សេរី​បន្ត​ទៀត​ឡើយ។ លោក​បន្ត​ថា ការ​ប្រើប្រាស់​កាំភ្លើង​បាញ់​ផ្ដេសផ្ដាស វា​បាន​បង្ក​ការ​ភិតភ័យ​ដល់​ពលរដ្ឋ​ស្លូតត្រង់ និង​អ្នក​ទេសចរ៖ «តើ​ឲ្យ​ពួក​អា​កាប់​ដាវ​សាំម៉ារ៉ៃ វ៉ៃ​គ្នា​នៅ​ក្នុង​តុ ហើយ​ទទួល​ការ​អត់​ឱន​លើក​លែង​ទេ? កន្លែង​ខ្លះ​ធ្វើ​អត់​ដឹង អត់​ឮ កាសែត​ចេះ​តែ​ចុះ​ថា​កូន​អ្នក​ធំ ខ្ញុំ​ថា​មើល​វា​ធំ​ប៉ុណ្ណា? បើ​ទោះ​បី​ជា​ឳ​ប៉ុណ្ណា ក៏​យើង​ត្រូវ​តែ​លេង​វា​ដែរ ហើយ​ឳៗ ឪពុក​ម្តាយ​កុំ​កាន់​ជើង ប្រគល់​ជូន​ឲ្យ​នគរបាល ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ កាំភ្លើង ស្អី​ឡើង​កាំភ្លើង ស្អី​ឡើង​កាំភ្លើង»

លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​បន្ត​ថា ទោះ​បី​អ្នក​បាញ់​បោះ​នោះ​មាន​ឋានៈ និង​បុណ្យ​ស័ក្តិ​ប៉ុណ្ណា​ក៏ដោយ លោក​ស្នើសុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ទប់​ស្កាត់ និង​បង្ក្រាប​សកម្មភាព​នេះ​ជា​បន្ទាន់។ បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ញឹកញយ​បែប​នេះ​ក្តី គេ​ក៏​សម្គាល់​ឃើញ​ថា អ្នក​ប្រព្រឹត្ត​ជា​មន្ត្រី​ថ្នាក់​ខ្ពស់ ឬ​អ្នក​ស្និទ្ធ​នឹង​មន្ត្រី​ទាំង​នោះ មិន​សូវ​ឃើញ​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ឡើយ។ តួ​យ៉ាង​ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ ៣​នាក់​ឲ្យ​រង​របួស តុលាការ​មិន​ទាន់​ចាត់​វិធានការ​ចាប់​ជន​ប្រព្រឹត្ត​រូប​នេះ​មក​ដាក់​ពន្ធនាគារ​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា ករណី​បាញ់​បោះ​ដោយ​សេរី​របស់​លោក ឆេង ហួត ជា​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ និង​ជា​ការ​បង្ក​អសន្តិសុខ ចលាចល​ដល់​ពលរដ្ឋ ដូច្នេះ​ដើម្បី​អនុវត្ត​ច្បាប់ និង​ជា​គំរូ​តាម​បទ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី កង​កម្លាំង​ដែល​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​កសាង​សំណុំ​រឿង​ក្តី​នេះ បញ្ជូន​ទៅ​តុលាការ​ឲ្យ​បាន​ឆាប់ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់៖ «វា​ជា​គំរូ​មួយ​ដើម្បី​កុំ​ឲ្យ​អ្នក​ក្រោយ​គាត់​អនុវត្ត​តាម ហើយ​សិន​ជា​ករណី​នេះ​មិន​ត្រូវ​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ អ៊ីចឹង​យើង​ចាត់​ទុក​ថា​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី មិន​ត្រូវ​បាន​អាជ្ញាធរ​ថ្នាក់​ក្រោម ឬ​ក៏​កង​កម្លាំង​ប្រដាប់​អាវុធ​ខាង​ក្រោម​ហ្នឹង អនុវត្ត​ទេ។ វា​ជះ​គំរូ​អាក្រក់​ទៅ​ដល់​កង​កម្លាំង​ដទៃ​ទៀត គាត់​អាច​នឹង​ធ្វើ​ដូច​គ្នា​ដែរ ពីព្រោះ​អ្នក​ហ្នឹង​ធ្វើ​បាន អ្នក​ដទៃ​ក៏​ធ្វើ​បាន​ដែរ។ អ៊ីចឹង និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​យើង​នៅ​តែ​មាន​អ៊ីចឹង ពីព្រោះ​ការ​អនុវត្ត​ខុស​ច្បាប់ ហើយ​មិន​ត្រូវ​បាន​ទទួល​ទោស»

សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​តុលា បង្ហាញ​ថា វប្បធម៌​និទ្ទណ្ឌភាព រាប់​បញ្ចូល​ទាំង​អំពើ​ពុក​រលួយ ការ​គំរាម​កំហែង និង​សូម្បី​តែ​អំពើ​ឃាតកម្ម​ខ្លះ ដែល​ជន​ល្មើស​មិន​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស មាន​ការ​កើន​ឡើង​ជា​លំដាប់​នៅ​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​បាន​គូស​បញ្ជាក់​ក្នុង​អំឡុង​ត្រឹម​តែ​ឆ្នាំ​២០១២ និទ្ទណ្ឌភាព​នៅ​កម្ពុជា បាន​កើន​ឡើង ជុំវិញ​ករណី​អំពើ​ឃាតកម្ម​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះ លោក ឈុត វុទ្ធី ករណី​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ ឈ្មោះ ហេង ចន្ថា ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​រដ្ឋាភិបាល ក្នុង​ពេល​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​ខេត្ត​ក្រចេះ និង​អ្នក​កាសែត លោក ហង្ស សេរីឧត្តម ដែល​បន្ទាប់​ពី​បាន​សរសេរ​អត្ថបទ​ស្ដីពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I saw that video clip on youtube too. that police officer must be sentenced. otherwise no on is going to take any notice about our prime minister order. I hope Hun Sen would look into this case or no one would listen to him anymore.

Nov 29, 2012 03:41 AM

KONKHMER

ពី SVAY REANH

អាអ្នកស្រែកវាគា្រន់តែស្រែកអោយតែល្អ
មើលប៉ុណោះ​បង្ហាញប្រជាជនថាវាអនុវត្តន៍
ច្បាប់បានត្រឹមត្រូវ​។កំបាង់មុខវិញ​អាកូនចៅហ្អែងធ្វើតាមអញប្រយត្ន័អត់ស៊ីវើយ។
នេះហើយសុំដីអ្នកមានអំណាចស្រុកខ្មែរ៕

Nov 28, 2012 09:18 PM

អ្នក​អាន​អនាមិក

ច្បាប់នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈជាច្បាបើចចកនិងកូនចៀម។

Nov 28, 2012 06:31 PM

ព្រះមានភ្នែក

ពី ភ្នំពេញ

ខ្ញុំមានកាំភ្លើង២០ឆ្នាំជាងហើយ មិនដែលបានបាញ់មួយគ្រាប់សោះ បើបាញ់ទាល់តែចាំបាញ់ បានហានបាញ់ ព្រោះខ្លាចខុសច្បាប់ មិនដែលយកមកបាញ់មុខគេឯងនោះទេ តាមមើលគាតនេះមិនដែលមានកាំភ្លើងពីមុនទេ ឬក៏អាងខ្លួនជានគរបាល​ស័ក្ដិ​៤​ ដើរកំរៀមគេឯងតាមចិត្ត នេះគឺជាអំពើខុសច្បាប់ដែលមិនអាចអត់ទោសឲ្យបាន បើឲ្យរួចទោស់ អ្នកក្រោយៗនឹងធ្វើតាមម្សៀស័ក្តិ៤នេះទៀត ចាំមើលថាតើវាជាយ៉ាងណា???????។ បើម្សៀនេះរួចខ្លួន ទុកឲ្យខ្ញុំធ្វើម្តង

Nov 28, 2012 06:04 PM

ភាពភ្នំពេញ

ពី Phnom Penh

ស្រួលមិនស្រួលលួចដោះលែងហើយក៏មិនដឹង! ព្រោះកន្លងមកមានច្រើនហើយ។ ពីដំបូងគេចាប់ដើម្បីអោយតែល្អមើល រួចក៏លួចដោះលែងជាក្រោយ មិនបើមិនអញ្ចឹងទេកាឡៃភ័ស្តុតាង អោយទៅជាអំពើអចេតនាជាដើម នេះហើយតុលាការផេះកណ្តាល ចង្រ្កានរបស់ខ្មែរនោះ។

Nov 28, 2012 02:27 PM

មើល​មតិ​ទាំង​អស់.